ដោយ ម៉ៅ សុធានី
2022.08.23
RFA

ក្រុមកូដករណាហ្គាវើលដ៍ បន្តធ្វើកូដកម្មតវ៉ាទាំងភ្លៀង នៅមុខក្រុមហ៊ុនណាហ្កាវើលដ៍ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ដើម្បីទាមទាររកដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុន។ រូបភាពពីពលរដ្ឋ
ក្រុមកូដករណាហ្គាវើលដ៍ នៅរសៀលថ្ងៃទី២៣ សីហា បន្តធ្វើកូដកម្មតវ៉ាទាមទារថៅកែក្រុមហ៊ុនដោះស្រាយវិវាទការងារជាមួយពួកគេ ក្រុមកូដករយល់ថា មូលហេតុក្រុមហ៊ុនមិនអាចដោះស្រាយ វិវាទការងារនេះ ដោយសាររដ្ឋាភិបាលឈរខាងភាគីក្រុមហ៊ុន ដោយមិនខ្វល់អំពីការអនុវត្តច្បាប់ និងទុក្ខលំបាករបស់ក្រុមកូដករ។ សង្គមស៊ីវិលទទូចដល់អាជ្ញាធរពាក់ព័ន្ធ ដោះស្រាយវិវាទដ៏រ៉ាំរ៉ៃមួយនេះ ជូនដល់កូដករឱ្យបានឆាប់ ដើម្បីស្ដារមុខមាត់រដ្ឋាភិបាលលើឆាកអន្តរជាតិ ។
ក្រុមកូដករណាហ្គាវើលដ៍ជិត ១០០នាក់ នៅល្ងាចថ្ងៃទី២៣ ខែសីហា បានប្រមូលផ្ដុំគ្នាធ្វើកូដកម្មអហិង្សាតវ៉ា និងមានឱកាសឈរស្រែកតវ៉ា នៅខាងមុខក្រុមហ៊ុន ៥ថ្ងៃហើយ ប៉ុន្តែក្រុមហ៊ុន នៅតែគ្មានផ្តល់ដំណោះស្រាយ ដល់កូដករឡើយ ។ កូដករទាមទារថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ គោរពសិទ្ធិការងារ និងទទួលយកកម្មករនិយោជិត ដែលខ្លួនបានបញ្ឈប់កន្លងទៅជាង ៣០០នាក់ ដែលសព្វថ្ងៃនៅសល់តែជាង ១០០នាក់នេះ រួមទាំងថ្នាក់ដឹកនាំសហជីព ចូលធ្វើការងារដូចដើមវិញ និងទម្លាក់ចោលបទចោទលើកូដករ ។

កូដករណាហ្គាវើលដ៍ កញ្ញា រឿន មុំម៉ារីណែត ប្រាប់វិទ្យុអាស៊ីសេរីថ្ងៃទី២៣ សីហា ឱ្យដឹងថា កញ្ញាសង្កេតឃើញថា អាជ្ញាធរពាក់ព័ន្ធ អនុញ្ញាតឱ្យកូដករធ្វើកូដកម្មអហិង្សានៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ (Nagaworld) ៥ថ្ងៃហើយ ប៉ុន្តែអាជ្ញាធរ និងក្រុមហ៊ុននៅមិនទាន់មានដំណោះស្រាយដល់កូដករនៅឡើយ។ កញ្ញាបន្តថា កូដករបានប្រើសិទ្ធិកូដកម្មស្របតាមច្បាប់ក្រោយអាជ្ញាធរ អនុញ្ញាតឱ្យធ្វើកូដកម្មមុខនឹងក្រុមហ៊ុនណាហ្គាវើលដ៍ (Nagaworld)។ កញ្ញា រឿន មុំម៉ារីណែត បញ្ជាក់ថា ក្រុមកូដករ នៅតែបន្តធ្វើកូដកម្មអហិង្សារហូតមានដំណោះស្រាយ៖ «គិតថា មួយរយៈហ្នឹងឃើញថា ពួកយើងអាចទៅដល់មុខណាហ្គា១ (Nagaworld1) ក៏ដូចជាណាហ្គា២ (Nagaworld2) បាន ព្រោះកាលពីមុនមានការរារាំងខ្លាំង តែមួយរយៈក្រោយនេះ ដោយសារតែឃើញអង្គការសង្គមស៊ីវិល ក៏ដូចជាខាងយូអិន (UN) ចុះមកចុះអីចឹងណាស់។ ខ្ញុំឃើញថា ពុំមានការវាយដំ ក៏ដូចជារារាំងពីអាជ្ញាធរដូចកាលពីមួយរយៈមុនទេ។ ខ្ញុំក៏អត់ដឹងថា ពួកគាត់កំពុងតែគិតអ្វីនោះទេ ខ្ញុំគ្រាន់តែដឹងថា បើសិនជាពួកខ្ញុំអាចរុលទៅដល់មុខណាហ្គា១ (Nagaworld1) ណាហ្គា២ (Nagaworld2) បាន នេះគឺជាការអាចប្រើប្រាស់សិទ្ធិ នៃការធ្វើកូដកម្ម ដែលចែងនៅក្នុងមាត្រាច្បាប់បាន»។
ស្រដៀងគ្នានេះ កូដករណាហ្គាវើលដ៍កញ្ញា ច័ន្ទ ស្រីរ័ត្ន ថ្លែងថា កញ្ញាជឿជាក់លើច្បាប់កម្ពុជាអាចដោះស្រាយវិវាទការងាររបស់កូដករបាន ។ កញ្ញាបន្តថា បើអាជ្ញាធរមិនរារាំងកូដករ ហើយព្យាយាមដំណោះស្រាយ គឺមិនអាចអូសបន្ថាយរហូតជាង៨ខែបែបនេះឡើយ ។ កញ្ញា ច័ន្ទ ស្រីរ័ត្ន លើកឡើងថា បើអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធគ្មានសមត្ថភាពដោះស្រាយ គួរឱ្យកូដករបន្តតវ៉ានៅមុខក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍រហូតទាល់តែថៅកែក្រុមហ៊ុនចេញមុខដោះស្រាយ៖ «ខ្ញុំគិតថា ដំណោះស្រាយ ខ្ញុំអត់ជឿថា វាមិនមានសម្រាប់ពួកខ្ញុំ ដែលជាកូដករ តែកន្លងមក គឺមកពីអាជ្ញាធរ ដូចជា ស្ថាប័នពាក់ព័ន្ធ គាត់មិនព្យាយាមដោះស្រាយឱ្យពួកខ្ញុំ បែរជាព្យាយាមទៅកាងឱ្យថៅកែបរទេសហ្នឹង ដល់អញ្ចឹង ដំណោះស្រាយវាអត់ទាន់មានជាផ្លែផ្កា ។ អាជ្ញាធរគិតតែពីរារាំង ហើយក្រសួងការងារគិតតែពីកាត់ក្តីយថៅកែបរទេសហ្នឹង បានជាវាអូសបន្លាយដល់សព្វថ្ងៃ»។
សហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍ និងកូដករមើលឃើញថា ឥរិយាបថរបស់អាជ្ញាធរាជធានីភ្នំពេញ ផ្លាស់ប្ដូរភ្លាមៗ បែបនេះ អាចមកពីតំណាងពិសេស អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា UN កំពុងបំពេញបេសកកម្ម នៅកម្ពុជា ។ អាជ្ញាធរជាច្រើននាក់នៅតែបន្ត ស្លៀកពាក់ស៊ីវិល និងបង្ហោះដ្រូន (Drone ) ឃ្លាំមើលក្រុមកូដករដដែល ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដើម្បីអត្ថធិប្បាយជុំវិញរឿងនេះបានទេ ថ្ងៃ២៣ សីហា ដោយទូរស័ព្ទទាក់ទងមិនបាន ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅផ្នែកសិទ្ធិមនុស្សអង្គការលីកាដូ (Licadho) លោក អំ សំអាត លើកឡើងថា លោកចង់ឃើញពលរដ្ឋអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិធ្វើកូដកម្ម ដែលកំណត់ដោយច្បាប់ ហើយអាជ្ញាធរពាក់ព័ន្ធត្រូវគោរពសិទ្ធិកូដករ ។ លោកបន្តថា ការអូសបន្លាយនេះ បង្កឱ្យកើតមានបញ្ហាជាអំពើហិង្សា រវាងអាជ្ញាធរ ជាមួយ កូដកររហូតឈានដល់មានការប៉ះទង្គិចជាបន្តបន្ទាប់ ។ លោក អំ សំអាត ជំរុញឱ្យក្រសួងពាក់ព័ន្ធ និងក្រុមហ៊ុនចូលរួមដោះស្រាយវិវាទការងារនេះឱ្យបានឆាប់រហ័ស ដើម្បីកុំឱ្យវិវាទការងាររវាងកូដករ និងក្រុមហ៊ុន ប្រែក្លាយជាការប្រឈមជាមួយអាជ្ញាធរ ដែលធ្វើឱ្យមានការរិះគន់ដល់រដ្ឋាភិបាល៖ «មានតែការដោះស្រាយដោយសន្តិវិធី ដើម្បីបញ្ចប់បញ្ហាវិវាទការងារហ្នឹងទេ ដែលជារឿងល្អ ព្រោះកន្លងមកដែលកើតទៅលើអំពើហិង្សា ទៅលើក្រុមកូដករ ការរារាំងមិនឱ្យអ្នកសារព័ត៌មាន ឬក៏អង្គការសង្គមស៊ីវិលចូលទៅឃ្លាំមើលកៀកជាមួយនឹងក្រុមកូដករអីជាដើម។ អាហ្នឹងគឺវាបង្កើននូវជាការថ្កោលទោស ការរិះគន់កាន់តែធ្ងន់ធ្ងរ ដែលវាធ្វើឱ្យប៉ះពាល់ទៅដល់មុខមាត់របស់រដ្ឋាភិបាល។ ជាពិសេស ទាក់ទង នឹងរឿងគេថា រំលោភទៅលើសិទ្ធិរបស់ពួកគាត់អីជាដើម។ វាមានតែវិធីមួយទេ ដំណោះស្រាយមួយទេ គឺធ្វើយ៉ាងម៉េចឱ្យក្រុមហ៊ុន និងក្រុមកូដករហ្នឹង គាត់បានដោះស្រាយបញ្ចប់រឿងហ្នឹងឱ្យបានឆាប់ វាកាន់តែល្អ»។
ថ្មីៗ នេះអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit MUNTARBHORN) ធ្លាប់បានចុះពិនិត្យ និងឃ្លាំមើលដោយផ្ទាល់ ទីតាំងដែលក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ដែលភាគច្រើនជាស្ត្រីបន្តប្រមូលផ្ដុំគ្នាតវ៉ា នៅមុខអគារក្រុមហ៊ុនណាហ្គាវើលដ៍ទី១ ប៉ុន្តែគ្មានការបង្ក្រាបដោយហិង្សាដូចពេលមុនៗ ពីអាជ្ញាធរក្រុងភ្នំពេញឡើយ។
គិតមកត្រឹមខែសីហានេះ ក្រុមកូដករបានធ្វើកូដកម្មអស់រយៈពេលជាង ៨ខែមកហើយ ប៉ុន្តែគ្មានដំណោះស្រាយសមរម្យនោះទេ។ កន្លងមកក្រុមអាជ្ញាធរ តែងប្រើអំពើហិង្សា ធ្វើទុក្ខបុកម្នេញជាប្រចាំ ដោយចាប់រុញកូដករឡើងរថយន្តក្រុង ដោយដឹកទៅទម្លាក់ចោលនៅតំបន់ជាយក្រុងភ្នំពេញជាដើម។
សង្គមស៊ីវិល និងក្រុមអ្នកឃ្លាំមើលកម្ពុជា ចូលរួមតាមដានក្នុងការធ្វើកូដកម្មបុគ្គលិកណាហ្គាវើលដ៏ សង្កេតឃើញថា ក្រោយមានដំណើរទស្សនកិច្ចរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា កូដករហាក់ទទួលបានសិទ្ធិធ្វើកូដកម្មធូរជាងមុនៗ ដែលមិនទាន់មានតំណាងពិសេសអង្គការសហប្រជាជាតិមកទស្សនកិច្ចនៅកម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។