រដ្ឋាភិបាល​បដិសេធ​​ក្នុង​ការ​បង្ហាញ​ពី​ប្រាក់ចំណូល​បាន​​ពី​សម្បទានដី​សាធារណៈ​ឱ្យ​ឯកជន

ព័ត៌មានជាតិ សេដ្ឋកិច្ច
កញ្ញា ប៉ា សុខេង | ០២ សីហា ២០២២ | ម៉ោង ២០:៤៦
VOD

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» នាព្រឹកថ្ងៃទី២ ខែសីហា នៅទីស្ដីការគណៈរដ្ឋមន្ត្រី។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» នាព្រឹកថ្ងៃទី២ ខែសីហា នៅទីស្ដីការគណៈរដ្ឋមន្ត្រី។ (ហ៊ាន រង្សី)


មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បដិសេធចំពោះការប្រាប់អំពីប្រាក់ចំណូលពីសម្បទាន ឬការផ្ដល់ដីសាធារណៈរបស់រដ្ឋឱ្យទៅវិស័យឯកជន ដូចជា ដីបឹងតាមោក ដីភ្នំតាម៉ៅ ដីបឹង ដីព្រៃផ្សេងទៀតឡើយ ​ដោយប្រាប់ឱ្យអ្នកសារព័ត៌មានទៅស្រាវជ្រាវរកព័ត៌មានទាំងនេះ​ដោយខ្លួនឯង។

ការបដិសេធនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» នាព្រឹកថ្ងៃទី២ ខែសីហា នៅទីស្ដីការគណៈរដ្ឋមន្ត្រី។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាមានដីសម្បទានរបស់រដ្ឋជាច្រើនកន្លែងនៅទូទាំងប្រទេសដែលបានធ្វើអនុបយោគ និងជួលឱ្យវិស័យឯកជន ពោលគឺមិនមែនមានតែបឹងតាមោកមួយទេ។ លោកថា ការជួលដីឱ្យទៅឯកជននោះ គឺដើម្បីរកចំណូលជូនរដ្ឋ។

យ៉ាងណា មន្ត្រីរដ្ឋាភិបាលរូបនេះថា ការជួលដីនេះគឺគ្រប់គ្រងដោយកិច្ចសន្យាជួលក្នុងរយៈពេលវែង ដូច្នេះចំណូលក៏មិនបានតម្លៃខ្ពស់ដែរ។

បើទោះជាយ៉ាងនេះក្ដី មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះ បដិសេធធ្វើអត្ថាធិប្បាយលើចំណូលពីសម្បទានដីសាធារណៈឱ្យទៅវិស័យឯកជន ​ ថាតើបានចំណូលក្នុង១ហិកតាៗប៉ុន្មាន! ហើយសរុបក្នុង១ឆ្នាំៗ រដ្ឋអាចរកចំណូលបានប៉ុន្មាន។ លោកថា រឿងនេះត្រូវចំណាយពេលពិនិត្យមើលច្បាប់ទូទាត់ឱ្យបានលម្អិតជាមុនសិន។

លោកបានប្រាប់ឱ្យអ្នកសារព័ត៌មានទៅស្រាវជ្រាវរកព័ត៌មានទូទាត់សរុបនេះដោយខ្លួនឯង។

លោក មាស សុខសេនសាន ថា៖ «សំណួរសួរថាដីសម្បទាន[របស់រដ្ឋ]នេះ រកចំណូលបានប៉ុន្មាន? ខ្ញុំមិនអាចជម្រាបជូនបានទេ។ ប៉ុន្តែយើងបានចែងក្នុងច្បាប់! ព្រោះតាមធម្មតា នៅក្នុងច្បាប់គ្រប់គ្រងថវិកាឆ្នាំនីមួយៗ យើងមានច្បាប់ដែលស្នើគ្រោង ហើយយើងមានច្បាប់ទូទាត់នៅក្នុងចុងឆ្នាំ។ ហើយនៅក្នុងច្បាប់ទូទាត់ហ្នឹង គឺមានបញ្ជាក់ហើយថាចំណូលពីទ្រព្យសម្បត្តិរដ្ឋមានទំហំប៉ុន្មានៗ។ […] អ៊ីចឹងសុំទៅមើលគ្រោង ហើយសុំមើលទូទាត់ទៅ។ ហើយទូទាត់គ្នាទៅថា រវាងការគ្រោង និងអនុវត្តន៍ជាក់ស្តែងច្បាប់ទូទាត់ទៅ វាមានប៉ុន្មាន! អ៊ីចឹងសូមទៅមើលអាហ្នឹង ហើយអាច[អ្នក]កាសែតធ្វើការហ្នឹងបន្តិចទៅ»។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចរូបនេះបន្ថែមថា រដ្ឋាភិបាលបានពង្រឹងលើការគ្រប់គ្រងចំណូល និងប្រើប្រាស់ចំណូលដែលរកបានពីការផ្ដល់ដី​សម្បទានឱ្យទៅវិស័យឯកជននោះ ទៅចំណាយលើក្រសួង-ស្ថាប័ន ប្រាក់បៀវត្ស វិនិយោគផ្សេងៗទៀត។  ​លោកថា រដ្ឋាភិបាលបានប្រើប្រាស់ចំណូលទាំងនោះប្រកបដោយតម្លាភាព និងគណនេយ្យភាពផងដែរ។

នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJa) លោក ណុប វី ចាត់ទុកការដែលមន្ត្រីជំនាញបដិសេធធ្វើអត្ថាធិប្បាយលើចំណូលពីសម្បទានដីសាធារណៈឱ្យទៅឯកជន និងប្រាប់ឱ្យអ្នកសារព័ត៌មានទៅស្រាវជ្រាវច្បាប់ដោយខ្លួនឯងនេះ ថាជាការខកខានបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ។

លោកថា មន្ត្រីមានតួនាទីជាអ្នកអនុវត្តការងារ ហើយក៏ជាអ្នកបម្រើដល់ផលប្រយោជន៍ពលរដ្ឋទូទៅ ខណៈអ្នកសារព័ត៌មានក៏ជាពលរដ្ឋ ដែលមានសិទ្ធិស្នើសុំព័ត៌មាន។

លោកចាត់ទុកការមិនផ្ដល់ព័ត៌មានឱ្យទូលំទូលាយនេះថា ជាការរំលោភសិទ្ធិទទួលព័ត៌មានរបស់ពលរដ្ឋ។

លោកថា៖ «ទាក់ទងនឹងចំណូលដែលរដ្ឋរកបាន ទទួលបានពីការវិនិយោគផ្សេងៗ ក៏ដូចជាចំណូលដែលកៀរគរបាន គឺជាព័ត៌មានដែលពលរដ្ឋលោកត្រូវទទួលដឹង គួរតែត្រូវបានផ្ដល់ជូន ជាជាងការដែលពលរដ្ឋទៅទាមទាររកព័ត៌មាន។ ហើយការដែលមិនផ្តល់ព័ត៌មានហ្នឹង គឺជាការមិនបានបំពេញតួនាទីជាអ្នកផ្តល់សេវាជូនពលរដ្ឋឱ្យបានត្រឹមត្រូវ»។

នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជារូបនេះ ចង់ឱ្យរដ្ឋាភិបាលពន្លឿនការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានឱ្យបានឆាប់ ដើម្បីធានាថានឹងមានមន្ត្រីជាក់លាក់ត្រូវបានចាត់តាំងក្នុងការឆ្លើយតបឱ្យបានទូលំទូលាយទៅកាន់ពលរដ្ឋ និងអ្នកសារព័ត៌មាន។

ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថ្លែងថា មកទល់បច្ចុប្បន្នលោកមិនច្បាស់ទេពីការប្រែប្រួលនៃចំណូលពីសម្បទានដីសាធារណៈរបស់រដ្ឋឱ្យទៅឯកជន ខណៈទិន្នន័យដែលលោកមាន គឺគ្រាន់ជារបាយការណ៍ចាស់ៗប៉ុណ្ណោះ។

យ៉ាងណា មន្ត្រីសង្គមស៊ីវិលរូបនេះថា តាមពិតទៅ ស្ថាប័នជំនាញគួរតែចែកចាយព័ត៌មានជាសាធារណៈនានាដល់អ្នកសារព័ត៌មាន ឆ្លើយតប ដើម្បីឱ្យពួកគេផ្សព្វផ្សាយដល់ពលរដ្ឋ។ លោកថា ការផ្សព្វផ្សាយនេះបានជួយកាត់បន្ថយនូវកង្វះខាតព័ត៌មាន និងជាការឆ្លើយតបទូលាយដល់សង្គមផងដែរ។

លោកថា៖ «ឆ្លើយតបទៅតាមទិន្នន័យដែលមាន នោះគឺជារបៀបនៃកិច្ចសហការមួយរវាងអ្នកសារព័ត៌មាន និងអ្នកផ្តល់ព័ត៌មានសាធារណៈ។ ហើយយើងចង់ឱ្យមានការបង្កើតបរិយាកាសនៃការឆ្លងឆ្លើយគ្នាបានច្រើន ដើម្បីកាត់បន្ថយនូវកង្វះខាតព័ត៌មាន ហើយនិងជាការឆ្លើយតបមួយទៅដល់សាធារណជនដែរ»៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles