នយោបាយ ព័ត៌មានជាតិ
លោក ឌុច ឧត្ដម | ២២ សីហា ២០២២ | ម៉ោង ១៦:២៣
VOD

លោក ឆាំង សុង អតីតរដ្ឋមន្ត្រីឃោសនាការនៃរបបសាធារណរដ្ឋខ្មែរដែលគ្រប់គ្រងដោយ លន់ នល់។ (ហ្វេសប៊ុក៖ Song Chhang)
លោក ឆាំង សុង អតីតរដ្ឋមន្ត្រីក្រសួងឃោសនាការក្នុងរបបសាធារណរដ្ឋខ្មែរ របស់លោកសេនាប្រមុខ លន់ នល់ បានទទួលមរណភាព នៅសហរដ្ឋអាមេរិក ក្នុងវ័យ៨៥ឆ្នាំ ដោយរោគាពាធ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានឱ្យដឹងនៅថ្ងៃចន្ទនេះអំពីមរណភាពរបស់អតីតមន្ត្រីជាន់ខ្ពស់សម័យ លន់ នល់ គឺលោក ឆាំង សុង។
គណនីហ្វេសប៊ុកឈ្មោះ ឆាំង សុង (Song Chhang) ដោយសរសេរអះអាងថាជាប្រពន្ធរបស់លោក ឆាំង សុង ឈ្មោះ ស៊ុម រុន (Run Sum) នោះ បញ្ជាក់ថា ស្វាមីលោកស្រីទទួលមរណភាពហើយ នៅព្រឹកថ្ងៃអាទិត្យ នៅក្នុងមន្ទីរពេទ្យ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។
លើបណ្តាញសង្គមបានបង្ហោះថា លោក ឆាំង សុង អតីតរដ្ឋមន្ត្រីឃោសនាការនៃរបបសាធារណរដ្ឋខ្មែរដែលគ្រប់គ្រងដោយ លន់ នល់ បានស្លាប់ក្នុងជន្មាយុ៨៥ឆ្នាំ ដោយរោគាពាធ។
លោក ឆាំង សុង កាលនៅមានជីវិត ធ្លាប់ជាអ្នកនាំពាក្យរដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងឃោសនាការ និងជាមនុស្សជំនិតនឹងលោក លន់ នល់ បានចាកចេញពីប្រទេសកម្ពុជាជាមួយលោក លន់ នល់ ទៅសហរដ្ឋអាមេរិក មុនពេលពួកខ្មែរក្រហមវាយចូលកាន់កាប់ក្រុងភ្នំពេញ នៅដើមខែមេសា ឆ្នាំ១៩៧៥។
អតីតមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលសាធារណរដ្ឋខ្មែររូបនេះ ធ្លាប់បានក្លាយជាទីប្រឹក្សាលោក ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា ហើយលោកក៏ធ្លាប់ជាសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជាមួយរយៈខ្លីកាលពីឆ្នាំ២០០១ផងដែរ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។