ដោយ សុជីវី
2022.08.30
RFA

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn)។ រូប៖ ធ្វីតទ័រ Patrick Murphy
ទាក់ទងនឹងអនុសាសន៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) នេះដែរ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាជំរុញឱ្យអាជ្ញាធរកម្ពុជាកែលម្អស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យតាមសំណើអ្នករាយការណ៍ពិសេសរូបនេះ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (W. Patrick Murphy) បានសរសេរនៅលើធ្វីតធឺ (Twitter) របស់លោក កាលពីល្ងាចថ្ងៃទី២៩ ខែសីហា ថា លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន ជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្ស ដែលជាមនុស្សឯករាជ្យ និងគួរឱ្យគោរព។
Professor Vitit Muntarbhorn is the highly respected, independent UN Special Rapporteur on the human rights situation in #Cambodia. Authorities should support his recommendations to improve the situation, open up civil & political space, and pave the way for democratic reform. pic.twitter.com/SeKrjkhxc8
— Ambassador W. Patrick Murphy (@USAmbCambodia) August 29, 2022
លោក ប៉ាទ្រីក ម័រហ្វី បន្តថា អាជ្ញាធរគួរតែគាំទ្ររាល់អនុសាសន៍របស់លោក វិទិត មុនតាប៊ន ដោយកែលម្អស្ថានភាព បើកចំហលំហសិទ្ធិពលរដ្ឋ និងនយោបាយ និងបើកផ្លូវឱ្យមានកំណែទម្រង់ប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
អ្នករាយការណ៍ពិសេសទទួលបន្ទុកផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក វិទិត មុនតាប៊ន ទើបបញ្ចប់បេសកកម្មអង្កេតស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា រយៈពេល១១ ថ្ងៃរបស់លោកកាលពីថ្ងៃសុក្រទី២៦ ខែសីហានេះ។ លោកបានផ្ដល់អនុសាសន៍ជាផែនការកែលម្អសិទ្ធិមនុស្សចំនួន១០ ចំណុច ដែលរួមមានស្នើបើកលម្ហសង្គមស៊ីវិល និងនយោបាយ ដោយរាប់បញ្ចូលទាំងការលុបចោល និងកែទម្រង់ច្បាប់ទាំងឡាយមានលក្ខណៈរឹតត្បិតធ្ងន់ធ្ងរ បញ្ឈប់ការធ្វើទុក្ខបុកម្នេញមកលើគណបក្សប្រឆាំង ក្រុមអ្នកការពារសិទ្ធិមនុស្ស និងក្រុមអ្នកពាក់ព័ន្ធដទៃទៀត ដោយត្រូវដោះលែង និងទម្លាក់បទចោទទាំងអស់ប្រឆាំងនឹងពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។