ព័ត៌មានជាតិ សង្គម
លោក ណាត សុភាព | ១៥ មករា ២០២៣ | ម៉ោង ១០:៥៤
VOD

ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក ត្រូវបានបើកឱ្យដំណើរការឡើងវិញ ក្រោយការរឹតបន្ដឹងលើចំណុចមួយចំនួនរវាងកម្ពុជានិងថៃ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)
មន្ត្រីសុខាភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា មានមនុស្ស ២នាក់បានស្លាប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ដោយសន្និដ្ឋានបឋមថា អាចបណ្តាលមកពីពុលស្រាស លាយជាមួយភេសជ្ជៈកូកាកូឡា និងក្រូចឆ្មា។
ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោក ឡេ ច័ន្ទសង្វាត បានឱ្យវីអូឌីដឹងនៅថ្ងៃអាទិត្យថា តាមព័ត៌មានបឋម ជនរងគ្រោះ២នាក់ឈ្មោះ ហ៊ាន ប៊ុណ្ណារ៉ាត់ អាយុ៤៧ឆ្នាំ ជាគ្រូបង្រៀនសាលាឯកជននៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត និងមានទីលំនៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ ចំណែក ជនរងគ្រោះម្នាក់ទៀតត្រូវជាក្មួយស្រីរបស់លោកលោក ហ៊ាន ប៊ុណ្ណារ៉ាត់ រស់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោកបន្តថា ជនរងគ្រោះទាំង ២នាក់ស្លាប់ដោយសារពិសារស្រាស ដែលលាយជាមួយភេសជ្ជៈកូកាកូឡា និងក្រូចឆ្មា កាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣។ លោកបន្តថា ក្រោយទទួលទានស្រានោះរួច ស្រាប់តែជនរងគ្រោះទាំង ២នាក់ មានអាការៈមិនស្រួលខ្លួន បន្ទាប់មក សាច់ញាតិក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ប៉ុន្តែដោយសារជនរងគ្រោះទាំង២មានអាការៈធ្ងន់ធ្ងរ ខាងគ្រូពេទ្យបានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី បន្ត។
យ៉ាងណា ប្រធានមន្ទីរសុខាភិបាលរូបនេះនិយាយថា ដោយសារអាការៈធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យនៅតែមិនអាចជួយសង្គ្រោះបានទេ ទើបធ្វើឱ្យជនរងគ្រោះស្លាប់តែម្តង។
ប្រភពដដែលបញ្ជាក់ថា ក្រោយពីជនរងគ្រោះស្លាប់ ក្រុមគ្រូពេទ្យបានប្រមូលវត្ថុតាងពាក់ព័ន្ធបញ្ជូនទៅមន្ទីរពិសោធិ៍ នៅក្រសួងសុខាភិបាល ដើម្បីត្រួតពិនិត្យរួចហើយ តែចំពោះលទ្ធផលលោកថា នឹងចេញជាផ្លូវការនៅថ្ងៃចន្ទ ទី១៦ ខែមករា។
លោកមានប្រសាសន៍ថា៖ «ករណីហ្នឹង អាចកើតចេញពីរឿងពុលស្រាស ប៉ុន្តែលទ្ធផលយើងមិនទាន់ទទួលបានមកពីមន្ទីរពិសោធិ៍ជាផ្លូវការទេ។ អ៊ីចឹងយើងមិនទាន់ផ្តល់ព័ត៌មានឱ្យច្បាស់លាស់នៅឡើយទេ ព្រោះគាត់ផឹកលាយគ្នាច្រើនប្រភេទ។ អ៊ីចឹងចាំថ្ងៃចន្ទ លទ្ធផលនឹងចេញជាផ្លូវការ»។
ទាក់ទិននឹងបញ្ហាពុលនេះដែរ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ យ៉ាងហោចណាស់ មនុស្ស ៧នាក់បានស្លាប់ និងជាង១០នាក់ទៀតត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅតាមមន្ទីរពេទ្យ ក្រោយពួកគេយកអាល់កុលលាយជាមួយទឹកភេសជ្ជៈផឹក នៅក្នុងមណ្ឌលធ្វើចត្តាឡីស័កមួយកន្លែង ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាពេលដែលពួកគេទាំងនោះកំពុងធ្វើចត្តាឡីស័កជំងឺកូវីដ-១៩។
ដោយឡែក កាលពីខែឧសភា និងខែមិថុនា ឆ្នាំ២០២១ នោះដែរ ពលរដ្ឋនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន៧នាក់បានស្លាប់ និងមួយចំនួនទៀតបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារពុលស្រាស ខណៈពលរដ្ឋចំនួន ២៣នាក់រស់នៅស្រុកល្វាឯម ខេត្តកណ្ដាល និងស្រុកកំពង់ត្រាច ខេត្តកំពត ក៏បានស្លាប់ជាបន្តបន្ទាប់ ដោយសារពុលស្រាសដែលសមត្ថកិច្ចជំនាញថា មានលាយជាតិមេតាណុលខ្ពស់៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។