កម្ពុជា-សង្គម
19/06/2022 – 07:38
ដោយ៖ ជួប នរក្សា
RFI

ទីតាំងដីមានបទល្មើសស្ថិតនៅក្នុងភូមិសាស្រ្តចំណុច ស្ទឹងខៀវ ជើងភ្នំខ្មោច ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ © FB
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់បានប្រកាសអំពាវនាវឲ្យពលរដ្ឋប្រមាណជាង៥០០នាក់ ត្រូវចាកចេញពីដែនជម្រកសត្វព្រៃភ្នំសំកុស នៃតំបន់ការពារធម្មជាតិជាង២៧៩០ហិកតាជាបន្ទាន់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃអាទិត្យទី១៩មិថុនា។ ការតម្រូវឲ្យពលរដ្ឋចាកចេញជាបន្ទាន់ធ្វើឡើង បន្ទាប់ពីមន្ទីរបរិស្ថានខេត្ត សង្កេតឃើញថា មានពលរដ្ឋមួយចំនួនបានចូលទន្រ្ទាន និងវាស់វែងដីព្រៃ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានអះអាងថា ខ្លួនបានចុះបង្រ្កាបបទល្មើសទន្រ្ទានដីព្រៃ ក្នុងភូមិសាស្រ្តចំណុច ស្ទឹងខៀវ ជើងភ្នំខ្មោច ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ម្តងរួចមកហើយ បន្ទាប់ពីទទួលបានដំណឹងថា មានពលរដ្ឋជាង២៥០គ្រួសារ បានសាងសង់រោង និងខ្ទម ជាង១៨០ខ្ទម។
ក៏ប៉ុន្តែដោយផុតសុពលភាព ករណីទន្ទ្រានយកដីនៅតំបន់ការពារធម្មជាតិភ្នំសំកុស ក៏កើតមានជាបន្ត។ បើតាមមន្ទីរបរិស្ថាន មានមេក្លោងបានបំផុសពលរដ្ឋមិនឲ្យចាកចេញ និងថែមទាំងកៀងគរប្រជាពលរដ្ឋបន្ថែម។ ករណីនេះ មន្ទីរបរិស្ថានខេត្ត បានគូសបញ្ជាក់ថា ជាអំពើខុសច្បាប់ ដែលមានក្នុងច្បាប់ភូមិបាលឆ្នាំ២០០១ និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិឆ្នាំ២០០៨។ បើតាមសេចក្តីប្រកាសព័ត៌មាន ដីតំបន់ការពារធម្មជាតិ ជាដីសាធារណៈរបស់រដ្ឋ ហើយការប្រើប្រាស់ ឬការបែងចែកដីក្នុងតំបន់ការពារធម្មជាតិ ត្រូវធ្វើឡើងលុះត្រាតែមានការសម្រេចយល់ព្រមពីរដ្ឋាភិបាល។
នៅចំពោះមុខនៃបញ្ហាទន្រ្ទានដីតំបន់ធម្មជាតិពេលនេះ មន្ទីរបរិស្ថានបានស្នើឲ្យពលរដ្ឋទាំងជាង៥០០នាក់ ត្រូវចាកចេញពីទីតាំងនោះជាបន្ទាន់ ហើយវិលត្រលប់ទៅកាន់ទីលំនៅដើមវិញ។ មន្ទីរបរិស្ថានបានបញ្ជាក់បន្ថែមថា ការប្រើប្រាស់ដីក្នុងតំបន់ការពារធម្មជាតិ ដាច់ខាតត្រូវមានការយល់ព្រមពីរដ្ឋាភិបាល តាមរយៈដីសម្បទានសង្គមកិច្ច ឬដីដែលត្រូវកំណត់ថា ជាតំបន់សហគមន៍។ ហើយករណីនេះ មន្ទីរបរិស្ថាន បានស្នើបន្ថែមឲ្យពលរដ្ឋទាំងនោះ ត្រូវរៀបចំពាក្យស្នើសុំដីសម្បទានសង្គមកិច្ច ដែលជាអំពើស្របទៅតាមច្បាប់៕