ដោយ មាន ឫទ្ធិ
2022.08.30
RFA

(ឆ្វេង) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន (Joe Biden)។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន និង ASEAN Information Center
អ្នកវិភាគលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងនៅតែបរាជ័យក្នុងរឿងព្យាយាមបញ្ចុះបញ្ចូលឱ្យរដ្ឋាភិបាល និងក្រុមអ្នកធ្វើគោលនយោបាយរបស់សហរដ្ឋអាមេរិក ដូរចិត្តឈប់ទាមទារឱ្យកម្ពុជាកែលម្អប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ការលើកឡើងនេះ កើតមានឡើងស្របពេលដែលលោក ហ៊ុន សែន កំពុងបង្កើនយុទ្ធនាការបញ្ចុះបញ្ចូលក្រុមអ្នកធ្វើគោលនយោបាយអាមេរិក តាមរយៈជំនួបទ្វេភាគីដោយផ្ទាល់ជាមួយតំណាងរាស្ត្រប្រចាំរដ្ឋរបស់សហរដ្ឋអាមេរិកមួយចំនួន។
យុទ្ធនាការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបញ្ចុះបញ្ចូលដើម្បីធ្វើយ៉ាងណាកុំឱ្យរដ្ឋាភិបាល ឬក្រុមអ្នកធ្វើគោលនយោបាយរបស់អាមេរិកអនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មជាក់លាក់មកលើមន្ត្រីជាន់ខ្ពស់កម្ពុជា ឬឱ្យឈប់ទាមទារឱ្យកម្ពុជាស្តារប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហាក់កំពុងកម្រើកឡើងវិញហើយ ក្នុងពេលដែលរដ្ឋាភិបាលរបស់លោកបានជះលុយមិនតិចជាង ១លានដុល្លារក្នុងមួយឆ្នាំៗដោយគ្មានកាលកំណត់ដើម្បីជួលក្រុមហ៊ុនបញ្ចុះបញ្ចូលរបស់អាមេរិកឱ្យជួយ។
ការកម្រើកឡើងវិញនេះ កើតមានឡើងមិនយូរប៉ុន្មានក្រោយដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភារបស់អាមេរិកមកពីគណបក្សទាំងពីរក្នុងស្ថាប័នសភាអាមេរិកដឹកនាំដោយសមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពលគឺលោក អេដវឺត ម៉ារឃីយ៍ (Edward Markey) ដែលជាអ្នកផ្តួចផ្តើមធ្វើសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលលោក ហ៊ុន សែន ដោយសារតែរឿងរម្លាយប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្ស ពុករលួយធ្ងន់ធ្ងរ និងរឿងសង្ស័យថា លួចបើកដៃឱ្យកងទ័ពរំដោះប្រជាជនចិន(PLA) ប្រើប្រាស់ផ្ដាច់មុខកំពង់ផែកងទ័ពជើងទឹករាមនៅខេត្តព្រះសីហនុ។ជាក់ស្តែង កាលពីថ្ងៃទី២៩ ខែសីហា ទាំងលោក ហ៊ុន សែន និងទាំងស្ថាប័នសភាឯកបក្សរបស់លោកដឹកនាំដោយអនុប្រធានទី២ នៃរដ្ឋសភា បានជួបពិភាក្សាការងារជាមួយតំណាងរាស្ត្រប្រចាំរដ្ឋមួយចំនួននៅសហរដ្ឋអាមេរិក។ ក្នុងនោះ រួមមាន អ្នកស្រី អេលីហ្សាបេត វេន ដាញ (Elizabeth Van Duyne) តំណាងរាស្ត្រគណបក្សសាធារណរដ្ឋមកពីរដ្ឋតិចសាស់ (Texas) លោក ស្តេហ្វិន ខូហិន (Stephen Cohen) តំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យមកពីរដ្ឋថេនណឺស៊ី (Tennessee) និងតំណាងរាស្ត្រពីរនាក់ទៀតមកពីរដ្ឋវើជីញៀ (Virginia) និងរដ្ឋខេនសាស់ (Kensas)។
លោក ហ៊ុន សែន សរសេរនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោកថា ធ្វើឡើងក្នុងគោលដៅដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ លោក ហ៊ុន សែន អះអាងថា តំណាងរាស្ត្រប្រចាំតិចសាស់ អ្នកស្រី អេលីហ្សាបេត វេនដាញ បានប្រាប់លោកថា ដំណើរទស្សនកិច្ចនេះ គឺដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងឡើងតាមរយៈសក្ដានុពលដែលកំពុងមាន និងតាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។ លោក ហ៊ុន សែន បានឆ្លើយតបថា កម្ពុជា និងសហរដ្ឋអាមេរិកគួរនាំគ្នា «សម្លឹងទៅមុខ» និង «ក្តាប់ឱកាស» កំពុងមានបច្ចុប្បន្នជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ និងអប់រំ ធ្វើជាមូលដ្ឋានដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងឡើង។ លោក ហ៊ុន សែន មិនបានបញ្ជាក់លម្អិតថា តើភាគីទាំងពីរបានពិភាក្សារឿងរដ្ឋាភិបាលរបស់លោកបញ្ចុះបញ្ចូលឱ្យសហរដ្ឋអាមេរិកកុំអនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មជាក់លាក់មកលើរដ្ឋាភិបាលរបស់លោក និងស្នើឱ្យអាមេរិកឈប់ទាមទារឱ្យកម្ពុជាស្តារប្រជាធិបតេយ្យ សិទ្ធិមនុស្ស ព្រមទាំងឈប់ចោទប្រកាន់មកលើកម្ពុជាក្នុងរឿងសង្ស័យលួចចុះកុងត្រាឱ្យកងទ័ពចិនប្រើប្រាស់កំពង់ផែកងទ័ពជើងទឹករាម «ផ្ដាច់មុខ» ដែរឬយ៉ាងណានោះទេ។
វិទ្យុអាស៊ីសេរី កំពុងទាក់ទងតំណាងរាស្ត្រអាមេរិកប្រចាំរដ្ឋតិចសាស់ និងរដ្ឋថេណឺស៊ី ដែលបានជួបលោក ហ៊ុន សែន និងតំណាងរដ្ឋសភាឯកបក្សរបស់លោក ដើម្បីសុំព័ត៌មានលម្អិតជុំវិញដំណើរទស្សនកិច្ចនេះ និងថាតើពួកគេមានបានលើកឡើងពីកង្វល់របស់អាមេរិកក្នុងរឿងស្តារប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងរឿងសង្ស័យវត្តមានកងទ័ពចិននៅកំពង់ផែរាមនេះដែរ ឬយ៉ាងណានោះ។ ក៏ប៉ុន្តែ នៅពុំទាន់មានការឆ្លើយតបណាមួយនៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
អ្នកវិភាគនយោបាយឥតសំចៃមាត់ដែលបច្ចុប្បន្នកំពុងរស់នៅភៀសខ្លួននៅប្រទេសហ្វាំងឡង់ (Finland) ពីការតាមធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន គឺលោក គឹម សុខ ប្រាប់វិទ្យុអាស៊ីសេរីថា លោក ហ៊ុន សែន នឹងនៅតែបរាជ័យមិនអាចបញ្ចុះបញ្ចូលឱ្យរដ្ឋាភិបាល ឬក្រុមអ្នកធ្វើគោលនយោបាយរបស់អាមេរិកដូរចិត្តឈប់អនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្ម ឬកែប្រែគោលនយោបាយឈប់ទាមទារឱ្យកម្ពុជាស្ដារប្រជាធិបតេយ្យ និងកែលម្អសិទ្ធិមនុស្សដដែល បើទោះបីជាមានដំណើរទស្សនកិច្ចនេះក៏ដោយ៖ «លោក ហ៊ុន សែន ដឹងថា ការព្យាយាមបញ្ចុះបញ្ចូលក្នុងកាលៈទេសៈនេះ ពិបាកជោគជ័យខ្លាំងណាស់។ ក៏ប៉ុន្តែ យ៉ាងហោចណាស់ វាមានរូបភាពពីរ។ រូបភាពទីមួយ អាចឃើញជំនួបរវាងរដ្ឋាភិបាលលោក ហ៊ុន សែន ហើយនឹងតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិក គឺលោក ហ៊ុន សែន អាចយកទៅផ្សាយដើម្បីបន្សាបទឹកចិត្តរបស់ប្រជាពលរដ្ឋខ្លះដែរ ឱ្យជឿជាក់លើគាត់ថា គាត់នៅមានទំនាក់ទំនងល្អជាមួយអាមេរិក។ ចំណុចទីពីរ គឺកាលណាមានជំនួបជាមួយតំណាងរាស្ត្រអាមេរិកអ៊ីចឹង ចង់ឬក៏មិនចង់រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏ត្រូវស្តាប់យោបល់ពីតំណាងរាស្ត្រមួយចំនួនដែរ ដើម្បីធ្វើការវាយតម្លៃជាបន្តបន្ទាប់។ ដូច្នេះ ក៏អាចធ្វើឱ្យស្ថានភាពនៃរដ្ឋាភិបាលលោក ហ៊ុន សែន ធូរបន្តិចបន្តួចដែរ។ ក៏ប៉ុន្តែ ឱ្យដល់កម្រិតសហរដ្ឋអាមេរិកគេដកគោលការណ៍របស់គេ ដែលត្រូវទាមទារឱ្យលោក ហ៊ុន សែន ស្តារប្រជាធិបតេយ្យ គឺគេអត់ដកទេ»។
កាលពីថ្ងៃទី១៦ ខែសីហា សមាជិកព្រឹទ្ធសភាអាមេរិក និងជាប្រធានអនុគណៈកម្មាធិការកិច្ចការទំនាក់ទំនងបរទេសប្រចាំតំបន់អាស៊ី-បូព៌ា ប៉ាស៊ីហ្វិក និងសន្តិសុខអ៊ីនធឺណិតអន្តរជាតិ នៃព្រឹទ្ធសភាអាមេរិក លោក អេដវឺត ម៉ារឃីយ៍ (Edward Markey) បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា និងរដ្ឋសភាអាមេរិកទាំងពីរគណបក្សសរុប ៥នាក់ ទៅបំពេញទស្សនកិច្ចនៅកម្ពុជា ជាផ្នែកមួយនៃដំណើរទស្សនកិច្ចទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងនោះរួមមានកោះតៃវ៉ាន់ (Taiwan) កូរ៉េខាងត្បូង កម្ពុជា និងប្រទេសហ្វីលីពីន (The Philippines)។ ក្នុងដំណើរទស្សនកិច្ចពីរថ្ងៃរបស់ពួកលោកមកកាន់កម្ពុជា គណៈប្រតិភូទាំងនេះបានជួបជាមួយមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ក្រុមមេដឹកនាំសង្គមស៊ីវិលវ័យក្មេងនៅកម្ពុជាមួយចំនួន និងតំណាងស្ថាប័នរដ្ឋសភា និងរដ្ឋាភិបាលកម្ពុជា។ ក៏ប៉ុន្តែ ពួកលោកមិនបានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ។ សមាជិកព្រឹទ្ធសភាលោក អេដវឺត ម៉ារឃីយ៍ និងក្រុមសមាជិករដ្ឋសភាអាមេរិកបួនរូបទៀត បានទទូចឱ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះលែងអ្នកទោសនយោបាយនៅកម្ពុជាទាំងអស់ ក្នុងនោះក៏រួមមានទាំងសកម្មជនសិទ្ធិមនុស្ស និងជាមេធាវីសញ្ជាតិខ្មែរ-អាមេរិកាំង គឺកញ្ញា សេង ធារី ផងដែរ ដោយធានាថា អ្នកទោសនយោបាយទាំងនោះអាចចូលរួមដោយសេរីនៅក្នុងការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខនេះ។ ក្រុមសមាជិកព្រឹទ្ធសភា និងរដ្ឋសភាអាមេរិក ក៏បានលើកឡើងពីកង្វល់នានាពាក់ព័ន្ធនឹងរឿងរ៉ាវដែលសង្ស័យថា កម្ពុជាលួចអនុញ្ញាតឱ្យកងទ័ពរំដោះប្រជាជនចិនប្រើប្រាស់កំពង់ផែកងទ័ពជើងទឹករាមផ្ដាច់មុខ។ ដំណើរទស្សនកិច្ចកើតឡើងស្របពេលដែលគណៈកម្មាធិការទំនាក់ទំនងកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិកបានសម្រេចបញ្ជូនសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មជាក់លាក់លើមន្ត្រីកម្ពុជា ឬច្បាប់ស្ដីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា ឆ្នាំ២០២២ (S.3052) ទៅព្រឹទ្ធសភាពេញអង្គរបស់អាមេរិកអនុម័ត កាលពីថ្ងៃទី១៩ ខែកក្កដា។
បើទោះបីជារឿយៗលោក ហ៊ុន សែន តែងប្រើវោហារសាស្ត្រឌឺដង មិនខ្លាច ឬពន្យុះឱ្យសហរដ្ឋអាមេរិកប្រញាប់ធ្វើច្បាប់ដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលលោកយ៉ាងណាក្តី ក៏នៅពីក្រោយឆាកឯកណោះវិញ មន្ត្រីរបស់លោក ជាពិសេសមន្ត្រីឯកអគ្គរាជទូតរបស់លោកប្រចាំសហរដ្ឋអាមេរិក បានខ្វាត់ខ្វែងចាត់ចែងជួលក្រុមហ៊ុនអាមេរិកាំងឱ្យជួយបញ្ចុះបញ្ចូលមន្ត្រីរដ្ឋាភិបាលសហព័ន្ធអាមេរិក និងក្រុមអ្នកធ្វើគោលនយោបាយអាមេរិកាំងកុំឱ្យធ្វើច្បាប់ដាក់ទណ្ឌកម្មលើរដ្ឋាភិបាលរបស់លោក។
ជាក់ស្តែង ក្នុងឆ្នាំ២០២២នេះ រដ្ឋាភិបាលលោក ហ៊ុន សែន បានជួលក្រុមហ៊ុនមេធាវីអាមេរិកាំងឈ្មោះថា ក្រុមហ៊ុន អាឃីន ហ្គាំ (AKIN GUMP STRAUSS HAUER & FELD LLP) ដែលជាក្រុមហ៊ុនអាមេរិកាំងល្បីឈ្មោះមួយ ឱ្យជួយធ្វើយុទ្ធនាការបញ្ចុះបញ្ចូលក្រុមអ្នកធ្វើគោលនយោបាយអាមេរិក ក្នុងរយៈពេលពេញមួយឆ្នាំ២០២២នេះ។ កិច្ចព្រមព្រៀងរវាងភាគីទាំងពីរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានឹងត្រូវបង់ថ្លៃចំនួន ៦ម៉ឺនដុល្លារក្នុងមួយខែ គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ស្មើនឹងទឹកប្រាក់សរុប ៧សែន ២ម៉ឺនដុល្លារ (៧២០.០០០) ជាថ្នូរនឹងការផ្តល់សេវាកម្មប្រឹក្សាក្នុងអ្វីមួយដែលភាគីទាំងពីរអះអាងថា ដើម្បី «កសាងនូវការយល់ដឹងអំពីគ្នាកាន់តែប្រសើរឡើង និងគូសបញ្ជាក់ពីវិស័យដែលជាចំណាប់អារម្មណ៍រួមដើម្បីកសាងទំនាក់ទំនងថ្មី» ដែលនឹងជួយធ្វើឱ្យជឿនលឿនទៅមុខនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក។
បន្ថែមពីលើនេះ កាលពីខែកញ្ញា ឆ្នាំ២០២១ អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកលោក ជុំ សុន្ទរី បានចុះហត្ថលេខាជួលក្រុមហ៊ុនអាមេរិកមួយឈ្មោះ ខ័រវីស (Qorvis LLC) ក្នុងតម្លៃជិត ៧ម៉ឺនដុល្លារក្នុងមួយខែ ដោយគ្មានកាលកំណត់ ឱ្យជួយផ្តល់សេវាកម្មទំនាក់ទំនងជាយុទ្ធសាស្ត្រ និងទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយនៅអាមេរិក ក្នុងគោលដៅលើកកម្ពស់ការយល់ដឹងជាសាធារណៈ ការធ្វើដំណើរ និងវិស័យទេសចរណ៍នៅកម្ពុជា។
ការជួលក្រុមហ៊ុនអាមេរិកាំងទាំងនេះ មិនមែនជារឿងរ៉ាវថ្មីថ្មោងសម្រាប់រដ្ឋាភិបាលកម្ពុជានោះទេ។ កាលពីឆ្នាំ២០១៨ ក្រោយបានរៀបចំព្រឹត្តិការណ៍បោះឆ្នោតដែលរងនូវការរិះគន់ថា ជាការបោះឆ្នោត «ក្លែងក្លាយ» រួចមក និងក្រោយបានជម្នះប្រសូតរដ្ឋាភិបាលអាណត្តិទី៦ ខ្វះភាពស្របច្បាប់រួចមក រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចំណាយលុយមិនតិចជាង ១លាន ២សែនដុល្លារក្នុងមួយឆ្នាំៗ ជួលក្រុមហ៊ុនអាមេរិកឱ្យជួយបញ្ចុះបញ្ចូលរដ្ឋាភិបាល និងសភាអាមេរិក កុំឱ្យធ្វើច្បាប់ដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលរបស់លោក។ ក្រុមហ៊ុនអាមេរិកាំងដែលត្រូវរដ្ឋាភិបាលលោក ហ៊ុន សែន ជួលកាលពីពេលនោះ រួមមានក្រុមហ៊ុន ប៉ាករីម ប្រ៊ីជីស (PacRim Bridges) និងក្រុមហ៊ុនប្រោនស្តាញ ហៃយ៉ាត់ ហ្វាប៊័រ ស្រិក (Brownstein Hyatt Farber Schreck) ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។