មន្ត្រី​បរិស្ថាន​រង​ការ​ចោទ​ថា បន្ត​ឱ្យ​កម្មករ​រាប់​រយ​នាក់​ចូល​កាប់​ឈើ​ក្នុង​ព្រៃឡង់​លក់​ឱ្យ​ក្រុមហ៊ុន

ដោយ ម៉ៅ សុធានី
2022.08.06
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​បរិស្ថាន​រង​ការ​ចោទ​ថា បន្ត​ឱ្យ​កម្មករ​រាប់​រយ​នាក់​ចូល​កាប់​ឈើ​ក្នុង​ព្រៃឡង់​លក់​ឱ្យ​ក្រុមហ៊ុន

រថយន្ត​ច្នៃ​របស់​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ ភីអ៊ិនធី (PNT) ដឹក​ឈើ​ចេញ​ពី​ព្រៃ​ឡង់​ចូល​ដី​សម្បទាន​របស់​ខ្លួន នៅ​ថ្ងៃ​ទី២១ ខែមេសា ឆ្នាំ២០២១។រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ


អ្នកឃ្លាំមើល​បរិស្ថាន និង​ក្រុម​ស្នូល​បណ្ដាញ​សហគមន៍​ការពារ​ព្រៃឡង់​ខេត្តព្រះវិហារ ចោទ​មន្ត្រី​ក្រសួង​បរិស្ថាន​ថា នៅតែ​ផ្តល់​ឱកាស ឱ្យ​កម្មករ​រាប់​រយ​នាក់ ចូល​កាប់​ឈើ​ក្នុង​ព្រៃឡង់​លក់​ឱ្យ​ក្រុមហ៊ុន​ឯកជន​ដដែលៗ ដោយ​គ្មាន​ការ​អនុវត្ត​ច្បាប់។ ការ​លើកឡើង​នេះ ក្រោយ​ពី​ពួកគាត់​បាន​ឆ្មក់​ចុះ​ស៊ើបអង្កេត ពី​បទ​ល្មើស​ព្រៃឈើ ក្នុង​តំបន់​ព្រៃឡង់​ជាថ្មី​ទៀត។

ក្រុម​ស្នូល​បណ្ដាញ​សហគមន៍​ព្រៃឡង់ ខេត្ត​ព្រះវិហារ និង​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) រក​ឃើញ ភស្តុតាង​ជា​ថ្មី​ទៀត ពី​ឧក្រិដ្ឋកម្ម​ព្រៃឈើ ឋិត​ក្នុង​ដែនជម្រក​សត្វព្រៃ​ឡង់ កំពុង​កើត​មាន​ឥត​ឈប់ឈរ ដែល​ប្រព្រឹត្ត​ឡើង​ដោយ ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (​ខេមបូឌា) (MACLE LOGISTICS) និង ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី (PNT Co., Ltd.)។

កាលពី​ថ្ងៃទី១ ដល់ទី​៣ សីហា ប្រជា​សហគមន៍​ព្រៃ​ឡង់ និង​អង្គការ​សង្គម​ស៊ីវិល មាន​គ្នា ៦​នាក់ បាន​លប​ចុះ​ល្បាត នៅ​តំបន់​ព្រៃ​ឡង់ ប្រទះ​ឃើញ​ក្រុម​កម្មករ និង​មេកា​ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទិក (ខេមបូឌា) ជាច្រើន​នាក់ កំពុង​នាំគ្នា​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​អភិរក្ស​នេះ នៅ​ចំណុច​មុំ​បី ឬ​តំបន់​ប្រសព្វ​គ្នា រវាង​ខេត្ត​កំពង់ធំ ស្ទឹងត្រែង និង​ព្រះវិហារ។

ទន្ទឹម​នឹង​នេះ ក្រុម​ល្បាត ក៏​ប្រទះ​ឃើញ គោយន្ត​ជាច្រើន​គ្រឿង សម្រុក​ដឹកឈើ​ហ៊ុប​ធំៗ ប្រភេទ​សុក្រំ ដួងចែម គគីរ និង​ឈើទាល នៅ​ចំណុច​ស្រែ​អាចម៍ដែក អូរ​ធ្នង់ ជាំ​ប្រទាល និង​ត្រពាំង​ស្មាច់ តម្រង់​ចូល​ការដ្ឋាន​ក្រុមហ៊ុន​ឯកជន​ទាំងនេះ នៅ​ជាប់​តំបន់​ព្រៃឡង់ ឋិត​ក្នុង​ស្រុក​រវៀង ខេត្ត​ព្រះវិហារ។

អ្នកសម្របសម្រួល​បណ្ដាញ​សហគមន៍​ព្រៃឡង់ ខេត្តព្រះវិហារ លោក ស្រី ថី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បច្ចុប្បន្ន​អាត្រាក់ទ័រ ៦​គ្រឿង រទេះក្របី ១៤ នឹម និង គោរ​យន្ត​រាប់​សិប​គ្រឿង គឺជា​មធ្យោបាយ​ដឹកឈើ​ធំៗ ចេញពី​ដែន​ជម្រក​សត្វព្រៃ​ឡង់ មក​ស្តុក​ទុក ក្នុង​ដេប៉ូ​ឈើ​មួយ​កន្លែង នៅ​ជាប់​ព្រៃ​ឡង់ ខេត្ត​ព្រះវិហារ។

លោក​ថា បទល្មើស​ព្រៃឈើ​ទាំងនេះ កើត​មានឡើង​ច្រើន ជា​បន្តបន្ទាប់ ជាង ៧ ខែ​មក​ហើយ ហើយ​ពួក​លោក​បាន រាយការណ៍​ទៅ​មន្ត្រី​បរិស្ថាន​ជាច្រើនលើក ក៏​គ្មាន​បាន​ផល​ដែរ តែ​ផ្ទុយ​ទៅ​វិញ ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន​បាន​ពង្រាយ​កម្លាំង យាមល្បាត​ផ្លូវ​គ្រប់​ច្រកចូល​ព្រៃ​ឡង់ ដើម្បី​រាំង​ខ្ទប់​មិន​ឱ្យ ប្រជា​សហគមន៍​ចូល​ល្បាត​ព្រៃ​៖ «មន្ត្រី​បរិស្ថាន​នៅ​កន្លែង​អភិរក្ស​អត់​យកចិត្តទុកដាក់​បណ្តោយ គឺ​មាន​តែបើក​ដៃ​ឱ្យ​ក្រុម​ជនល្មើស កាប់​បន្ត​បន្ថែម​ទៀត រទេះក្របី​ឡើង ១៤ រទេះ គោយន្ត​ផង អាត្រាក់ទ័រ​ផង ពេញ​តែព្រៃ។

របាយការណ៍​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​បង្ហាញថា ក្រុម​អ្នក​ដឹកឈើ បាន​ប្រើប្រាស់ ត្រាក់ទ័រ ៦​គ្រឿង​ទាញ​ឈើ​ហ៊ុប​ធំៗ មក​ទម្លាក់​ទុក ក្នុង​ដេប៉ូ​ទី​១ របស់​ក្រុមហ៊ុន ម៉ាឃល ឡូ​ជី​ស្ទិ​ក (​ខេមបូឌា) ស្ថិត​នៅ​ចំណុច​ភ្នំ​ស្រឡៅ និង​ចំណុច​បុស្ស​រាំង ឃុំ​រៀបរយ ស្រុក​រវៀង ខេត្តព្រះវិហារ។

រីឯ​រទេះក្របី ១៤ នឹម ត្រូវ​គេ​ប្រើ​ឱ្យ​អូស​ឈើ​ធំៗ ដោយមាន​គោយន្ត​យ៉ាងហោចណាស់ ៥០ គ្រឿង នាំ​ឈើ​ដឹកជញ្ជូន​បន្ត មក​ស្តុក​ទុក ក្នុង​បរិវេណ​ក្រុមហ៊ុន​វៀតណាម​ភីអ៊ិនធី។ ទន្ទឹម​នឹង​នេះ មេការ​ក្រុមហ៊ុន និង​ក្រុម​កម្មករ​ខ្លះ មាន​កាំភ្លើង​ច្នៃ ភ្លើង​សូ​ឡា និង​វិទ្យុទាក់ទង​ស្ទើរ​គ្រប់​ដៃ ដើម្បី​ងាយស្រួល ផ្តល់​ព័ត៌មាន ពី​សកម្មភាព​ដឹកឈើ ក្នុង​អភិរក្ស​នេះ។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា និង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក វេង សាខុន បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី៥ សីហា។

រីឯ​តំណាង​ក្រុមហ៊ុន​វៀតណាម​ភីអ៊ិនធី និង ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) (MACLE LOGISTICS) ក៏​វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​បាន​ដែរ នៅ​ថ្ងៃ​ដដែល​​នេះ។

កន្លង​ទៅ រដ្ឋបាល​ព្រៃឈើ​បាន​បំភ្លឺ​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​បង្ហាញថា ក្រសួង​កសិកម្ម​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) (MACLE LOGISTICS) ប្រមូល​ឈើ​ក្នុង​អនុតំបន់ ២.៣ និង​អនុតំបន់ ៤ ឋិត​ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ភីអ៊ិនធី (P.N.T Co., Ltd.)​។ ប៉ុន្តែ​ប្រជា​សហគមន៍​ថា មក​ទល់​ពេល​នេះ ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​វៀតណាម​ភីអ៊ិនធី ពុំ​មាន​ដើមឈើ​ធំៗ​ទៀត​ទេ គឺ​មាន​តែព្រៃ​រេចរឹល​ប៉ុណ្ណោះ។

ក្រុមហ៊ុន​ភីអ៊ិនធី (PNT Co., Ltd.) ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ទំហំ​ជិត​៨​ពាន់ ( ៧.៩០០ )​ហិកតារ នៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាល​ពី​ឆ្នាំ​២០១០ ក្រោម​កិច្ចសន្យា​រយៈពេល ៧០​ឆ្នាំ​។ ប្រជា​សហគមន៍​អះអាង​ថា ក្រុមហ៊ុន​មិន​បាន​ដាំ​ដុះ​តាម​កិច្ចសន្យា ជាមួយ​រដ្ឋាភិបាល​នោះ​ទេ ដោយ​សម្រុក​កាប់​ឈើ និង​ធ្វើ​អាជីវកម្ម​ឈើ​ជាង​មួយឆ្នាំ​មក​ហើយ​។ លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​មាន​ម៉ាស៊ីន​អារច្រៀក​ឈើ​ខ្នាត​ធំ ៤​គ្រឿង​ឋិត​ក្នុងស្រុក​រវៀង ជាប់​ព្រៃ​ឡង់​ខេត្តព្រះវិហារ។

មន្ត្រី​សម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន ដែល​ចុះ​អង្កេត​រឿង​នេះ មើល​ឃើញ​ថា ក្រសួងបរិស្ថាន​នៅតែ​មិន​ព្រម មាន​វិធានការ​ច្បាប់ ចំពោះ​ជនល្មើស រួម​ទាំង​មន្ត្រី​ខិលខូច​ឃុបឃិត​គ្នា បំផ្លាញ​ព្រៃ​អភិរក្ស​នេះ​។ លោក​ថា ក្រសួង​សាមី​មួយ​នេះ កំពុង​បណ្តែតបណ្តោយ​មិន​យកចិត្តទុកដាក់ ដោះស្រាយ​បញ្ហា​នេះ ធ្វើ​ឱ្យ​ឧក្រិដ្ឋកម្ម​ព្រៃឈើ នៅតែ​កើត​មាន​ដដែលៗ គ្មាន​ទី​បញ្ចប់​៖ «ពេលដែល​អស់​ព្រៃឈើ តាំង​នាំគ្នា​ទៅ​ស្តារ​ព្រៃ​ឡើងវិញ នាំគ្នា​ទៅ​ដាំ​កូនឈើ​។ អាហ្នឹង​គឺជា​ការប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ ដែល​យើង​មានច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ មាន​មន្ត្រី​រដ្ឋបាល​ការពារ ហើយ​យើង​អត់​ព្រម ធ្វើការ​អនុវត្ត​ច្បាប់ អត់​ដោះស្រាយ​បញ្ហា កំឡុង​ពេល​បញ្ហា​កំពុង​កើត​មាន​តូចតាច នេះ​ជា​ការ​ប្រព្រឹត្ត​កំហុស​ធ្ងន់​ណាស់ សម្រាប់​មន្ត្រី​អនុវត្ត​ច្បាប់។

ជុំវិញ​រឿង​នេះ សកម្មជន​ការពារ​ព្រៃឡង់ លោក ហេង ស្រស់ ចាត់ទុក​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ទាំងនេះ ជា​ចេតនា របស់​រដ្ឋាភិបាល និង​ក្រសួងបរិស្ថាន បណ្តែតបណ្តោយ​ឱ្យ​កម្មករ​ក្រុមហ៊ុន​កាប់​ឈើ​ដោយ​សេរី​។ លោក​ថា ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ខ្លះ មាន​ជាប់​ពាក់ព័ន្ធ​ឃុបឃិត​គ្នា ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ទាំងនេះ ទើប​ការអនុវត្ត​ច្បាប់​គ្មាន​ប្រសិទ្ធភាព​៖ «បើសិនជា​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិតប្រាកដ យើង​ជឿ​ថា រដ្ឋាភិបាល​នឹង​បង្ក្រាប​លើ​ក្រុម​ឧកញ៉ា និង​ក្រុមហ៊ុន​មួយ​ចំនួន រកស៊ី​កាប់​ឈើ​លក់​នៅ​ក្រៅ​ប្រទេស ដូច​កាល​ពី​ឆ្នាំ​២០១៦ ដែរ។

សកម្មជន​បរិស្ថាន​រូប​នេះ បន្ថែម​ថា ដែនជម្រកសត្វព្រៃ​ឡង់​ក្នុង​ខេត្តក្រចេះ ក៏​មាន​បទល្មើស​ព្រៃឈើ កើតឡើង​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដូច​គ្នា​ដែរ ហើយ​បច្ចុប្បន្ន មាន​កម្មករ​រាប់​រយ​នាក់ កំពុង​ពង្រាយ​ពេញ​ព្រៃឡង់ ដើម្បី​កាប់​ផ្តួល​រំលំ​ដើមឈើ​រាប់​រយ​ដើម ដឹក​លក់​ឱ្យ​ក្រុមហ៊ុន ស៊ីង​បាយអូថេក (Think BIOTECH CAMBODIA) និង​ក្រុមហ៊ុន​អង្គរ​ប្លាយវូដ (Angkor Plywood)​។ លោក​ថា ក្រុមហ៊ុន​ទាំងនេះ ប្រើ​រូបភាព​ធ្វើ​អាជីវកម្ម​ឈើ​ប្រុងប្រយ័ត្ន​ជាង​មុន ដោយ​បញ្ជូន​កង​សន្តិសុខ​យាមល្បាត​គ្រប់​ច្រក មិន​ឱ្យ​មនុស្ស​ប្លែក​មុខ​ចេញ​ចូល​តំបន់​នោះ។

លោក ហេង ស្រស់ សង្កេត​ឃើញ​ថា ពួក​លោក​បាន​លប​ឆ្មក់​ចុះ​ល្បាត ដោយ​រក​ឃើញ ជំរំ​កាប់​ឈើ ៥​កន្លែង ដែល​គេ​សង់​ឡើង ដើម្បី​ឱ្យ​កម្មករ​សម្រាក​ហូប​អាហារ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃឡង់។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​តំណាង​ក្រុមហ៊ុន​ទាំងនេះ បាន​នៅ​ឡើយ​ទេ។

បណ្ដាញ​ក្រុម​ស្នូល​ការពារ​ព្រៃ​ឡង់​បន្ថែម​ថា ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន ដែល​រដ្ឋាភិបាល​បញ្ជូន​ឱ្យ​ឈរជើង ការពារ​ព្រៃ នៅ​តំបន់​ព្រៃ​ឡង់​ទាំង​បួន​ខេត្ត មិនបាន​បំពេញ​តួនាទី អនុវត្ត​ច្បាប់​ព្រៃឈើ​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ឡើយ ហើយ​បច្ចុប្បន្ន​បែរជា កាង​អាជីវកម្ម​ឈើ​ខុសច្បាប់ របស់​ក្រុមហ៊ុន​ទាំងនេះ ព្រោះតែ​ផលប្រយោជន៍។

លើស​ពី​នេះ មន្ត្រី​បរិស្ថាន​ទាំងនោះ តែងតែ​ឃ្លាំមើល ប្រជា​សហគមន៍​មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ​ឡង់ ដោយ​លើក​ហេតុផល​ថា មិន​សុំច្បាប់​អនុញ្ញាត ប៉ុន្តែ​បើកដៃ​ឱ្យ​ក្រុម​អ្នក​កាប់​ឈើ​ចូល​ព្រៃឡង់​ដោយ​សេរី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles