រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​ពិភាក្សា​ពី​ទីតាំង​ប្រព្រឹត្ត​អំពើ​ឆបោក​ជាមួយ​អគ្គស្នងការ​នគរបាលជាតិ​កម្ពុជា

ព័ត៌មានជាតិ សន្តិសុខ
លោក អ៊ូច សូនី | ០៤ សីហា ២០២២ | ម៉ោង ១១:៣១
VOD

លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយលោកស្រី RETNO L.P MARSUDI រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។

លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយលោកស្រី RETNO L.P MARSUDI រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)


រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេ​​ស៊ី បានពិភាក្សាអំពីករណី​ប្រតិបត្តិការឆបោក​​ដែល​​ពលរដ្ឋ​ឥណ្ឌូនេស៊ីបាន​​ចាញ់​បោក នៅក្នុង​​ជំនួប​​ជាមួយ​អគ្គស្នងការនគរបាលជាតិកម្ពុជា ហើយ​ក៏បានជួបជាមួយ​ពលរដ្ឋឥណ្ឌូនេស៊ីរាប់សិបនាក់​ដែលត្រូវបានជួយសង្គ្រោះពីទីតាំងឆបោកក្នុងខេត្តព្រះសីហនុ​ផង​ដែរ។

លោកស្រី រីត​ណូ ម៉ា​ស៊ូ​ឌី (Retno Marsudi) រដ្ឋ​មន្ត្រី​ការ​បរទេស​ឥណ្ឌូនេ​ស៊ី កំពុង​​នៅ​​កម្ពុជា ដើម្បី​ចូល​​រួ​ម​​កិច្ច​​ប្រជុំរដ្ឋមន្រ្តីការបរទេស​អាស៊ាន​ក្នុង​សប្ដាហ៍​នេះ។

បើយោងតាមការបង្ហោះនៅលើបណ្ដាញសង្គម លោកស្រីបានជួបជាមួយ អគ្គស្នងការនគរ​បាល​ជាតិ លោក នេត សាវឿន កាល​ពីថ្ងៃអង្គារ និងបានពិភាក្សាអំពីការបង្ខាំងពលរដ្ឋឥណ្ឌូនេស៊ីក្នុង​ប្រតិបត្តិការ​ឆបោកដែលកំពុងមានការកើនឡើងទូទាំងប្រទេស រហូតដល់ក្លាយជាមជ្ឈ​មណ្ឌល​នៃ​ការ​ជួញ​ដូរមនុស្ស ពលកម្មដោយបង្ខំ និងការធ្វើទារុណកម្ម។

បើយោងតាមការបង្ហោះនៅលើបណ្ដាញសង្គមរបស់ក្រសួងការបរទេសឥណ្ឌូនេស៊ី បានឱ្យ​ដឹង​​ថា៖ «មានកិច្ចពិភាក្សាដ៏រលូនជាមួយអគ្គស្នងការនគរបាលជាតិ នៅរាជធានីភ្នំពេញ។ យើងបានពិភាក្សាអំពីកិច្ចសហប្រតិ​បត្តិ​ការក្នុងការ​ដោះស្រាយបញ្ហាការជួញដូរ​ពលរដ្ឋឥណ្ឌូនេស៊ី ដោយក្រុមហ៊ុនឆបោកតាមអ៊ីនធឺណិត និងវិធានការទប់ស្កាត់ការជួញដូរមនុស្ស»។

សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសឥណ្ឌូនេស៊ី បានចង្អុលបង្ហាញថា ករណី​ទាំង​នេះបាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០២១ ហើយ​ថា​ ភាគីទាំង២ បានពិភាក្សាអំពីប្រតិបត្តិការរួមគ្នានាពេល​អនាគត និងយន្តការដើម្បីជួយជនរងគ្រោះ។

លោកស្រីក៏បានជួបជាមួយពលរដ្ឋឥណ្ឌូនេស៊ីចំនួន៦២នាក់ដែលជាជនរងគ្រោះពី «អំពើឆបោក និងការជួញដូរ» និងត្រូវបានជួយសង្គ្រោះពីប្រតិបត្តិការឆបោកនៅខេត្តព្រះសីហនុ។

ស្ថានទូត​ឥណ្ឌូនេស៊ី​ប្រចាំនៅកម្ពុជា ​មិន​បាន​ផ្ដល់​ការឆ្លើយតប​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិ​ប្បាយ​ចំពោះ​ករណីនេះ​ឡើយ។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន មានប្រសាសន៍ថា លោក នេត សាវឿន និងលោកស្រី រីតណូ ម៉ាស៊ូឌី (Retno Marsudi) បាន​ពិភាក្សាអំ​ពី​ការ​ចែក​រំលែក​ព័ត៌​មាន និង​ការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២ ខែសីហា។

លោក​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​អំពីពលរដ្ឋឥណ្ឌូនេស៊ី ៦២នាក់ ​ដែល​​ត្រូវ​បាន​ជួយ​សង្គ្រោះ​កាល​​​ពី​​សប្តាហ៍​​មុន​​នោះ​​ទេ ដោយ​លោក​​គ្រាន់​​តែ​​និយាយ​ថា ​ពួក​គេ​កំពុង​ត្រូវបានរៀបចំបញ្ជូន​ទៅ​​ស្ថាន​ទូត ហើយ​វា​​ជា​បញ្ហា​ផ្ទៃ​ក្នុង​ដែល​ត្រូវ​បាន​ដោះស្រាយ​ដោយ​អ្នក​ជំនាញ។

លោក​​ថា នគរបាល​ក៏​បាន​ទទួល​សំណើ​ស្រដៀង​គ្នា​នេះ​​ពី​ប្រទេស​ផ្សេង​ទៀត​ឱ្យ​ជួយ​​បង្ក្រាប​បទ​​ល្មើស​​ឆ្លង​​ដែន ហើយថា​កម្ពុជា​ក៏​បាន​ប្រើ​បណ្ដាញ​ស្រដៀង​គ្នា​នេះ​ ដើម្បី​ជួយ​​ពលរដ្ឋ​​ខ្មែរ​នៅ​​ក្រៅ​​ប្រទេស។

លោកបន្តថា៖ «យើង​ត្រូវតែ​ឆ្លើយ​តប ព្រោះយើងមានគោលដៅដូចគ្នា។ កងកម្លាំងអនុវត្តច្បាប់ត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសនេះ»។

លោក ឆាយ គឹមឃឿន បាន​ថ្លែង​ទៀត​ថា នគរបាលកំពុង​ព្យាយាម​អស់​ពី​សមត្ថភាព ដើម្បី​ការពារ​ពលករ​បរទេស និង​ទប់ស្កាត់ការងារដោយបង្ខំលើ​ពលរដ្ឋមិន​មែន​ជា​និវាសនជន​ទាំង​អស់​ដែលកំពុង​ធ្វើ​ការ​នៅក្នុង​ប្រទេសកម្ពុជា។

មន្ត្រីនគរបាលកម្ពុជា បាននិយាយសម្រាលចំពោះការរំលោភបំពានដែលត្រូវបានរាយការណ៍នៅក្នុងប្រតិបត្តិការឆបោកក្នុងប្រទេស រួមទាំងការកាត់បន្ថយពលកម្មដោយបង្ខំ និងការបង្ខាំងដោយសារកិច្ចសន្យា ឬវិវាទការងារ៕


បកប្រែនិងសម្រួលដោយលោក លី សេងហន ចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Indonesian Foreign Minister Talks Scam Compounds With Police Chief97 Views


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles