តំណាងរាស្រ្ត​អាមេរិក​ទទូច​ឲ្យ​កម្ពុជា​ដើរ​​តាម​គន្លង​ប្រជា​ធិបតេយ្យ​ និង​មាន​តម្លាភាព​លើ​បញ្ហា​មូល​ដ្ឋាន​កងទ័ព​រាម

23 វិច្ឆិកា 2022
លាស់ លីបលីប
ស៊ុន ណារិន
វីអូអេខ្មែរ

លោក Gregory Meeks ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាសហរដ្ឋអាមេរិក អញ្ជើញមកចូលរួមកិច្ចប្រជុំ AIPA ក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ (លាស់ លីបលីប/ វីអូអេ)
លោក Gregory Meeks ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាសហរដ្ឋអាមេរិក អញ្ជើញមកចូលរួមកិច្ចប្រជុំ AIPA ក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ (លាស់ លីបលីប/ វីអូអេ)

ភ្នំពេញ — នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​មក​កាន់​កម្ពុជា​នា​សប្តាហ៍​នេះ ​តំណាង​រាស្រ្ត​អាមេរិក​មួយ​រូប​បាន​ជំរុញ​កម្ពុជា​ឲ្យ​ដើរ​តាម​គន្លង​ប្រជា​ធិបតេយ្យ ​និង​គោរព​សិទ្ធិ​មនុស្ស​ដើម្បី​រួចផុត​ពីការ​ដាក់​ទណ្ឌ​កម្ម​ពី​សំណាក់​សហ​រដ្ឋ​អាមេរិក ​ទាក់​ទង​នឹង​ច្បាប់​ស្តី​ពី​ប្រជា​ធិបតេយ្យ​កម្ពុជា ​ដែលកំពុង​ស្ថិត​ក្នុង​ដៃ​របស់​ព្រឹទ្ធ​សភា​អាមេរិក។ ​តំណាង​រាស្រ្ត​រូប​នោះ​ក៏​ស្នើ​ឲ្យ​កម្ពុជា​មាន​តម្លា​ភាព​ចំពោះ​អាមេរិក ​និង​ប្រជាជន​កម្ពុជា​លើ​បញ្ហា​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម ​ដែល​អាមេរិក​សង្ស័យ​ថា​ ចិន​អាចនឹង​ប្រើប្រាស់​ជា​មូលដ្ឋាន​ទ័ព​របស់​ខ្លួន​ដើម្បី​ពង្រីក​ឥទ្ធិពល​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។​

​ប្រធាន​គណៈ​កម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​សហ​រដ្ឋ​អាមេរិក​លោក​ Gregory Meeks បាន​ធ្វើ​ដំណើរ​មក​កម្ពុជា​ដើម្បី​ចូល​រួម​មហា​សន្និបាត​អន្តរ​សភា​អាស៊ាន​ ហៅ​កាត់​ថា​ AIPA ​ ដែល​កម្ពុជា​កំពុង​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​សំឡេង​សហ​រដ្ឋ​អាមេរិក​ (វីអូអេ)​នៅ​ថ្ងៃ​ពុធ​នេះ ​សមាជិក​រដ្ឋ​សភា​អាមេរិក​ មក​ពី​រដ្ឋ​ញូវ​យ៉ក ​លោក ​Gregory Meeks ​បាន​ថ្លែង​ថា​ លោក​ចង់​ឃើញ​ការ​បោះឆ្នោត​មួយ​ដែល​សេរី ​និង​យុត្តិធម៌ ​ហើយ​សំឡេង​សង្គម​ស៊ីវិល​ត្រូវ​បាន​ទទួល​យក​ និង​អ្នក​ដែល​ចង់​ចូលរួម​ប្រកួត​ប្រជែង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ផង​ដែរ។​

លោក​ថ្លែង​ថា៖ ​«យើង​សង្ឃឹម​ថា​ ​ការ​បោះឆ្នោត​មាន​លក្ខណៈ​សេរី ​និង​ត្រឹម​ត្រូវ​មួយ​កើត​ឡើង​ឆាប់ៗ​នេះ។​ ហើយ​យើង​សង្ឃឹម​ថា​ សំឡេង​សង្គម​ស៊ីវិល​ត្រូវបាន​គេ​ដឹង​ឮ។​ ហើយ​វាជា​រឿង​សំខាន់​ណាស់​ ដែល​ប្រជា​ពលរដ្ឋ​ចង់​ឈរ​ឈ្មោះ​ដើម្បី​កាន់​ការងារ​រដ្ឋ»។​

កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០២២ ​រដ្ឋ​សភា​សហ​អាមេរិក​បាន​អនុម័ត​សេច​ក្តី​ស្នើ​ច្បាប់​ស្តី​ពី​«លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា» ​ដែល​មាន​គោល​ដៅ​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​មន្ត្រី​កម្ពុជា​ដែល​ត្រូវ​រក​ឃើញ​ថា​ ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធ្វើ​ឲ្យ​ខូច​ប្រព័ន្ធ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ប្រសិន​បើ​សេចក្តី​ស្នើ​ច្បាប់​នេះ​មាន​ការ​អនុម័ត​ពី​ព្រឹទ្ធ​សភាអាមេរិក ​និង​ចុះ​ហត្ថ​លេខា​ដោយ​លោក​ប្រធានាធិបតី​ ​Joe Biden ​នោះ​វា​នឹង​បើក​ផ្លូវ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​អាច​បង្កក​រាល់​ទ្រព្យ​សម្បត្តិ​នៅ​សហ​រដ្ឋ​អាមេរិក ​រឹតត្បិត​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ​ជាមួយ​សហ​រដ្ឋ​អាមេរិក ​និង​ហាម​ឃាត់​មិន​ឲ្យ​ជាន់លើ​ទឹក​ដី​សហ​រដ្ឋ​អាមេរិក​ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល ​យោធា ​និងកងកម្លាំង​សន្តិសុខ​នៅ​កម្ពុជា​ដែល​រដ្ឋាភិបាល​អាមេរិក​ចាត់​ទុក​ថា ​បាន​ធ្វើ​ឲ្យ​ខូច​លទ្ធិ​ប្រជា​ធិបតេយ្យ​ដោយ​ផ្ទាល់​ និង​យ៉ាង​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។​

ទោះយ៉ាងណា​ លោក Gregory Meeks ​ប្រធាន​គណៈ​កម្មាធិការ​កិច្ចការ​បរទេស​នៃ​រដ្ឋសភា​សហ​រដ្ឋ​អាមេរិក​ ប្រាប់​វីអូអេ​នៅ​ក្នុង​បទ​សម្ភាសន៍​ថា ​លោក​មិន​អាច​និយាយ​ជំនួស​ព្រឹទ្ធ​សភា​អាមេរិក​ទេ ​ ប៉ុន្តែ​លោក​ពិត​ជា​ចង់​ឲ្យ​សេចក្តី​ស្នើ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ជា​ច្បាប់ ​ហើយ​ប្រកាស​ឲ្យ​ប្រើប្រាស់។​

លោក​ថ្លែង​ថា៖ ​«ខ្ញុំ​ពិត​ជា​ចង់​ឲ្យ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​មែន។ ​ដូច្នេះ​ហើយ​ទើប​អ្នក​តាក់តែង​ច្បាប់អាមេរិក​អនុម័ត​ច្បាប់​នេះ។ ​ប៉ុន្តែ​ទោះ​យ៉ាង​ម៉េច​ក៏​ដោយ ​យើង​ត្រូវ​តែ​បន្តធ្វើ​ការ​ជាមួយ​ប្រជាជន​កម្ពុជា។ ​ដូច្នេះ​ហើយ​វា​មាន​សារៈ​សំខាន់​មែន​ទែន​ដែល​យើង​មក​ទី​នេះ»។​

ទាក់ទង​នឹង​បញ្ហា​នៅ​មូលដ្ឋាន​កងទ័ព​នៅ​សមុទ្រ​រាម​វិញ ​លោក​ Gregory Meeks ​ថ្លែង​ថា ​អាមេរិក​ចង់​ឃើញ​តម្លាភាព​លើ​ការ​ពាក់ព័ន្ធ​របស់​ចិន​ក្នុង​ការធ្វើ​ទំនើប​កម្ម​មូលដ្ឋាន​ទ័ព​នោះ។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«ដូច្នេះ​យើង​ចង់ឲ្យ​ប្រាក​ដ​ថា ​មាន​តម្លាភាព​ជាមួយ​សហ​រដ្ឋ​អាមេរិក ​ហើយ​មាន​តម្លាភាព​ជាមួយ​ប្រជាជន​កម្ពុជា​អំពី​ការ​ពាក់ព័ន្ធ​របស់​ប្រទេស​ចិន​នៅ​កម្ពុជា»។​

​អ្នក​នាំពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​លោក ​សុខ ឥសាន ​ច្រាន​ចោល​ការ​រិះគន់​លទ្ធិប្រជា​ធិបតេយ្យ ​និង​ការ​មិន​ចម្រើន​ទៅ​មុខ​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស។ ​លោក​អះអាង​ថា ​បើ​កម្ពុជាមិនគោរព​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​នោះ​ទំនងជា​ប្រទេស​ដែលធ្លាប់​ហែកហួរ​ដោយ​សង្គ្រាម​ស៊ីវិល​មួយ​នេះ​ មិន​មាន​សន្តិ​ភាព​ទេ និងថា ​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ក៏មិន​មែន​ជា​ការរំលោភ​សិទ្ធិ​សេរី​ភាព ​និង​បំផ្លាញ​លទ្ធិ​ប្រជា​ធិបតេយ្យ​នោះ​ឡើយ។

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​ការ​ធ្វើ​ច្បាប់​និយាយ​ពី​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ ខ្ញុំ​យល់​ថា​ វា​ជា​ចេតនា​មួយ​ផ្ទុយ​ពី​ការណ៍​ពិត​នៃ​សភាព​ការណ៍​កម្ពុជា»។​

​លោក​បន្ត​ថា៖ ​«យើង​យល់​ថា ​បើ​សិន​ណា​មិន​មាន​ការ​រំលាយ​អតីតបក្ស​ប្រឆាំង​ ដែល​ល្មើស​ច្បាប់​ទេ ​ខ្ញុំ​យល់​ថា ​ប្រទេស​យើង​ត្រូវ​គេ​ទិតៀន ​ ត្រូវ​គេវាយ​ប្រហារ​ថា​ យើ​ង​នេះ​មិន​មែន​ជា​នីតិ​រដ្ឋ​ទេ។ ​ហើយ​យើង​មិន​ដើរ​តាម​គន្លង​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​ទេ។​ ​អ៊ីចឹង​ដោយ​សារថា យើង​ដើរ​តាម​គន្លង​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​ ហើយ​យើង​ពង្រឹង​នីតិរដ្ឋ​ស្រប​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ​ហើយ​បាន​ជា​យើង​ចាត់វិធាន​ការ​ផ្លូវ​ច្បាប់ចំពោះ​ជន​ណា ​ឬ​ក្រុម​ណា​ដែល​ប្រព្រឹត្ត​ល្មើស​ច្បាប់ ​ហើយ​ដែល​ប៉ះ​ពាល់​ អន្ត​រាយ​ដល់​សន្តិ​សុខ​ជាតិ ដល់​សេចក្តី​រស់​នៅ​ដោយ​សុខ​ក្សេម​ក្សាន្តរបស់​ប្រជា​ពល​រដ្ឋ»។​

​លោក ​សុខ ឥសាន ​លើក​ឡើង​ទៀត​ថា​ បើ​ចង់​ដឹង​ពីតម្លា​ភាព​នៃមូល​ដ្ឋាន​ទ័ព​រាម ​ ​លុះត្រា​ចុះ​ទៅ​មើល​ទីតាំង​ជាក់​ស្តែង។​

​លោក​បន្ថែម​ថា៖ ​«បើ​ចង់​ឲ្យ​មាន​តម្លា​ភាព​ លុះ​ត្រា​តែ​គាត់​អញ្ជើញ​ទៅ​តារា​សាគរ។ គាត់​អញ្ជើញ​ទៅរាម​ ទៅ​មើល​ផ្ទាល់​ភ្នែក​តែ​ម្តង​ថា ​តើ​តារាង​កប៉ាល់​ហោះ​ដែល​គេ​ធ្វើ​ជា​តារាង​លក្ខណៈ​អន្តរ​ជាតិ​នេះ ​គេ​ទទួល​កប៉ាល់​ហោះ​យោ​ធា​ចិន ​ឬ​មួយម៉ារីន​ចិន ​អាហ្នឹងគាត់​នឹង​ឃើញ​ហើយ»

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លោក ​ស៊ឹង សែនករុណា ​យល់​ថា​ ​នៅ​ពេល​សហគមន៍​អន្តរជាតិ​ទាម​ទារ​ឲ្យ​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស ​និង​ប្រជា​ធិបតេយ្យ ហើយ​កម្ពុជា​ចេះ​តែ​ច្រាន​ចោល​បែប​នេះ​គឺមិន​មាន​ផល​ចំណេញ​អ្វី​នោះ​ទេ។ ​លោក​កត់​សម្គាល់​បន្ថែម​ថា ​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​មិន​ទាន់​បង្ហាញ​ពី​ទិដ្ឋ​ភាព​ជាក់​ស្តែង​ក្នុង​សង្គម​នៅ​ឡើយ​ទេ។​

លោក​និយាយ​ថា៖ ​«ការ​លើក​ឡើង​របៀប​នេះវា​ជា​បញ្ហា​ទៅ​វិញ​ទេ ​ព្រោះ​អ្វី​ដែល​ជា​ការ​លើក​ឡើង​របស់​សហគមន៍​អន្តរ​ជាតិ ​គេ​ចង់​ឃើញ​កម្ពុជា​យើងមាន​ការ​បើក​លំហ​ប្រជា​ធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស។​ ​អ្វីទាំង​អស់​នេះ​វា​ជា​ផល​ប្រយោជន៍​មក​ដល់​ប្រជា​ពលរដ្ឋ​ ​ក៏​ដូច​ជា​ភាព​រីក​ចម្រើន​នៃ​សង្គម​កម្ពុជា​ដែរ។​ ហើយ​ការ​ដែល​ចេះ​តែច្រាន​ចោល​របៀបនេះ ​វា​ហាក់​ដូច​ជា​មិន​ឆ្លុះ​បញ្ចាំង​ការណ៍​ពិត​នោះ​ទេ។ ​ហើយ​ទោះ​បីថា ​ការ​លើក​ឡើង​ថា ​ មាន​ការ​ប្តេជ្ញា​ចិត្ត​ មាន​ការ​គោរព​តាម​អី​ទាំង​អស់​នេះ​ វា​គ្រាន់​ជា​ការ​ថ្លែង​ប៉ុណ្ណោះ ​ប៉ុន្តែ​រូប​ភាព​ពិត​ជាក់​ស្តែង​ ដែល​កើត​នៅ​ក្នុង​សង្គម​កម្ពុជា​យើង​ មិន​មែន​ជា​ការ​ឆ្លុះ​បញ្ចាំង​នូវ​ទិដ្ឋភាព​ជាក់​ស្តែង​នោះ​ទេ»។​

​នៅ​ក្នុង​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី​១២ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២២ ​លោក​ Joe Biden (ចូ បៃដិន) ប្រធានាធិបតី​អាមេរិក ​ដែល​មក​កម្ពុជា​ដើម្បី​ចូលរួម​កិច្ច​ប្រជុំ​កំពូលអាស៊ាន​ បាន​លើក​ឡើង​អំពី​ក្តី​បារម្ភ​ទាក់​ទិនមូលដ្ឋាន​កង​ទ័ពជើង​ទឹក​រាម​នេះ​ផង​ដែរ។​

គួរ​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី​៨ ​ខែ​មិថុនា ​ឆ្នាំ២០២២​ កម្ពុជា​និង​ចិន​បាន​បើក​ការដ្ឋាន​សាង​សង់​សំណង់​នានា​នៅ​មូលដ្ឋាន​រាម​ ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន ​និង​សាងសង់​ដោយ​ក្រុម​ការងារ​នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន។ ​ប៉ុន្តែ​ការ​សាង​សង់​សំណង់​ថ្មី ​និង​ការ​ធ្វើ​ទំនើប​កម្ម​ផ្សេងៗ​ក្នុង​មូលដ្ឋាន​នេះ​ក្លាយ​ជា​បញ្ហា​ចម្រូង​ចម្រាស​មួយ​ ដោយ​សារ​មាន​ការ​ចោទ​ប្រកាន់​ពី​សហ​រដ្ឋ​អាមេរិក​ថា ​ចិន​នឹង​ប្រើ​ប្រាស់​មូលដ្ឋាន​នេះ​សម្រាប់​ពង្រីក​អំណាច​របស់​ខ្លួន។

កាល​ពី​កន្លង​ទៅ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​លោក ​ទៀ បាញ់ ​បាន​ថ្លែង​ថា​ កម្ពុជា​មាន​ភាព​ចាំបាច់​ណាស់​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​បញ្ជា​ការ​ដ្ឋាន​ទ័ព​ជើងទឹករាម ​ដែល​លោក​ថា​ ជា​ផ្នែក​មួយ​នៃ​ការ​ទប់​ទល់​នឹង​ឥទ្ធិ​ពល​នៃ​ការ​ប្រកួត​ប្រជែង​ភូមិសាស្រ្ត​នយោ​បាយ​ផង​ដែរ។ ​ប៉ុន្តែ​លោក​ច្រាន​ចោល​ការ​ចោទ​ប្រកាន់នេះ​ ​ដោយ​លើក​ឡើង​ថា ​ ការ​ធ្វើ​ទំនើប​កម្ម​នេះ​មិន​មែន​ធ្វើ​ឡើង​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ដល់​ការ​ពង្រីក​ឥទ្ធិពល​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​នៅក្នុង​តំបន់​ឡើយ៕

What Next?

Recent Articles