ដោយ សុជីវី
2022.08.21
RFA

ទឹកសមុទ្រថ្លាដូចកញ្ចក់នៅកោះកុង។ រូបថតដោយចលនាមាតាធម្មជាតិ កាលពីឆ្នាំ២០១៩។រូប៖ Photo courtesy of Mother Nature
សកម្មជនចលនាមាតាធម្មជាតិ គ្រោងដាក់ញត្តិទៅក្រសួងបរិស្ថាននៅថ្ងៃទី២៣ ខែសីហា ដើម្បីស្នើសុំឱ្យរដ្ឋាភិបាលដកហូតកោះកុងក្រៅ ដាក់មកជាទ្រព្យសម្បត្តិរដ្ឋវិញ។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា សកម្មភាពរបស់យុវជនមាតាធម្មជាតិនេះ គឺជាការបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋសកម្ម ដើម្បីជួយថែរក្សាធនធានធម្មជាតិនៅកម្ពុជា។
សកម្មជនចលនាមាតាធម្មជាតិកញ្ញា ភួន កែវរស្មី ប្រាប់វិទ្យុអាស៊ីសេរីថា ក្រុមយុវជនចលនាមាតាធម្មជាតិ កំពុងប្រមូលមេដៃគាំទ្រពីប្រជាពលរដ្ឋដើម្បីដាក់ញត្តិទៅក្រសួងបរិស្ថាន ស្នើសុំឱ្យក្រសួងនេះបង្ហាញលទ្ធផលពីការសិក្សាស្រាវជ្រាវនៅតំបន់កោះកុងក្រៅ និងធ្វើបច្ចុប្បន្នភាពអំពីដំណើរការនៃការដាក់កោះកុងក្រៅទៅជា «ឧទ្យានជាតិសមុទ្រ» វិញ។ កញ្ញា ភួន កែវរស្មី បន្ថែមថា យុវជន និងប្រជាពលរដ្ឋទូទៅ មិនចង់ឱ្យឃើញកោះកុងក្រៅត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន កោះកុង អេស អ៊ី ហ្សិត (Koh Kong SEZ Co.ltd) របស់ឧកញ៉ា លី យ៉ុងផាត់ ឡើយ ហើយគោលបំណងក្នុងការដាក់ញត្តិនេះក៏ចង់ជំរុញឱ្យក្រសួងបរិស្ថាន ដាក់កោះកុងក្រៅទៅជាឧទ្យានជាតិសមុទ្រ ដូចក្រសួងធ្លាប់បានលើកឡើងកាលពីខែមិថុនា ឆ្នាំ២០២០ដែរ។ កញ្ញា ភួន កែវរស្មី ក៏សំណូមពរដល់ប្រជាពលរដ្ឋ ឱ្យគាំទ្រ និងក្លាហាន ក្នុងការបញ្ចេញមតិគាំទ្រយុទ្ធនាការសង្គ្រោះកោះកុងក្រៅនេះដែរ៖ «អញ្ចឹងខ្ញុំសង្ឃឹមថា ហើយនឹងជឿជាក់យ៉ាងមុតមាំថា កោះកុងក្រៅនឹងត្រូវបានថែរក្សា និងបានដាក់ជាឧទ្យានជាតិក្នុងពេលឆាប់ៗខាងមុខនេះ បើសិនជាបងប្អូនប្រជាពលរដ្ឋ ស្រុះស្រួលគ្នា សាមគ្គីគ្នា ក្នុងការទាមទារជាមួយពួកយើង ដូចក្នុងរឿងតាម៉ៅ ឬក៏មកគាំទ្រសកម្មភាពយើងដូចកាលពីឆ្នាំ២០២០ដែរ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា ដើម្បីសុំអត្ថាធិប្បាយបន្ថែមជុំវិញរឿងនេះបាន នៅថ្ងៃទី២១ ខែសីហា។ ទោះជាយ៉ាងណា កាលពីខែមិថុនា ឆ្នាំ២០២០ ក្រសួងបរិស្ថានបានចេញសេចក្ដីប្រកាសព័ត៌មានមួយថា ក្រសួងបរិស្ថានបានបញ្ជូនមន្ត្រីជំនាញចុះសិក្សាស្រាវជ្រាវនៅតំបន់កោះកុងក្រៅតាំងពីឆ្នាំ២០១៦មកម្លេះ ហើយបើទោះបីជាគ្មានយុទ្ធនាការ ឬការទាមទារណាមួយក៏ដោយ ក៏ក្រសួងបរិស្ថានរំពឹងថា នឹងប្រកាស តំបន់កោះកុងក្រៅជា ឧទ្យានជាតិសមុទ្រ អំឡុងឆ្នាំ២០២១ ដែរ ក្រោយពីបញ្ចប់ការសិក្សាស្រាវជ្រាវ ប៉ុន្តែមកដល់ពេលនេះ ក្រសួងបរិស្ថានមិនទាន់បានប្រកាស ដាក់កោះកុងក្រៅជា «ឧទ្យានជាតិសមុទ្រ» នៅឡើយទេ។
ជុំវិញរឿងនេះដែរ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក (ADHOC) លោក សឹង សែនករុណា យល់ឃើញថា កន្លងមក ក្រុមហ៊ុនដែលទទួលបានសិទ្ធិអភិវឌ្ឍ និងសម្បទានដីជាច្រើន មិនបានបំពេញកាតព្វកិច្ចតាមកិច្ចសន្យា ដើម្បីផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ចជាតិនោះទេ ហើយរដ្ឋាភិបាលក៏មានការខ្វះខាត មិនបានចុះវាយតម្លៃ ដកហូតគម្រោងទាំងនោះមកជាទ្រព្យសម្បត្តិជាតិវិញដែរ។
លោក សឹង សែនករុណា បន្ថែមថា សកម្មភាពដាក់ញត្តិរបស់សកម្មជនចលនាមាតាធម្មជាតិនេះ គឺជាការបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋសកម្ម ដែលស្របតាមរដ្ឋធម្មនុញ្ញ ហើយលោកគាំទ្រឱ្យប្រជាពលរដ្ឋទូទៅចូលរួមដាក់ញត្តិទៅកាន់ក្រសួងបរិស្ថានជាមួយសកម្មជនចលនាមាតាធម្មជាតិ ដើម្បីរួមគ្នាសង្គ្រោះកោះកុងក្រៅមកវិញ៖ «បើយើងមើលមាត្រា៣៥ គេថាពលរដ្ឋគឺមានសិទ្ធិចូលរួមយ៉ាងសកម្ម ក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ អីទាំងអស់ហ្នឹង គឺពលរដ្ឋមានសិទ្ធិណាស់ មិនមែនជារឿងញុះញង់អីទេ»។
កោះកុងក្រៅ គឺជាកោះក្នុងដែនសមុទ្រកម្ពុជាធំជាងគេដែលមានទំហំជាង១រយគីឡូម៉ែត្រការេ (១០៣ គីឡូម៉ែត្រការ៉េ) ហើយមានឆ្នេរសមុទ្រស្រស់ស្អាតចំនួន៦ ដែលមានសក្ដានុពលខ្លាំងក្នុងការអភិវឌ្ឍទៅជាតំបន់ទេសចរណ៍ធម្មជាតិ។ ចលនាមាតាធម្មជាតិបានចាប់ផ្ដើមធ្វើយុទ្ធនាការសង្គ្រោះកោះកុងក្រៅ តាំងពីឆ្នាំ២០១៩មកម្លេះ ដែលយុទ្ធនាការនេះមានដូចជា សកម្មភាពជិះកង់ពីខេត្តកោះកុងទៅដាក់ញត្តិនៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ការដាក់តាំងពិព័រណ៍រូបថតទេសភាពកោះកុងក្រៅ និងការដឹកនាំយុវជនទៅស្វែងយល់ពីកោះកុងក្រៅជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។