សកម្មជនមាតាធម្មជាតិ អំពាវនាវឱ្យពលរដ្ឋទៅកម្សាន្តកោះកុងក្រៅ ដើម្បីការពារតំបន់ទេសចរណ៍មួយនេះ

កម្ពុជា-សង្គម
27/11/2022 – 07:34
ដោយ៖ សាំ ឧត្តម
RFI

កោះកុងក្រៅ © FB


ក្រុម​យុវជន​មាតាធម្មជាតិ​ នឹង​ធ្វើ​សកម្មភាព​ចែក​លិខិត​ប័ណ្ណ​ផ្សព្វផ្សាយ​ពី​តំបន់​កោះកុង​ក្រៅ​ជា​សាធារណៈ ​ដើម្បី​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​ទៅ​កាន់​ទី​តាំង​នោះ​ឱ្យ​បាន​ច្រើន​ និង​ត្រៀម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដាក់​តំបន់​នេះ​ឱ្យ​ស្ថិត​ក្នុង​តំបន់​ឧទ្យាន​ជាតិ​សមុទ្រ​ ក្នុង​គោល​បំណង​ដើម្បី​ការពារ​តំបន់​កោះកុងក្រៅ​ពី​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ឯកជន។​ ការ​បន្ត​អំពាវនាវ​របស់​ក្រុម​សកម្មជន​ការពារ​បរិស្ថាន​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​តំបន់​កោះកុង​ក្រៅ​ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ផ្តល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់​យក​ទៅ​អភិវឌ្ឍន៍។

នៅថ្ងៃទី២៨ វិច្ឆិកាស្អែកនេះ ក្រុមសកម្មជនចលនាមាតាធម្មជាតិចំនួនប្រមាណ១២នាក់ នឹងធ្វើសកម្មភាពចែកលិខិតប័ណ្ណទេសចរណ៍ និងក្រដាសព័ត៌មានដែលនិយាយអំពីតំបន់កោះកុងក្រៅទៅកាន់សាធារណៈជនដែលធ្វើដំណើរឆ្លងកាត់ទីតាំងមុខស្តុបវិទ្យាស្ថានភាសាបរទេសហៅកាត់ថា IFL និងស្តុបវិទ្យាល័យជាស៊ីមសន្ធរមុខ។

កញ្ញា ភួង កែវរស្មី សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិបានឱ្យដឹងថា ការបង្កើតសកម្មភាពបែបនេះឡើង គឺដើម្បីក្រើនរំលឹកប្រជាពលរដ្ឋ ជាពិសេសយុវជនឱ្យចូលរួមការពារតំបន់កោះកុងក្រៅ និងលើកទឹកចិត្តពួកគេឱ្យធ្វើដំណើរកម្សាន្តទៅកាន់ទីតាំងនោះឱ្យបានច្រើនតាមតែធ្វើទៅបាន។ ការចូលរួមឈឺឆ្អាលរបស់យុវជនខ្មែរ គឺជាកម្លាំងចិត្ត និងការប្រមូលផ្តុំកម្លាំងការពារតំបន់កោះកុងក្រៅ។

ម្យ៉ាងទៀត ក៏ដើម្បីទាមទារឱ្យរដ្ឋាភិបាលអន្តរាគមន៍ដកហូតតំបន់កោះកុងក្រៅមកធ្វើជាសម្បតិ្តរដ្ឋវិញតាមរយៈការដាក់បញ្ចូលតំបន់នេះឱ្យទៅជាឧទ្យានជាតិសមុទ្រ ក្រោយរដ្ឋាភិបាលបានសម្រេចផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនមួយដែលមានឈ្មោះថា កោះកុង អេស អ៊ី ហ្សិដ ខូអិលធីឌី (KOH KONG SEZ Co.,ltd.) របស់លោកឧកញ៉ា លី យ៉ុងផាត់ជាសមាជិកព្រឹទ្ធិសភាមកពីគណបក្សប្រជាជនកម្ពុជាធ្វើការអភិវឌ្ឍន៍។

តែយ៉ាងណាសកម្មជនបរិស្ថានរូបនេះ ចង់ឃើញអាជ្ញាធរសហការ​តាមរយៈការផ្តល់សិទ្ធិពេញលេញដោយមិនត្រូវរារាំង រឺចោទប្រកាន់មកលើសកម្មភាពរបស់ខ្លួននៅថ្ងៃស្អែកថា ជាសកម្មភាពបង្កអាណាធិបតេយ្យ​ រឺប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ខណៈការចែកលិខិត និងក្រដាសព័ត៌មានស្តីពីបញ្ហាតំបន់កោះកុងក្រៅ គឺធ្វើឡើងស្របពេលគ្នាជាមួយក្រសួងបរិស្ថានដែលកំពុងផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍មួយនេះ។

ចំណែក នាយកប្រតិបត្តិនៃអង្គការលីកាដូ លោក អំ សំអាតធ្លាប់បានបញ្ជាក់ម្តងរួចមកហើយថា តំបន់កោះកុងក្រៅ រដ្ឋាភិបាលគួរតែពិចារណារក្សាទុកឱ្យទៅជាឧទ្យានជាតិសមុទ្រ ដើម្បីរក្សាបាននូវធនធានធម្មជាតិសម្រាប់បម្រើដល់វិស័យទេសចរណ៍។ ហើយ លោកចាត់ទុកថា តំបន់នេះមិនគួរឱ្យមានក្រុមហ៊ុនឯកជនណាមួយមកអភិវឌ្ឍន៍នោះទេ ពីព្រោះរាល់ការអភិវឌ្ឍន៍ និងវិនិយោគទាំងអស់នោះ ចង់មិនចង់វានឹងប៉ះពាល់ដល់ផលប្រយោជន៍របស់ពលរដ្ឋ គួបផ្សំនឹងផលប៉ះពាល់ដល់ជីវៈចម្រុះ និងអេកូទេសចរណ៍តាមរយៈការកាប់បំផ្លាញព្រៃឈើ ការបរបាញ់សត្វព្រៃ ការសាងសង់អាគារលើឆ្នេរសមុទ្រ និងការបង្ហូរទឹកកង្វក់ចូលសមុទ្រជាដើម។

បើតាមមន្ត្រីសិទ្ធិមនុស្សរូបនេះ ប្រសិនបើក្រសួងបរិស្ថានមានឆន្ទះក្នុងការអភិរក្សកោះនេះមែន ក្រសួងគួរតែសហការជាមួយដៃគូពាក់ព័ន្ធ ជាពិសេសកម្មជនការពារបរិស្ថាន ដោយមិនគួរបង្ហាញនូវរូបភាពថ្នាំងថ្នាក់ជាមួយគ្នាឡើយ ក៏ព្រោះថា ទិសដៅចម្បង គឺដើម្បីចូលរួមការពារធនធានធម្មជាតិដូចគ្នា។ លោកថា ការចូលរួមការពារតំបន់កោះកុងក្រៅពីសំណាក់ប្រជាពលរដ្ឋខ្មែរ គឺជាកត្តាចាំបាច់បំផុត ដើម្បីសង្គ្រោះកោះកុងក្រៅឱ្យទាន់ពេលវេលា។

ជុំវិញរឿងនេះ សកម្មជនបរិស្ថានធ្លាប់បានដាក់ញត្តិទៅរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ ឱ្យបង្ហាញនូវរបាយការណ៍លទ្ធផលនៃការចុះសិក្សាស្រាវជ្រាវតំបន់កោះកុងក្រៅរយៈពេល៦ឆ្នាំ​ដើម្បីជាផលប្រយោជន៍សាធារណៈ ក៏ប៉ុន្តែក្រសួងមិនបានបង្ហាញរបាយការណ៍ឡើយ។ នេះបើតាមសំណេរក្នុងញត្តិកាលពីថ្ងៃទី២៣ សីហា ឆ្នាំ២០២២។

សូមជម្រាបថា តំបន់កោះកុងក្រៅនេះ គឺជាកោះក្នុងដែន​សមុទ្រកម្ពុជា​ធំជាងគេ​ដែល​មាន​ទំហំ​១០៣ គីឡូម៉ែត្រការ៉េ និងមាន​ឆ្នេរសមុទ្រ​ស្រស់ស្អាត​ចំនួន៦កន្លែង ​ដែលសុទ្ធសឹង​មាន​សក្ដានុពល​ខ្លាំង​ក្នុងការ​អភិវឌ្ឍ​ទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ៕

What Next?

Recent Articles