ដោយ មាន ឫទ្ធិ
2022.10.03
RFA

លោក ហ៊ុន សែន ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ ៣,៨៦៦នាក់កាលពីព្រឹកថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុក SPM
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកទឹកចិត្តឱ្យធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសរឹបអូសទ្រព្យសម្បត្តិរបស់អ្នកនយោបាយបក្សក្រៅរដ្ឋាភិបាលដែលលោកចោទថា ពួកគេដើរឃោសនារកសំឡេងឆ្នោតមិនឱ្យពលរដ្ឋសងប្រាក់ដល់ស្ថាប័នកម្ចីត្រឡប់មកវិញ។ ប៉ុន្តែមន្រ្តីជាន់ខ្ពស់បក្សភ្លើងទៀនយល់ថា សារគំរាមកំហែងនេះ គឺជាការកេងចំណេញនយោបាយ ហើយអ្វីដែលលោក ហ៊ុន សែន ត្រូវដោះស្រាយចាំបាច់ គឺរកមធ្យោបាយដោះស្រាយបញ្ហាដើម្បីឱ្យពលរដ្ឋរួចផុតពីបំណុលវ័ណ្ឌក។
លោក ហ៊ុន សែន ហាក់ខឹងសម្បារនឹងមតិរិះគន់លើរូបលោករឿងយកប័ណ្ណក្រីក្រធ្វើជាមធ្យោបាយឃោសនារកសំឡេងឆ្នោតពីពលរដ្ឋជូនគណបក្សប្រជាជនកម្ពុជាមុនការបោះឆ្នោត ដោយលោកបញ្ជាក់ថា នាយករដ្ឋមន្រ្តីមានសិទ្ធិដាក់ចេញបទបញ្ជា និងអនុវត្តនយោបាយផ្តល់ប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋ។ ឆ្លើយបតនឹងមតិរិះគន់នេះ ថ្លែងក្នុងពិធីប្រគល់សញ្ញាប័ត្រឱ្យនិស្សិតជិត៤ពាន់នាក់នៅរាជធានីភ្នំពេញនាថ្ងៃទី០៣ ខែតុលា លោក ហ៊ុន សែន លើកទឹកចិត្តឱ្យស្ថាប័នតុលាការ និងអាជ្ញាធរពាក់ព័ន្ធត្រូវរឹបអូសទ្រព្យសម្បត្តិរបស់មន្ត្រីគណបក្សនយោបាយដែលដើរឃោសនារកសំឡេងឆ្នោតដោយមិនឱ្យប្រជាពលរដ្ឋសងបំណុលទៅធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះ៖ «ក្នុងនាមខ្ញុំជានាយករដ្ឋមន្រ្តីដាក់ចេញនូវបទបញ្ហានិងអនុវត្តនយោបាយដាក់ប័ណ្ណក្រីក្រខ្ញុំមានសិទ្ធិនិយាយអ្នកឯងរាល់ថ្ងៃដើរនិយាយដើរខ្សិបខ្ញុំនិយាយដាក់ក្បាលមេក្រូហើយពួកអ្នកឯងកំពុងនិយាយពីអីកន្លងខ្លះចាំមើលទៅអ្នកខ្លះទៅសន្យាថាពេលឈ្នះធ្វើមេឃុំកុំសងធនាគារអហ្នឹងជាមុខសញ្ញាដែលធនាគារត្រូវរឹបអូស។ មានទាំងអយ្យការមានទាំងព្រះរាជអាជ្ញាមានទាំងនគរបាលទៅរឹបអូសទៅយកមុនទៅកុំលេងខូចពេកមើល»។
កន្លងមកប្រមុខរដ្ឋាភិបាលកម្ពុជាតែងតែលើកឡើងនូវសារនយោបាយបែបនេះ។ លោក ហ៊ុន សែន ធ្លាប់លើកទឹកចិត្តឲ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រឹបអូសទ្រព្យសម្បត្តិកូនបំណុលណាដែលចេញមុខតវ៉ាសុំផ្អាកសងបំណុល បើពួកគេធ្វើតាមការឃោសនារបស់មេដឹកនាំគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ដែលធ្លាប់អំពាវនាវឲ្យផ្អាកសងបំណុលទាំងការទាំងដើមរយៈពេល ៣ខែ ទៅ៦ខែ ឬចាំពេលមានលទ្ធភាពទើបបន្តសងដោយសារវិបត្តិជំងឺកូវីដ។
ឆ្លើយតបរឿងនេះ អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា យល់ថា សារនយោបាយដែលចោទប្រកាន់ខុសពីការពិត គឺជាការមួលបង្កាច់កេរិ៍ឈ្មោះគូប្រគួតប្រជែងរបស់ខ្លួន ដើម្បីទាញយកផលប្រយោជន៍នយោបាយនៅមុនការបោះឆ្នោត។ លោកអះអាងថា កន្លងមកគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតឃុំសង្កាត់ ដោយមិនបានឃោសនាឱ្យពលរដ្ឋផ្អាកសងបំណុលទៅធនាគារដូចការលើកឡើងរបស់លោក ហ៊ុន សែន ឡើយ។ ផ្ទុយទៅវិញលោក ថាច់ សេដ្ឋា បញ្ជាក់ថា គណបក្សរបស់លោកមានគោលនយោបាយជំរុញដល់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបញ្ចុះការប្រាក់ ផ្តល់ប្រឹក្សាយោបល់ និងបញ្ចៀសការរឹបអូសព្រទ្យសម្បត្តិរបស់ពលរដ្ឋ ដើម្បីពួកគាត់មានជីវភាពល្អប្រសើរ និងមានលទ្ធភាពសងត្រឡប់ទៅវិញ៖ «គេហៅថានីតិរដ្ឋឬគោរពច្បាប់មិនមែនស្ថិតនៅលើបបូរមាត់ហើយបញ្ជាទេតើការជំពាក់បំណុលការរឹបអូសហ្នឹងវាមានលក្ខខណ្ឌអ្វីខ្លះដែលឈានទៅដល់ការរឹបអូសទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋហ្នឹង? តើការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលត្រឹមត្រូវឬទេឬមួយបណ្តោយឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឬធនាគារយកការប្រាក់តាមតែអំពើចិត្តធ្វើបាបប្រជាពលរដ្ឋឱ្យក្រីក្រហើយទៅរឹបអូសយកតើវាត្រឹមត្រូវស្របច្បាប់ទេ?»។
