ក្រុម​គ្រួសារ​កុមារ​ទាំង​១១​នាក់ ដែល​ស្លាប់​ដោយសារ​លិច​ទូកដ ទទួល​សំណង ១២​លាន​រៀល ក្នុង​មួយ​គ្រួសារ​ពី​ម្ចាស់​ទូកដ

ដោយ យ៉ង ចាន់តារា
2022.11.25
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​គ្រួសារ​កុមារ​ទាំង​១១​នាក់ ដែល​ស្លាប់​ដោយសារ​លិច​ទូកដ ទទួល​សំណង ១២​លាន​រៀល ក្នុង​មួយ​គ្រួសារ​ពី​ម្ចាស់​ទូកដ

ទូកចម្លងដែលបង្កនូវ​ឧបទ្ទវ​ហេតុ​លិច​ទូក​ដ​ កាលពីយប់ថ្ងៃទី១៣ នៅ​​​ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។ ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល


ក្រុម​គ្រួសារ​កុមារ​ដែល​បាន​ស្លាប់​ដោយសារ​លិច​ទូកដ​ទាំង ១១​នាក់ ព្រម​ទទួល​យក​សំណង​១២​លាន​រៀល ឬ​ប្រមាណ​ជា ៣​ពាន់​ដុល្លារ ក្នុង​មួយ​គ្រួសារ ពី​ម្ចាស់​ទូកដ​ហើយ ដើម្បី​បញ្ចប់រឿង​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់ថា រដ្ឋាភិបាល​គួរ​មាន​សំណង​ជំងឺ​ចិត្ត​បន្ថែម​ពីលើ ម្ចាស់​ទូកដ ទៅដល់​ក្រុម​គ្រួសារ​កុមារ​រងគ្រោះ ដើម្បី​បង្ហាញ​ពី​ទំនួល​ខុសត្រូវ។

ក្រុម​គ្រួសារ​កុមារ​ដែល​បាន​ស្លាប់​ដោយសារ​លិច​ទូកដ​ទាំង ១១​នាក់​សុខចិត្ត​ទទួល​យក​សំណង​ចំនួន​១២​លាន​រៀល នៅក្នុង​មួយ​គ្រួសារ ពី​ម្ចាស់​ទូកដ ដើម្បី​បញ្ចប់រឿង​ក្រៅ​ប្រព័ន្ធ​តុលាការ។ ក៏ប៉ុន្តែ​អ្នកច្បាប់ និង​មន្ត្រី​សិទ្ធិមនុស្ស យល់​ថា ពួកគាត់ នៅតែ​មាន​សិទ្ធិ​ប្ដឹង​ទាមទារ​សំណង​បន្ថែម​ទៀត​ពី​រដ្ឋាភិបាល ចំពោះ​សោកនាដកម្ម​ដ៏​សោកសង្រេង​មួយ​នេះ។

ឪពុក​កុមារ សុវត្ថិ សុវណ្ណលក្ខិណា គឺ​លោក ប៊ុត សុវត្ថិ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រុម​គ្រួសារ​កុមារ​ទាំង​១១​នាក់ បាន​ព្រមព្រៀង​ទទួលយក​សំណង​ជំងឺ​ចិត្ត​ពី​ម្ចាស់​ទូកដ កាល​ពី​ដើម​ខែវិច្ឆិកា ដោយសារ​តែ​ខាង​ក្រុម​គ្រួសារ​កុមារ​រងគ្រោះ​ទាំងអស់ មិន​ចង់​បន្ត​រឿង​វែងឆ្ងាយ​ទៅ​ដល់​តុលាការ​។ លោក ប៊ុត សុវត្ថិ បន្ថែម​ថា បច្ចុប្បន្ន​នេះ​ម្ចាស់​ទូកដ​បាន​មក​រស់នៅ​ក្នុងភូមិ​វិញ​ហើយ ប៉ុន្តែ​អាជីវកម្ម​ទូកដ​បាន​ផ្អាក ដោយសារ​មាន​ផ្លូវ​អាច​ធ្វើ​ដំណើរ​ទៅ​ភូមិ​កោះ​ចំរើន​បាន។

