ក្រុមហ៊ុន​ចំនួន​៥ នៅ​ស្រុក​បាណន់​កំពុង​បំផ្ទុះ​ភ្នំ​ធម្មជាតិ​បណ្ដាល​ឱ្យ​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ

ដោយ យ៉ង ចាន់តារា
2022.08.26
RFA

ក្រុមហ៊ុន​ចំនួន​៥ នៅ​ស្រុក​បាណន់​កំពុង​បំផ្ទុះ​ភ្នំ​ធម្មជាតិ​បណ្ដាល​ឱ្យ​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ

ទិដ្ឋភាពការដ្ឋានក្រុមហ៊ុនកិន​ថ្ម ស្ថិតនៅក្បែរជើងភ្នំតាគ្រាម ភូមិស្វាយលើ ឃុំតាគ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ថត​កាល​ពី​ថ្ងៃ​ទី២៣ ខែសីហា ឆ្នាំ២០២២។ រូបភាពពីពលរដ្ឋ


ប្រជាពលរដ្ឋ​នៅ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង បារម្ភ​ពី​ផល​ប៉ះពាល់​នៃ​ការ​បំផ្ទុះ​ភ្នំ​យក​ថ្ម​របស់​ក្រុមហ៊ុន​ឯកជន​ចំនួន​៥ ដែល​ធ្វើ​ឱ្យ​ប្រេះស្រាំ​ផ្ទះ​ពួកគាត់​ជា​បន្តបន្ទាប់ ខណៈ​ដែល​អាជ្ញាធរ​ពាក់ព័ន្ធ​ហាក់​មិន​អើពើ​ក្នុង​ការ​ដោះស្រាយ​ជុំវិញ​បញ្ហា​នេះ។ ពលរដ្ឋ​អះអាង​ថា បើសិនជា​ការ​ធ្វើ​អាជីវកម្ម​ថ្មភ្នំ កាន់តែ​ខ្លាំង បណ្ដាល​ឱ្យ​រំខាន​ដល់​ជីវភាព​រស់នៅ​របស់​ពួកគាត់​ហើយនឹង​បាត់បង់​ភ្នំ​ធម្មជាតិ​ដែល​ពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល​កន្លងទៅ។

ព្រៃភ្នំ​ធម្មជាតិ​ជាច្រើន​កន្លែង​នៅ​ស្រុក​បាណន់ ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​បើក​គ្រឿងចក្រ​ធ្វើ​អាជីវកម្ម​ថ្ម ដោយ​គ្មាន​ការ​ហាមឃាត់​ពី​សំណាក់​អាជ្ញាធរ​ឡើយ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​បារម្ភ​ថា នឹង​ហិនហោច​ព្រៃភ្នំ​នៅ​តាម​តំបន់​នានា​។ ពលរដ្ឋ​សង្កេត​ឃើញ​ថា ការ​បំផ្ទុះ​ភ្នំ​យក​ថ្ម​ធ្វើ​អាជីវកម្ម​នេះ ហាក់​មាន​សន្ទុះ​កាន់តែ​ខ្លាំង ដោយ​មិន​បារម្ភ​ពី​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ និង​បរិស្ថាន​នៅ​ពេល​ខាង​មុន​នោះ​ឡើយ។

ប្រជាពលរដ្ឋ​ឱ្យដឹងថា ក្រុមហ៊ុន​ដែល​ឈរ​ជើង​ធ្វើ​អាជីវកម្ម​ជិត​ ២០​ឆ្នាំ​មក​នេះ បច្ចុប្បន្ន​កំពុង​ពង្រីក​ឥទ្ធិពល​នៅ​តំបន់​ការដ្ឋាន​កិន​ថ្ម​យ៉ាង​តឹងរ៉ឹង​ដើម្បី​រឹតត្បិត​មិន​ឱ្យ​ជន​ប្លែក​មុខ និង​អ្នកសារព័ត៌មាន​ចូល​ទៅ​តំបន់​នោះ​ឡើយ​។ អ្នកភូមិ​អះអាង​ថា ក្រុមហ៊ុន​ទាំងនោះ​រួមមាន ក្រុមហ៊ុន ហេង ឆាតខនស្ត្រាក់សិន (Heng Chat Construction Co., Ltd.) ក្រុមហ៊ុន លឹម ម៉េង គ្រុប (LIM MENG GROUP Co., Ltd.) ក្រុមហ៊ុន តាំង ថៃឡុង (Tang Thailong Co., Ltd.) ក្រុមហ៊ុន ធី ឡុង (Thy Long) និង​ក្រុមហ៊ុន​អ្នក​មាន​អំណាច​មួយ​ចំនួន​ទៀត​ដែល​អ្នកភូមិ​ស្គាល់​ឈ្មោះថា ថៅកែ​លី។


