កម្ពុជា-សង្គម
07/12/2022 – 06:50
ដោយ៖ អ៊ឹង ប៊ុនថន
RFI

មជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ហៅថា មណ្ឌលព្រៃស្ពឺ © Internet
អង្គការសិទ្ធិមនុស្សលីកាដូនៅថ្ងៃពុធនេះ បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា បិទមណ្ឌលព្រៃស្ពឺជាកន្លែងដែលអង្គការនេះរកឃើញថា មានស្លាប់មនុស្ស២នាក់ដោយសារការឃុំខ្លួនមិនត្រឹមត្រូវ។ បើតាម លីកាដូ គឺមានមនុស្ស១០នាក់បានស្លាប់បន្តបន្ទាប់គ្នានៅក្នុងចន្លោះខែកក្កដា និងខែសីហាឆ្នាំ២០២២ ខណៈមានមនុស្សប្រមាណ៤០០នាក់កំពុងជាប់ឃុំនៅមណ្ឌលនេះ។ ប៉ុន្តែ ក្រសួងសង្គមកិច្ច មិនទាន់ជឿលើរបាយការណ៍នេះទេ ដោយអះអាងថាកំពុងឲ្យមន្ត្រីជំនាញចុះពិនិត្យមើល។
នេះជាការស្នើជាថ្មីរបស់អង្គការលីកាដូ ឲ្យបិទ «មជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ» ដែលគេស្គាល់ថា មណ្ឌលព្រៃស្ពឺ។ មណ្ឌលនេះបានបើកកាលពីឆ្នាំ២០០៤ ហើយអង្គការលីកាដូបានស្នើឲ្យបិទម្តងហើយកាលពីឆ្នាំ២០០៨។
ហេតុផលដែលអង្គការសិទ្ធិមនុស្សស្នើឲ្យបិទមណ្ឌលឃុំខ្លួនមនុស្សដែលគេចាត់ទុកថាជា«ជនអនាថា»នោះគឺដោយសារតែមានករណីស្លាប់ស្ត្រីម្នាក់ និងបុរសម្នាក់។ ការស្លាប់នេះ បើតាមលីកាដូ គឺដោយសារតែការឃុំខ្លួនមិនត្រឹមត្រូវ។ មិនត្រឹមត្រូវ ព្រោះអ្នកជាប់ឃុំនៅមណ្ឌលនេះដែលធ្លាក់ខ្លួនឈឺ គឺមិនមានការព្យាបាលគ្រប់គ្រាន់ ខណៈសាក្សីនិយាយ ប្រៀបប្រដូច ស្ថាភាពទីនោះដូច«នរក»ក៏ព្រោះតែការវាយដំអ្នកមិនស្តាប់បញ្ជា ខ្វះអាហារ និងថ្នាំពេទ្យ។
សាក្សីដែលបានឃើញការស្លាប់របស់អ្នកទាំងពីរ បានរៀបរាប់នៅក្នុងរបាយការណ៍របស់លីកាដូថា អ្នកជាប់ឃុំមានជំងឺធ្ងន់ធ្ងរ ហើយត្រូវបានទុកចោលនៅលើឥដ្ឋក្នុងបន្ទប់ឃុំឃាំង និងស្លាប់នៅចំពោះមុខអ្នកជាប់ឃុំផ្សេងទៀត។ សាកសពអ្នកទាំងពីរក្រោយមក ត្រូវបានបុគ្គលរបស់មណ្ឌលនេះយកចេញ។ នេះបើតាមរបាយការណ៍ដដែល ខណៈដែលសាក្សីនៅក្នុងវត្តដែលទទួលខុសត្រូវការបូជាសពបានបញ្ជាក់ពី ការកើនឡើងនៃសពដែលមកពីមណ្ឌលព្រៃស្ពឺដែលបញ្ជូនមកអំឡូងខែសីហា២០២២។
បើតាមលីកាដូ គឺមានភស្តុតាងបង្ហាញថា មានមនុស្ស១០នាក់បានស្លាប់ជាបន្តបន្ទាប់គ្នានៅក្នុងចន្លោះពេល២ខែគឺខែកក្កដា និងខែសីហាឆ្នាំ២០២២នេះ។ ប៉ុន្តែ ការរឹតត្បិតមិនឲ្យចូលទៅមណ្ឌលនេះគឺជាការពិបាកនៃការរាយការណ៍ពីករណីនេះ។
មនុស្សដែលត្រូវគេចាប់យកទៅឃុំខ្លួននៅមណ្ឌលនេះ គឺភាគច្រើនជាជនអនាថា អ្នកសុំទាន អ្នកប្រើគ្រឿញៀន អ្នករកស៊ីផ្លូវភេទជាដើម។ ពួកគេមិនត្រូវបានចោទប្រកាន់ពីបទល្មើសណាមួយទេ តែត្រូវបានឃុំខ្លួនដោយមិនច្បាស់លាស់។ នេះបើតាមអង្គការដដែល។
អ្នកនាំពាក្យក្រសួងសង្គមកិច្ចលោក តូច ចាន់នី បញ្ជាក់ថាមណ្ឌលនេះមិនជាកន្លែងឃុំឃាំងទេ។ តែលោកទទួលស្គាល់ថា កន្លងមកការចាប់ដោយអ្នកប្រើគ្រឿងញៀនយកទៅដាក់នៅទីនោះ ហើយក្រោយមកមិនមានទេ។
បើតាមអ្នកនាំពាក្យរូបនេះ គឺមិនទាន់ជឿលើរបាយការណ៍របស់លីកាដូទេ ខណៈមន្ត្រីជំនាញកំពុងចុះស៊ើបអង្កេត។ តែអង្គការសិទ្ធិមនុស្សរកឃើញថា មណ្ឌលនេះជាកន្លែងខ្លួនមិនត្រឹមត្រូវ ដើម្បីលាក់បាំងរូបភាពប្រជាពលរដ្ឋដែលមិនត្រូវបានគេអើពើ និងអ្នកដែលប្រឈមហានិភ័យនៅភ្នំពេញ ខណៈដែលមិនទទួលបានកិច្ចការពារផ្លូវច្បាប់ អាហារគ្រប់គ្រប់គ្រាន់ និងថ្នាំព្យាបាល៕