ព័ត៌មានជាតិ អភិបាលកិច្ច
លោក មេង គ្រុយពន្លក | ២៤ វិច្ឆិកា ២០២២ | ម៉ោង ២១:៥៦
VOD

ក្រុមការងាររដ្ឋបាលខណ្ឌឫស្សីកែវ ចុះពិនិត្យដំណើរការចាក់ដីបើកផ្លូវសាធារណៈក្នុងតំបន់ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខណ្ឌប្ញស្សីកែវ)
រដ្ឋបាលខណ្ឌប្ញស្សីកែវ បានដាក់ឱសានវាទរយៈពេល ៧ថ្ងៃ ឱ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយអតីតផ្លូវរថភ្លើង ក្នុងសង្កាត់ចំនួន៣ ដែលមានសំណង់លំនៅឋាន និងសំណង់ផ្សេងៗប៉ះពាល់ដល់ការស្ថាបនាផ្លូវបេតុងថ្មី រុះរើសំណង់របស់ខ្លួនចេញ ដើម្បីឱ្យក្រុមការងារមន្ទីរសាធារណការ ដាក់គ្រឿងចក្រពន្លឿនការស្ថាបនាផ្លូវ។
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌប្ញស្សីកែវ ចុះថ្ងៃទី២៤ ខែវិច្ឆិកានេះ បានលើកឡើងថា ដោយលំហូរចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៥ មានការមមាញឹក និងកកស្ទះខ្លាំងនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងពន្លឿនការស្ថាបនាផ្លូវបេតុងថ្មីទំហំ ២០ម៉ែត្រ លើអតីតផ្លូវរថភ្លើង ដើម្បីបន្ធូរបញ្ហាកកស្ទះចរាចរណ៍នៅផ្លូវជាតិលេខ៥ ឱ្យបានទាន់ពេលវេលា។
សេចក្តីជូនដំណឹងដដែលបន្តថា កន្លងមក ក្រុមការងាររដ្ឋបាលខណ្ឌ បានធ្វើការវាស់វែង និងបាញ់ថ្នាំកំណត់ព្រំផ្លូវបេតុងថ្មីទៅតាមខ្នងផ្ទះ ជូនប្រជាពលរដ្ឋដែលមានសំណង់ផ្សេងៗប៉ះពាល់ដល់ការស្ថាបនាផ្លូវថ្មីនេះរួចរាល់ហើយដែរ។
ករណីនេះ រដ្ឋបាលខណ្ឌអំពាវនាវដល់ប្រជាពលរដ្ឋនៅសង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ឫស្សីកែវ និងសង្កាត់ទួលសង្កែទី១ ដែលមានសំណង់ផ្សេងៗប៉ះពាល់ដល់ការស្ថាបនាផ្លូវបេតុងថ្មី និងទទួលបានសំណងរួច ត្រូវរុះរើសំណង់របស់ខ្លួនទៅតាមការវាស់វែងនោះ ក្នុងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីឱ្យក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន អាចដាក់គ្រឿងចក្រចូលឈូសឆាយ និងពន្លឿនការស្ថាបនាផ្លូវនេះជូនប្រជាពលរដ្ឋទូទៅបានប្រើប្រាស់។
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌឫស្សីកែវ ក៏បានព្រមានដែរថា៖ «ករណីបងប្អូនប្រជាពលរដ្ឋទាំងអស់ពុំអនុវត្តតាមការណែនាំខាងលើ ហើយបង្កឱ្យមានការរាំងស្ទះដល់ការស្ថាបនាផ្លូវជូនប្រជាពលរដ្ឋទូទៅប្រើប្រាស់ជាសាធារណៈ រដ្ឋបាលខណ្ឌនឹងចុះអនុវត្តវិធានការរដ្ឋបាលរុះរើ ដោយពុំទទួលខុសត្រូវលើការខូចខាត ឬបាត់បង់ផលប្រយោជន៍អ្វីឡើយ»។
អភិបាលខណ្ឌឫស្សីកែវ លោក ឯក ឃុនឌឿន មានប្រសាសន៍យ៉ាងខ្លីថា ចំពោះពលរដ្ឋដែលទទួលបានសំណងរួច ត្រូវរុះរើសំណង់ចាស់របស់ខ្លួនចេញឱ្យបានមុនថ្ងៃផុតកំណត់មកដល់។ តែយ៉ាងណា លោកមិនបានបញ្ជាក់ថាតើនៅមានពលរដ្ឋប៉ុន្មានគ្រួសារដែលរស់នៅតំបន់នោះ នៅមិនទាន់ព្រមទទួលយកសំណងតាមគោលនយោបាយរបស់រដ្ឋាភិបាលនោះឡើយ។
លោកថា៖ «អ្នកទទួលសំណងហើយត្រូវតែរើចេញ»។
ពលរដ្ឋរស់នៅបណ្ដោយអតីតផ្លូវរថភ្លើង ក្នុងខណ្ឌឫស្សីកែវ អ្នកស្រី គឹម សារី មានប្រសាសន៍ថា គ្រួសារអ្នកស្រីបានទទួលសំណង និងបានសាងសង់ផ្ទះថ្មីរួចហើយដែរ ហើយអ្នកស្រីគ្រោងនឹងរុះរើសំណង់ដែលប៉ះពាល់ដល់ការស្ថាបនាផ្លូវបេតុងនេះក្នុងពេលឆាប់ៗនេះ។
អ្នកស្រីថា៖«មីងព្រមចេញហើយ មិនចាំបាច់គេរុះរើទេ! មីងព្រមចេញហើយ! ឮថាថ្ងៃហ្នឹងខណ្ឌចុះទៀត ហើយសុំពន្យារពេលគេពីរបីថ្ងៃទៀត ហើយថ្ងៃអាទិត្យ គេមករុះ»។
យោងតាមរបាយការណ៍របស់សមាគមធាងត្នោត កាលពីអំឡុងឆ្នាំ២០១៧ បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងទៅជាផ្លូវបេតុងនេះ បានប៉ះពាល់ដល់ពលរដ្ឋដែលរស់នៅអមសងខាងផ្លូវប្រមាណ១ ០០០គ្រួសារ។ តែយ៉ាងណា អាជ្ញាធររាជធានីភ្នំពេញ បានដោះស្រាយ និងផ្តល់សំណងជាបន្តបន្ទាប់ដល់គ្រួសារដែលរងផលប៉ះពាល់ ដោយផ្តល់ជាដីឡូត៍ដែលមានក្បាលដីទំហំ ៤ម៉ែត្រ និងបណ្តោយ ១៥ម៉ែត្រ នៅតំបន់អភិវឌ្ឍន៍ព្រែកអូរវែង ស្ថិតក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។