លោក សម រង្ស៊ី នឹងធ្វើដំណើរទៅចូលរួមសវនាការនាក្រុងភ្នំពេញ បើមានការលើកបម្រាម

កម្ពុជា-នយោបាយ
24/08/2022 – 08:11
ដោយ៖ សឿង ភារៈ
RFI

លោក សម រង្ស៊ី © សហការី


មេដឹកនាំអតីតបក្សប្រឆាំង លោក សម រង្ស៊ី កាលពីថ្ងៃទី២៣ ខែសីហា បានបញ្ជាក់ថា លោកនឹងធ្វើដំណើរទៅចូលរួមក្នុងសវនាការនាក្រុងភ្នំពេញ ​បើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្លាហានលើកបម្រាមទាំង ៣ ដែលបានដាក់ប្រឆាំងនឹងរូបលោក។ ការបញ្ជាក់ជាថ្មីពីមេដឹកនាំនៃអតីតបក្សប្រឆាំងនេះ គឺធ្វើឡើងក្រោយពីតុលាការចេញដីកាកោះហៅរូបលោក និងមនុស្ស ៣៣នាក់ទៀត ពាក់ព័ន្ធនឹងសំណុំរឿងរួមគំនិតក្បត់។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី២៣ ខែសីហា លោក សម រង្ស៊ី បានសរសេរបញ្ជាក់ថាលោកនឹងធ្វើដំណើរទៅចូលរួមក្នុងសវនាការតុលាការទីក្រុងភ្នំពេញ ស្របតាមដីកានានារបស់តុលាការ បើលោក ហ៊ុន សែន មានភាពក្លាហាន លើកបម្រាមទាំង ៣ ចំពោះរូបលោក។​

បើតាមលោក សម រង្ស៊ី បម្រាមទាំងនោះ រួមាន៖ បម្រាមហាមឃាត់ មិនឲ្យក្រុមហ៊ុនអាកាសចរណ៍នានា ដឹកលោកទៅកាន់អាកាសយានដ្ឋានណាមួយ នៅប្រទេសកម្ពុជា។ បម្រាមដែលរដ្ឋាភិបាលប្រទេសថៃ ហាមឃាត់រូបលោក មិនឲ្យធ្វើដំណើរឆ្ពោះមកកាន់ប្រទេសកម្ពុជា តាមផ្លូវគោក ដោយឆ្លងកាត់ដែនដីប្រទេសថៃ។

ចំណែកបម្រាមចុងក្រោយ គឺហាមឃាត់ មិនឲ្យប្រជាពលរដ្ឋខ្មែរទូទៅ មកទទួលស្វាគមន៍រូបលោកជាដើម។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃទី២៤ ខែសីហានេះថា រឿងតុលាការគឺជារឿងរបស់តុលាការ ហើយជនជាប់ចោទត្រូវទទួលខុសត្រូវចំពោះមុខតុលាការ រដ្ឋាភិបាលគ្មានអ្វីទាក់ទងពាក់ព័ន្ធនឹងការងាររបស់តុលាការនោះទេ។ លោក សុខ ឥសាន​បន្តថា ទណ្ឌិតគ្មានសិទ្ធិដាក់លក្ខខណ្ឌជាមួយរដ្ឋាភិបាលបើកផ្លូវឲ្យខ្លួនចូល ឬមិនចូលនោះទេ។

ការដាក់លក្ខខណ្ឌពីអតីតមេបក្សប្រឆាំង គឺធ្វើឡើង ក្រោយពីតុលាការបាន​ចេញ​ដីកា​កោះហៅ​មេដឹកនាំ​រួមទាំង​អ្នកគាំទ្រ​បក្សសង្រ្គោះជាតិ ​ចំនួន ​៣៤នាក់​ឱ្យ​ចូលរួម​សវនាការ​នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ខាងមុខនេះ ក្នុងបទចោទរួមគំនិតក្បត់ ពាក់ព័ន្ធនឹងផែនការប្រកាសវិលត្រឡប់មកកម្ពុជាវិញ។ ដីកាកោះហៅនោះរួមមានឈ្មោះ លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង លោក ឡុង រី លោកស្រី មូរ សុខហួរ និងលោក អ៊ូ ច័ន្ទឬទ្ធិជាដើម។

លោក សម រង្ស៊ីបានសរសេរលើហ្វេសប៊ុកផ្លូវការថា “បើលោក ហ៊ុន សែន មិនហ៊ានលើកបម្រាមទាំង ៣ នេះទេ គឺគាត់បង្ហាញថា គាត់ខ្លាចបំផុត ចំពោះវត្តមានរបស់ខ្ញុំ នៅលើទឹកដីប្រទេសកម្ពុជា ហើយគាត់ជាមនុស្សកំសាកដ៏អន់បំផុត ដែលជាហេតុធ្វើឲ្យគេមើលងាយគាត់គ្រប់គ្នា”៕

What Next?

Recent Articles