រដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ីវិល​ ត្រៀម​រៀបចំ​ទិវាសិទ្ធិ​មនុស្ស​អន្តរជាតិ​ ក្រោម​ទិដ្ឋភាព​ផ្សេងគ្នា

កម្ពុជា-សង្គម
06/12/2022 – 06:56
ដោយ៖ សាំ ឧត្តម
RFI

សមាគមបណ្តាញយុវជនកម្ពុជា បានធ្វើយុទ្ធនាការមួយដោយជិះកង់ដើម្បីសិទ្ធិមនុស្ស ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែធ្នូ © FB


ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ បាន​ចាប់ផ្តើម​បង្កើត​យុទ្ធនាការ​របស់​ខ្លួន​ក្រោម​រូបភាព​ផ្សេងៗ​គ្នា​ដើម្បី​ប្រារព្វ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើកទី៧៤ ​នាថ្ងៃទី១០​ ធ្នូខាងមុខ។​ ក្នុង​នោះ ​រដ្ឋាភិបាល​ក៏នឹង​ត្រៀមរៀបចំ​កម្មវិធី​របស់​ខ្លួនដូចគ្នា។ ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​ ពួក​គេ​នឹង​យក​សារ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ​បើក​លំហរ​សេរីភាព​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការចូល​រួម​អនុវត្ត​សិទ្ធិសេរីភាព​បញ្ចេញមតិ​ និង​លំហរ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស ​ក្រោយ​ពួកគេ​មើល​ឃើញថា ​បញ្ហា​សិទ្ធិមនុស្ស​ សិទ្ធិនយោបាយ​ និង​លទ្ធិប្រជាធិបតេយ្យ​បន្តដាំ​ក្បាលចុះ។

សមាគមបណ្តាញយុវជនកម្ពុជា តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនបានឱ្យដឹងថា សមាគមបានធ្វើយុទ្ធនាការមួយដោយជិះកង់ដើម្បីសិទ្ធិមនុស្សចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែធ្នូ  ដើម្បីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៤។ បើតាមសមាគម យុទ្ធនាការនេះ​ នឹងមានយុវជនចំនួន៣០នាក់ជិះកង់ពីខេត្តសៀមរាប ចេញពីប្រាសាទអង្គរវត្តមកកាន់ទីលានប្រជាធិបតេយ្យ​នៅភ្នំពេញ និងព្រឹត្តិការណ៍មួយទៀត គឺជិះកង់១០ធ្នូ ចម្ងាយ៣០គីឡូម៉ែត្រ។

លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាយយុវជនកម្ពុជាបានប្រាប់ថា យុទ្ធនាការទាំងពីរនេះ គឺរៀបចំឡើងដើម្បីជំរុញឱ្យរដ្ឋាភិបាលកម្ពុជាផ្តល់លំហរពេញលេញ ការការពារសិទ្ធិមនុស្ស និងសិទ្ធិមនុស្សជាមូលដ្ឋានដែលបានកំណត់ដោយរដ្ឋធម្មនុញ្ញកម្ពុជា។

ក្នុងនោះ សមាគមក៏ស្នើបន្ថែមឱ្យរដ្ឋាភិបាលបើកលំហរសិទ្ធិសេរីភាពដល់សហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋក្នុងការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិខាងសមាគម សិទ្ធិធ្វើបាតុកម្មដោយសន្តិវិធីនិងការជួបជុំ សិទ្ធិចូលរួមកិច្ចការបរិស្ថាន និងធនធានធម្មជាតិ ក៏ដូចជាគ្មានរូបភាពគំរាមកំហែង បង្ខិតបង្ខំគ្រប់ទម្រង់ចំពោះការសម្រេចចិត្តចូលរួមបោះឆ្នោត។

ជុំវិញទិវាសិទ្ធិមនុស្សអន្តរជាតិនេះដែរ លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថា ខាងរដ្ឋាភិបាលក៏នឹងរៀបចំប្រារព្វពិធីអបអរដូចគ្នា ដែលកម្មវិធីទាំងស្រុងនឹងធ្វើឡើងនៅឯសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី០៨ ធ្នូ។

ស្តែងតាមរយៈការប្រារព្វទិវាសិទ្ធិមនុស្ស លោក កត្តា អ៊ន អះអាងថា រដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិពេញលេញដល់ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងបណ្តាសមាគមនានា ឱ្យអាចអនុវត្តសិទ្ធិរបស់ខ្លួនស្របតាមច្បាប់របស់កម្ពុជា។ ហើយលោកសាទរនៅពេលដែលអង្គការសង្គមស៊ីវិលចូលរួមអបអរទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៤ ដែលនេះសរបញ្ជាក់ពីសាមគ្គីភាពក្នុងការគោរពសិទ្ធិមនុស្សនៅកម្ពុជារវាងភាគីរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ។

តែយ៉ាងណា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារូបនេះបានប្រាប់ទៅកាន់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនថា ការលើកឡើងថា រដ្ឋាភិបាលកម្ពុជាមិនបានគោរពសិទ្ធិមនុស្ស គឺជាការចោទប្រកាន់ផ្ទុយពីការពិត ក៏ព្រោះថា រដ្ឋាភិបាលកម្ពុជាបានគោរពសិទ្ធិមនុស្ស និងបើកលំហរនយោបាយដោយមិនគៀបសង្កត់លើជនណាមួយនោះទេ។ លោកថា មានតែសកម្មភាពរបស់អង្គការសង្គមស៊ីវិលនាពេលកន្លងមកនោះទេដែលមិនបានអនុវត្តសិទ្ធិឱ្យត្រឹមត្រូវស្របតាមច្បាប់ ដោយយករូបភាពការពារសិទ្ធិមកប្រើប្រាស់ក្នុងន័យខុស ឬការពារដល់ជនប្រព្រឹត្តិខុសទៅវិញ។

សូមជម្រាបថា ក្រៅតែពីខាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា ខេមបូចាក៏នឹងត្រៀមប្រកួតបាល់ទាត់សិទ្ធិមនុស្សដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៨ ធ្នូ ដើម្បីចូលរួមអបអរទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៤ ឆ្នាំ២០២២៕

What Next?

Recent Articles