ព័ត៌មានជាតិ
លោក ម៉ម មុនីរតន៍ | ០៣ សីហា ២០២២ | ម៉ោង ១៧:២៦
VOD

ប្រធានប្រតិបត្តិគណបក្សភ្លើងទៀនបណ្តោះអាសន្នប្រចាំខេត្តត្បូងឃ្មុំ និងជាគ្រូនគរបាលជាតិមធ្យមកម្រិត៤ នៃអង្គភាពក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាល លោក អេង ស្រូយ កាលអំឡុងឃោសនារកសំឡេងឆ្នោតឃុំ-សង្កាត់ នៅខេត្តត្បូងឃ្មុំ កាលពីខែឧសភា ឆ្នាំ២០២២។ (ហ្វេសប៊ុក គណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ)
ប្រធានប្រតិបត្តិបណ្ដោះអាសន្ននៃគណបក្សភ្លើងទៀននៅខេត្តត្បូងឃ្មុំ ដែលជាជនសង្ស័យ ព្រមានប្ដឹងដើមបណ្ដឹងដែលធ្លាប់ជាគ្រូនគរបាលជាតិរបស់ខ្លួនវិញ ខណៈមន្រ្តីបក្សក្រៅរដ្ឋាភិបាលមួយនេះក៏បានពឹងពាក់រកមេធាវីការពារក្ដីតាមផ្លូវតុលាការរួចរាល់ហើយដែរ ដើម្បីត្រៀមខ្លួនចូលរួមរាល់ការកោះហៅរបស់តុលាការក្នុងរឿងក្ដីព្រហ្មទណ្ឌមួយនេះ។
ប្រាប់វីអូឌីនៅថ្ងៃពុធនេះ ប្រធានប្រតិបត្តិបណ្ដោះអាសន្នប្រចាំខេត្តត្បូងឃ្មុំ កូតាមកពីគណបក្សភ្លើងទៀន លោក អេង ស្រូយ ឱ្យដឹងថា លោកនឹងពិនិត្យលទ្ធភាពដើម្បីប្ដឹងលោក ប្រាក់ ណារ៉ុង ដែលជាដើមបណ្ដឹងវិញ នៅពេលសមស្របណាមួយ ប្រឆាំងការប្រើប្រាស់ហិង្សាមកលើខ្លួន។ លោកបន្តថា ការប្រើប្រាស់វិធានតាមនីតិវិធីច្បាប់តបតវិញនេះ គឺជាការផ្ដល់នូវយុត្តិធម៌សម្រាប់ខ្លួនឯង ខណៈដែលករណីនេះ រូបលោកគឺជាជនរងគ្រោះ តែបែរជាត្រូវរងបណ្ដឹងតាមផ្លូវតុលាការទៅវិញ។
លោកបន្តថា៖ «ខ្ញុំនឹងប្ដឹង ប៉ុន្តែគ្រាន់តែថាខ្ញុំកំពុងតែគិតគូរពិចារណា។ វាគេចមិនរួចទេ! ខ្ញុំត្រូវតែប្តឹង ដើម្បីគេហៅថា ដើម្បីលាងជម្រះនូវសិទ្ធិសេរីភាពរបស់ខ្ញុំ និងសេចក្ដីថ្លៃថ្នូររបស់ខ្ញុំក្នុងភាពជាមនុស្ស។ ពេលខ្លះទៅ វាទៅតាមដំណាក់កាលមួយៗទៅអ៊ីចឹងទៅ»។
បើតាមលោក អេង ស្រូយ មកដល់ពេលនេះ លោករកបានមេធាវីដើម្បីពឹងពាក់ការពារក្ដីនៅតុលាការរួចរាល់ហើយ នោះគឺលោក សំ សុគង់ ដែលជាមេធាវីរបស់គណបក្សភ្លើងទៀនតែម្តង។
វីអូឌី មិនទាន់អាចស្នើសុំការបំភ្លឺបានភ្លាមៗបានទេ ពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ ខណៈលោក ប្រាក់ ណារ៉ុង ដែលជាម្ចាស់បណ្តឹង ក៏ពុំអាចស្វែងរកប្រភពដើម្បីស្នើសុំការឆ្លើយតបបាននៅឡើយដែរ។
បើទោះជាបែបណា តំណាងអយ្យការ លោក ទី មុនិន្ទ ដែលកាន់សំណុំរឿងនេះ បានចេញដីកាកោះហៅលោក អេង ស្រូយ តាំងពីចុងខែមិថុនា ឆ្នាំ២០២២មកម៉្លេះ ដើម្បីឱ្យជនសង្ស័យរូបនេះចូលខ្លួនទៅឆ្លើយបំភ្លឺ នៅថ្ងៃទី២២ ខែកក្កដា តាមបណ្ដឹងឈ្មោះ ប្រាក់ ណារ៉ុង។
លោក អេង ស្រូយ បានរងការចោទប្រកាន់ចំនួន៤បទល្មើស រួមមាន បរិហារកេរ្តិ៍ជាសាធារណៈ, បរិហារកេរ្តិ៍តាមសារព័ត៌មាន, ប្តឹងបរិហារបង្កាច់កេរ្តិ៍, ក្លែងព័ត៌មាន និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបណ្តឹងរបស់ឈ្មោះ ប្រាក់ ណារ៉ុង។ លោក ប្រាក់ ណារ៉ុង ដែលជាដើមបណ្តឹងក្នុងរឿងក្តីព្រហ្មទណ្ឌមួយនេះ គឺជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
បើតាមលោក អេង ស្រូយ ដើមហេតុដែលឈានទៅដល់ការប្ដឹងផ្ដល់ចូលតុលាការនេះ ផ្តើមឡើងដោយសារខ្វែងគំនិតគ្នាខាងនយោបាយ។ លោកបន្តថា នៅពេលប្រកែកគ្នាអំពីរឿងនេះ រូបលោកក៏ត្រូវបានម្ចាស់ដើមបណ្ដឹង ហើយក៏ជាអតីតគ្រូរបស់ខ្លួនផងនោះ បានទះកំផ្លៀងលោកនៅពេលនោះតែម្តង ព្រោះតែរើងអើសនិងប្រកាន់និន្នាការនយោបាយ។
ដើម្បីសម្របសម្រួលកុំឱ្យមានបញ្ហា លោក អេង ស្រូយ បញ្ជាក់ថា ក្រោយហេតុការណ៍នេះ លោកមិនដែលបានគិតដល់រឿងប្តឹងផ្តល់នៅតុលាការម្តងណាទេ តែផ្ទុយទៅវិញ នៅថ្ងៃទី១៥ ខែកក្កដា កន្លងទៅនេះ ស្រាប់តែលោកទទួលបានដីកាកោះពីតុលាការក្រុងភ្នំពេញ ឱ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី ២២ ខែកក្កដានេះទៅវិញ តបតាមបណ្តឹងរបស់លោក ប្រាក់ ណារ៉ុង។
លោក អេង ស្រូយ ដែលជាអតីតគ្រូនរបាលជាតិ នៃបណ្ឌិត្យសភានគរបាលជាតិកម្ពុជាដែរនោះ ត្រូវបានដកចេញ និងបញ្ចប់ពីក្របខណ្ឌជាមន្រ្តីនគរបាលជាតិ ដែលមានឋានៈវរសេនីយ៍ឯក (សក្តិ៥) កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។ ការបញ្ចប់តួនាទីនេះ ក្រោយពីរកឃើញថា រូបលោកបានចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន។
បើគេពិនិត្យពីខ្លឹមសារនៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់វិញ ការដកឬបណ្តេញចេញពីក្របខណ្ឌដើមនេះ ហាក់ដើរផ្ទុយពីអ្វីដែលមានបញ្ញត្តិក្នុងច្បាប់។
មាត្រា៣៧ នៃច្បាប់ស្តីពីការបោះឆ្នោតនេះ ចែងថា មន្រ្តីរាជការស៊ីវិល មន្រ្តីតុលាការ កងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ ដែលមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវដាក់ពាក្យសុំច្បាប់ពិសេសយ៉ាងតិច៧ថ្ងៃ មុនថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជាផ្លូវការ។
ប្រសិនបើសាម៉ីខ្លួនជាប់ឆ្នោត សាម៉ីខ្លួនត្រូវធ្វើពាក្យសុំតាមឋានានុក្រុម ទៅសាម៉ីក្រសួង ឬសាម៉ីអង្គភាព ដើម្បីទៅបម្រើការងារក្រៅក្របខណ្ឌដើម ក្នុងរយៈពេលនៃអាណត្តិរបស់ខ្លួន។ ក្នុងឋានៈនេះ សាម៉ីខ្លួនក៏មានសិទ្ធិឡើងថ្នាក់ និងរក្សាអតីតភាពការងារ សម្រាប់ទទួលប្រាក់សោធននិវត្តន៍ដែរ ហើយនៅពេលណាចប់អាណត្តិជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ សាម៉ីខ្លួនអាចស្នើសុំត្រលប់មកបម្រើការងារនៅក្រសួងឬអង្គភាពដើមវិញបាន ប៉ុន្តែមុខងារអាស្រ័យលើសាម៉ីក្រសួង ឬសាម៉ីអង្គភាពជាអ្នកសម្រេច។
មិនខុសគ្នាដែរ មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និវប្បធម៌របស់ប្រទេសជាតិ។
លោក សំ សុគង់ មេធាវីការពារក្ដីគណបក្សភ្លើងទៀន ដែលទទួលបានការពឹងពាក់ពីលោក អេង ស្រូយ បញ្ជាក់ថា លោកទទួលបានពាក្យស្នើសុំនេះរួចហើយ ហើយលោកក៏បានដាក់ទៅតុលាការ ដើម្បីការពារក្តីទៅតាមផ្លូវច្បាប់ ក្នុងនាមជាមេធាវីរួចរាល់ហើយដែរ។
ចំណែកស្ថាបនិកនៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ បង្ហាញការសោកស្តាយដែលរូបភាពបែបនេះនៅតែអាចកើតឡើងបានទៀត សម្រាប់បរិបទនយោបាយនៅកម្ពុជាដូចសព្វថ្ងៃនេះ។ ជាងនេះទៀត ជារឿយៗ លោកសង្កេតឃើញថា ឱ្យតែអ្នកដែលចូលរួមសកម្មភាពជាមួយគណបក្សក្រៅរដ្ឋាភិបាល ទោះអ្នកចូលរួមនោះស្ថិតក្នុងឋានៈនិងតួនាទីខ្ពស់បែបណាក៏ដោយ ក៏ត្រូវប្រឈមនឹងបណ្តេញចេញពីក្របខណ្ឌ និងដកហូតតួនាទី ចៀសមិនផុសដែរ។
រូបភាពបែបនេះ ត្រូវបានលោក សេក សុជាតិ ចាត់ទុកថា វាជាការរើសអើងខាងនយោបាយ គួរត្រូវបានលុបបំបាត់តាំងពីយូរមកហើយ។
លោកបន្តថា៖ «មន្រ្តីរាជការរូបណាដែលមានទំនាក់ទំនងជិតស្និទ្ធនឹងគណបក្សដែលមាននិន្នាការផ្ទុយ ជាពិសេសយើងឃើញថាជាគណបក្សប្រឆាំងជាមួយនឹងគណបក្សដែលកាន់រដ្ឋាភិបាលហ្នឹង គឺតែងតែទទួលរងនូវការដាក់ទោសទណ្ឌជាញឹកញាប់ ជាពិសេសគឺការដកតួនាទីជាមន្រ្តីរាជការហ្នឹង បើទោះបីជានៅក្នុងច្បាប់ថា មន្រ្តីរាជការ គាត់អាចចូលរួមជីវភាពនយោបាយ ហើយគាត់ដាក់ពាក្យស្នើសុំច្បាប់ក្នុងរយៈពេលអីមួយអ៊ីចឹងទៅ។ ប៉ុន្តែយើងឃើញថា ការដែលគណបក្សប្រឆាំងដែលជាមន្រ្តីរាជការផង គឺយើងឃើញថាមានការដកជាញឹកញាប់ ហើយស្ទើរតែគ្មានបុគ្គលណាម្នាក់ឆ្លងផុត ឬគេចរួចពីបញ្ហានេះទេ»។
គេសង្កេតឃើញថា ការបណ្តេញចេញពីក្របខណ្ឌមន្រ្តីរាជការនេះ មិនមែនមានតែអតីតគ្រូនគរបាលជាតិនេះម្នាក់ទេ គឺនៅមានលោក ខឹម មុនីកុសល ដែលជាអតីតគ្រូពេទ្យនៅខេត្តប៉ៃលិន ដែលកាលពីខែមីនា ឆ្នាំ២០២២ ក៏ត្រូវបានក្រសួងមុខងារសាធារណៈ លុបឈ្មោះចេញពីក្របខណ្ឌរដ្ឋ ដោយមូលហេតុចូលរួមនយោបាយជាមួយបក្សភ្លើងទៀនដែរ។ ដូចគ្នាទៅនឹងករណីទាំងពីរនេះ លោក កែវ សុមុនី ជាអតីតមន្រ្តីជំនាញផ្នែកសុខភាពផ្លូវចិត្តនៃក្រសួងសុខាភិបាល ក៏ត្រូវបានលុបឈ្មោះចេញពីក្របខណ្ឌរដ្ឋដូចគ្នាដែរ ក្រោយលោកចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។