2022.06.22
RFA

កម្មកររោងចក្រកាត់ដេរ ឃែនធើរេន អឹភែរឹល ខេមបូឌា (Canteran Apparel Cambodia Co., Ltd.) ១៥០នាក់ ដែលថៅកែរត់ចោល ដាក់ញត្តិរកអន្តរាគមន៍ពីខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។ រូបភាពពីពលរដ្ឋ
កម្មកររោងចក្រកាត់ដេរ ឃែនធើរេន អឹភែរឹល ខេមបូឌា (Canteran Apparel Cambodia Co., Ltd.) ១៥០នាក់ នៅព្រឹកថ្ងៃទី២១ មិថុនា បានដាក់ញត្តិទៅកាន់ខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីសុំជួយអន្តរាគមន៍ករណីថៅកែរត់ចោលពួកគាត់ដោយមិនបានបើកប្រាក់ឈ្នួល។ មន្រ្តីសហជីពថា រំពឹងថា ប្រមុខរដ្ឋាភិបាលនឹងជួយពន្លឿនការដោះស្រាយទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះពីសំណាក់ថៅកែបរទេស។
ក្រុមកម្មកររោងចក្រកាត់ដេរ ឃែនធើរេន អឹភែរឹល ខេមបូឌា (Canteran Apparel Cambodia Co., LTD) លើកឡើងថា ពួកគាត់ខកចិត្តយ៉ាងខ្លាំង ចំពោះក្រសួងការងារ ដែលអសមត្ថភាពក្នុងការដោះស្រាយជាង ១ខែមកនេះ ប៉ុន្តែបែរជាព្យាយាមដាក់បន្ទុកដល់ក្រុមកម្មករបន្ថែមទៀត។ ក្រុមកម្មករឱ្យដឹងថា មកដល់ពេលនេះ ពួកគាត់កំពុងទ័លច្រក និងមានការព្រមានរឹបអូសទ្រព្យសម្បត្តិពីម្ចាស់បំណុលពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែពួកគាត់គ្មានប្រាក់ព្រោះតែបាត់បង់ការងារជិត ២ខែកន្លងមកនេះ។
តំណាងកម្មករជាង៣រយនាក់ (៣២០) នៃរោងចក្រកាត់ដេរ ឃែនធើរេន អឹភែរឹល ខេមបូឌា គឺលោកស្រី សាន សុផា ប្រាប់វិទ្យុអាស៊ីសេរីថា ក្រុមកម្មករបានដាក់ញត្តិទៅកាន់ខុទ្ទកាល័យ លោក ហ៊ុន សែន រួចរាល់ហើយកាលពីព្រឹកថ្ងៃទី២១ មិថុនា ដើម្បីស្នើសុំឱ្យប្រមុខរដ្ឋាភិបាលធ្វើយ៉ាងណា ជំរុញឱ្យថៅកែចេញមុខទូទាត់សំណងជូនកម្មករឱ្យបានត្រឹមត្រូវតាមច្បាប់។ លោកស្រីរំពឹងថា លិខិតស្នើជួយអន្តរាគមន៍នេះ នឹងបានទៅដល់ដៃប្រមុខដឹកនាំប្រទេសឱ្យបានដឹងថា មានពលរដ្ឋជាច្រើនកំពុងរងទុក្ខយ៉ាងវេទនា និងមានជីវភាពដុនដាបខ្លាំង ក្នុងការដេកចាំដំណោះស្រាយតាមដងផ្លូវអស់រយៈពេលជាង ១ខែកន្លងមកនេះ៖ «កម្មករ ជីវភាពគាត់ វេទនាមែនទែន។ ម៉ោងនេះ ពួកយើង បន្តនៅដេកមុខរោងចក្រ ដោយសារតែ [កម្មករ] នៅផ្ទះជួលខ្លះ គ្មានលុយឱ្យគេ កម្មករខ្លះក៏គាត់ដាច់ចិត្តត្រូវ រើអីវ៉ាន់ត្រូវដេកក្រោមតង់ ហាលភ្លៀងហាលក្ដៅនៅខាងមុខរោងចក្រ។ អ្នកខ្លះទៀត ជំពាក់លុយធនាគារ អ្នកខ្លះកូនខ្ចី ណាមួយយើងត្រូវរកប្រាក់កម្រៃចិញ្ចឹមគ្រួសារអ៊ីចឹង។ ខ្ញុំ ដេកយាមរោងចក្រហ្នឹងជិត ២ខែ អ៊ីចឹងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ខុទ្ទកាល័យ [លោក ហ៊ុន សែន] ក៏ដូចជាក្រសួងការងារឱ្យជួយអន្តរាគមន៍រឿងពួកខ្ញុំ។ ទង្វើរបស់ថៅកែ វាអត់ព្រឺព្រួយ ភ័យខ្លាចទេ មិនដឹងថាគាត់មានខ្នងបង្អែកប៉ុណ្ណា ឬមួយមានទីប្រឹក្សា ព្រោះទង្វើថៅកែដូចអត់ខ្លាចតិចផង»។
កាលពីចុងខែមេសា ភាគីនិយោជកនៃរោងចក្រ ឃែនធើរេន អឹភែរឹល ខេមបូឌា ប្រមាណជាង១០នាក់ បានលាឈប់ពីការងារ និងបិទទ្វាររោងចក្រទាំងមិនទាន់ដោះស្រាយបញ្ហាប្រាក់ឈ្នួលជូនកម្មករ។ បន្ទាប់មក ក្រុមសមាសភាពនៃអ្នកគ្រប់គ្រងរោងចក្រនេះ បានចាត់ក្រុមការងារប្រមូលសម្ភារៈនៅរោងចក្រ ឃែនធើរេន និងចូលបម្រើការងារក្នុងរោងចក្រ សាខាថ្មីរបស់ពួកគេមួយទៀតឈ្មោះ ក្រុមហ៊ុន ខ្វលីធីត្សេកស្ទើស (Quality Textiles Co., LTD) ដែលស្ថិតក្នុងសង្កាត់ទួលពង្រ រាជធានីភ្នំពេញ។ ក្រុមកម្មករ អះអាងថា រោងចក្រទាំងពីរនេះមានម្ចាស់គ្រប់គ្រងតែមួយ។ ក្រៅពីនេះ ក្រុមកម្មករឱ្យដឹងថា ក្រោយពីរោងចក្រ ឃែនធើរេន បានរត់ចោលពួកគាត់ ក្រុមថៅកែទាំងនោះ បានបង្ខំឱ្យកម្មករធ្វើការច្រើនម៉ោងស្ទើរគ្មានពេលសម្រាក ទាំងមិនបានបើកប្រាក់ឈ្នួលប្រចាំឱ្យកម្មករ។ មកដល់ពេលនេះ ប្រាក់អតីតភាពការងារ ប្រាក់ប្រចាំខែឧសភា និងប្រាក់អត្ថប្រយោជន៍ការងារផ្សេងៗ តំណាងកម្មករថាក្រុមហ៊ុនមួយនេះ នៅមិនទាន់ទទួលខុសត្រូវលើកម្មករ ដែលនៅសល់ជាង ៣០០នាក់ (៣២០) នោះដែរ។
តំណាងកម្មករ លោកស្រី សាន សុផា បញ្ជាក់ថាបើ ខុន្ទកាល័យ លោក ហ៊ុន សែន និងក្រសួងការងារនៅតែគ្មានភាពច្បាស់លាស់ក្នុងការដោះស្រាយទុក្ខលំបាកប្រជាពលរដ្ឋទេនោះ ក្រុមកម្មករនឹងនាំគ្នាមកដេកនៅខាងក្រសួងការងារ ដើម្បីទាមទារយុត្តិធម៌បន្តទៀត៖ «មួយរយៈ ឬមួយសប្ដាហ៍ទៀត បើក្រសួងអត់មានចំណាត់ការ ក្នុងការដោះស្រាយ ពួកខ្ញុំនៅតែហែក្បួនតទៅទៀត ដើម្បីឱ្យមានដំណោះស្រាយ។ កម្មករខ្លះទៀតថា ប្រសិនជា ក្នុងដំណាក់កាលនេះ គ្មានដំណោះស្រាយទេ ប្រហែលពួកខ្ញុំអត់មានជម្រើសទេ។ ពួកខ្ញុំអាច រើ តង់ រើមូង រើកន្ទេល ទៅដេកនៅក្រសួងការងារតែម្ដង ព្រោះអីនៅនេះ [ខាងមុខរោងចក្រ] នៅសាធារណៈដូចគ្នាហ្នឹង។ អ៊ីចឹងម៉េចម៉ា ពួកខ្ញុំទៅដេក នៅមុខក្រសួងកាងារ ឱ្យក្រសួងជួយអន្តរាគមន៍»។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន លើកឡើងថា ករណីវិវាទការងារកន្លងមកនេះ ក្រសួងការងារបានប្រឹងប្រែងដោះស្រាយដោយឈរលើគោលការណ៍ច្បាប់។ លោកបន្តថា ករណីថៅកែរត់ថៅកម្មករនេះ ក្រសួងការងារត្រូវមានតួនាទីក្នុងការសម្របសម្រួល និងស្វែងរកភស្តុតាងបន្ថែម ដើម្បីដោះស្រាយវិវាទដោយសន្តិវិធី។ ទោះជាយ៉ាងណា លោកថា ក្រសួងការងារមិនមានអំណាចពេញលេញដូចស្ថាប័នតុលាការ ដើម្បីកោះហៅភាគីថៅកែមកចរចា ក្នុងករណីដែលភាគីក្រុមហ៊ុនមិនព្រមចូលខ្លួនបំភ្លឺ។ ករណីនេះ លោក កត្ដា អ៊ន ជំរុញឱ្យក្រុមកម្មករបន្តដាក់ពាក្យបណ្ដឹងទៅស្ថាប័នតុលាការបន្តទៀត៖ «អ្វីៗកំពុងតែដំណើរការ ក្នុងការដោះស្រាយតាមនីតិវិធី។ អ៊ីចឹងហើយ យើងមិនអាច វាយតម្លៃចោទប្រកាន់ថា អ៊ីចេះ ថាអ៊ីចុះ បានទេ ពីព្រោះ ក្នុងយន្តការដោះស្រាយវិវាទ ក្រសួងការងារមិនមែន ជាតុលាការការងារនោះទេ។ ដូច្នេះ ហើយការដោះស្រាយ យើងត្រូវការពេលពិនិត្យមើល ទ្រព្យសម្បត្តិរបស់ថៅកែ រោងចក្រ ត្រូវការយន្តការផ្សេងៗទៀត ក្នុងការសម្របសម្រួល ដោះស្រាយបញ្ហានេះ ដោយសន្តិវិធី ដោយមានការព្រមព្រៀងគ្នា»។
ផ្ទុយពីការ លើកឡើងរបស់មន្ត្រីនៃស្ថាប័នសិទ្ធិមនុស្សរបស់រដ្ឋាភិបាលបែបនេះ មេដឹកនាំសហជីពដែលគាំពារសិទ្ធកម្មករថា នារយៈពេលកន្លងមកនេះ ក្រសួងការងារគ្មានឆន្ទៈ និងការទទួលខុសត្រូវចំពោះក្រុមកម្មករដែលរងការគាបសង្កត់ពីក្រុមថៅកែទុច្ចរិតទាំងនោះឡើយ។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន លើកឡើងថា ក្រសួងការងារជាសេនាធិការរបស់រដ្ឋាភិបាល និងមានអំណាច ឬឥទ្ធិពលពេញលេញ ដើម្បីចាត់មន្ត្រីអធិការកិច្ចចុះស្រាវជ្រាវ និងឃាត់ខ្លួនថៅកែក្នុងករណីដែលរត់ចោលកម្មករទាំងគ្មានទំនួលខុសត្រូវបែបនេះ។ លោកសង្កត់ធ្ងន់ថា ប្រមុខរដ្ឋាភិបាលគួរតែមានចំណាត់ឱ្យបានម៉ឺងម៉ាត់ក្នុងការកែប្រែថ្នាក់ដឹកនាំនៅក្រសួងការងារ ដែលអសមត្ថភាពក្នុងការដោះស្រាយបញ្ហាជូនកម្មករ៖ «ប្រសិនធ្វើជាក្រសួងមួយ កោះអ្នកវិនិយោគមិនមកប្រជុំ ក្រសួងនេះអន់ៗ ដល់ថ្នាក់អន់ៗ មែនទែនហើយ។ ក្រសួងមានន័យថា យកលុយពីគេ បានជាអត់មានឥទ្ធិពល ហើយមន្ត្រីក្រសួងការងារ ក៏ដូចជារដ្ឋមន្ត្រីក្រសួងការងារ បើអសកម្មបែបហ្នឹង គួរមានវិធានការហើយមិនត្រូវឱ្យអ្នកដឹកនាំ ក្រសួងការងារបន្តទៀតទេ ដែលធ្វើឱ្យកម្មករទទួលរងទុក្ខវេទនា ទឹកភ្នែកជាប់រហូត ហើយគ្មានរកដោះស្រាយអី ចេះតែឆ្លើយដោះសា»។
មេដឹកនាំសហជីពរូបនេះ បន្ថែមថា បញ្ហារបស់ក្រុមកម្មករនៅតែជួបបញ្ហាច្រើន គឺដោយសារតែក្រសួងការងារមិនអើពើក្នុងការដោះស្រាយឱ្យបានត្រឹមត្រូវតាមច្បាប់ និងតែងតែព្យាយាមដាក់បន្ទុកផ្សេងៗ ក្នុងពេលដែលកម្មករស្វែងរកកិច្ចអន្តរាគមន៍។ លោកមើលឃើញថា ក្រសួងការងារហាក់បណ្ដោយខ្លួនឱ្យស្ថិតក្រោមឥទ្ធិពលថៅកែបរទេស ដោយសារតែមន្ត្រីក្រសួងការងារមួយចំនួនមានជាប់ពាក់ព័ន្ធនឹងការប្រព័ន្ធអំពើពុករលួយជាប្រព័ន្ធ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។