2022.08.02
RFA

អ្នកស្រី សុខ ស្រីនួន ជំទប់ទី២ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តកំពង់ចាម ពីខាងគណបក្សភ្លើងទៀន។ រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ
តុលាការខេត្តត្បូងឃ្មុំ កោះហៅជំទប់ទី២ ឃុំព្រះធាតុ មកពីគណបក្សភ្លើងទៀន ឱ្យចូលឆ្លើយបំភ្លឺ ពីបទបរិហារកេរ្តិ៍ជាសាធារណៈតាមបណ្ដាញសង្គមហ្វេសប៊ុកកាលពីចុងខែឧសភាពកន្លងទៅ។ មន្ត្រីសង្គមស៊ីវិលចាត់ទុកដីកានេះថា ជាការគំរាមកំហែងផ្នែកនយោបាយ ដើម្បីបំបាក់ស្មារតីសកម្មជនគណបក្សភ្លើងទៀន។
ជំទប់ទី២ ឃុំព្រះធាតុ ស្រុកអូររាំងឪ គណបក្សភ្លើងទៀន អ្នកស្រី សុខ ស្រីនួន ព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ក្រោយពីអ្នកស្រីទទួលបានដីកាកោះហៅពីតុលាការ ។
អ្នកស្រី សុខ ស្រីនួន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២ សីហាថា ការចោទប្រកាន់របស់តុលាការនេះជារឿងមិនសមហេតុផល ព្រោះរឿងរ៉ាវកន្លងទៅ គឺមន្ត្រីគណបក្សប្រជាជនកម្ពុជាបានប្ដឹងអ្នកស្រីតាំងពីមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ហើយអ្នកស្រីបានបង់ប្រាក់ពិន័យដល់ គ.ជ.ប ចំនួន ៥លានរៀល (៥.០០០.០០០៛) រួចហើយ។ ចំណែកការទាមទាររបស់ភាគីដើមបណ្ដឹង ដែលទាមទារឱ្យលុបការបង្ហោះ និងតម្រូវឱ្យអ្នកស្រីសុំទោសជាសាធារណៈ ក៏អ្នកស្រីបានធ្វើរួចរាល់ហើយដែរ នៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត។ អ្នកស្រីបន្ថែមថា អ្នកស្រីនឹងពិភាក្សាជាមួយមេធាវីថា នឹងទៅឆ្លើយបំភ្លឺតុលាការតាមការកំណត់ដោយមិនរួញរាឡើយ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី អ្នកស្រីឆ្ងល់ថា សំណុំរឿងមួយនេះនៅមិនទាន់ដឹងថា នរណាជាដើមបណ្ដឹងនោះទេ ដែលតុលាការបានគាស់កកាយរឿងចាស់ឡើងវិញ យកមកប្ដឹងអ្នកស្រីពេលនេះ៖ «ខ្ញុំគិតថារឿងហ្នឹង គឺរឿងគំរាមកំហែងក្នុងន័យនយោបាយសុទ្ធសាធតែម្ដង ព្រោះបើសិនជារឿងក្ដី ដែលខ្ញុំមានមុនបោះឆ្នោតហ្នឹង ក្នុងកំឡុងពេលយើងឃោសនាហ្នឹង វាបានចប់ហើយជាមួយ គ.ជ.ប នោះ ព្រោះ គ.ជ.ប បានផាកពិន័យរួចហើយ។ តុលាការកោះហៅខ្ញុំទៅបំភ្លឺហ្នឹង ខ្ញុំមិនដឹងថា ហៅខ្ញុំទៅបំភ្លឺរឿងអ្វី ព្រោះរឿងក្តីវាតែមួយ បានដោះស្រាយជាមួយ គជប ហើយ ឥឡូវមានតុលាការហៅទៀត ។ អ៊ីចឹងខ្ញុំគិតថា រឿងក្នុងនយោបាយសុទ្ធសាធតែម្តង គឺគាត់ចង់បំផិតបំភ័យ ចំពោះខ្លួនខ្ញុំដែលជាជំទប់ទី២ នៅក្នុងឃុំ»។
តំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ កោះហៅជំទប់ទី២ ឃុំព្រះធាតុ អ្នកស្រី សុខ ស្រីនួន ឱ្យចូលឆ្លើយបំភ្លឺ នៅថ្ងៃទី១៦ ខែសីហាខាងមុខនេះ។ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ លោក សូ សុវិទ្យា បានបញ្ជាក់នៅក្នុងដីកាចុះថ្ងៃទី២៩ ខែកក្កដា ដោយចោទប្រកាន់អ្នកស្រី សុខ ស្រីនួន ពីបទបរិហារកេរ្តិ៍តាមបណ្ដាញសង្គម ដែលប្រព្រឹត្តនៅភូមិទួលសំបូរ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៦ ឧសភា ។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងតំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ លោក សូ សុវិទ្យា ដើម្បីសុំអត្ថាធិប្បាយជុំវិញរឿងនេះបាននៅឡើយទេ នៅថ្ងៃទី២ ខែសីហា។
ជុំវិញរឿងនេះ មន្ត្រីសង្គមស៊ីវិលមើលឃើញថា កន្លងមកគណបក្សផ្សេងៗ តែងរងការធ្វើទុក្ខផ្នែកនយោបាយ ជាពិសេស គណបក្សភ្លើងទៀន គឺរងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយម្ដងហើយម្ដងទៀត ជាពិសេស ចំពោះសកម្មជនគណបក្សរូបណា ដែលមានសកម្មភាពនយោបាយលេចធ្លោ។
មន្រ្តីឃ្លាំមើលការរំលោភសិទ្ធិមនុស្ស និង ដីធ្លី នៃសមាគមអាដហុកប្រចាំខេត្តត្បូងឃ្មុំ និងកំពង់ចាម លោក ឡេង សេងហាន យល់ថា ករណីរបស់អ្នកស្រី សុខ ស្រីនួន គឺភាគីទាំងពីរបានសម្រួលគ្នាក្នុងរង្វង់គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត និងមានការទទួលស្គាល់កំហុស ព្រមទាំងផាកពិន័យរួចហើយ។ លោកបន្តថា តុលាការគួរតែពិចារណាលើកលែងការចោទប្រកាន់ ឬតម្កល់រឿងនេះទុកអត់ចាត់ការ។ លោកយល់ថាកន្លងមក សកម្មជនគណបក្សនយោបាយ ដែលលេចធ្លោនៅតាមមូលដ្ឋាន គឺតែងរងនូវការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរពាក់ព័ន្ធ៖ «ខ្ញុំជាសង្គមស៊ីវិលនឹងតាមដាន ហើយឃ្លាំមើលករណីហ្នឹង នៅតុលាការបន្តទៀត តើនីតិវិធីនៅតុលា គេចាត់នីតិវិធីយ៉ាងម៉េច អាហ្នឹងយើងថា អត់ត្រូវទេ ព្រោះវាជាសមត្ថកិច្ចរបស់តុលាការ ប៉ុន្តែសង្ឃឹមថា តុលាការនឹងតម្កល់រឿងហ្នឹងទុកអត់ចាត់ការនៅដំណាក់កាលអយ្យការទៅ ព្រោះគាត់បានសម្រុះសម្រួលគ្នានៅថ្នាក់ក្រោម សេច CEC (គណៈកម្មការជាតិរៀបចំការបោះឆ្នោត) ហើយ»។
នៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កន្លងទៅ អ្នកស្រី សុខ ស្រីនួន ត្រូវបានមេធាវីគណបក្សប្រជាជនកម្ពុជា ប្ដឹងពីបទបរិហារកេរ្តិ៍តាមបណ្ដាញសង្គម កាលពីថ្ងៃទី២៧ ឧសភា ហើយអ្នកស្រីបានបង់ពិន័យ ៥លានរៀល (៥.០០០.០០០៛) ស្របទៅតាមច្បាប់រៀបចំការបោះឆ្នោត។
ជំទប់ទី២ ឃុំព្រះធាតុ មកពីគណបក្សភ្លើងទៀនរូបនេះ ចាត់ទុកដីកាកោះហៅបំភ្លឺនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ មកលើសកម្មជន ដែលមាននិន្នាការគណបក្សនយោបាយផ្ទុយពីគណបក្សកាន់អំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។