វិភាគ៖ តើការដឹកនាំបែបសែស្រឡាយជាហានិភ័យដល់យន្តការផ្ទេរអំណាចឬទេ?

បទវិភាគ
លោក ញឹម សុខន | ១២ តុលា ២០២២ | ម៉ោង ២១:២០
VOD

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ហ៊ុន ម៉ាណែត ចូលរួមទស្សនាពិព័រណ៍យោធា និងការប្រកួតកីឡាកងទ័ព នៅកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ហ៊ុន ម៉ាណែត ចូលរួមទស្សនាពិព័រណ៍យោធា និងការប្រកួតកីឡាកងទ័ព នៅកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨។ (ហ្វេសប៊ុកលោក ហ៊ុន សែន)


កា​​​រដា​​​ក់​ព​ង្រា​​​យ​​សែ​​ស្រឡា​​យ​​ថ្នា​ក់​ដឹ​កនាំ​ ​ឱ្យទៅ​កា​ន់តំ​ណែ​ង​ធំៗ​នៅ​ក្រ​សួ​ង​សំខា​ន់​ៗរ​ប​ស់​ជា​តិ ​រួម​ទាំ​ង​កង្វះ​​ឯ​​ក​​​​​​​​​រាជ្យ​ភា​ពរប​ស់​​ឥ​ស្ស​​​រជ​ននយោបាយ​​ ត្រូវបា​នគេមើល​ឃើ​ញ​ថា​ ជា​ជម្រ​កសុវត្ថិភាព​នៃ​​អំពើពុករ​លួយ និងបង្កគ្រោះថ្នា​ក់​ធ្ងន់​ធ្ងរដល់ការកសាង​សង្គមប្រជាធិបតេយ្យ បើគ្មានការកែលម្អទេនោះ។

កា​រព្រួ​យ​បារ​ម្ភ​នេះ ​ចំ​ពេ​ល​យ​​​ន្តកា​របញ្ជ្រាប​​​​កូនរបស់​ថ្នាក់​​ដឹក​​នាំឱ្យ​​កា​​ន់​មុ​ខតំ​ណែង​ក្នុ​ង​ក្រសួ​ង​សំខាន់ៗនៅតែ​បន្ត​កើតឡើ​ង ​ក្រោយពីតុ​លាកា​រកំពូល​រំលាយ​គ​ណប​ក្ស​ប្រឆាំ​ងធំ​មួយ​ដែលមាន​អាសនៈ​ក្នុង​សភា ​និងឃុំ​- សង្កាត់​ ប្រហា​ក់ប្រហែលបក្សកាន់អំណាច​ ចេ​ញពី​ទីលានប្រ​កួ​តនយោបា​យ។​

ជាកា​រ​កត់សម្គាល់​ កូន​ចៅរ​បស់ថ្នាក់ដឹ​កនាំមួយចំនួន​ត្រូ​វបាន​តែ​​ង​តាំ​​ងឱ្យកា​ន់​តំ​​ណែង​នៅ​​ក្រ​​សួ​ងកា​រពារជាតិ ក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័នមួយចំនួនទៀត ខណៈចៅក្រមដែលស្ថិត​ក្នុង​វិស័យយុត្តិធម៌ ក៏ត្រូវបានដាក់បញ្ចូល​ជាកម្លាំងស្នូលរបស់គណបក្ស ជាដើម។ ​តួយ៉ា​ង​ដូ​ច​ជា លោក ហ៊ុ​ន​ ម៉ា​ណែត ​ជាកូនប្រុ​សច្បងនា​យករ​ដ្ឋ​មន្ត្រី កា​ន់តំណែ​ងជា​មេប​ញ្ជាកា​រក​ងទ័​ពជើងគោ​ក​, កូ​នប្រុសទី២​ លោក​ ហ៊ុន​ ម៉ានិត ជា​​អគ្គនាយក​ដ្ឋានស្រាវជ្រាវ​ចារ​កម្ម​នៃក្រ​សួងការពារជាតិ ខណៈលោកនាយករដ្ឋម​ន្ត្រី​ ហ៊ុន​ ​សែន​ ជាឪពុ​ក ជានាយ​ឧ​ត្ដមសេនី​យ៍ផុត​លេខ ​​ផ្កាយមា​​ស​​៥។

បន្ថែ​មពីនេះ ក្មួយប្រសានាយករដ្ឋមន្ត្រី​ គឺលោ​ក នេត ​សាវឿន ជាអគ្គ​ស្នងការនគរ​បាលជាតិ នៃក្រសួងមហា​ផ្ទៃ និង​លោក ឌី វិ​ជ្ជា ជាកូនប្រសា ​ជាអ​គ្គស្នង​ការ​រង​នគរបា​ល​​ជាតិ​ និ​ង​​ជា​ប្រធា​ន​នា​យកដ្ឋាន​​កណ្ដាល​​សន្តិសុខ នៃក្រសួងមហាផ្ទៃ។​ ដោយឡែក រ​ដ្ឋមន្ត្រីក្រសួងការពារជាតិ លោក​ ទៀ បាញ់​ ក៏មា​នបងប្អូ​នប​ង្កើត ​លោក ទៀ វិញ ជា​មេបញ្ជាកា​​រ​កងទ័ព​ជើងទឹកផងដែរ​។


ដូ​ច​គ្នានេះដែរ​ ថ្នា​ក់ដឹកនាំ​តាមក្រសួងខ្លះ​វិញ​ ក៏បា​នបញ្ជ្រាប​​កូនចៅ​ទៅក្នុ​​ងស្ថាប័ន​​ដែ​លខ្លួ​នកំពុង​គ្រប់​​​គ្រងដែ​រ ដូចជា លោក ស៊ុយ ឌីម៉ង់​ ត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល អំឡុងឆ្នាំ២០១៨ ដែលលោក ស៊ុយ ឌីម៉ង់ ត្រូវ​ជាកូ​នប្រុស​លោក ស៊ុយ សែម ​រដ្ឋម​ន្ត្រីក្រ​សួងរ៉ែ និងថាម​ពល ។

កូនប្រុស២នាក់​របស់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គឺលោក យ៉ិនទៀង ពុទ្ធិរិទ្ធ និងលោក យ៉ិនទៀង ពុទ្ធិរ៉ា ក៏ត្រូវតែងតាំងជាឧបការីនៅអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​​​​មាន​ឋានៈ​ស្មើ​នឹ​ង​​រដ្ឋលេខាធិការ ឬអនុរដ្ឋ​លេខាធិការ។

ដោយឡែក ប្រធានតុលាការកំពូល​ លោក ឌិត មុន្ទី ក៏​​​ជាសមា​ជិកគណៈ​អចិ​ន្ត្រៃ​យ៍គ​ណប​​ក្សកាន់អំណាច ​ខណៈចៅក្រម​មួយចំនួនទៀត​ត្រូវបានគេដាក់ប​ញ្ចូលជាសមាជិកគណៈក​ម្មាធិការក​ណ្ដាលរបស់បក្សកាន់អំណាចដែរ។

ថ្មីៗនេះ កូ​នប្រុសលោក ឌិត មុ​ន្ទី គឺលោក ឌិត ទីណា ត្រូវបានរដ្ឋាភិបាលស្នើទៅរដ្ឋសភារៀបចំការ​បោះឆ្នោត​ ដើម្បី​ផ្ដល់មុខតំណែង​​ជារដ្ឋមន្ត្រី​ក្រសួងកសិ​កម្ម រុ​ក្ខាប្រ​​មាញ់​ និងនេសា​ទ ក្រោ​​យលោកនាយ​ករដ្ឋមន្ត្រី ហ៊ុន សែន ​បញ្ចប់មុខ​តំ​ណែងលោក​ វេង​ សាខុ​ន។​

បញ្ហា​ទាំងនេះ​បង្កើតជាសំណួ​រថា តើ​ការដឹ​កនាំបែ​បសែ​ស្រឡា​យ​បង្កហា​និភ័យ​ដល់​យន្តកា​រផ្ទេរអំណា​ចដោ​យស​ន្តិ​វិ​ធីឬ​ទេ​?

​អ្នក​ស្រា​វជ្រាវផ្នែក​ភូមិសាស្ត្រន​យោបាយ​ លោក វណ្ណ ប៊ុនណា យល់​ថា ការដឹ​កនាំ​រដ្ឋ​បែបសែស្រឡាយ ជំ​រុ​ញ​​​​ឱ្យ​ប្រទេសជាតិប្រឈមនឹងបញ្ហាធំ៣ ក្នុងនោះ ទី១ ប្រព័ន្ធ​នេះនឹង​​ប​ង្កជាឧ​បស​​គ្គ​​ដល់យន្ត​ការផ្ទេរអំណាច​ដោយ​សន្តិវិធី​តាមរយៈសន្លឹកឆ្នោត​ បើមានការផ្លាស់ប្ដូរមេដឹកនាំ ទី២ ជាដើមហេតុ​ជំរុញឱ្យមានអំពើ​​ពុករលួយជាប្រព័ន្ធ និ​ងទី៣ ​បាត់​បង់ធន​ធានមនុស្សដែលមានសមត្ថភាព ធ្វើឱ្យការផ្តល់សេវាសាធារណៈ​ខ្វះគុណភាព និងទំនួ​​ល​​ខុសត្រូវ ។

ក្នុងន័យនេះ លោកពន្យល់ថា បើកូនចៅ​ឬសែស្រឡាយរបស់មេដឹកនាំ ត្រូវបានគេតែងតាំងឱ្យកាន់តំណែងធំៗនៅក្រសួង​ដែល​គ្រប់គ្រងកងកម្លាំងប្រដាប់អាវុធ​​ នឹង​ក្លាយជាឧបសគ្គ​ដល់យន្តការផ្ទេរអំណាចដោយសន្តិវិធី បើកម្ពុជាខ្វះភាពចាស់ទុំខាងប្រជាធិបតេយ្យនោះ។

បញ្ហានេះ លោកថា កងកម្លាំងជាតិនឹងត្រូវគេប្រើ​ឱ្យប្រឆាំងនឹងគណបក្សក្រៅរដ្ឋាភិបាល​ដែលឈ្នះឆ្នោត ដើម្បីក្រាញអំណាច ដែលពេលនោះ​នឹងបង្កឱ្យមានបញ្ហាសង្គមផ្ទុះឡើង និងបង្កឱ្យមាន​ហានិភ័យជាតិ។

លោកថា៖ «វាជាឧបសគ្គខ្លាំងដែរក្នុងការផ្ទេរអំណាចក្នុងសង្គមយើងបច្ចុប្បន្ន។ ដូច្នេះហើយ បញ្ហាហ្នឹង វាជា​កត្តាសំខាន់មួយដែរ ពីនយោបាយកម្ពុជា ក្នុងការផ្ទេរអំណាចហ្នឹង។ អាហ្នឹងវាជាឧបសគ្គ​ខ្លាំងមែនទែនសម្រាប់​ការផ្ទេរអំណាចហ្នឹង»។

​​ប៉ុន្តែលោកថា បញ្ហា​នេះអាច​ទប់​ស្កា​ត់បាន ​បើកម្ពុជា​បង្កើ​តបា​ន​ស្ថាប័​​ន​ន​យោបា​យខ្លាំងមួយ​ឈរលើស្មា​រតី​ជា​តិ ដូចមា​ន​ចែង​ក្នុងរដ្ឋធម្មនុញ្ញ ​ឈានទៅ​កាត់​ផ្ដាច់ឫ​ស​គ​ល់នៃអំពើពុករលួយ និងបក្ខពួកនិយមនោះ រួម​ទាំងទប់ស្កាត់កុំឱ្យការរំលោភអំណាចរវាងសសរស្ដម្ភជាតិទាំង៣នោះ។

លោក វណ្ណ ប៊ុនណា ថ្លែងថា៖ «ស្ថាប័ន​នយោបាយខ្លាំង​ហ្នឹង​សំដៅទៅដ​ល់អំ​ណាច​ទាំង​៣ [រដ្ឋាភិបាល តុលាការ និងរដ្ឋសភា] របស់កម្ពុជា។ របបគ្រប់គ្រងកម្ពុជាហ្នឹង​ដើរខ្លាំងមែនទែន មានន័យថា មិននៅតែចាំស្ដាប់​តែបញ្ជាបុគ្គ​ល​ទេ ប៉ុន្តែប្រព័ន្ធហ្នឹងវាដំណើរការដោយស្វ័យប្រវត្តិ ដោយសារមានការត្រួតពិនិត្យអំណាចគ្នា​ទៅវិញទៅមក»។

​​នាយកប្រតិ​បត្តិ​អ​ង្គការតម្លាភាព​​ក​ម្ពុ​ជា លោក​ ប៉ិ​ច ពិ​សី ​លើកឡើង​​ថា កា​រដឹ​កនាំបែប​ប្រទាក់ក្រឡាគ្នា​ដោយ​សែ​ស្រឡាយ​ បង្កផលប៉ះពាល់ជាច្រើនដល់សង្គមជាតិ ដូចជា បង្កឱ្យមានអយុត្តិធម៌សង្គម អំពើពុករលួយ រារាំងធនធានមនុស្សដែលមានសមត្ថភាព រារាំងដល់ការលូតលាស់​ខាងសេដ្ឋកិច្ច ជាដើម តែប្រព័ន្ធនេះបានការពារប្រយោជន៍បក្ខពួកច្រើនជាង ។

លោកថា៖ «ប្រព័ន្ធយុត្តិធម៌មានបញ្ហាធ្ងន់ធ្ងរ នាំឱ្យមានអំពើពុករលួយច្រើន ដែលរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច រារាំងដល់យុត្តិធម៌សង្គមអីហ្នឹង។ ដើមចមសុទ្ធតែចេញផ្តើមចេញពីសែស្រឡាយបក្ខពួកនិយម ឬក៏ការធ្វើការជាប្រព័ន្ធប្រទាក់ក្រឡាគ្នាដើម្បីកេងប្រយោជន៍សាធារណៈហ្នឹង»។

មួយវិញទៀត លោកថា ក្នុងក្របខណ្ឌប្រយុទ្ធប្រឆាំងអំពើពុករលួយ គេរកឃើញថា សែស្រឡាយបក្ខពួកនិយម ជាទម្រង់បង្កើតអំពើពុករលួយ បង្កគ្រោះថ្នាក់ដល់ការកសាងប្រជាធិបតេយ្យពេញលេញ ដែលធានាដល់ប្រយោជន៍សាធារណៈឬប្រយោជន៍ជាតិ។ ប៉ុន្តែលោកគិតថា យន្តការផ្ទេរអំណាចដោយសន្តិវិធី កម្ពុជាអាច​ធ្វើ​បាន បើ​អ្នកនយោបាយតម្កល់ប្រយោជន៍ជាតិជាធំ គោរពគោលការណ៍សិទ្ធិមនុស្ស ប្រជាធិបតេយ្យឱ្យបានពេញលេញ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ បើទោះច្បាប់កំពូលនេះមិនបានចែងពីការហាមតែងតាំងសែស្រឡាយឱ្យកាន់តំណែងធំៗក្នុងស្ថាប័នរដ្ឋក្ដី។

លោក ប៉ិច ពិសី ថ្លែងថា៖ «ដោយសារសែស្រឡាយចាក់ស្រែះ​ហ្នឹង ជា​ឧបសគ្គមួយនៅក្នុងដំណើរការប្រជាធិបតេយ្យ អ៊ីចឹង​កម្ពុជាមានកាតព្វកិច្ចកម្ចាត់នូវ​ឧបសគ្គទាក់ទងទៅនឹងការដឹកនាំរដ្ឋតាមលទ្ធិប្រជាធិបតេយ្យហ្នឹង។ ហើយការរារាំងមិនឱ្យមានការតែងតាំងសែស្រឡាយបក្ខពួក ឬក៏ធ្វើការជាប្រព័ន្ធចាក់ស្រែះហ្នឹង​គួរតែ​មាន​ការ​ហាម​ប្រាម​ដែរ ដើម្បីធានាថា កម្ពុជាយើងនឹង​មានការដឹកនាំតាមរបបប្រជាធិបតេយ្យពេញលេញ​»។

ចំណែកសាស្ត្រចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា វិញ មើលឃើញថា ប្រព័ន្ធចាក់ស្រែះបែបគ្រួសារ​និ​​យម ជាអំណោយផលនៃយន្តការផ្ទេរអំណាចនៅក្នុងបក្ស ប៉ុន្តែជាហានិភ័យដល់យន្តការផ្ទេរអំណាច​នៅ​ថ្នាក់ជាតិតាមរយៈសន្លឹកឆ្នោត។

លោកមើលឃើញថា បើបញ្ហានេះមិនត្រូវបានកែលម្អទេ របត់នយោបាយនឹងអាចយកគំរូដូចរបបសឹកភូមា  ដែលប្រើប្រាស់កម្លាំងជាតិដើម្បីការពារអំណាចបុគ្គល ហើយជំរុញឱ្យប្រទេសជាតិធ្លាក់ក្នុងការឡោមព័ទ្ធដោយទណ្ឌកម្មពីបណ្ដាប្រទេសលោកសេរី។

ប៉ុន្តែលោកថា កម្ពុជាអាចទប់ស្កាត់បញ្ហានេះបាន បើឥស្សរជននយោបាយបំពេញតួនាទីជាតំណាងពលរដ្ឋដោយឈរលើមូលដ្ឋានស្វ័យសម្រេច ដោយមិនស្ថិតក្រោមឥទ្ធិពល​នយោបាយ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ហើយពលរដ្ឋស្គាល់ពីតួនាទីនិងកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាពលរដ្ឋសកម្ម ដោយ​ចេះ​ប្រើប្រាស់សន្លឹក​ឆ្នោត​ដោយភាពឆ្លាតវ័យក្នុងការជ្រើសរើសមេដឹកនាំ ដើម្បីឱ្យអ្នកនយោបាយគិតពីប្រ​​​យោជន៍ជាតិ។

យ៉ាងណា លោក ឯម សុវណ្ណរ៉ា គិត​ថា បញ្ហានេះអា​ច​ជោគ​ជ័យ​ទៅ​បាន លុះត្រាតែគណបក្សកាន់អំណាច​មាន​​ឆន្ទៈនយោបាយ​ផងដែរ ដើម្បី​ធានាថា ការបោះឆ្នោតនៅកម្ពុជាជា​ការ​ឆ្លុះបញ្ចាំង​ឆន្ទៈ​​ពលរដ្ឋពិតប្រាកដ មិនមែនជាឈុតឆាកសម្ដែង ក្រោមរូបភាពផ្ដល់អភ័យឯកសិទ្ធិសភា តែធ្វើច្បាប់​ផ្សេង​ទៀតចង​ដៃសភា​នោះ​ទេ។

លោកថា៖ «ដូចនៅប្រទេសឥណ្ឌូនេស៊ី មានការតែងតាំងតែប្រធានតុលាការកំពូលមួយទេ នៅពេលហ្នឹងត្រូ​វឆ្លងកាត់សភា ហើយសភាគេឯករាជ្យទៀត សភាគេអាចរំលាយ​ប្រធានាធិបតី អាចបញ្ចប់តំណែងប្រធា​នា​ធិបតី ​អនុប្រធានាធិបតីបាន ប៉ុន្តែនៅកម្ពុជាយើង វាអត់មានយន្តការហ្នឹង។ អ៊ីចឹងហើយអ្នកកាន់អំណាចរាល់ថ្ងៃ​ មានចែងក្នុងច្បាប់ ពីគោលការណ៍ច្បាប់ ប្រជាធិបតេយ្យ សេរីពហុបក្ស ប៉ុន្តែ៥០បក្សជាងមែន តែចូលរួមបោះ​ឆ្នោតតែ២០បក្ស ឬ៧បក្សថ្មីៗហ្នឹង យើងអត់ឆ្លុះបញ្ចាំងពីប្រជាធិបតេយ្យទេ តែជាប្រជាធិបតេយ្យសម្ដែងៗ»៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles