ព័ត៌មានជាតិ អភិបាលកិច្ច
កញ្ញា ខាន់ លក្ខិណា | ១១ តុលា ២០២២ | ម៉ោង ១១:១២
VOD

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងកម្មវិធីប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២។ ប្រភពរូបភាព៖ (ហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន )
ប្រមុខរដ្ឋាភិបាល នឹងធ្វើលិខិតមួយ ថ្វាយទៅព្រះមហាក្សត្រ ដើម្បីស្នើសុំតែងតាំងលោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដោយថា បើទោះជាមានការបញ្ចប់មុខតំណែង ប៉ុន្តែអតីតរដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះ មិនបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ។
កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ព្រះមហាក្សត្រ បានបញ្ចប់តំណែង លោក វេង សាខុន ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោយមានការស្នើពីនាយករដ្ឋមន្ត្រី។
តែយ៉ាងណា ក្នុងពិធីចែកសញ្ញាបត្រសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា នៅថ្ងៃអង្គារនេះ រូបលោកនឹងដាក់លិខិតទៅព្រះបរមរាជវាំង ទូលថ្វាយស្នើសុំព្រះមហាក្សត្រ តែងតាំងលោក វេង សាខុន ជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី។ លោកបញ្ជាក់ថា ការស្នើនេះ ដោយសារលោក វេង សាខុន ក៏ជាមន្ត្រីរបស់រដ្ឋាភិបាល និងមិនបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរហួសហេតុនោះដែរ។
លោក ហ៊ុន សែន ថ្លែងថា៖ «អត់ទាំងក្ដាប់រឿងអីមិនជាប់ផងមកលេង ប៉ុន្តែសួរថា វេង សាខុន ទៅណា? បញ្ហាវាមិនស្ថិតទៅដល់ធ្ងន់ធ្ងរហួសហេតុទេ ក៏ប៉ុន្តែអ្វីដែលខ្ញុំចង់បាន គឺវាមិនបានដូចបំណង។ ថ្ងៃនេះខ្ញុំធ្វើលិខិតចូលទៅព្រះបរមរាជវាំង តែងតាំង វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ យ៉ាងណាក៏ជាសាច់ឈាមរបស់យើង ជាមន្ត្រីដែលធ្វើការជាមួយយើងតាំងឆ្នាំ… ប៉ុន្តែ វេង សាខុន ជាប់មហាវិទ្យាល័យហើយមកធ្វើការ ដូច្នេះយើងអត់បោះបង់ចោលទៅណាទេ ប៉ុន្តែយើងត្រូវការ ការទទួលខុសត្រូវលើសពីនេះ ដើម្បីជំរុញវិស័យកសិកម្មឱ្យលឿនទៅមុខ»។
យ៉ាងណាក្រោយពីបញ្ចប់តំណែងលោក វេង សាខុន ពីរដ្ឋមន្ត្រីក្រសួងកសិកម្មនោះ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្នើទៅរដ្ឋសភារៀបចំការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ធ្វើជា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក ឌិត ទីណា ជាកូនរបស់លោក ឌិត មន្ទី ជាប្រធានតុលាការកំពូល និងជាសមាជិកគណៈអចិន្ត្រៃយគណបក្សប្រជាជនកម្ពុជាដែលកំពុងគ្រប់គ្រងអំណាច៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។