ដោយ ទីន ហ្សាការីយ៉ា
2022.06.09
RFA

អ្នកស្រី ចៅ រតនៈ ដែលទើបតែជាប់ឆ្នោតជាចៅសង្កាត់រងទី២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពីការបោះឆ្នោតឃុំសង្កាត់ ពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុក ចៅ រតនៈ
កូនស្រីរបស់លោក ចៅ វាសនា អតីតសកម្មជនគណបក្សសង្គ្រោះជាតិក្រុងប៉ោយប៉ែត គឺអ្នកស្រី ចៅ រតនៈ ដែលជាប់ទើបតែជាប់ឆ្នោតជាចៅសង្កាត់រងទី២ សង្កាត់ប៉ោយប៉ែត ប្ដេជ្ញាថានឹងខំប្រឹងធ្វើការងារឱ្យបានល្អ ដើម្បីបំពេញបំណងរបស់ម្ចាស់ឆ្នោតមិនឱ្យខកចិត្តឡើយ។ មន្ត្រីសង្គមស៊ីវិល យល់ថា គណបក្សភ្លើងទៀនធ្វើការងាររួមជាមួយគណបក្សកាន់អំណាចជារឿងល្អ ដើម្បីពង្រឹងការដឹកនាំក្នុងមូលដ្ឋានឱ្យបានដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
កូនស្រីលោក ចៅ វាសនា អ្នកស្រីចៅ រតនៈ ថ្លែងថា អ្នកស្រីនឹងមិនបណ្ដោយឱ្យចៅសង្កាត់គណបក្សកាន់អំណាចដឹកនាំសង្កាត់ដោយជិះសេះលែងដៃដូចពេលមុនទៀតឡើយ។
ចៅសង្កាត់រងទី២ សង្កាត់ប៉ោយប៉ែតជាប់ឆ្នោតគណបក្សភ្លើងទៀនអ្នកស្រី ចៅ រតនៈ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៩មិថុនាថា អ្នកស្រីនឹងដើរតាមគន្លងឪពុករបស់ខ្លួនដែលសុខចិត្តជាប់ពន្ធនាគារដោយមិនក្បត់ឆន្ទៈរបស់ម្ចាស់ឆ្នោតនោះទេ។ អ្នកស្រីបន្ថែមថា អ្នកស្រីព្រមទាំងសហការីគណបក្សភ្លើងទៀនទាំងអស់ ដែលទើបជាប់ឆ្នោតថ្មី នឹងរួមគ្នាធ្វើការងារឱ្យអស់ពីសមត្ថភាព ដើម្បីប្រយោជន៍រួមរបស់ពលរដ្ឋ។ស្ត្រីចៅសង្កាត់រងជាប់ឆ្នោតវ័យ៣៥ឆ្នាំរូបនេះ បញ្ជាក់ថា ប្រសិនបើចៅសង្កាត់បក្សកាន់អំណាចប្រព្រឹត្តអំពើពុករលួយ នោះពួកអ្នកស្រីនឹងរកគ្រប់វិធីរារាំងឱ្យទាល់តែបាន ពោលគឺធ្វើយ៉ាងណាដើម្បីឱ្យថវិកាជាតិដែលរដ្ឋាភិបាលទម្លាក់ឱ្យឃុំសង្កាត់បម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋពិតប្រាកដ៖ «អ៊ីចឹងគំរូរបស់នាងខ្ញុំគឺ ឪពុករបស់នាងខ្ញុំផ្ទាល់ មិនលក់ឧត្ដមគតិសម្រាប់បងប្អូន ដែលបោះឆ្នោតជូនរួចហើយ ទោះបីតិចក្ដីច្រើនក្ដី យើងធ្វើការតាមសន្លឹកឆ្នោតរបស់យើងគឺ មិនក្បត់បងប្អូនមិនលក់រាល់សន្លឹកឆ្នោតរបស់បងប្អូនសូម្បីតែមួយសន្លឹក។ អីចឹងអ្វីដែលខ្ញុំធ្វើបានខ្ញុំនឹងធ្វើជូនបងប្អូន ទោះបីតិចឬច្រើន ព្រោះអីពេលហ្នឹង យើងអត់មានអំណាចអី ដែលអាចអារកាត់បានទេ។ ប៉ុន្តែអ្វីដែលគណបក្សរបស់នាងខ្ញុំបានគឺ នាងខ្ញុំធ្វើឱ្យអស់លទ្ធភាព ហើយបើច្បាប់ថាធ្វើមិនបានក៏យើងបង្ហាញជាសាធារណៈឱ្យបងប្អូនយល់ថា បងប្អូនម្នាក់នេះគាត់ជួបភាពអយុត្តិធម៌អីចេះ ប៉ុន្តែដំណោះស្រាយមិនមានជូនគាត់ទេខ្ញុំជាអាជ្ញាធរមែន ប៉ុន្តែខ្ញុំអត់មានសុទ្ធិក្នុងការអាកាត់អ្វីម្យ៉ាងទេ»។
ទាក់ទងនឹងបញ្ហានេះចៅសង្កាត់គណបក្សប្រជាជនកម្ពុជា លោក ភោគ លន់ ប្រាប់វិទ្យុអាស៊ីសេរីថា លោកស្វាគមន៍រួមការងារជាមួយអ្នកស្រី ចៅ រតនៈ និងសហការីដែលទើបជាប់ឆ្នោតថ្មី ដើម្បីដឹកនាំបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនិងអភិវឌ្ឍន៍សង្កាត់ប៉ោយប៉ែតឱ្យរីកចំរើនទាំងអស់គ្នា៖ «រឿងសហការយើងត្រូវតែសហការហើយមិនមែនសាសន៍ដទៃជាតិដទៃឯណា។អីចឹងវាជាជនជាតិខ្មែរតែមួយតើនិយាយភាសាតែមួយកាន់សាសនាតែមួយវាមិនមានអ្វីដែលត្រូវនេះទេ។គេប្រកួតប្រជែងតែពេលបោះឆ្នោតទេ តែពេលរួចមកគេរាប់អានគ្នាក្នុងនាមជាមិត្តជាបងប្អូន វាមិនមែនជាសត្រូវទេ ពេលដែលចប់ហើយក្នុងនាមមិត្ត ក្នុងនាមបងប្អូនក្នុងគ្រួសារតែមួយពូជពង្សខ្មែរតែមួយ»។
ការបោះឆ្នោតឃុំសង្កាត់កាលពីអាណត្តិទី៤ លោក ចៅ វាសនា មកពីគណបក្សសង្គ្រោះជាតិជាប់ឆ្នោតជាសង្កាត់ប៉ោយប៉ែត ប៉ុន្តែលោកមិនបានដឹកនាំសង្កាត់មួយនេះតាមឆន្ទៈរបស់ម្ចាស់ឆ្នោតនោះទេ ពីព្រោះលោកត្រូវបានសាលាដំបូងខេត្តបន្ទាយមានជ័យផ្ដន្ទាទោសដាក់ពន្ធនាគារ ៥ឆ្នាំពីបទញុះញង់ ដោយសារតែលោកចុះទៅឃ្លាំមើលក្រុមកម្មករអូសរទេះតវ៉ានៅមុខស្នាក់ការគយនិងរដ្ឋាករក្រុងប៉ោយប៉ែត។លោក ចៅ វាសនា ដែលទើបចេញពីពន្ធនាគារ កាលពីខែមករាកន្លងទៅលោកតែងជួយឃោសនារកសំឡេងឆ្នោតឱ្យកូនស្រីរបស់លោក គឺអ្នកស្រី ចៅ រតនៈជាប្រចាំ។
ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ មិថុនាកន្លងទៅនេះ នៅក្នុងសង្កាត់ប៉ោយប៉ែតមានគណបក្សនយោបាយចំនួន ១១ចូលរួមប្រកួតប្រជែង។ លទ្ធផលការបោះឆ្នោតក្រៅផ្លូវការគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈចំនួន ៨អាសនៈ និងគណបក្សភ្លើងទៀនទទួលបាន៣អាសនៈនៅក្នុងសង្កាត់មួយនេះ។ ចំណែកគណបក្សនយោបាយ ៩ផ្សេងទៀតមិនទទួលបានអាសនៈនោះទេ។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទកា យល់ថា នៅសង្កាត់ប៉ោយប៉ែតមានប្រជាពលរដ្ឋចម្រុះជាតិសាសន៍រស់នៅច្រើន ដែលចៅសង្កាត់គួរតែខិតខំដឹកនាំឱ្យបានល្អ ដើម្បីបម្រើផលប្រយោជន៍របស់ពលរដ្ឋម្ចាស់ប្រទេស។លោកមើលឃើញថា ការដែលមានគណបក្សនយោបាយ ២ជាប់ឆ្នោតឆ្នោតដឹកនាំមូលដ្ឋានជារឿងល្អ ដែលអាចធ្វើជាភ្នែកជាច្រមុះជួយទប់ស្កាត់មិនឱ្យចៅសង្កាត់គណបក្សកាន់អំណាចប្រព្រឹត្តអំពើពុករលួយ ឬឱ្យដឹកនាំតាមគន្លងប្រជាធិបតេយ្យបាន៖ «ខ្ញុំសង្ឃឹមថា ជាការនាំគ្នាធ្វើល្អដោយសារតែមានការឆ្កឹះ មានការលើកឡើង ដើម្បីឱ្យមានការកែប្រែទាំងអស់ហ្នឹងបាទ។ ល្អជាងព្រោះថា គណបក្សមួយស្អី ក៏គាត់ធ្វើបានក្រុមគាត់យល់ព្រមយ៉ាងម៉េចគាត់យល់ព្រមអីចឹងមានអីខុសមានអីលំបាក»។
លោក ស៊ុំ ច័ន្ទគា ជឿជាក់ថា អំឡុងពេលជាប់ឆ្នោតនេះជាឱកាសមួយ ដែលអ្នកស្រី ចៅ រតនៈ គួរខិតខំប្រឹងប្រែងធ្វើការឱ្យបានល្អបំផុតជូនម្ចាស់ឆ្នោត។ លោកថា ប្រសិនបើអ្នកស្រី ចៅ រតនៈ ប្រឹងធ្វើការងារបានល្អនៅក្នុងអាណត្តិនេះ ពេលនោះនឹងមានប្រជាពលរដ្ឋជាច្រើនស្រលាញ់ពេញចិត្តអ្នកស្រី ហើយពួកគាត់នឹងបោះឆ្នោតឱ្យអ្នកស្រីធ្វើជាចៅសង្កាត់ប៉ោយប៉ែតនៅថ្ងៃអនាគារជាមិនខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។