ដោយ សេក បណ្ឌិត
2022.08.06
RFA

ទិដ្ឋភាពព្រៃភ្នំតាម៉ៅ ដែលត្រូវក្រុមហ៊ុនកាប់បំផ្លាញ ក្រោមរូបភាពអភិវឌ្ឍ ត្រឹមថ្ងៃពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុក BKYTrip
ស្របពេលដែលក្រុមហ៊ុន ឡេង ណាវ៉ាត្រា សម្រុកឈូសឆាយដីព្រៃតំបន់ភ្នំតាម៉ៅ ក្រុមយុវជនខ្មែរថាវរៈបានចុះទៅថតស្ថានភាពដីព្រៃតំបន់ភ្នំតាម៉ៅដោយផ្ទាល់ និងបានបង្ហាញថាដីនៅតំបន់នេះជាដីសម្បូរដោយជីវជាតិ និងមានដើមឈើមានតម្លៃជាច្រើនត្រូវបានគាស់ទាំងឬសហើយដឹកយកចេញទៅតំបន់ផ្សេង។ ចំណែកសង្គមស៊ីវិល ចេញសេចក្ដីថ្លែងការស្នើសុំរដ្ឋាភិបាលរក្សាព្រៃតំបន់ភ្នំតាម៉ៅនេះ ខណៈមតិសាធារណៈនៅតែបន្តយុទ្ធនាការទាមទារឲ្យបញ្ឈប់ការប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុនដែលបំផ្លាញព្រៃឈើនៅភ្នំតាម៉ៅ។
ក្រុមយុវជនខ្មែរថាវរៈ រួមមានអ្នកនាង ឈឿន ដារ៉ាវី និងលោក វង្ស តារា នៅថ្ងៃទី៦ ខែសីហា បាននាំគ្នាចុះទៅពិនិត្យតំបន់ដែលក្រុមហ៊ុនឡេងណាវ៉ាត្រា កំពុងឈូសឆាយនៅតំបន់ភ្នំតាម៉ៅ។ពួកគាត់ បានថតវីដេអូបង្ហាញស្ថានភាពដីនៅតំបន់នោះជាដីពណ៌ខ្មៅដែលសម្បូរទៅដោយជីវជាតិមិនមែនជាដីខ្សាច់ ដូចរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម បានអះអាងក្នុងសេចក្ដីថ្លែងការណ៍នោះឡើយ។ វីដេអូក៏បានបង្ហាញទៀតថា ព្រៃនៅតំបន់នេះសម្បូរទៅដោយប្រភេទព្រៃឈើមានតម្លៃដូចជា ធ្នង់ បេង និងនាងនួនជាដើម ដែលកន្លែងខ្លះ ក្រុមហ៊ុនបានគាស់យកទាំងឬសដឹកចេញទៅ ចំណែកឯដើមប្រេងខ្យល់ដែលរដ្ឋបាលព្រៃឈើលើកឡើងនោះ គ្រាន់តែជាដីមួយចំណែកតូចដែលអ្នកភូមិបានដាំឡើងវិញតែប៉ុណ្ណោះ៖ «ដែលមានដើមប្រេងខ្យល់ហ្នឹងគឺជ្រុងតូចមួយដែលគេដាំឡើងវិញនៃអ្នកភូមិដែលដាំនៅអាជ្រុងខាងត្បូងឯណោះ តែអានេះគឺដើមឈើចំរុះបងប្អូននេះ ហើយសត្វព្រៃគឺច្រើនណាស់ដែលអង្គការសង្គ្រោះសត្វព្រៃនៅពេលដែលទិញពីឈ្មួញជួញដូរ ហើយរឺក៏សង្គ្រោះពេលដែលត្រូវជាប់អន្ទាក់អីហ្នឹង នៅពេលដែលព្យាបាលហើយគឺប្រលែងនៅតំបន់ឧទ្យានភ្នំតាម៉ៅហ្នឹងតែម្ដង ប៉ុន្តែសោកស្ដាយណាស់បងប្អូនគឺនៅតិចហើយ ហៃឈើដែលខ្លឹមៗហ្នឹងគឺត្រូវបានគាស់ដល់ឫស»។
សមាជិកក្រុមយុវជនខ្មែរថាវរៈ អ្នកនាង ឈឿន ដារ៉ាវី ប្រាប់អាស៊ីសេរីបន្ថែមថា ក្រុមហ៊ុនកំពុងសម្រុកឈូសឆាយដីព្រៃតំបន់ភ្នំតាម៉ៅទាំងយប់ទាំងថ្ងៃ។ អ្នកនាងបន្តថា បើសិនជាក្រុមហ៊ុនមិនបញ្ឈប់ការឈូសឆាយទេ អ្នកភូមិនឹងធ្វើពិធីដាក់បណ្ដាសាដល់អ្នកដែលបំផ្លាញព្រៃឈើតំបន់ភ្នំតាម៉ៅនេះ៖ «សង្ឃឹមថាសំណូមពរនេះបានទៅដល់រាជរដ្ឋាភិបាលបញ្ឈប់ហើយអនុញ្ញាតិឱ្យពួកយើង និងប្រជាពលរដ្ឋនៅតំបន់នោះដាំឡើងវិញ តែបើថានៅតែបន្តឈូសឆាយបំផ្លាញ ហើយយកទីហ្នឹងទៅពុះជាឡូតិ៍លក់អីណាណីហ្នឹងគឺពួកខ្ញុំ និងប្រជាពលរដ្ឋនៅទីនោះគ្រោងថានឹងទៅអុចធូបដាក់បណ្ដាសាតែម្ដង»។
រីឯ ប្រជាពលរដ្ឋរស់នៅភូមិកណ្ដាល ឃុំលំពង់ ដែលនៅជិតព្រៃតំបន់ភ្នំតាម៉ៅ លោក តាប់ វណ្ណា ប្រាប់វិទ្យុអាស៊ីសេរីថា លោកសោកស្ដាយចំពោះការឈូសឆាយព្រៃតំបន់ភ្នំតាម៉ៅនេះ ព្រោះកន្លងមកលោកបានចូលកាប់ព្រេច បេះស្លឹករងៀង និងស្លឹកស្នឹងដើម្បីលក់ តែឥឡូវលោកមិនអាចចូលព្រៃទៀតបានទេ ព្រោះក្រុមហ៊ុនបានដាក់ប៉ូលិស ទាហានយាមមិនឱ្យពលរដ្ឋចេញចូលឡើយ។ លោកថា លោកអស់សង្ឃឹមលើរដ្ឋាភិបាលដែលស៊ីញេឱ្យក្រុមហ៊ុនវិនិយោគនៅកន្លែងណា គឺកន្លែងនោះរលាយគ្មានសល់។ ជាមួយគ្នានេះ លោកស្នើសុំឱ្យព្រះមហាក្សត្រជួយអន្តរាគមន៍ រក្សាព្រៃតំបន់ភ្នំតាម៉ៅផង៖ «សូមសំណូមពរដល់ព្រះមហាក្សត្រហ្នឹងជួយ ជួយអន្តរាគមន៍ដើម្បីអើ កុំឱ្យព្រៃភ្នំតាម៉ៅហ្នឹងមានការឈូសឆាយ បន្តទៀត តែបើខាងរដ្ឋាភិបាលខ្ញុំគ្មានពាក្យអីសំណូមពរទេ ខាងរដ្ឋាភិបាលអ្នកស៊ីញេហ្នឹង ស៊ីញេឱ្យកំទេចព្រៃណាមួយ កំទេចបានទាំងស្រុង ទាំងស្រុងតែម្ដង ហ្នឹងហើយខ្ញុំអត់ជឿជាក់លើរដ្ឋាភិបាលហ្មង និយាយរួមហ្មង»។
ឆ្លើយតបនឹងការឈូសឆាយដីព្រៃតំបន់ភ្នំតាម៉ៅនេះ អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានឆ្លើយនៅលើបណ្ដាញហ្វេសបុកថា បញ្ហាដីព្រៃឈើ និងសួនសត្វភ្នំតាម៉ៅ មិនស្ថិតក្រោមការគ្រប់គ្រងរដ្ឋបាលខេត្តតាកែវនោះទេ គឺស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់របស់រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម។ លោកប្រាប់ឱ្យប្រជាពលរដ្ឋដែលចង់ដឹងការពិត ទៅពិនិត្យមើលសួនសត្វភ្នំតាម៉ៅទៅវិញ ថាតើគេឈូសឆាយ ឬគេកំពុងរក្សាការពារ។
ជុំវិញរឿងនេះដែរ សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា នៅថ្ងៃទី៦ សីហា បានចេញសេចក្ដីថ្លែងការណ៍មួយបង្ហាញ ក្ដីបារម្ភ និងសោកស្ដាយចំពោះការឈូសឆាយ កាប់បំផ្លាញព្រៃឈើក្នុងឧទ្យានជាតិសួនសត្វភ្នំតាម៉ៅ ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋអាស្រ័យផលពីព្រៃឈើតំបន់នេះ ហើយស្នើសុំឱ្យមានកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល ដើម្បីរក្សាព្រៃឈើតំបន់នេះឱ្យគង់វង្សដើម្បីអភិរក្សសត្វព្រៃកម្រ និងជិតផុតពូជទុកឱ្យដល់មនុស្សជំនាន់ក្រោយបានស្គាល់។ ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា លោក ព្រំ ប៊ុនថាន ប្រាប់វិទ្យុអាស៊ីសេរីថា ការស្នើសុំរបស់សមាគម និងប្រជាពលរដ្ឋកន្លងមក មិនមែនសំដៅតែដី និងព្រៃក្នុងសួនសត្វភ្នំតាម៉ៅ ៤រយហិកតារ (៤០០ ហិកតារ) នោះទេ ប៉ុន្តែគឺសំដៅដល់ដីតំបន់ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅដែលមានទំហំជាង ២ពាន់ហិកតារទាំងមូល៖ «ឈូសឆាយទៅវាបម្រើតែផលប្រយោជន៍តែក្រុមហ៊ុន ក្រុមឧកញ៉ាទេ តែធ្វើឱ្យប្រជាពលរដ្ឋ អ្នកទូទៅគាត់បាត់ផលប្រយោជន៍ អញ្ចឹងហើយបានយើងស្នើសុំឱ្យរដ្ឋាភិបាលពិចារណាឡើងវិញ ចំពោះការផ្ដល់ដីសម្បទានទៅឱ្យក្រុមហ៊ុនឯកជនវិនិយោគហ្នឹង»។
រដ្ឋាភិបាលលោក ហ៊ុន សែន បានរងនូវការរិះគន់ធ្ងន់ៗ ទាក់ទងទៅនឹងការផ្ដល់ដីមួយភាគធំនៃតំបន់ភ្នំតាម៉ៅ ទៅឱ្យក្រុមហ៊ុនឯកជនដោយស្ងាត់ៗ ក្នុងនោះមានក្រុមហ៊ុនសំណង់ ធីភី ម៉ូរ៉ល ហ្គ្រុប (TP Moral Group) របស់ឧកញ៉ា ឃុន សៀ ក្រុមហ៊ុនអចលនទ្រព្យ របស់ឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមហ៊ុនមួយចំនួនទៀត។
សាធារណជន និងអង្គការសង្គមស៊ីវិលមួយចំនួន កំពុងប្រតិកម្មទៅនឹងការកំពុងឈូសឆាយដីព្រៃតំបន់ភ្នំតាម៉ៅនេះ ដោយពួកគេថ្កោលទោស និងធ្វើយុទ្ធនាការលើបណ្ដាញសង្គម ដើម្បីប្រឆាំងគម្រោងឈូសឆាយភ្នំតាម៉ៅ ដោយពហិការឈប់ប្រើ និងគាំទ្ររាល់ផលិតផល និងសេវារបស់ក្រុមហ៊ុនឡេងណាវ៉ាត្រា និងក្រុមហ៊ុន ឃុន សៀ។ ពួកគេនៅតែទាមទារឱ្យរដ្ឋាភិបាលពិចារណាបញ្ឈប់គម្រោងទាំងនេះ ដើម្បីថែរក្សាតំបន់ភ្នំតាម៉ៅ ទុកជាជម្រកសត្វព្រៃ និងបម្រើវិស័យទេសចរណ៍ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។