ដោយ ទីន ហ្សាការីយ៉ា
2022.10.04
RFA

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។រូប៖ ពលរដ្ឋផ្ដល់ឲ្យ
សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅអ្នកនាំពាក្យបក្សកាន់អំណាច មន្រ្តីសង្គមស៊ីវិល និងមនុស្សមួយចំនួនទៀតចូលបំភ្លឺក្នុងសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា។ មេធាវីការពារក្ដីលោក កឹម សុខា រំពឹងថា តាមនីតិវិធីនៅពេលមានការកោះហៅសាក្សី ជាសញ្ញាបញ្ជាក់ថា សវនាការជិតដល់ទីបញ្ចប់ហើយ ប៉ុន្តែមន្ត្រីសិទ្ធិមនុស្សថា បើមានសាក្សីដាក់បន្ទុកឆ្លើយចោទប្រកាន់លោកកឹម សុខា អាចទាញសំណុំរឿងឱ្យកាន់តែវែងឆ្ងាយថែមទៀត។
សាក្សីដែលតុលាការកោះហៅឱ្យចូលបំភ្លឺសំណុំរឿងលោក កឹម សុខា មានទាំងសក្សីដាក់បន្ទុក និងសាក្សីដោះបន្ទុក ដែលក្នុងនោះរួមមាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក ឈឹម ផលវរុណ នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអ្នកស្រី ចក់ សុភាព និងមនុស្សមួយចំនួនទៀតទាក់ទងនឹងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ រួមទាំងសកម្មជនគណបក្សសង្គ្រោះជាតិ ដែលធ្លាប់បានចូលរួមវគ្គបណ្ដុះបណ្ដាលពីអង្គការនានា នាពេលកន្លងមក។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក ឈឹម ផលវរុណ ឱ្យវិទ្យុអាស៊ីសេរីដឹងថា តុលាការបានកោះហៅលោកឱ្យទៅបំភ្លឺជាសក្សីក្នុងសំណុំរឿងលោក កឹម សុខា ថ្ងៃទី៥ ខែតុលាការ។ លោកអះអាងថា លោកនឹងឆ្លើយតែពាក្យពិតប្រាប់តុលាការពីអ្វីដែលលោកបានដឹងពីទង្វើរបស់លោកកឹម សុខា៖ «មានអីពិបាកនៅពេលចៅក្រមគាត់សួរ ខ្ញុំដឹងខ្ញុំឆ្លើយថា ហើយដឹងត្រឹមណាខ្ញុំឆ្លើយហ្នឹង ខ្ញុំអត់ឆ្លើយលើសអត់ឆ្លើយខ្វះ ភារកិច្ចសាក្សីមានតែប៉ុណ្ណឹង»។
អ្នកនាំពាក្យគណបក្សកាន់អំណាចលោក ឈឹម ផលវរុណ ធ្លាប់ជាអតីតសហការីរបស់លោក កឹម សុខា កាលពីលោក កឹម សុខា ធ្វើជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
ចំណែកសាក្សីម្នាក់ទៀត នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអ្នកស្រី ចក់ សុភាព ក៏ត្រូវបានតុលាការកោះហៅឱ្យចូលបំភ្លឺនៅថ្ងៃទី៥ តុលាពេលខាងមុខដែរ។ វិទ្យុអាស៊ីសសេរីមិនអាចសុំការបំភ្លឺពីអ្នកស្រីចក់ សុភាព បានទេ នៅថ្ងៃទី៤ ខែតុលា។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលរូបនេះសរសេរលើទំព័រហ្វេសប៊ុកអ្នកស្រីថា ដីកាកោះចំពេលអ្នកស្រីត្រូវជាប់បេសកកម្មទៅក្រៅប្រទេស ដែលជាកិច្ចប្រជុំសំខាន់។ ទោះយ៉ាងណា អ្នកស្រីបង្ហាញជំហរថា នឹងចូលរួមឆ្លើយតបតាមការកោះហៅ។
អ្នកស្រី ចក់ សុភាព ក៏ធ្លាប់ចូលបំភ្លឺក្នុងនាមជាសាក្សីក្នុងសំណុំរឿងលោកកឹម សុខា ដែរកាលពីសំណុំរឿងនេះ ស្ថិតក្នុងដំណាក់កាលស៊ើបសួរ។ ជុំវិញរឿងនេះដែរ វិទ្យុអាស៊ីសេរីមិនអាចសុំបំភ្លឺបន្ថែមពីប្រធានលេខាធិការដ្ឋានសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ បានទេនៅថ្ងៃទី៤ ខែតុលា។
ចំណែក មេធាវីការពារក្ដីលោក កឹម សុខា មួយរូប គឺលោកមេធាវី ផែង ហេង ឱ្យវិទ្យុអាស៊ីសេរីដឹងថា តុលាការបានកោះហៅសាក្សីដែលចូលបំភ្លឺក្នុងសវនាការថ្ងៃទី៥ ខែតុលា ខាងមុខ ជាសាក្សីដែលមានលំនៅដ្ឋាននៅភ្នំពេញ ចំណែកសាក្សីដែលនឹងត្រូវចូលបំភ្លឺនាថ្ងៃទី១២ ខែតុលាខាងមុខ ជាសាក្សីដែលមានលំនៅដ្ឋានតាមខេត្ត។ លោកមេធាវីឱ្យដឹងទៀតថា តាមនីតិវិធី ការកោះហៅសាក្សីមកឆ្លើយបំភ្លឺនៅពេលនេះ ដើម្បីឱ្យតុលាការស្ដាប់ចម្លើយសាក្សីក្នុងការធ្វើសេចក្ដីសន្និដ្ឋាន។ លោកយល់ថា ប្រសិនបើរឿងក្ដីនេះ ដំណើរការតាមនីតិវិធីសំណុំរឿងលោក កឹម សុខា ឈានជិតដល់ទីបញ្ចប់ហើយ៖ «នៅក្នុងនីតិវិធីមានន័យថា បើនីតិវិធីធម្មតា កាលណាគេ (តុលាការ)ហៅសាក្សីមានន័យថា ជានីតិវិធីចុងក្រោយហើយ បន្ទាប់ពីសាកសួរសាក្សីហើយនឹងឱ្យភាគីសន្និដ្ឋាន បាទបើសិនការសួរសាក្សីត្រឹមថ្ងៃទី១២ (ខែតុលា) មានន័យនីតិវិធីអាចមួយឬពីរសវនាការទៀតចប់»។
សំណុំរឿងក្បត់ជាតិ មេបក្សប្រឆាំងលោក កឹម សុខា ដែលអូសបន្លាយជាង៥ឆ្នាំមកនេះ តុលាការជំនុំជម្រះបានដល់សប្ដាហ៍ទី៥៨ហើយ។ កាលពីថ្ងៃទី២៨ ខែកញ្ញា តុលាការបានសួរលោក កឹម សុខា ទាក់ទងនឹង អង្គហេតុបដិវត្តន៍ពណ៌ ដែលពាក់ព័ន្ធ ការបណ្ដុះបណ្ដាលសកម្មជនគណបក្សសង្គ្រោះជាតិ នៅប្រទេសឥណ្ឌូនេស៊ីដែលរៀបចំដោយអង្គការមួយឈ្មោះខាន់វ៉ាស (CANVAS)។ ទោះយ៉ាងណា លោកកឹម សុខា បានបំភ្លឺទៅតុលាការថា ការចូលរួមវគ្គបណ្ដុះបណ្ដាលក្រុមយុវជនគណបក្សសង្គ្រោះជាតិ នៅប្រទេសឥណ្ឌូនេស៊ី (Indonesia) មិនមែនជាការរៀបចំរបស់គណបក្សសង្គ្រោះជាតិទេ ប៉ុន្តែជាការទំនាក់ទំនងរវាងយុវជន និងយុវជន។
មន្ត្រីជាន់ខ្ពស់នៃសមាគមអាដហុកលោក យី សុខសាន្ត ដែលតាមដានដំណើរឿងនេះ លើកឡើងថា សាក្សីដែលនឹងចូលបំភ្លឺមានទាំងសាក្សីសាក្សីដោះបន្ទុកនិងសាក្សីដាក់បន្ទុក។ លោកបន្តថា ប្រសិនបើសាក្សីដាក់បន្ទុកចោទឆ្លើយដាក់បន្ទុកលើអង្គហេតុថ្មីបន្ថែមអាចនឹងធ្វើឱ្យតុលាការអូសបន្លាយការដេញដោលតទៅមុខទៀតកាន់យូរថែមទៀត៖ «ឧទាហរណ៍ថាបើចំសាក្សីដាក់បន្ទុកមានន័យថា តទៅហើយ អ៊ីចឹងមានន័យថា អត់មានទីបញ្ចប់ទេនយោបាយបើសិនជាគេចង់អូសបន្លាយពេលអូសបន្លាយពេលណាក៏បានដែរបើសិនជាគ្មានភ្លើងខៀវពីអ្នកនយោបាយដូចគ្នា»។
មន្ត្រីសិទ្ធិមនុស្សលោក យី សុខសាន្ត បារម្ភថា ទោះតាមនីតិនៅពេលមានការកោះហៅសាក្សី នឹងអាចធ្វើឱ្យសំណុំរឿងនេះមើលទៅឈានជិតដល់ទីបញ្ចប់ក្ដីប៉ុន្តែលោកថា សំណុំរឿងនេះដែលរងការចោទប្រកាន់ជារឿងនយោបាយបែបនេះ ពិបាករំពឹងថា នឹងរកទីបញ្ចប់ឃើញណាស់។ ដូចគ្នានេះដែរ លោកនាយករដ្ឋមន្ត្រី ធ្លាប់ថ្លែងថា លោកចង់ឱ្យសំណុំរឿងនេះបញ្ចប់នៅឆ្នាំ២០២៤ឯណោះ។ តុលាការនឹងបន្តជំនុំជម្រះក្ដីលោកកឹម សុខា បន្តទៀត នៅថ្ងៃទី០៥ ខែតុលា ខាងមុខដែលជាសវនាការលើកទី៥៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។