លោក ប៊ុត សុវត្ថិ៖ «គ្រួសារ​ជនរងគ្រោះ​ភាគច្រើន​មិនសូវ​ហ៊ាន​នឹង​គេ ព្រោះ​ខ្លាច​គេ ព្រោះ​យើង​យប់​ព្រលប់​យើង​ជិះ​ទៅ​ផ្លូវ​ណា​ផ្លូវ​ណី យើង​មានអី​ជិះ​។ បើ​ខ្ញុំ​កាន់តែ​ល្ងង់​ជាងគេ​ទៅទៀត»។

កាលពី​យប់​ថ្ងៃទី​១៣ តុលា ទូកដ​ខ្នាត​តូច​សម្រាប់​ចម្លង​ប្រជាពលរដ្ឋ ចេញពី​ភូមិ​កំពង់​ពោធិ និង​ភូមិ​អំពិល​ទឹក ទៅ​ភូមិ​កោះ​ចំរើន បាន​លិច និង​បណ្ដាល​ឱ្យ​សិស្ស ១១​នាក់​បាន​ស្លាប់។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា យល់​ឃើញ​ថា ហេតុការណ៍​លិច​ទូកដ រហូតដល់​បាត់បង់​ជីវិត​របស់​កុមារ​១១​នាក់​នេះ មិនមែន​គ្រាន់តែ​ជា​ទំនួល​ខុសត្រូវ​របស់​ម្ចាស់​ទូកដ​តែប៉ុណ្ណោះ​ទេ តែ​ក៏​ជា​កំហុស​របស់​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ​។ លោក​ស្នើសុំ​ឱ្យ​មាន​ការស៊ើបអង្កេត​មួយ​ឱ្យ​បាន​ច្បាស់លាស់​ចំពោះ​ចំណុច​ខ្វះខាត​របស់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ដើម្បី​ពង្រឹងគុណភាព​វិស័យ​សាធារណៈ ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​គ្រោះថ្នាក់​ដែល​បណ្ដាល​ឱ្យ​បាត់បង់​ជីវិត​ពលរដ្ឋ​ច្រើន​បែបនេះ​។ លោក ស៊ឹង សែនករុណា បន្ថែម​ថា រដ្ឋាភិបាល​ត្រូវ​ផ្ដល់​សំណង​ដល់​គ្រួសារ​កុមារ​រងគ្រោះ​បន្ថែម​ពីលើ​ម្ចាស់​ទូកដ ព្រោះ​ការបាត់បង់​កូនៗ ដោយ​ការ​លិច​ទូកដ​នេះ ក៏​ជា​ទំនួល​ខុសត្រូវ​របស់​រដ្ឋាភិបាល​ផង​ដែរ។

ចំពោះ​កាតព្វកិច្ច​អាជ្ញាធរ​វិញ​ក៏​ត្រូវ​មានការ​ត្រួតពិនិត្យ​ដែរ នៅក្នុង​រឿង​ហ្នឹង មានន័យថា​តើ​សមត្ថកិច្ច​មូលដ្ឋាន ការ​ទទួលខុសត្រូវ​របស់​ពួកគេ​ហ្នឹង​មានការ​យកចិត្តទុកដាក់​ក្នុង​រឿង​ហ្នឹង​យ៉ាងណា ទើប​អាច​បណ្ដាល​ឱ្យ​កើតឡើង​នូវ​គ្រោះថ្នាក់​ហ្នឹង​ទៅ​បាន អ៊ីចឹង​វា​ជា​មេរៀន​មួយ ជា​បទពិសោធន៍​មួយ​ដែល​អាជ្ញាធរ​ទូទាំង​ប្រទេស​ហ្នឹង ពិនិត្យមើល​ក្នុង​រឿង​នេះ ជៀស​វៀង​វិនាសកម្ម​ដដែលៗ​ហ្នឹង កើតមាន​ទៀត។

ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ទូកដ​ដែល​លិច​បណ្ដាល​ឱ្យ​កុមារ​ស្លាប់​នេះ គឺជា​ទូកដ​ក្នុង​សហគមន៍ និង​មិនបាន​ចុះបញ្ជី​បង់ពន្ធ​ជូន​រដ្ឋ​អ្វី​ឡើយ​។ លោក​ឱ្យ​ដឹង​ទៀត​ថា កន្លង​មក​រដ្ឋបាល​ខេត្ត បាន​ជួយឧបត្ថម្ភ​ដល់​គ្រួសារ​កុមារ​រងគ្រោះ ខ្លះ​មក​ហើយ ក្រោយពី​មាន​ព្រឹត្តិការណ៍​លិច​ទូកដ​ភ្លាមៗ ហើយ​លោក​ថា រដ្ឋបាល​ខេត្ត​មិន​មាន​គម្រោង​ផ្ដល់​ប្រាក់​សំណង​ដល់​គ្រួសារ​កុមារ​រងគ្រោះ​បន្ថែម​ទៀត​នោះ​ឡើយ៖ «ការ​ឧបត្ថម្ភ​យកចិត្តទុកដាក់​នេះ​វា​បាន​ច្រើន​ហើយ វា​មិន​សូវ​មាន​ជា​ថវិកា​អី​ប៉ុន្មាន​ទេ ប៉ុន្តែ​យក​ទៅ​ប្រើការ​បាន ជួយ​គ្នា​ក្នុងនាម​មនុស្សធម៌​ធម្មតា ប៉ុន្តែ​ជា​ការ​រៀបរយ​មួយ​សមរម្យ»។

រហូត​មក​ទល់​ពេលនេះ គេ​នៅ​មិនទាន់​ឃើញ​មាន​អាជ្ញាធរ ចេញមុខ​ទទួលខុសត្រូវ​ចំពោះ​ការ​លិច​ទូក​បណ្ដាល​ឲ្យ​ស្លាប់​សិស្ស​១១​នាក់ កាលពី​ថ្ងៃទី​១៣ ខែតុលា​នោះ នៅឡើយ​ទេ​។ ក្រុម​គ្រួសារ​សព​កុមារ​រងគ្រោះ​កាល​ពី​ពេល​កន្លង​បាន​ទាមទារ​ឱ្យ​ម្ចាស់​ទូកដ សងជំងឺចិត្ត​ចំនួន ២០​លាន​រៀល​ក្នុង​មួយ​គ្រួសារ​សព ប៉ុន្តែ​ភាគី​ម្ចាស់​ទូកដ បាន​លើកឡើង​ថា ខ្លួន​មានលទ្ធភាព​អាច​សង​បាន​ត្រឹម​តែ ៨​លាន​រៀន​នៅក្នុង​មួយ​គ្រួសារ​សព​។ ទោះជា​យ៉ាងណា ការ​សងជំងឺចិត្ត​១២​លាន​រៀល​ក្នុង​មួយ​គ្រួសារ​បែបនេះ ហាក់ដូចជា​តិចតួច​នៅឡើយ បើ​ប្រៀបធៀប​ជាមួយ​ការ​ជួយ​ដល់​គ្រួសារ​ជនរងគ្រោះ​ក្នុង​ព្រឹត្តិការណ៍​នៅ​ស្ពាន​កោះ​ពេជ្រ និង​ការ​ដួល​រលំ​អគារ​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​ជាដើម ដែល​កាលនោះ​ក្រុម​គ្រួសារ​សព​នីមួយៗ បាន​ទទួល​សំណង​រហូតដល់​រាប់​ម៉ឺន​ដុល្លារ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles