បោះឆ្នោត ព័ត៌មានជាតិ
លោក ឃុត សុគន្ធ | ១១ តុលា ២០២២ | ម៉ោង ១១:១៩
VOD

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋមូលដ្ឋាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ ដើម្បីមានឈ្មោះចូលរួមការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (គួយ ឡង់ឌី)
សហភាពសហជីពកម្ពុជា អំពាវនាវដល់សមាជិករបស់ខ្លួន និងប្រជាពលរដ្ឋ ឱ្យទៅពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោត ដើម្បីមានសិទ្ធិចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
ក្នុងសេចក្ដីអំពាវនាវចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ សហភាពសហជីពកម្ពុជា បានអំពាវនាវដល់ថ្នាក់ដឹកនាំ សហព័ន្ធ សមាគម សហជីពមូលដ្ឋាន គ្រូបង្រៀន កម្មករ និងប្រជាពលរដ្ឋ ឱ្យទៅពិនិត្យបញ្ជីឈ្មោះឡើងវិញ និងអ្នកមិនទាន់បានចុះឈ្មោះបោះឆ្នោត ត្រូវទៅចុះឈ្មោះបោះឆ្នោតតាមកន្លែង និងកាលបរិច្ឆេទដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
សហភាពសហជីពកម្ពុជា បញ្ជាក់ថា គ.ជ.ប នឹងរៀបចំដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅតាមសាលាឃុំ-សង្កាត់ និងតាមភូមិក្នុងឃុំ-សង្កាត់មួយចំនួនទូទាំងប្រទេស។
សហភាពសហជីពមួយនេះបន្ថែមថា ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋទាំងពីរភេទដែលពុំធ្លាប់បានចុះឈ្មោះពីមុនមក និងអ្នកដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត។
កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអំពាវនាវដល់សមាជិករបស់ខ្លួន និងប្រជាពលរដ្ឋឱ្យទៅពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោត ដើម្បីមានសិទ្ធិចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលខាងមុខនេះផងដែរ។
រដ្ឋាភិបាលបានដាក់ចេញគោលការណ៍រួចហើយថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៧នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។