អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ចូល​ជួប​សួរ​សុខទុក្ខ​អ្នក​ជាប់​ឃុំ​នយោបាយ​នៅ​គុក​ព្រៃ​ស

ដោយ ទីន ហ្សាការីយ៉ា
2022.08.23
RFA

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ចូល​ជួប​សួរ​សុខទុក្ខ​អ្នក​ជាប់​ឃុំ​នយោបាយ​នៅ​គុក​ព្រៃ​ស

លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា ថតជាមួយ​មេដឹកនាំ​គណបក្ស​ភ្លើងទៀន ពេល​លោក​ទៅ​សួរ​សុខទុក្ខ​អ្នក​ទោសនយោបាយ​ នៅ​មន្ទីរ​ឃុំឃាំង ម-១ ឬ​គុក​ព្រៃ​ស នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។ រូបភាពពីពលរដ្ឋ


អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) នៅថ្ងៃទី២៣ សីហា បាន​ចូល​ទៅ​ជួប​អ្នក​ជាប់​ឃុំ​នយោបាយ​នៅ​មន្ទីរ​ឃុំឃាំង ម-១ ឬ​គុក​ព្រៃ​ស។

ក្រុម​គ្រួសារ​អ្នក​ជាប់​ឃុំ​ស្នើ​ដល់​មន្ត្រី​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​រូប​នេះ ឱ្យ​ពិនិត្យ​ទៅ​លើ​ករណី​ជាប់​ឃុំ និង​ដោះលែង ឬ​ទម្លាក់​បទ​ចោទ​ទៅ​លើ​ប្ដី​របស់​ពួក​គាត់ ដែល​កំពុង​នៅ​ក្នុង​ពន្ធនាគារ​ទាំង​ភាព​អយុត្តិធម៌។

តំណាង​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ គឺ​លោកស្រី ព្រំ ចន្ថា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ឱ្យ​ដឹង​ថា ប្ដី​លោកស្រី គឺ​លោក កាក់ កុម្ភារ បាន​ប្រាប់​តាម​ទូរស័ព្ទ​ពី​ពន្ធនាគារ​មក​ថា លោក វិទិត មុនតាប៊ន បាន​ចូល​ទៅ​ជួប​សួរ​សុខទុក្ខ​អ្នក​ជាប់​ឃុំ​នយោបាយ​ប្រហែល ៤ទៅ៥នាក់ នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​ព្រឹក​ថ្ងៃ​ទី២៣ សីហា។


លោកស្រី​ស្នើ​ឱ្យ​អ្នក​រាយការណ៍​ពិសេស​រូប​នេះ ជួយ​អន្តរាគមន៍​ដោះ​លែង​ប្ដី​លោកស្រី គឺ​លោក កាក់ កុម្ភារ និង​អ្នក​ជាប់​ឃុំ​ដទៃ​ទៀត ដែល​កំពុង​រង​ភាព​អយុត្តិធម៌៖ «ខ្ញុំ​មាន​តែ​ការ​ស្នើសុំ​ឱ្យ​អ្នក​រាយការណ៍​ពិសេស​លោក មុនតាប៊ន ហ្នឹង​សូម​ឱ្យ​លោក​ជួយ​ធ្វើ​អន្តរាគមន៍ ដើម្បី​ឱ្យ​មាន​ការ​ដោះ​លែង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ក្នុង​ពេល​ឆាប់ៗ នេះ​មុន​ពេល​បោះ​ឆ្នោត និង​ធ្វើ​ឱ្យ​គាត់​បាន​បោះ​ឆ្នោត​នឹង​គេ​ដែរ»

ចំណែក​ប្រពន្ធ​មន្ត្រី​គណបក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ​ម្នាក់​ទៀត​គឺ លោកស្រី កុល សាត ឱ្យ​ដឹង​ថា តាម​ការ​ផ្ដល់​ដំណឹង​ពី​ប្ដី​លោកស្រី​ក្នុង​ពន្ធនាគារ លោកវិទិត មុនតាប៊ន បាន​សួរ​សុខទុក្ខ​អ្នក​ជាប់​ឃុំ។

ចំណែក​ប្ដី​លោកស្រី គឺ​លោក គង់ ម៉ាស់ បាន​ស្នើសុំ​ទៅ​កាន់​អ្នក​រាយការណ៍​ពិសេស​រូប​នេះ​ជួយ​អន្តរាគមន៍​ដោះ​លែង​អ្នក​កំពុង​ជាប់​ឃុំ និង​ឱ្យ​ជួយ​តាមដាន​អ្នក​ជាប់​ឃុំ​នយោបាយ​ដទៃ​ទៀត ដែល​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​នាំ​យក​ទៅ​ត្រពាំង ផ្លុង​នៅ​ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២១ សីហា។ លោកស្រី​បន្ត​ថា អ្នក​ជាប់​ឃុំ​ចំនួន ១៤នាក់ ត្រូវ​បាន​គេ​ផ្លាស់​យក​ទៅ​ទី​នោះ ដោយ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស មាន​អ្នក​ជាប់​ឃុំ​នយោបាយ​តែ ១១នាក់​តែ​ប៉ុណ្ណោះ៖ «គាត់​សំណូមពរ​ស្នើសុំ​ឱ្យ​តុលាការ​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​ពួក​គាត់​ទាំង​អស់ ជាពិសេស សុំ​ឱ្យ​តុលាការ​ដោះ​លែង​ពួក​គាត់ ដូចជា អ្នក​ដែល​មាន​អាយុ​ច្រើនៗ ចាប់​ពី ៦០ ទៅ ៧០ឆ្នាំ»

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សវនា បាន​ទេ នៅ​ថ្ងៃ​ទី២៣ សីហានេះ ដោយ​ទូរស័ព្ទ​ចូល​តែ​មិន​មាន​អ្នក​ទទួល។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​លោក នី សុខា យល់​ឃើញ​ថា ក្នុង​បេសកកម្ម​មួយ​នេះ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​គួរ​តែ​ពិនិត្យ និង​ធ្វើការ​ដោយ​យក​ចិត្ត​ទុក្ខ​ដាក់ ជាពិសេស ទៅ​លើ​បញ្ហា​ការ​ឃុំ​ខ្លួន​អ្នក​ទោស​នយោបាយ​នៅ​ពន្ធនាគារ​ដោយ​ភាព​អយុត្តិធម៌។

ទោះ​យ៉ាង​​ណា លោក​បន្ត​ថា ចាប់​តាំង​ពី​មាន​វត្តមាន​របស់​លោក វិទិត មុនតាប៊ន លោក​ហាក់​មិន​ឃើញ​មាន​ការ​វិវត្ត​ណា​មួយ​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ឱ្យ​ចេញ​ជា​លទ្ធផល​នោះ​ទេ។ លោក​បន្ថែម​ថា រាល់​បញ្ហា​ទាំង​នោះ គឺ​មាន​តែ​រដ្ឋាភិបាល​កម្ពុជា​តែ​មួយ​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​សម្រេច​ថា ដោះ​ស្រាយ ឬ​នៅ​បន្ត​ទុក​បែប​នេះ​ត​ទៅ​ទៀត៖ «អ្វីៗ វា​នៅ​លើ​ឆន្ទៈ​របស់​រដ្ឋាភិបាល​កម្ពុជា​ថា តើ​រដ្ឋាភិបាល​កម្ពុជា​នឹង​ធ្វើការ​ដោះ​ស្រាយ​បញ្ហា​នៃ​ជម្លោះ​នយោបាយ នៃ​ការ​ជាប់​គាំង​ខាង​នយោបាយ​យ៉ាងម៉េច​នា​ពេល​ខាង​មុខ»

អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ផ្ទេរ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ១៤ ពី​មណ្ឌល​កែប្រែ​ព្រៃ​ស ក្រុង​ភ្នំពេញ យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ កាល​ពី​ព្រឹក​ថ្ងៃ​ទី២១ ខែសីហា។

បច្ចុប្បន្ន​មាន​សកម្មជន​បក្ស​ប្រឆាំង និង​អ្នក​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល​ប្រមាណ ៦០នាក់​ទៀត កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ។ ពួក​គេ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ចោទ​ប្រហាក់ប្រហែល​គ្នា គឺ​បទ​ចោទ​ញុះញង់ នឹង​រួម​គំនិត​ក្បត់ ក្នុង​នោះ​សកម្មជន​មួយ​ចំនួន​ត្រូវ​បាន​តុលាការ​កាត់ក្ដី​ដាក់​ពន្ធនាគារ​ពី ៥ឆ្នាំ ទៅ ៧ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles