ដោយ សេក បណ្ឌិត
2022.09.10
RFA

មេដឹកនាំគណបក្សភ្លើងទៀនជាង ១០០នាក់ ធ្វើពិធីសច្ចាប្រណិធានប្រាសាទអង្គរវត្តខេត្តសៀមរាប កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ដោយសច្ចាថា ស្មោះស្ម័គ្របម្រើពលរដ្ឋ និងស្មោះត្រង់ចំពោះជាតិ។ រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀន
មេដឹកនាំគណបក្សភ្លើងទៀន រួមទាំងសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតគណបក្សនេះ សរុបជាង ១០០នាក់ នាំគ្នាធ្វើពិធីសច្ចាប្រណិធាន នៅប្រាសាទអង្គរវត្ត សច្ចាថា ស្មោះស្ម័គ្របម្រើពលរដ្ឋ និងស្មោះត្រង់ចំពោះជាតិ។ អ្នកឃ្លាំមើលការងារបោះឆ្នោតថ្លែងថា ការសច្ចាប្រណិធាននេះ ជាការប្រតិបត្តិតាមទំនៀមទម្លាប់ខ្មែរ នឹងអាចបន្ថែមទម្ងន់ ពីលើកម្មវិធីនយោបាយរបស់គណបក្សនេះទៀត ដែលធ្វើឲ្យអ្នកគាំទ្រលើគណបក្សភ្លើងទៀនកាន់តែមានជំនឿ។
ពាក្យសច្ចាប្រណិធានរបស់មេដឹកនាំគណបក្សភ្លើងទៀន ថា នឹងធ្វើអ្វីៗ គ្រប់បែបយ៉ាង ដើម្បីការពារទឹកដី របបប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សដោយត្រឹមត្រូវ។ ពួកគេថា នឹងបំពេញការងារដោយស្មោះស្ម័គ្រ និងស្មោះត្រង់ ក្នុងនាមជាមហាគ្រួសារគណបក្សភ្លើងទៀន ដើម្បីមានឱកាសចូលរួមបម្រើជាតិមាតុភូមិ។
អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ឲ្យវិទ្យុអាស៊ីសេរី ថ្ងៃទី៩ ខែកញ្ញាថា គណបក្សភ្លើងទៀន មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងាររបស់ខ្លួនក្នុងបុព្វហេតុជាតិមាតុភូមិ។ លោកឲ្យដឹងទៀតថា មុនឈានដល់ការធ្វើពិធីសច្ចាប្រណិធាននេះ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនបានជួបពិគ្រោះយោបល់គ្នា ក្នុងការធ្វើកម្មវិធីនយោបាយគណបក្ស ដោយយកតាមគំរូព្រះមហាក្សត្រ និងបុព្វបុរសខ្មែរ៖ «ជាការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ក្នុងការតស៊ូ ដើម្បីប្រទេសជាតិ ចំពោះមុខវិញ្ញាណក្ខន្ធរបស់ព្រះមហាវីរក្សត្រ ដែលយើងស្មោះត្រង់ចំពោះជាតិរបស់យើងស្មោះត្រង់នឹងពលរដ្ឋរបស់យើងក្នុងការតស៊ូនេះគឺ ដើម្បីផលប្រយោជន៍ជាតិមាតុភូមិរបស់យើងតែប៉ុណ្ណោះទេ»។
មេដឹកនាំគណបក្សភ្លើងទៀន ធ្វើសច្ចាប្រណិធាន ពេលនេះក្រោយគណបក្សនេះ ដណ្ដើមកៅអីក្រុមប្រឹក្សាឃុំសង្កាត់ជាង ២.០០០កន្លែងទូទាំងប្រទេសក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៥ ខែមិថុនា ដែលជាការប្រកួតមួយពោរពេញដោយការគាបសង្កត់ និងការធ្វើទុក្ខបុកម្នេញពីអាជ្ញាធររដ្ឋ។
សមាជិកក្រុមប្រឹក្សាសង្កាត់ជាប់ឆ្នោតគណបក្សភ្លើងទៀនម្នាក់ លោក ឃឿន វីរ៉ាត់ ដែលបានចូលរួមពិធីស្បថនេះដែរ លើកឡើង ថា លោកមានឆន្ទៈដូចទៅនឹងឆន្ទៈរួមរបស់គណបក្សនេះដែរ គឺក្នុងការធ្វើដំណើរទៅចូលរួមការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។ លោក ឃឿន វីរ៉ាត់ ថា ក្នុងនាមលោកអ្នកបម្រើពលរដ្ឋ ដែលទទួលបានតំណែងតាមរយៈសន្លឹកឆ្នោតរបស់ពលរដ្ឋ លោកនឹងព្យាយាមបំពេញការងារ ដើម្បីបម្រើប្រយោជន៍ពលរដ្ឋ៖ «ចង់ឲ្យប្រជាពលរដ្ឋរស់នៅក្នុងជីវភាពមួយ ដែលទទួលយកទាំងអស់គ្នា ទាំងអ្នកមានក៏រស់បាន ទាំងអ្នកក្រក៏រស់បានទាំងបក្សកាន់អំណាច ក៏រស់បានទាំងបក្សប្រឆាំង ក៏រស់បានមិនយកខ្មែរណាជាសត្រូវ»។
មេដឹកនាំគណបក្សភ្លើងទៀនជាង១០០នាក់ ដែលបានទៅធ្វើពិធីសច្ចាប្រណិធានប្រាសាទអង្គរវត្តខេត្តសៀមរាប កាលពីថ្ងៃទី៨ ខែកញ្ញា រួមមាន ប្រធានគណបក្ស អនុប្រធាន ប្រធានក្រុមការងារតាមបណ្ដាខេត្ត និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សនេះ ។ ក្រៅពីការធ្វើសច្ចាប្រណិធាន គណបក្សភ្លើងទៀន ក៏ធ្វើពិធីរំលឹកគុណអតីតវរមហាក្សត្រ និងមហាបុព្វបុរសខ្មែរផងដែរ។
ទោះយ៉ាងណាក្ដី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយអ្នកនយោបាយ ដែលឈានដល់នាំគ្នាទៅស្បថបែបនេះ ជាអ្នកនយោបាយអស់ សង្ឃឹម។ លោកថ្លែងបែបចំអកទៀតថា គណបក្សភ្លើងទៀន អាចមានវាសនា ដូចគណបក្សសង្គ្រោះជាតិដែរ ដែលនឹងបាត់វត្តមានពីទីលានការប្រកួតប្រជែងនយោបាយនៅកម្ពុជា៖ «ភ្លើងទៀន និងអតីតសង្គ្រោះជាតិ មិនខុសគ្នាទេ គឺតែមួយ អ៊ីចឹងទេ ទៅស្បថនៅអង្គរវត្តសុទ្ធតែចាញ់សម្បថនៅអង្គរវត្ត ទាំងអស់ អ៊ីចឹងបានរលាយ ចាំមើលៗ ឲ្យតែស្បថញយបន្តិចរលាយដូចគ្នា ហ្នឹងហើយកាលសង្គ្រោះជាតិទៅស្បថហ្នឹងសុទ្ធតែជំរុញឆន្ទៈ ជំរុញឆន្ទៈទាក់ឆាន់បណ្ដោយ»។
ចំណែក នាយក ប្រតិបត្តិ អង្គការ ឃ្លាំមើល ការ បោះឆ្នោត នៅ កម្ពុជា ហៅ កាត់ ថា និចហ្វិច (Nicfec) លោក សំ គន្ធាមី យល់ថា ការធ្វើពិធីសច្ចាប្រណិធានរបស់មេដឹកនាំគណបក្សភ្លើងទៀនពេលនេះ គឺនឹងធ្វើគណបក្សកើនប្រជាប្រិយភាពទៅវិញទេ។ លោកបន្តថា ការធ្វើពិធីសាសនានេះ ការជាបន្ថែមទម្ងន់លើកម្មវិធីនយោបាយរបស់គណបក្សភ្លើងទៀនបន្ថែមទៀត ដែលជាការផ្ដល់ទំនុកចិត្តកាន់តែខ្ពស់ដល់អ្នកគាំទ្ររបស់គណបក្សនេះ៖ «ជាការល្អហើយ ព្រោះកម្មវិធីនយោបាយគណបក្សគាត់ (គណបក្សភ្លើងទៀន) មានស្រាប់ហើយណា តាមប្រពៃណីខ្មែរជំនឿគេច្រើនធ្វើពិធីបន់ស្រន់ សច្ចាប្រណិធាន ឲ្យព្រះជាសាក្សីដឹងឮអ៊ីចឹងណា បន្ថែមពីលើកម្មវិធីនយោបាយទៀត នេះដែលធ្វើឲ្យអ្នកគាំទ្រ កាន់តែមានជំនឿមាំជាងមុនខ្លាំងជាងមុន»។
លោក សំ គន្ធាមី យល់ថា ដើម្បីឲ្យគណបក្សក្លាយជាគណបក្សផ្ដល់ក្ដីសង្ឃឹមដល់ពលរដ្ឋ គឺទាមទារឲ្យគណបក្សនេះ ធ្វើសកម្មភាពជាក់ស្ដែងក្នុងការបម្រើពលរដ្ឋ ឲ្យកាន់តែសកម្មថែមទៀត និងការមានកិច្ចសហការល្អជាមួយគណបក្សនានា រួមទាំងគណបក្សគណបក្សកាន់អំណាចផងដែរ។
គណបក្សភ្លើងទៀន ដែលមានការចូលរួមពីអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ បានក្លាយជាគណបក្ស ប្រឆាំងទី១ ដែលទទួលសំឡេងឆ្នោតជាង ៦០ម៉ឺនសំឡេង ជាសំឡេងច្រើនជាងគេក្នុងការបោះឆ្នោតថ្នាក់ក្រោមជាតិកាលពីពេលថ្មីៗ នេះ ក្នុងចំណោមគណបក្សនយោបាយនានា រួមទាំងគណបក្ស ដែលកើតចេញអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ។ គណបក្សនេះរក្សាជំហរចូលរួមប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចក្នុងការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។