មន្ត្រី​ CPP ថា សម្ព័ន្ធភាព​រវាង​ភ្លើងទៀន និង​​ឆន្ទៈ​ខ្មែរ គ្រាន់តែ​ជា​ការ​រួបរួម​របស់​ក្រុម​អ្នក​ចាញ់

ដោយ សេក បណ្ឌិត
2022.10.06
RFA

មន្ត្រី​CPPថា សម្ព័ន្ធភាព​រវាង​ភ្លើងទៀន និង​​ឆន្ទៈ​ខ្មែរ គ្រាន់តែ​ជា​ការ​រួបរួម​របស់​ក្រុម​អ្នក​ចាញ់

ថ្នាក់ដឹកនាំគណបក្ស​ភ្លើងទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ ជួបកាលពីថ្ងៃទី៣ ខែ​តុលា ឆ្នាំ​២០២២។ Photo: RFA


អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​ថា សម្ព័ន្ធភាព​រវាង​គណបក្ស​ភ្លើងទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ គ្រាន់តែ​ជា​ការ​រួបរួម​របស់​ក្រុម​អ្នក​ចាញ់​និង​អ្នក​ចាញ់​ឡើង​វិញ​តែប៉ុណ្ណោះ ហើយ​គណបក្ស​កាន់អំណាច​មិន​ព្រួយ​បារម្ភ​ចំពោះ​សម្ព័ន្ធភាព​នេះ​ទេ ថា​នឹង​អាច​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​ឡើយ​។ បើ​ទោះ​បី​ជា​យ៉ាងណា មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់​ថា ការ​រួបរួម​រវាង​គ​ណ​បក្ស​ទាំងពីរ គឺជា​សញ្ញា​វិជ្ជមាន​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​បន្ថែម​ពី​សាធារណជន​នៅក្នុង​ការបោះឆ្នោត​នៅក្នុង​ឆ្នាំ​២០២៣​ខាងមុខ។

អ្នកនាំពាក្យ​គណបក្សកាន់អំណាច មិន​ព្រួយបារម្ភ​ពី​ការ​រួបរួម​គ្នា​រវាង​គ​ណ​បក្ស​ភ្លើងទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ​ក្នុង​ពេល​ថ្មីៗ​ថា នឹង​មាន​ឥទ្ធិពល​ក្នុង​ការ​បោះឆ្នោត​ឡើយ​។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​៥ តុលា​ថា លោក​មិន​បារម្ភ​ដោយសារតែ​គណបក្ស​ទាំងពីរ​មាន​ប្រភព​ចេញ​មក​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​មិន​ដែល​ឈ្នះ​ការបោះឆ្នោត​ម្ដងណា​ឡើយ៖ «គណបក្ស​ប្រជាជន​មិន​ដែល​ខ្លាច​ទេ គណបក្ស​សង្គ្រោះ​ជាតិ​ពីមុន​នៅ​រួមគ្នា​ជា​បាច់ នៅតែ​ចាញ់​គណបក្ស​ប្រជាជន ទោះបី​ឡើង​ដល់​កំពូល​ហើយ​ហ្នឹង​ក៏​នៅ​ចាញ់​គណបក្ស​ប្រជាជន​បី​ដណ្ដប់​កៅអី (១៣​កៅអី​។ ឥឡូវ​គណបក្ស​សង្គ្រោះ​ជាតិ​បែក​ហើយ រហូតដល់​៧​គណបក្ស​ផ្សេងៗ​ទៀត​ដែល​បង្កើត​ឡើង ហើយ​ឥឡូវ​ពីរ​ចូលគ្នា​វា​នៅ​៥​ទៀត មិន​ចូលគ្នា​ផង បើ​មានតែ​ពីរ​ចូលគ្នា​នោះ រឿង​អី​ដែល​ខ្លាំង ឬ​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​ព្រួយបារម្ភ ឬ​ភ័យខ្លាច។

ជុំវិញ​រឿង​នេះ ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ មុនីកា ដែល​ត្រូ​វបាន​ព្រះមហាក្សត្រ​បញ្ចប់ មុខតំណែង​ជា​សមាជិក​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​មាន​ឋានៈ​ស្មើ ទេសរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៤ ខែតុលា បាន​ថ្លែង​ថា ការចូលរួម​ជាមួយ​គណ​បក្ស​ភ្លើងទៀន គឺជា​គោលបំណង​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ លោក គង់ មុនីកា បន្ថែម​ថា ការសម្រេចចិត្ត​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ​នេះ​គឺជា​គំរូ​ទៅដល់​អ្នក​ប្រជាធិបតេយ្យ​ផ្សេងទៀត ឱ្យ​គិត​ពី​ផលប្រយោជន៍​ជាតិ​ជា​អាទិភាព និង​មិន​គិត​ពី​តួនាទី​ផ្ទាល់ខ្លួន​ជាធំ ដើម្បី​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន​សម្រាប់​កម្ពុជា៖ «បំណង​របស់​ឆន្ទៈ​ខ្មែរ ក៏ដូចជា​គណបក្ស​ភ្លើងទៀន គឺ​ចង់ឱ្យ​អ្នក​ប្រជាធិបតេយ្យ​ហ្នឹង​ចង់​រួមគ្នា ហើយ​ចង់ឱ្យ​គណបក្ស​ភ្លើងទៀន​ហ្នឹង កាន់​តែ​មាន​កម្លាំង​រឹងមាំ​ឡើង ដើម្បី​ជា​និមិត្តរូប​នៃ​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន នៅក្នុង​ការបោះឆ្នោត ដូច្នេះ​គណបក្ស​ឆន្ទៈ​ខ្មែរ​មិន​បាន​ដាក់​លក្ខខណ្ឌ មិនបាន​ជជែក​អំពី​កូតា​អ្វី ជាមួយ​គណបក្ស​ភ្លើងទៀន​ទេ​។ រហូតមកដល់​ពេលនេះ គឺ​យើង​ធ្វើ​យ៉ាងណា​រួម​កម្លាំង​គ្នា ដើម្បី​ចាប់ផ្ដើម​បំពេញការងារ​នៅ​តាម​ឃុំ តាម​ស្រុក តាម​ខេត្ត រាជធានី ទាក់ទាញ​នូវ​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ ដើម្បី​យើង​ឈាន​ទៅ​រក​ជ័យជំនះ​មួយ​នៅ​ឆ្នាំ​២០២៣ ឱ្យ​កាន់តែ​ទូលំទូលាយ។


ស្រដៀង​គ្នា​នេះ​ដែរ អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ ស៊ីថា លើកឡើង​ថា លោក​រីករាយ​ចំពោះ​ការចូលរួម​របស់​គណ​បក្ស​ឆន្ទៈ​ខ្មែរ ដែល​បាន​គិតគូរ​ពី​ផលប្រយោជន៍​ជាតិ​ជាធំ ដោយ​មិន​បាន​ដាក់​លក្ខខណ្ឌ​អ្វី​ឡើយ​ក្នុង​ការ​រួបរួមគ្នា​នេះ​។ បើ​ទោះ​បី​ជា​បរិយាកាស​ប្រកួតប្រជែង​នយោបាយ​មានការ​គំរាមកំហែង​យ៉ាងណាក្ដី លោក ថាច់ ស៊ីថា ថា ការចូលរួម​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ​នេះ​នឹង​នាំ​ឱ្យ​គណបក្ស​ភ្លើងទៀន​មានការ​គាំទ្រ​កាន់តែ​ច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ ដែល​អាច​នាំ​ឱ្យ គណបក្ស​ភ្លើងទៀន​ទទួល​ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២៣​ខាងមុខ៖ «បើសិន​បើ​យើង​ឃើញ​រូបភាព អ្វី​ដែល​គេ​ធ្វើ​គឺ​ពិបាក ក៏ប៉ុន្តែ​បើ​យើង​ឃើញ​កម្លាំង​មហាជន ប្រជាពលរដ្ឋ អ្នកស្នេហាជាតិ​រួបរួម​គ្នា គឺ​​​​​​​​​អាច​មានការ​ផ្លាស់ប្ដូរ​បា​ន អាហ្នឹង​ទី​១។ ទី​២ ឱ្យ​យើង​ក្រឡេក​មើល​ប្រទេស​នានា លើ​សកលលោក​មួយចំនួន ផ្ដាច់ការ​ខ្លាំង​ជាង​យើង​ទៅទៀត ប៉ុន្តែ​ដល់ទី​បំផុត​ត្រូវតែ​មាន​ការផ្លាស់ប្ដូរ​។​

ជុំវិញ​រឿង​នេះ​ដែរ អ្នកសម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ខុមហ្វ្រេល (Comfrel) លោក កន សាវាង្ស យល់ឃើញ​ថា ការ​រួបរួម​គ្នា​រវាង​គណបក្ស​នយោបាយ​ទាំងពីរ គឺជា​សញ្ញា​វិជ្ជមាន ដែល​អាច​នាំ​ឱ្យ​គណបក្ស​ភ្លើងទៀន​ទទួល​បាន​ការ​គាំទ្រ​បន្ថែម​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២៣​ខាងមុខ​។ លោក​បន្ត​ថា ការ​រួបរួម​មិន​ត្រឹមតែ​អាច​ផ្សំផ្គុំ​សំឡេងឆ្នោត​អ្នកគាំទ្រ​ដែល​មាន​ស្រាប់​នោះ​ទេ ប៉ុន្តែ​ក៏​អាច​ទាក់ទាញ​អ្នកគាំទ្រ​ថ្មីៗ​បន្ថែម​ទៀត​ផង​ដែរ​។ ទោះជា​យ៉ាងណា លោក កន សាវាង្ស ថា ដើម្បី​ទទួល​បាន​ការ​គាំទ្រ​បន្ថែម​ពី​ប្រជាពលរដ្ឋ គណបក្ស​ទាំងពីរ ត្រូវ​មាន​យន្តការ​ច្បាស់លាស់​ដើម្បី​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​បក្ស និង​បកស្រាយ​ទៅ​ដល់​អ្នកគាំទ្រ​ឱ្យ​បាន​ទូលំទូលាយ អំពី​ការ​រួបរួម​គ្នា​នេះ​៖ «ទោះបី​យ៉ាង​ណា​ក៏ដោយ ខ្ញុំ​នៅតែ​មើល​ឃើញ​ថា ការ​រួបរួម​នៅក្នុង​ដំណើរការ វា​នៅតែ​ជា​ធាតុ​មួយ​ដែល​ប្រសើរ ជាជាង​ការ​ចូល​រួម​មួយ​ដោយ​ឡែក»

ស្របពេល​តែមួយ​ក្នុង​ការ​ប្រកាស​រួបរួម​គ្នា​ឱ្យ​ទៅ​ជា​គណបក្ស​តែមួយ​នេះ គណបក្ស​ភ្លើងទៀន កាលពី​ថ្ងៃទី​៤ ខែតុលា បាន​តែងតាំង ប្រធានកិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ គឺ​លោក គង់ គាំ ឱ្យ​ជា​ឧត្ដម​ទីប្រឹក្សា​គណបក្ស​ភ្លើងទៀន​។ ជាមួយគ្នា​នោះ គណបក្ស​ភ្លើងទៀន​បាន​អំពាវនាវ​ឱ្យ​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ​ទាំងអស់ ចូលរួម​ជាមួយ​គណបក្ស​ភ្លើងទៀន ដើម្បី​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួតប្រជែង​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles