តុលាការ​ខេត្ត​ព្រះសីហនុ​សម្រេច​ឃុំ​ខ្លួន​ជន​ជាតិ​ចិន​៣​នាក់​ករណី​ចាប់​ជំរិត​មិត្ត​ភក្តិ​ទារ​ប្រាក់​ជាង​១​លាន​ដុល្លារ​

ព័ត៌មានជាតិ សង្គម
លោក ណាត សុភាព | ១៩ មិថុនា ២០២២ | ម៉ោង ១៩:១៤
VOD

កំពង់ផែនៅខេត្តព្រះសីហនុ ថតពីចម្ងាយ កាលពីឆ្នាំ២០១៨។ (ហេង វិចិត្រ)

កំពង់ផែនៅខេត្តព្រះសីហនុ ថតពីចម្ងាយ កាលពីឆ្នាំ២០១៨។ (ហេង វិចិត្រ)


ចៅក្រមស៊ើបសួរ​សាលាដំបូងខេត្តព្រះសីហនុ សម្រេចឃុំខ្លួនជនជាតិចិនចំនួន ៣នាក់ជាបណ្តោះអាសន្ននៅពន្ធនាគារ  ពាក់ព័ន្ធ​សំណុំរឿងចាប់ជំរិត​មិត្តភក្តិដែលជាជនជាតិចិនដូចគ្នាដើម្បីទារប្រាក់​ជាង ១លានដុល្លារពីគ្រួសារ ជាថ្នូរនឹងការដោះលែងជនរងគ្រោះវិញ។

​សារព័ត៌មានដើមអំពិលដែលចុះផ្សាយកាលពីថ្ងៃទី១៨ ខែមិថុនា បានស្រង់ប្រសាសន៍​មន្ត្រីនគរបាលខេត្តព្រះសីហនុ ដោយ​បញ្ជាក់ថា​ ជនត្រូវចោទជាជនជាតិចិនទាំង ៣នាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចោទប្រកាន់ពី ចាប់បង្ខាំងមនុស្ស ជំរិតទារប្រាក់ និងការប្រើប្រាស់អាវុធ ដោយគ្មានការអនុញ្ញាត។

យ៉ាងណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោក ហួត វិចិត្រ សុំមិនធ្វើការបកស្រាយជុំវិញករណីនេះឡើយ ដោយលោកបង្វែសំណួរឱ្យទៅសួរអ្នកនាំពាក្យម្នាក់ទៀតរបស់សាលាដំបូងខេត្តព្រះសីហនុវិញ។

ចំណែក អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ​ លោក លី ចាន់ដារ៉ា វីអូឌីមិនអាចទាក់ទងបានទេនៅរសៀលថ្ងៃអាទិត្យនេះ។ ដោយឡែក ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន និងអ្នកនាំពាក្យរដ្ឋបាលសាលាខេត្តជាប់មាត់សមុទ្រមួយនេះ លោក ឃាង ភារម្យ ក៏មិនបានបញ្ជាក់បន្ថែមជុំវិញករណីនេះដែរ។ 

ទោះបីជាយ៉ាងនេះក្តី ​សារព័ត៌មានក្នុងស្រុកដដែលអះអាងថា ជនជាប់ចោទទាំង ៣នាក់នោះ   រួមមាន ឈ្មោះ ទី១ ឈ្មោះ Wang Ying ហៅ អាយន្តហោះ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន។ ទី២ ឈ្មោះ Jin KaiBin ហៅ Lin Yi ឬក៏Xiao Bin ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន  និងទី៣ ឈ្មោះ Yang QianJun ហៅ Ta Jing ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិចិន។

ពួកគេទាំង៣នោះ ជាសន្តិសុខ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួ​ន កាលពីថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ ២០២២។​ ចំណែក ជនរងគ្រោះឈ្មោះ Yu Liang ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិចិន មុខរបរ អ្នករកស៊ី ស្នាក់នៅភូមិ៦ សង្កាត់ ៤ ក្រុងព្រះសីហនុ។

ស្របពេលសំណុំរឿងចាប់ជំរិតនេះកើតឡើង កាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តព្រះសីហនុ បានឃាត់ខ្លួនជនជាតិ​វៀតណាមចំនួន ៤នាក់  ករណី​ពួកគេបាញ់ប្រហារ និងបង្ករបួសស្នាមលើមន្ត្រីនគរបាលក្រុងព្រះសីហនុមួយរូប ។ ជាមួយគ្នានោះ សមត្ថកិច្ចមូលដ្ឋានសង្កាត់លេខ៣ ក៏បានអះអាងថា នៅយប់ថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែមិថុនា ក៏មាន​ករណីបាញ់ប្រហារមួយផ្សេងទៀតបានកើតឡើង បណ្តាលឱ្យបុរសជាជនជាតិចិនម្នាក់រងរបួសផងដែរ។

​ដោយសារក្តីបារម្ភចំពោះបញ្ហា ទាសភាព ឧក្រិដ្ឋកម្ម ការចាប់ជំរិតជាដើមនោះ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ អង្គការសង្គមស៊ីវិលចំនួន៣៦ បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ​​អំពាវនាវឱ្យរដ្ឋាភិបាល​ លុបបំបាត់រាល់ទម្រង់បទល្មើសទាំងនេះ ដើម្បីធានាសន្តិសុខ ស្ថិរភាពសង្គម និងកិត្តិយសកម្ពុជា។ ​

ការស្នើនោះ ក្រោយពេលក្រុមអង្គការសង្គមស៊ីវិលទាំងនោះរកឃើញថា មានមនុស្ស​រាប់ពាន់​នាក់​ដែល​ភាគច្រើន​ជា​ជនបរទេស ត្រូវ​បាន​ជាប់នៅ​ក្នុង​ស្ថានភាព​ទាំងអស់​នេះ។ ពួកគេត្រូវ​បាន​ចាប់ជំរិត លក់ ជួញដូរ ឬត្រូវ​បាន​បោកបញ្ឆោត​ឱ្យ​ទទួល​បានការ​ងារ​នៅក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែនៅពេល​មកដល់​កម្ពុជា ពួក​គេ​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​បរិវេណ​អគារ​ធំៗ និង​ត្រូវ​បង្ខំ​ឱ្យធ្វើ​ការ ដែល​ជា​ញឹកញាប់​ជា​ការងារ​ទាក់ទង​នឹង​ប្រតិបត្តិ​ការបោកប្រាស់​តាម​ប្រព័ន្ធ​អ៊ីនធឺណិតផងដែរ។

យ៉ាងណា ថ្លែងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់ខេត្តព្រះសីហនុ កាលពីថ្ងៃទី៩ ខែមិនា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានឱ្យដឹងថា បញ្ហា​សណ្ដាប់ធ្នាប់ និង​សន្តិសុខ ដែល​បន្ត​កើត​ឡើង​ឥត​ឈប់ឈរក្នុងខេត្តមួយនេះ ​គឺជាករណីដែលទាមទារឱ្យមានការដោះស្រាយជាបន្ទាន់៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "តុលាការ​ខេត្ត​ព្រះសីហនុ​សម្រេច​ឃុំ​ខ្លួន​ជន​ជាតិ​ចិន​៣​នាក់​ករណី​ចាប់​ជំរិត​មិត្ត​ភក្តិ​ទារ​ប្រាក់​ជាង​១​លាន​ដុល្លារ​"

  1. Anonymous says:

    let see how Vietnam going to deal with China in Cambodia the King Dump of ACHAKRYAK

Leave a Reply

Submit Comment