កន្លងមក គណបក្សប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិល ធ្លាប់ចេញសេចក្តីថ្លែងការណ៍បង្ហាញការព្រួយបារម្ភស្រដៀងគ្នាថា ប្រសិនបើរដ្ឋាភិបាលមិនចាត់វិធានការជាក់លាក់ និងម៉ឺងម៉ាត់ ដើម្បីធានាឲ្យមានការពន្យារពេល ព្យួរ ឬផ្អាកការសងបំណុលទាំងប្រាក់ដើម និងការប្រាក់របស់ប្រជាពលរដ្ឋដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាពពេញលេញទេ នឹងធ្វើឱ្យជីវភាពរស់នៅ សុខភាព និងសុវត្ថិភាពកម្មសិទ្ធិដីធ្លីរួមទាំងផ្ទះ សម្បែងរបស់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ ប្រឈមនឹងហានិភ័យខ្ពស់ ហើយអាចនឹងកើតមានវិបត្តិសង្គមផ្សេងៗ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូលោក អំ សំអាត មានប្រសាសន៍ថា សារព្រមាននេះមិនមែនជាលើកទីមួយនោះទេ។ លោកមើលឃើញថា អំឡុងពេលការរីករាលដាលជំងឺកូវីដ១៩ រដ្ឋាភិបាលក៏ធ្លាប់ណែនាំឱ្យធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដោះស្រាយបញ្ហាបំណុលដោយរៀបចំកម្ចីឡើងវិញដែរ។ ប៉ុន្តែលោកបញ្ជាក់ថា អង្គការសង្គមស៊ីវិល និងស្ថាប័នអន្តរជាតិបានរកឃើញថា ប្រជាពលរដ្ឋ ដែលបានខ្ចីប្រាក់ពីស្ថាប័នផ្ដល់ប្រាក់កម្ចីត្រូវលក់ដី និងផ្ទះដោយការបង្ខំ ដោយសារតែជាប់បំណុលវ័ណ្ឌក និងមិនមានការយោគយល់ពីស្ថាប័នទាំងនោះដែលត្រូវកែទម្រង់បញ្ហានេះឱ្យបានឆាប់៖ «យើងខ្ញុំជាអង្គការសង្គមស៊ីវិលយើងមិនពាក់ព័ន្ធផ្នែកនយោបាយណាមួយទេគឺអ្វីដែលយើងរកឃើញហ្នឹងគឺដំណោះស្រាយយើងធ្វើយ៉ាងមិចដើម្បីឱ្យមានការដោះស្រាយលើអតិថិជនដែលត្រូវបានរំលោភបំពានសិទ្ធិមនុស្សរបស់គាត់ហ្នឹងហើយកែទម្រង់ធ្វើមិចកុំបញ្ហាហ្នឹងកើតឡើងតទៅទៀតបាទ»។
កាលពីខែកញ្ញា អង្គការលីកាដូ និងអង្គការសមធម៌កម្ពុជា រួមជាមួយអង្គការ ហ្វីអាន (FIAN) នៃប្រទេសអាល្លឺម៉ង់ (Germany) បានបង្ហាញរបាយការណ៍ស្រាវជ្រាវថា ប្រជាពលរដ្ឋខ្មែរជាង ១៦ម៉ឺននាក់ (១៦៧,០០០នាក់) កំពុងលក់ដី ដើម្បីបង់សងកម្ចីឥណទានក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ របាយការណ៍ដដែលបង្ហាញទៀតថា អ្នកខ្ចីប្រាក់ជាច្រើនបានរងគ្រោះពីការរំលោភលើសិទ្ធិមនុស្ស ហើយពួកគេទាំងនោះជាញឹកញាប់ត្រូវកាត់បន្ថយបរិភោគ និងបញ្ឈប់ការសិក្សារបស់កូនៗ ហើយបង្ខំឱ្យទៅធ្វើការដើម្បីរកប្រាក់មកសងបំណុលធនាគារ។
ការសិក្សាដែលធ្វើឡើងដោយអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានសម្រាប់ការអភិវឌ្ឍ និងសន្តិភាព ហៅកាត់ថា អាយ.អិន.អ៊ី.អេហ្វ នៃសកលវិទ្យាល័យមួយ (University of Duisburg-Essen) នៅប្រទេសអាល្លឺម៉ង់ ស្តីពី «មីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ ការអភិវឌ្ឍ បញ្ហាប្រឈម និងអនុសាសន៍» ឆ្នាំ២០២២ បង្ហាញថា រវាង២៥% ទៅ៥០% នៃពលរដ្ឋជិត ៣លានគ្រួសារ ( ២.៨លានគ្រួសារ) កំពុងជាប់បំណុលវ័ណ្ឌក ខណៈស្ថាប័នផ្តល់ប្រាក់កម្ចីទទួលបានប្រាក់ចំណេញរាប់រយលានដុល្លារជារៀងរាល់ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។