កម្ពុជា-សង្គម
05/12/2022 – 06:55
ដោយ៖ អ៊ឹង ប៊ុនថន
RFI

១៩៦៤ វិទ្យាល័យចំណេះទូទៅ និង បច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន 1964 © Internet
លោក ហ៊ុន ម៉ានី កូនប្រុសពៅ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញមុខបដិសេធដាច់អហង្ការ ចំពោះការចោទថា លោកបានបញ្ជាឲ្យគេរៀបចំបញ្ជីឈ្មោះសិស្សប្រឡងបាក់ឌុប ដែលជាសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) របស់លោកទៅកាន់ក្រសួងអប់រំ ។ ការបដិសេធនេះគឺបន្ទាប់ពីលោក គឹម សុខ អ្នកវិភាគនយោបាយនៅក្រៅប្រទេស បានថ្លែងថា លោកទទួលបានព័ត៌មានពីគ្រូបង្រៀន នាយក និងនាយករង វិទ្យាល័យមួយចំនួនថា លោក ហ៊ុន ម៉ានី បញ្ជាឲ្យគេស្រង់ឈ្មោះ សិស្សថ្នាក់ទី១២ ដែលជា សមាជិក ស.ស.យ.ក. បញ្ជូនទៅក្រសួងអប់រំ ដើម្បីជាប់បាក់ឌុប។
តាមរយៈសំណេរនៅលើហ្វេសប៊ុកនៅព្រឹកថ្ងៃទី០៥ ខែធ្នូ ចំពេលថ្ងៃដំបូង នៃការប្រឡងបាក់ឌុប ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី បានសំដែងការភ្ញាក់ផ្អើល ហើយមានការសោកស្តាយ ដោយចាត់ទុកការលើកឡើងនេះថាជា «ក្រុមអគតិទុច្ចរិត»។
បើតាមលោក ហ៊ុន ម៉ានី គឺមិនមានករណីបែបនេះ កើតឡើងឡើយ។ ផ្ទុយទៅវិញលោកអះអាងថា ស.ស.យ.ក តែងតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យអប់រំ ពោលតាំងពីឆ្នាំ ២០១៤ ស.ស.យ.ក បានចូលរួមសង្កេតការណ៍ការប្រឡងបាក់ឌុប ដើម្បីធ្វើយ៉ាងណា ឲ្យការប្រឡងប្រព្រឹត្តទៅដោយជោគជ័យ យុត្តិធម៌ ទទួលយកបាន ដោយផ្អែកលើទិសស្លោក «អ្នកចេះគឺជាប់»។
គួរកត់សំគាល់ថា នៅយប់ថ្ងៃទី៤ធ្នូ លោក គឹម សុខ ជាអ្នកវិភាគនយោបាយដែលបានសិទ្ធិជ្រកកោននៅក្រៅប្រទេសបានចេញវីដេអូឃ្លីបមួយបានអះអាងថាលោកទទួលបានការទម្លាយព័ត៌មានពីគ្រូបង្រៀន នាយក និងនាយករង វិទ្យាល័យមួយចំនួនថា លោក ហ៊ុន ម៉ានី បញ្ជាឲ្យគេស្រង់ឈ្មោះ សិស្សថ្នាក់ទី១២ ដែលជា សមាជិក ស.ស.យ.ក. បញ្ជូនទៅក្រសួងអប់រំ ដើម្បីជាប់បាក់ឌុប។
ប្រសិនរឿងនេះជាការពិត លោក គឹម សុខ យល់ថា លោក ហ៊ុន ម៉ានី កំពុងយកព្រឹត្តិការណ៍ប្រឡងបាក់ឌុប ឆ្នាំ២០២២នេះ ប្រមូលកម្លាំងនយោបាយដើម្បីគាំទ្របងប្រុសរបស់ខ្លួន។
ប៉ុន្តែលោក ហ៊ុន ម៉ានី ក្នុងនាមជា ប្រធាន ស.ស.យ.ក និងជាពលរដ្ឋមួយរូប លោកក៏ចង់ឃើញការរៀបចំការប្រឡងបាក់ឌុបមួយ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពខ្ពស់។ លោកបញ្ជាក់ថា លោកមិនធ្វើសកម្មភាពណាមួយដូចការចោទប្រកាន់នោះទេ ហើយបើមានករណីបែបនេះមែនលោកអះអាងថានឹងទទួលខុសត្រូវចំពោះមុខច្បាប់ និងលិខិតបទដ្ឋាននានា ពាក់ព័ន្ធការប្រឡងបាក់ឌុប៕