ដោយ មាន ឫទ្ធិ
2022.08.01
RFA

(ឆេ្វង)លេងរៀងទី៤ អ្នកស្រី ណេនស៊ី ផេឡូស៊ី (Nancy Pelosi) (ឆេ្វង)លេងរៀងទី៣ ជាមួយទេសរដ្ឋមន្ត្រីសិង្ហបុរី Teo Chee Hean ថ្ងៃទី០១ ខែសីហា ២០២២។ រូប៖ ហ្វេសប៊ុក : House Speaker Nancy Pelosi
អ្នកជំនាញកិច្ចការអន្តរជាតិ លើកឡើងថា កម្ពុជាគួររក្សាភាពស្ងៀមស្ងាត់ និងបង្ហាញជំហរអព្យាក្រឹត្យក្នុងរឿងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិក អ្នកស្រី ណេនស៊ី ផេឡូស៊ី (Nancy Pelosi) ទៅកាន់កោះតៃវ៉ាន់ (Taiwan) ដែលអាចនឹងកើតមានឡើងនៅក្នុងសប្តាហ៍នេះ។ ពួកគេថា ការប្រកាន់ជំហរបែបនេះ គឺដើម្បីបញ្ចៀសកុំឱ្យកម្ពុជាធ្លាក់ចូលក្នុងជម្លោះភូមិសាស្ត្រនយោបាយណាមួយរវាងមហាអំណាចអាមេរិក និងចិន ខណៈកម្ពុជាកំពុងរៀបចំសម្របសម្រួលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅក្នុងសប្តាហ៍នេះ។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា មើលឃើញថា ជាការល្អដែលកម្ពុជាគួររក្សាភាពស្ងៀមស្ងាត់ និងបង្ហាញជំហរអព្យាក្រឹត្យ ជាជាងប្រកាសគាំទ្រការថ្កោលទោសរបស់ចិនចំពោះដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិក អ្នកស្រី ណេនស៊ី ផេឡូស៊ី ទៅកាន់កោះតៃវ៉ាន់ ដែលអាចនឹងកើតមានឡើងក្នុងសប្តាហ៍នេះ។ លោកថា បើកម្ពុជាបញ្ចេញប្រតិកម្មដោយគាំទ្រការថ្កោលទោសរបស់ប្រទេសចិនកុម្មុយនិស្តចំពោះដំណើរទស្សនកិច្ចនេះ នោះកម្ពុជានឹងខាតបង់ប្រយោជន៍ច្រើនក្នុងពេលដែលកម្ពុជាកំពុងរៀបចំកិច្ចប្រជុំកំពូលអាស៊ានសំខាន់ៗនៅក្នុងសប្តាហ៍នេះ និងនៅចុងឆ្នាំនេះ៖ «នៅក្នុងក្របខណ្ឌកម្ពុជា ឬក៏អាស៊ាន គឺទទួលស្គាល់គោលនយោបាយចិនតែមួយ។ ដូច្នេះ នៅក្នុងខណៈដែលកម្ពុជាជាមិត្តដែកថែបជាមួយចិន ខ្ញុំគិតថាជានិច្ចកាល កម្ពុជាឈរនៅខាងចិនជានិច្ច។ ក៏ប៉ុន្តែ ដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិក អ្នកស្រី ប៉េឡូស៊ី ខ្ញុំគិតថា កម្ពុជាប្រហែលជានឹងមិនមានវាចារ ឬមតិយោបល់អត្ថាធិប្បាយអីទៅលើដំណើរទស្សនកិច្ចនេះទេ ពីព្រោះកម្ពុជាត្រូវការសម្របសម្រួលនូវការរៀបចំកិច្ចប្រជុំអាស៊ាន និងសហរដ្ឋអាមេរិកនៅចុងឆ្នាំទៀត។ វាអាចខាតអត្ថប្រយោជន៍»។
ស្រដៀងគ្នានេះ អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព (CICP) លោក វណ្ណ ប៊ុណ្ណា យល់ថា កម្ពុជាគួររក្សាជំហរអព្យាក្រឹត្យក្នុងរឿងដំណើរទស្សនកិច្ចនេះ។ លោកថា កម្ពុជាមិនត្រូវគាំទ្រសហរដ្ឋអាមេរិកចំពោះការធ្វើទស្សនកិច្ចនេះ ហើយក៏មិនត្រូវគាំទ្រចិនចំពោះការថ្កោលទោសដំណើរទស្សនកិច្ចនេះឡើយ៖ «សម្រាប់ខ្ញុំ ខ្ញុំមើលឃើញថា កម្ពុជាគួរតែបង្ហាញជំហរអព្យាក្រឹត្យដោយមិនព្យាយាមគាំទ្រទាក់ទងនឹងការទៅទស្សនកិច្ចរបស់ប្រធានសភារបស់សហរដ្ឋអាមេរិក ឬក៏មិនគាំទ្រនូវអ្វីដែលជាការថ្កោលទោសរបស់ចិន។ មានន័យថា ព្យាយាមស្ងាត់ស្ងៀមទៅលើបញ្ហាហ្នុង ព្រោះបញ្ហាហ្នុងវាមិនមែនជាបញ្ហារបស់កម្ពុជា និងបញ្ហារបស់អាស៊ាន។ ដូច្នេះ កម្ពុជាព្យាយាមផ្ដោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន ជាមួយសហរដ្ឋអាមេរិក និងចិន។ មានន័យថា ក្នុងជំហរនេះ កម្ពុជាមិនគួរលូកមាត់ ឬក៏ជជែកវែកញែកខ្លាំងលើបញ្ហាហ្នុងទេ»។
លោក វណ្ណ ប៊ុណ្ណា ពន្យល់ថា បើកម្ពុជាប្រកាសគាំទ្រការថ្កោលទោសរបស់ចិនចំពោះដំណើរទស្សនកិច្ចនេះ នោះនឹងមានន័យថា កម្ពុជាគឺជាប្រទេសមួយដែលរណបនឹងគោលនយោបាយរបស់ប្រទេសចិន។ លើសពីនេះទៀត លោកថា ការណ៍នេះនឹងធ្វើឱ្យកម្ពុជាមានទំនាក់ទំនងកាន់តែល្អក់កករជាមួយនឹងសហរដ្ឋអាមេរិក។
ការលើកឡើងរបស់ក្រុមអ្នកជំនាញកិច្ចការអន្តរជាតិនេះ កើតមានឡើងស្របពេលដែលប្រធានរដ្ឋសភាអាមេរិក អ្នកស្រី ណេនស៊ី ផេឡូស៊ី កំពុងដឹកនាំគណៈប្រតិភូសភាអាមេរិកទៅបំពេញទស្សនកិច្ចនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ក្នុងនោះ រួមមានប្រទេសសិង្ហបុរី (Singapore)ម៉ាឡេស៊ី (Malaysia) កូរ៉េខាងត្បូង (South Korea) និងប្រទេសជប៉ុន (Japan) នៅក្នុងសប្តាហ៍នេះ។ បើទោះជាសេចក្តីប្រកាសព័ត៌មានរបស់ប្រធានរដ្ឋសភាអាមេរិករូបនេះ មិនបានបញ្ជាក់ពីដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ក៏ដោយ ក៏សេចក្តីរាយការណ៍ចុងក្រោយពីសារព័ត៌មានធំៗដូចជាកាសែត ឌឹ វ៉លស្ត្រីត ជ័រណល (The Wall Street Journal) និងសារព័ត៌មាន រ៉យទ័រ (Reuters) សុទ្ធតែបានស្រង់ប្រសាសន៍ពីប្រភពស្និទ្ធនឹងប្រធានរដ្ឋសភាអាមេរិក អ្នកស្រី ណេនស៊ី ផេឡូស៊ី ថា អ្នកស្រីនឹងទៅធ្វើដំណើរទៅដល់កោះតៃវ៉ាន់នៅថ្ងៃអង្គារ ក្នុងសប្តាហ៍នេះ ដែលអ្នកស្រីគ្រោងនឹងស្នាក់នៅទីនោះរយៈពេលមួយយប់ ហើយគ្រោងនឹងជួបជាមួយមន្ត្រីរដ្ឋាភិបាលកោះតៃវ៉ាន់នៅថ្ងៃពុធបន្ទាប់ មុននឹងធ្វើដំណើរទៅកាន់ប្រទេសដទៃទៀតក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ទោះយ៉ាងណា ទាំងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងទាំងរដ្ឋាភិបាលកោះតៃវ៉ាន់ នៅមិនទាន់បញ្ចេញឱ្យដឹងលម្អិតពីគម្រោងដំណើរទស្សនកិច្ចនៅកោះតៃវ៉ាន់នេះនៅឡើយទេ គិតត្រឹមថ្ងៃចន្ទ ទី០១ ខែសីហា។
ប្រសិនបើដំណើរទស្សនកិច្ចទៅកោះតៃវ៉ាន់នេះពិតជាកើតមានឡើងមែននោះ នោះអ្នកស្រី ណេនស៊ី ផេឡូស៊ី នឹងក្លាយជាប្រធានរដ្ឋសភាអាមេរិកលើកទីមួយហើយដែលទៅទស្សនកិច្ចនៅកោះតៃវ៉ាន់ចាប់តាំងពីឆ្នាំ១៩៩៧មក។ អតីតប្រធានរដ្ឋសភាអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក ញូវត៍ ហ្គីងរីច្ឆ (Newt Gingrich) បានទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ កាលពីឆ្នាំ១៩៩៧។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ប្រាប់វិទ្យុអាស៊ីសេរីតាមបណ្ដាញសង្គមតេឡេក្រាម (Telegram) កាលពីថ្ងៃទី១ ខែសីហា ថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាឥឡូវនេះកំពុងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ជាពិសេសកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) និងវេទិកាតំបន់អាស៊ាន (ARF)។ លោកបន្ថែមថា កម្ពុជា និងបណ្តារដ្ឋសមាជិកអាស៊ានដទៃទៀតព្រមទាំងដៃគូចូលរួមកិច្ចប្រជុំទាំងនេះកំពុងប្រឈមនឹងបញ្ហាប្រឈមជាច្រើន និងបញ្ហាក្តៅៗនៅក្នុងតំបន់ និងអន្តរជាតិដើម្បីដោះស្រាយដែលហួសពីគ្រប់គ្រាន់ទៅហើយ។ លោកជឿថា គ្មានប្រទេសណាមួយចង់ឃើញបញ្ហាតានតឹងក្នុងតំបន់ និងអន្តរជាតិបន្ថែមទៅលើស្ថានភាពដែលកំពុងតែផុយស្រួយស្រាប់ និងរបៀបវារៈដ៏ច្រើនលើសលុបនៃកិច្ចប្រជុំទាំងនេះទៀតនោះទេ។ លោកជឿជាក់ថា ភាគីនីមួយៗចង់ឃើញការបន្ថយភាពតានតឹង ដោយមិនស្វាគមន៍ការបង្កើនការប្រឈមមុខដាក់គ្នានោះឡើយ។
ប្រទេសចិនកុម្មុយនិស្តដែលតែងប្រកាស និងចាត់ទុកកោះតៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន បានថ្កោលទោសថាប្រសិនបើប្រធានរដ្ឋសភាអាមេរិកទៅទស្សនកិច្ចនៅកោះតៃវ៉ាន់មែន នោះការណ៍នេះគឺជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ។ អ្នកនាំពាក្យក្រសួងការបរទេសចិនព្រមានថា កងទ័ពរំដោះប្រជាជនចិននឹងមិនសម្ងំស្ងៀមឡើយ ហើយថាចិននឹងឆ្លើយតបយ៉ាងមោះមុតដោយចាត់វិធានការប្រឆាំងតបយ៉ាងខ្លាំងដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន។
កាលពីដើមខែកក្កដា នៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៧នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលបានប្រព្រឹត្តទៅនៅប្រទេសមីយ៉ាន់ម៉ា (Myanmar) រដ្ឋមន្ត្រីការបរទេសកម្ពុជា និងចិនបានបញ្ជាក់ជំហរជួយគ្នាក្នុងរឿងរក្សាស្ថិរភាពនយោបាយនៅកម្ពុជា និងរឿងគោលនយោបាយចិនតែមួយចំពោះកោះតៃវ៉ាន់ រួមទាំងតំបន់ចម្រូងចម្រាសផ្សេងទៀតនៅប្រទេសចិន។
អ្នកជំនាញកិច្ចការអន្តរជាតិ លោក វណ្ណ ប៊ុណ្ណា មើលឃើញថា ប្រសិនបើចិនជ្រើសរើសយកមធ្យោបាយក្តៅប្រើកម្លាំងទ័ពទៅឈ្លានពានដណ្តើមយកអធិបតេយ្យលើកោះតៃវ៉ាន់នៅថ្ងៃខាងមុខ មិនខុសពីអ្វីដែលរុស្ស៊ី (Russia) កំពុងធ្វើនៅប្រទេសអ៊ុយក្រែន (Ukraine) នាពេលបច្ចុប្បន្ននេះ នោះជំហរកម្ពុជាដែលតែងប្រកាសគាំទ្រគោលនយោបាយចិនតែមួយ នឹងអូសទាញកម្ពុជាឱ្យធ្លាក់ចូលក្នុងអន្ទាក់ភូមិសាស្ត្រនយោបាយរបស់ចិន និងសហរដ្ឋអាមេរិក ដែលការណ៍នេះធ្វើឱ្យសន្តិសុខកម្ពុជាត្រូវប្រឈមនឹងគ្រោះថ្នាក់៖ «អន្ទាក់ភូមិសាស្ត្រនយោបាយនេះ នឹងធ្វើឱ្យ ទីមួយទាក់ទងនឹងសន្តិសុខរបស់កម្ពុជា គឺវៀតណាមប្រហែលជាពិបាកនឹងទុកចិត្តកម្ពុជាដោយសារតែវៀតណាមមើលឃើញកម្ពុជាគឺជាប្រទេសរណបចិន។ កាលណាបើសិនជាមានការឈ្លានពាន ឬការវាយដណ្តើមយកតៃវ៉ាន់មែន បើសិនជាកម្ពុជាគាំទ្រការដណ្តើមយកតៃវ៉ាន់ពីចិន នោះហាក់ដូចជាកម្ពុជាស្ថិតក្នុងចំណុចមួយដែលជាចំណុចក្តៅ ហើយបើសិនជាកម្ពុជាចូលក្នុងចំណុចក្តៅដែលអាចជាសង្គ្រាមឬក៏ការដណ្តើមយករបស់ចិននៅតៃវ៉ាន់វិញ ខ្ញុំគិតថានោះកម្ពុជាអាចនឹងពិបាករើខ្លួនចេញពីចំណុចដ៏ក្តៅរសើបនេះ»។
ប្រទេសចិន និងកោះតៃវ៉ាន់ បានបំបែកចេញពីគ្នាក្រោមគ្រប់គ្រងដោយរដ្ឋាភិបាលរៀងៗខ្លួន ចាប់តាំងពីឆ្នាំ១៩៤៩ ក្រោយរដ្ឋាភិបាលកុម្មុយនិស្តចិនបានឈ្នះសង្គ្រាមស៊ីវិលនៅចិនដីគោក ខណៈកោះតៃវ៉ាន់ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលដែលមានទំនោរទៅរកលទ្ធិប្រជាធិបតេយ្យ។ ភាគីទាំងពីរចាត់ទុកថាទាំងចិនដីគោក និងកោះតៃវ៉ាន់គឺជាប្រទេសតែមួយ។ ក៏ប៉ុន្តែការមិនចុះសម្រុងគ្នាថាតើរដ្ឋាភិបាលកុម្មុយនិស្តនៃចិនដីគោក ឬរដ្ឋាភិបាលប្រជាធិបតេយ្យនៅកោះតៃវ៉ាន់ជាអ្នកមានសិទ្ធិគ្រប់គ្រងនោះ បានបន្តអូសបន្លាយរហូតដល់សព្វថ្ងៃ។ សហរដ្ឋអាមេរិកបានផ្លាស់ប្តូរជំហរទៅទទួលស្គាល់រដ្ឋាភិបាលក្រុងប៉េកាំងកាលពីឆ្នាំ១៩៧៩ ប៉ុន្តែនៅតែបន្តទំនាក់ទំនងក្រៅផ្លូវការជាមួយកោះតៃវ៉ាន់។ ថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) បានប្រកាសជំហរជាសាធារណៈថា សហរដ្ឋអាមេរិកនឹងប្រើកម្លាំងទ័ពការពារកោះតៃវ៉ាន់ ប្រសិនបើមានការលើកទ័ពឈ្លានពានណាមួយពីសំណាក់ប្រទេសកុម្មុយនិស្តចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។