ដោយ ឡេង ម៉ាលី
2022.08.03
RFA

លោក ជា ជីវ ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំខេត្តបាត់ដំបង ថតកាលពីឆ្នាំ២០១៧។ រូប៖ ហ្វេសប៊ុកលោក ជា ជីវ
សកម្មជនគណបក្សសង្គ្រោះជាតិមួយចំនួន បានបន្តភៀសខ្លួនទៅប្រទេសថៃ ដោយសារពួកគាត់ព្រួយបារម្ភពីសុវត្ថិភាព បន្ទាប់ពីអាជ្ញាធររបបលោក ហ៊ុន សែន នៅតែតាមធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំងឥតស្រាកស្រាន្ត។ សកម្មជនមួយរូបលើកឡើងថា លោកនឹងនៅតែបន្តសកម្មភាពនយោបាយជាមួយគណបក្សសង្គ្រោះជាតិ បើទោះជាលោកជួបជីវភាពលំបាកផ្នែកសេដ្ឋកិច្ចក្នុងឋានៈជាជនភៀសខ្លួនក៏ដោយ។
សកម្មជនគណបក្សសង្គ្រោះជាតិ ដែលបានព្យាយាមរត់គេចពីការតាមចាប់របស់អាជ្ញាធរខេត្តបាត់ដំបង បន្ទាប់ពីតុលាការសម្រេចកាត់ទោសលោកឲ្យជាប់ពន្ធនាគារ ៦ឆ្នាំ ពីបទ រួមគំនិតក្បត់ និងញុះញង់បង្កឲ្យមានភាពវឹកវរក្នុងសង្គម។ សកម្មជនមួយរូប ដែលបានគាំទ្រការធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក៏ធ្លាប់ត្រូវអាជ្ញាធរក្រុងភ្នំពេញចាប់ដាក់ពន្ធនាគារ អស់ ១០ថ្ងៃដែរ ពាក់ព័ន្ធនឹងការគាំទ្រលោក សម រង្ស៊ី។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំខេត្តបាត់ដំបង លោក ជា ជីវ ប្រាប់វិទ្យុអាស៊ីសេរីនៅរសៀលថ្ងៃទី១ ខែសីហាថា លោកបានភៀសខ្លួនទៅប្រទេសថៃកាលពីថ្ងៃទី១៤ ខែមិថុនា តាមផ្លូវកាត់ក្បែរច្រកទ្វារព្រំដែនអន្តរជាតិដូង ខេត្តបាត់ដំបង ឆ្លងតាមព្រៃចូលមកប្រទេសថៃ។ លោកបន្តថា មូលហេតុដែលលោកសម្រេចចិត្តភៀសខ្លួន ព្រោះអាជ្ញាធរចេះតែតាមធ្វើទុក្ខបុកម្នេញមកលើរូបលោក ធ្វើឲ្យលោករស់នៅមិនសុខ។ លោកបញ្ជាក់ថា គណបក្សកាន់អំណាចខ្លាចគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ទើបចេះតែអុកឡុករំខានដល់សមាជិកគណបក្សប្រឆាំង ដើម្បីធ្វើសកម្មភាពនយោបាយជាមួយនេះបន្តទៀត។ លោកសង្ឃឹមថា វត្តមានគណបក្សសង្គ្រោះជាតិ នឹងមានមុខម្ដងទៀត សម្រាប់ការប្រកួតប្រជែង ដោយស្មើមុខស្មើមាត់ជាមួយគណបក្សប្រជាជនកម្ពុជានៅពេលខាងមុខ៖ «ហើយខ្ញុំមិនបានធ្វើអ្វីទាល់តែសោះ ហេតុអីត្រូវតែមានការចាប់ចងខ្ញុំដាក់គុកដាក់ច្រវាក់ទៀត ដល់អីចឹងខ្ញុំក៏សម្រេចចិត្តមកភៀសខ្លួនមកជាយដែន រង់ចាំព័ត៌មានគ្រប់ជ្រុងជ្រោយ ទើបខ្ញុំភៀសខ្លួនចេញទៅថៃ»។
សកម្មជនបក្សប្រឆាំង លោក ជា ជីវ បាននាំភរិយា និងកូនប្រុសស្រីទាំងប្រាំនាក់ ដាក់ពាក្យស្នើសុំសិទ្ធិជ្រកកោនផ្នែកនយោបាយពីឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ថា (UNHCR) ប្រចាំប្រទេសថៃ។ លោក និងគ្រួសារកំពុងជួបបញ្ហាកត្តាជីវភាពខ្វះខាត ដោយសារគ្មានប្រាក់ចំណូល និងភ័យព្រួយពីសុវត្ថិភាព ព្រោះមិនមានឯកសារស្របច្បាប់ ដើម្បីរស់នៅក្នុងប្រទេសថៃនោះទេ។
វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះ ពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានទេ នៅថ្ងៃទី១ ខែសីហា ដោយទូរស័ព្ទហៅចូលជាច្រើនដងតែពុំមានអ្នកទទួល។
ជុំវិញរឿងនេះ អ្នកនាំពាក្យនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា មើលឃើញថា បញ្ហាវិបត្តិនយោបាយក្នុងប្រទេស ដែលនាំឲ្យមានជនភៀសខ្លួននយោបាយ រត់ទៅជ្រកកោននៅប្រទេសជិតខាង អាចនឹងធ្វើឲ្យសហគមន៍អន្តរជាតិឃើញកាន់តែច្បាស់ អំពីការរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យកាន់តែធ្ងន់ធ្ងរ ពីសំណាក់រដ្ឋាភិបាលឯកបក្ស។ លោកបន្តថា បើវិបត្តិនយោបាយចេះតែអូសបន្លាយ អ្នកដែលខាតបង់គឺ កម្ពុជាខ្លួនឯងផ្ទាល់ ព្រោះកន្លងមកកម្ពុជាបាត់បង់ការអនុគ្រោះពន្ធជាច្រើនមកហើយ រួមមានជី អេស ភី (GSP) របស់អាមេរិក និងអ៊ីប៊ីអេ (EBA) របស់សហភាពអឺរ៉ុបជាដើម។ លោកស្នើឲ្យគណបក្សនយោបាយទាំងអស់ មកឯកភាពគ្នា ក្នុងការកសាងសង្គមកម្ពុជាឲ្យដើរលើគន្លងលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងងាកមកគោរពសិទ្ធិមនុស្សឡើងវិញ៖ «អង្គការជាតិអន្តរជាតិក៏ដូចជាសហគមន៍បណ្ដាលប្រទេសអន្តរជាតិ គេកំពុងតែឃ្លាំមើល គេតាមដាននឹងដែរ។ អីចឹងចង់មិនចង់វាអាចមានបញ្ហាប៉ះពាល់ទី១នោះ គឺទៅលើបញ្ហាសេដ្ឋកិច្ចនយោបាយក្នុងប្រទេស ហើយនឹងជាលក្ខណៈអន្តរជាតិផងដែរបាទ»។
រយៈពេលប្រមាណ ៧ខែក្នុងឆ្នាំ២០២២ នេះ សកម្មជនគណបក្សសង្គ្រោះជាតិ បានរត់ភៀសខ្លួនទៅប្រទេសថៃ ជិត ២០នាក់ ហើយបច្ចុប្បន្នមានសកម្មជនបក្សប្រឆាំងកំពុងរស់នៅជាជនភៀសខ្លួនផ្នែកនយោបាយ ប្រមាណ ៨០នាក់ ពួកគេភៀសខ្លួនដោយសារការចោទប្រកាន់ និងធ្វើទុក្ខបុកម្នេញ ពីរបបក្រុងភ្នំពេញ ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ បានថ្កោលទោសដល់រដ្ឋាភិបាល ដែលបានធ្វើឲ្យស្ថានការណ៍នយោបាយកម្ពុជា កាន់តែធ្លាក់ដុនដាបទៅ និងស្នើឲ្យស្ដារវិបត្តិនយោបាយឲ្យវិលទៅរកភាពប្រក្រតីវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។