ពលរដ្ឋ​រង​ផល​ប៉ះពាល់​ដោយសារ​ការ​ធ្វើ​អាជីវកម្ម​ថ្មភ្នំ​នៅ​ក្រោយ​ផ្ទះ​របស់​ខ្លួន ស្ថិត​ក្នុង​ភូមិ​ប៉ោយស្វាយ ឃុំ​តាគ្រាម ស្រុក​បាណន់ លោក ស សុខុម ឱ្យដឹង​ថា ផល​ប៉ះពាល់​ពី​ការ​បំផ្ទុះ​ភ្នំ​នេះ​បណ្ដាល​ឱ្យ​ផ្ទះ​របស់​លោក​មាន​ការ​ញ័រ និង​ប្រេះ​សាំង​សសរផ្ទះ រួម​នឹង​ជញ្ជាំង​ផ្ទះ​ជាដើម​។ លោក​បន្ត​ថា ផ្ទះ​ដែល​ជួប​បញ្ហា​ទាំងនោះ​ភាគច្រើន​ជា​ផ្ទះ​ដែល​ធ្វើ​ពី​ស៊ីម៉ងត៍ ឬ​ផ្ទះ​សាងសង់​ពី​ថ្ម​ឥដ្ឋ​ខាងក្រោម ចំណែក​ខាងលើ​ធ្វើ​ពី​ឈើ​ជាដើម។

បុរស​វ័យ ៦០​ឆ្នាំ​ប្លាយ​រូប​នេះ​អះអាង​ថា ប្រជាពលរដ្ឋ​ចំនួន ២​ភូមិ​គឺ ភូមិ​តាគ្រាម និង​ភូមិ​ប៉ោយស្វាយ​ដែល​កំពុង​រង​ផល​ប៉ះពាល់ ធ្លាប់​លើក​ឡើង​ពី​បញ្ហា​ទាំងនេះ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ​​មាន​វេទិកា​សាធារណៈ​ម្ដង​ជា​ពីរ​ដង​រួច​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ​ហាក់​មិន​ខ្វល់ខ្វាយ​ដោះស្រាយ​នោះ​ទេ «ផ្ទះ​ខ្ញុំ​ប្រេះ​ច្រើន​ខាងលើ ច្រើន​កន្លែង កន្លែង​ខ្លះទៅ​ក៏​បិទ​វិញ​ទៅ កន្លែង​ខ្លះទៅ​ក៏​នៅ​មាន​ដូច​នៅ​សសរផ្ទះ​ខ្ញុំ​អ៊ី​ហ្នឹង ប្រេះ​ការ៉ូ ប្រេះ​អ៊ី​ហ្នឹង។ ប្រេះ​ការ៉ូ​បិទ​សសរ ហើយ​នៅ​តាម​ជញ្ជាំង​ផ្ទះ​អ៊ី​ហ្នឹង​ក៏​នៅ​មាន​ស្រាំ​ពេញ​តែ​ហ្នឹង ព្រោះ​ពេល​បំផ្ទុះ​ម្ដងៗ សូម្បីតែ​ទ្វា​ដែក​ក្នុង​នេះ​រង្គើ​រវើក​ហ្មង ស័ង្កសី​អី​លាន់ ហើយ​ការ​បំផ្ទុះ​នឹង​មាន​រាល់​ថ្ងៃ»។

លោក ស សុខុម ឱ្យ​ដឹង​ថា ការ​បំផ្ទុះ​ភ្នំ​នេះ​មាន​តាំងពី​ឆ្មាំ​២០០៥ ប៉ុន្តែ​កាល​នោះ ​ក្រុមហ៊ុន​ចាប់ផ្ដើម​បំផ្ទុះ​នៅ​ទិស​ខាងលិច​ ដែល​មិនសូវ​ញ័រ​ដល់​ផ្ទះ​របស់​លោក។ ដោយឡែក ៣​ឆ្នាំ​ចុង​ក្រោយនេះ​ ស្រទាប់​ភ្នំ​កាន់តែ​ស្ដើង​ទៅ​បន្តិច​ម្ដងៗ ធ្វើ​ឱ្យ​ញ័រ​ប៉ះពាល់​ផ្ទះ​ពលរដ្ឋ​ជាច្រើន​គ្រួសារ​។ លោក​បន្ត​ថា កន្លងទៅ​ពលរដ្ឋ​ធ្លាប់​តវ៉ា​បិទផ្លូវ​ម្ដង​ហើយ ដោយសារតែ​ក្រុមហ៊ុន​ដឹក​ថ្ម​បង្ក​ឱ្យ​ហុយ​ដី និង​សំឡេង​រំខាន​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ ហើយ​ក្រោយ​មក​ក៏បាន​ដោះស្រាយ ដោយ​ធ្វើ​ផ្លូវ​កៅស៊ូ។ ចំណែក​បញ្ហា​ញ័រ​ដី​ប៉ះពាល់​ផ្ទះ​ពលរដ្ឋ​នេះ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ៖ «សំណូមពរ​របស់ខ្ញុំ​គ្រាន់តែ​ចង់ឱ្យ​ការ​បំផ្ទុះ​ហ្នឹង​កុំឱ្យ​វា​ញ័រ​ខ្លាំង​កាត់បន្ថយ​ការ​បំផ្ទុះ​ឱ្យ​នៅ​តិច​ជាង​ហ្នឹង ឬក៏​មិន​បំផ្ទុះ​បាន​រឹតតែ​ល្អ ព្រោះ​ប្រជាពលរដ្ឋ​ប៉ះពាល់​រឿង​ភាព​ញ័រ​នឹង​ច្រើន ច្រើន​គ្នា»។

ស្រដៀង​គ្នា​នេះ​ ពលរដ្ឋ​មា្នក់​ទៀត​ទើបតែ​បញ្ចប់​ការ​សាងសង់​ផ្ទះថ្ម​របស់​ខ្លួន​បានជាង ៣​ខែ ដែល​មាន​កម្ពស់​ពីរ​ជាន់ ជា​អ្នកជិតខាង​ជាប់​របង​ផ្ទះ​ជាមួយនឹង​លោក លោក សុខុម ដែរ​នោះ គឺ​លោក ប៉ុន រំដួល លើកឡើង​ទាំង​ក្ដី​អស់​សង្ឃឹមថា ការ​បំផ្ទុះ​ភ្នំ​យក​ថ្ម​នេះ ធ្វើ​ឱ្យ​លោក ក៏ដូចជា​ពលរដ្ឋ​ផ្សេងទៀត បារម្ភ​ពី​ផ្ទះ​របស់​ខ្លួន​ដែល​សាងសង់​ហើយ​ថ្មីៗ ​រង​ការខូចខាត​។ លោក​បន្ត​ថា ក្រុមហ៊ុន​បាន​បំផ្ទុះ​ថ្ម​រៀងរាល់​ថ្ងៃ ពេល​ខ្លះ​បំផ្ទុះ​ចាប់ផ្ដើម​ពី​ម៉ោង ១​រសៀល ដល់​ម៉ោង ៦​ល្ងាច។

ពលរដ្ឋ​រស់នៅ​ភូមិ​ប៉ោយស្វាយ​រូប​នេះ​បារម្ភ​ថា ពេល​អនាគត​ភ្នំ​ធម្មជាតិ​ ដែល​ធ្លាប់តែ​ជា​កន្លែង​អាស្រ័យ​អនុផល​ព្រៃឈើ​នឹង​រង​ការ​បាត់បង់ រួម​និង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​នឹង​កើត​មាន​ឡើង៖ «វា​ប៉ះពាល់​រឿង​រង្គើ​ផ្ទះ វា​ប្រេះ​ផ្ទះ​ហ្នឹង វា​ប្រេះ​ជាក់ស្ដែង​ដូច​ផ្ទះ​ខ្ញុំ​អីមើល កញ្ជក់​អី​ប្រេះ​អស់​ ហើយ​ណាមួយ​ខ្លាច​តែ​បន្តិច​ទៅ​ខ្លាច​បាញ់ ចេះតែ​បាញ់​មក​ហ្នឹង​អស់​ភ្នំ អស់​អីកាច់​ទំពាំង កាច់​អី​ហូប​ ព្រោះ​ព្រៃ​អស់ហ្នឹង​សុទ្ធតែ​ព្រៃ​យើង​កាច់​ទំពាំង​កាច់​អី​ហូប​។ ហើយ​ឥឡូវ​ឃើញ​គេ​បាញ់​ព័ន្ធៗ ​ភ្នំ​ចង់​អស់​ហើយ​។ ភ្នំ​មួយៗ​ សុទ្ធតែ​របស់​គេ​អស់ហើយ បាញ់​ព័ទ្ធ​របង»។

ឆ្លើយតប​ជុំវិញ​រឿង​នេះ មេឃុំ​តាគ្រាម លោក នៃ ពៅ បដិសេធ​មិន​ឆ្លើយ ហើយ​ចុច​ទូរស័ព្ទ​បិទ​នៅ​ពេល​ដែល​សាកសួរ​ពី​ផល​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ ដោយសារតែ​ការ​ធ្វើ​អាជីវកម្ម​ថ្មភ្នំ​តាគ្រាម។ អភិបាល​ខេត្តបាត់ដំបង លោក សុខ លូ ក៏​មិន​អាច​ទាក់ទង​បាន​ទេ នៅ​ថ្ងៃទី​២៥ ខែសីហា ដោយ​សារ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

ចំណែកប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាត់ដំបង លោក កត បូរ៉ាន ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​យ៉ាង​ខ្លី​ថា មុន​ធ្វើ​អាជីវកម្ម​ក្រុមហ៊ុន​បាន​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន​ពី​ក្រសួង​ពាក់ព័ន្ធ​រួចហើយ មិន​មាន​ផល​ប៉ះពាល់​ណាមួយ​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ។

ទោះជា​យ៉ាងណា មន្ត្រី​សម្របសម្រួល សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) នៅ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ជុំវិញ​បញ្ហា​ធ្វើ​អាជីវកម្ម​ថ្មភ្នំ​តា​គ្រាម​នេះ​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ ជា​រឿង​ចាស់​យូរ​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ​ហាក់​មិន​អើពើ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ​។ លោក​សង្កេត​ឃើញ​ថា ការ​អភិវឌ្ឍ​គ្មាន​បុគ្គល​ណាមួយ​ហាមឃាត់​នោះ​ទេ ប៉ុន្តែ​អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​រក្សា​នូវ​ស្ថិរភាព និង​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​។ លើស​ពី​នេះ លោក​ថា អាជ្ញាធរ​ទាំងនោះ​តែងតែ​រត់​គេច​បញ្ហា​ដោយ​មិន​បាន​ដោះស្រាយ​ជូន​ពលរដ្ឋ​ឱ្យ​បាន​ត្រឹមត្រូវ៖ «អ៊ីចឹង​អាជ្ញាធរ​គាត់​គប្បី​តែ​មាន​វិធានការ​ជាមួយ​នឹង​ក្រុមហ៊ុន​ដើម្បី​ធ្វើ​យ៉ាងម៉េច​ឱ្យ​ដំណើរការ​អភិវឌ្ឍ​វា​អាច​ដំណើរការ​បាន ហើយ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​សុខដុមរមនា កុំឱ្យ​វា​មាន​បញ្ហា ហើយ​បើ​ឃុំ ឬ​ស្រុក​ដោះ​មិន​ចេញ​ទេ យើង​ឋានានុក្រម​គឺ​ខេត្ត​ទៀត យក​បញ្ហា​ទាំង​នោះ​មក​ពិភាក្សា​ជាមួយ​ខេត្ត​មក បើសិនជា​ក្រុមហ៊ុន​នោះ​វា​ធំ​ជាង​ស្រុក ធំ​ជាង​ឃុំ យើង​យក​បញ្ហា​មក​ជាមួយ​ខេត្ត​មក»។

អ្នកភូមិ​ឱ្យ​ដឹង​ថា ភ្នំ​ដែល​គេ​កំពុង​ជីក​គាស់​កាយ​ស្ទើរតែ​បាត់​រូបរាង​រួម​មាន មាន​ភ្នំ​តាគ្រាម ភ្នំ​ថ្ម​ក្រហម ភ្នំ​អន្សែ ភ្នំ​ប៉ើយស្វាយ ភ្នំ​ពពូល ភ្នំ​តាត្រងោល ភ្នំ​គូទឈ្នៀង ភ្នំ​ដូងប្រេង និង​ភ្នំ​គល់​ជាដើម​។ ភ្នំ​ធម្មជាតិ​ទាំងនេះ​គឺ​ប្រភព​ចំណូល​យ៉ាង​សំខាន់​សម្រាប់​ពលរដ្ឋ​រាប់​រយ​គ្រួសារ និង​ធ្លាប់​ផ្តល់​ម្លប់​បៃតង​ស្រស់​ស្អាត​ទាក់ទាញ​ភ្ញៀវ​ទេសចរ ប៉ុន្តែ​បច្ចុប្បន្ន​បាន​ក្លាយជា​ការដ្ឋាន​ជីក​គាស់​កាយ និង​កិន​ថ្ម ដោយមាន​គ្រឿងចក្រ​រាប់​សិប​គ្រឿង ដឹកជញ្ជូន​ថ្ម​ធ្វើ​អាជីវកម្ម​យ៉ាង​គគ្រឹកគគ្រេង​ស្ទើរ​ជា​រៀងរាល់ថ្ងៃ​។ អ្នកស្រុក​បាណន់​ចាត់​ទុក​ភ្នំ​ធម្មជាតិ​ទាំងនោះ​ជា​និមិត្តរូប​ភូមិកំណើត​របស់​ពួកគេ ដែល​ពេលនេះ​កំពុង​ឈាន​ទៅ​រក​ការ​បាត់បង់​ទាំង​ស្រុង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles