គណបក្សក្រៅរដ្ឋាភិបាលយល់ថា ការចាប់ខ្លួនអនុប្រធានបក្សភ្លើងទៀនអាចមានហេតុផលនយោបាយ

នយោបាយ ព័ត៌មានជាតិ
ហង់ សុខហុង and លោក ម៉ម មុនីរតន៍ | ១៧ មករា ២០២៣ | ម៉ោង ២១:៥២
VOD

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ថ្លែងក្នុងកម្មវិធី ប្រារព្ធខួប៣១ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ថ្លែងក្នុងកម្មវិធី ប្រារព្ធខួប៣១ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។ (ហ៊ាន រង្សី)


ការចាប់ខ្លួនលោក ថាច់សេដ្ឋា នៅពេលនេះ ដែលតុលាការសំអាងហេតុថាធ្វើឡើងដោយផ្អែកលើ​​ភស្តុ​​តាងដាក់បន្ទុកត្រឹមត្រូវតាមនីតិវិធីច្បាប់ ក្នុងពេលអ្នកនយោបាយនៅក្រៅរដ្ឋាភិបាលដាក់​​ម​​ន្ទិល​សង្ស័យទៅលើការអនុវត្តនីតិវិធីនេះ ដែលចាត់ទុកទំនងអាចជាការចាប់ខ្លួនក្រោម​ហេតុផល​​ន​​យោ​​បាយ​​​​ច្រើន​​ជា​​ង ព្រោះបើគេពិនិត្យអំពីពេលវេលានៃបទល្មើស លោក ថាច់សេដ្ឋា គួរ​​ណាស់​​ត្រូវបាន​​ចាប់​​​ខ្លួន​​ភ្លា​ម​​ៗតាំង​ពីមានបណ្ដឹងប្រឆាំងការចេញសែកស្អុយមកម៉្លេះ។

សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូច័ន្ទរ័ត្ន ឱ្យដឹងនៅថ្ងៃទី​១៧ ខែមករា​នេះ​ថា ដោ​យ​​​​​សារ​លោក ថាច់សេដ្ឋា គឺជាអ្នកនយោបាយ ហេតុនេះការចោទប្រកាន់ក្រោមហេតុផលការ​​ចេញ​សែកស្អុយ ឬសែកដែលមិនមានសាច់ប្រាក់​នេះ ជារឿង​ហាក់មិនអស់ចិត្ត។ ម្យ៉ាងវិញទៀត លោកថា អ្វីដែល​​កាន់​​​តែមាន​​មន្ទិលសង្ស័យទៅទៀតនោះ គឺប្រសិន​បើតុ​លាការ​រក​ឃើញ​ពី​បទ​ល្មើស គួរណាស់​តែ​​អ្នកន​យោ​​បា​យ​​រូបនេះ ត្រូវចាប់ខ្លួនភ្លាមៗបន្ទាប់ពីទទួលបានពាក្យបណ្តឹង។

លោកបន្តថា៖ «ប៉ុន្តែប្រសិនបើថាការអនុវត្តផ្លូវច្បាប់យើងមើលទៅវាហាក់ដូចជាមិទំនងណាស់។មានករណីខ្លះ ដូចឯកឧត្ដមគង់គាំលោកកាន់កាប់៤០ឆ្នាំអីហើយគេគិតថាជារឿងផ្លូវច្បាប់។ ​​​ហើ​​​​ឯកឧត្តមថាច់សេដ្ឋាមានករណីតាំងពីឆ្នាំ២០១៩ ជាដើមហើយទើបមកចាត់វិធានការ​​​នៅពេ​​​​​នេះ​​អ៊ីចឹងទៅ សម្រាប់ទស្សនៈខ្ញុំខ្ញុំដាក់ការសង្ស័យថា វាអាចពាក់ព័ន្ធនឹងរឿងនយោបាយ»។

លោក ថាច់សេដ្ឋា ជាអ្នកនយោបាយមានដើមកំណើតខ្មែរកម្ពុជាក្រោម ត្រូវបានសមត្ថ​​កិច្ចចាប់​ខ្លួននៅម្តុំវត្តសំរោងអណ្តែត ខណ្ឌសែនសុខ រាជធានីភ្នំពេញ ​កាលពីល្ងាចថ្ងៃទី​១៦ ខែ​មករា ឆ្នាំ២០២៣។ ​​ក្រោ​​យ​​​​ចាប់ខ្លួន អនុប្រធានគណបក្សភ្លើងទៀនរូបនេះត្រូវបានគេបញ្ជូនទៅឃុំខ្លួន​​បណ្ដោះ​​​​អាសន្ន​​ភ្លាម​​ៗនៅពន្ធនាគារព្រៃស។

មិនខុសគ្នាទេ អ្នកនាំពាក្យ និងជាអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោក សាមអ៊ីន យល់ឃើញថា ការចាប់ខ្លួនអ្នកនយោបាយជាន់ខ្ពស់គណបក្សភ្លើងទៀននៅពេលនេះ ជា​​រូប​ភាព​បង្ហាញឱ្យឃើញពីភាពហិង្សាខាងនយោបាយដែលគួរឱ្យព្រួយបារម្ភ។ ​​លោកបន្តថា បើទោះ​​ជារឿងរ៉ាវនេះមើលទៅវាហាក់ដូចជាអាថ៌កំបាំងបន្តិច តែយ៉ាងណា បញ្ហានេះមានមន្ទិល​​សង្ស័យ​​ជា​ច្រើន នៅពីក្រោយនៃការអនុវត្តនីតិវិធីតាម​​ផ្លូវតុ​​លា​​ការ​ប្រឆាំងលោក ថាច់សេដ្ឋា នេះ។

លោកបន្តថា៖ «ដោយសារលោកថាច់សេដ្ឋាលោកជាអនុប្រធានគណបក្សភ្លើងទៀនដែល​​ជា​​ណបក្សប្រឆាំងដ៏ធំមួយត្រៀមខ្លួនចូលរួមប្រកួតប្រជែងការបោះឆ្នោតខាងមុខអ៊ីចឹងយើងមើលពីខាងក្រៅនិងមើលពីចម្ងាយ​​​​ទៅការចាប់ខ្លួនរបស់លោកហ្នឹងវាបង្កើតជាបរិយាកាស​​មួយ​​មិន​​ល្អ។ការរៀបចំការបោះឆ្នោតក្នុងពេលខាងមុខហ្នឹងវាដូចជាផ្តល់សារសម្រាប់អ្នកមើលពីចម្ងាយហ្នឹងនៅមានការគំរាមកំហែងនិងការភ័យខ្លាចសម្រាប់ការប្រកួតប្រជែងការបោះឆ្នោតមួយដែល​​សេរីហើយយុត្តិធម៌និងត្រឹមត្រូវ។វាដូចជាការបង្ហាញនូវការផ្តល់សញ្ញាមន្ទិលសង្ស័យនេះ​​ជាកា​​យល់ឃើញរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន »។

ក្នុងថ្ងៃតែមួយនៃការចាប់ខ្លួនលោក ថាច់សេដ្ឋា ស្ថាប័នអយ្យការ​នៃតុលាការរាជធានីភ្នំពេញ បាន​​បញ្ជាក់​ជំហរនៃការចាប់ខ្លួនអនុប្រធាន​​គណបក្សភ្លើងទៀននេះ ថា​អ​នុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ ខណៈ​លោក ថាច់សេដ្ឋា ខក​ខាន​​មិន​​បាន​​ចូលខ្លួន​បំភ្លឺតាម​ដីកា​​បង្គាប់​ឱ្យ​ចូល​​ខ្លួន​​ចំនួន​​២លើក តាំងពីចុងខែ​​កុម្ភៈ ឆ្នាំ២០២១ មក។

ចំណែកលោក យ៉ែមបុញ្ញឫទ្ធិ អនុប្រធានគណបក្សខ្មែររួបរួមជាតិ ហាក់មានភាពស្ទាក់​ស្ទើរក្នុង​ការ​លើក​​​​ហេតុផល​ និងបានបដិសេធក្នុងការផ្តល់​ពីមូលដ្ឋាន និងអង្គហេតុ​នៃការចាប់ខ្លួននេះ។ តែ​យ៉ាង​ណា​​ លោក​​យល់ឃើញថា ការចាប់ខ្លួននេះមិនមែនជាសញ្ញា​ល្អ​ទេ សម្រាប់​​ប្រទេ​​​​ស​​ដែល​​​អនុ​វត្ត​របប​សេរីពហុបក្ស។ មិន​តែ​ប៉ុណ្ណោះ លោកថា ដើម្បីឱ្យគ្រប់ភាគីមានភាពស្មើគ្នាក្នុងកិច្ចការ​​​នយោ​​បា​​យ គួរណាស់គូភាគីនីមួយៗអនុវត្តឱ្យបានពេញលេញនូវ​​តួនាទី វប្បធម៌សន្ទនា ជាពិសេស​​ស្មារតីនៃ​​កិច្ចព្រមព្រៀង​​សន្តិសភាព​​ទីក្រុ​​ងប៉ារីស។

លោកបន្តថា៖ «ចំណុចនេះ​ យើងមានការពិបាក​ ពីព្រោះយើងមិនដែលបានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយក៏ថាយើងតាមដានកិច្ចការទាំងអស់នោះដោយសារគណបក្សខ្មែររួប​​រួមជាតិ​​មួយរយៈ​​​កន្លង​​មកក៏ដូចជាពេលនេះយើងកំពុងតែរៀបចំរចនាសម្ពន្ធតាមមូលដ្ឋានផងនិងការកសាង​​​​ម្លាំងឡើងវិញផង។យោងលើរបាយការណ៍នៃលទ្ធផលបោះឆ្នោតនានាក្នុងពេលកន្លងទៅយើង​​​​​នៅ​​​មានកម្រិតទាបមែនទែន»។

លោក ថាច់ សេដ្ឋា រងការចោទប្រកាន់ដោយក្រុមហ៊ុន រិនឆាយផនសប ពីបទ«មិនបានបំពេញ​​កា​​តព្វកិច្ច​​ចំពោះឧបរណ៍អាចជួញដូរបាន» ឬហៅថា ការចេញសែកដោយគ្មានសាច់​​ប្រាក់ចំ​នួន​​៥​សន្លឹក ដែលប្រព្រឹត្តតាំងពីឆ្នាំ២០១៩។

លោក វណ្ណប៊ុនណា អ្នកជំនាញផ្នែកគោលនយោបាយ ចាត់ទុកការចាប់ខ្លួនក្បាលម៉ាស៊ីន​​ដឹកនាំ​​គ​ណ​​បក្សភ្លើងទៀន​នេះ​ថា ជាផ្នែកមួយដែលធ្វើឱ្យបក្សជំទាស់នេះ ឈានទៅរកភាពដុនដាប និង​បាត់​បង់​​​ជំ​​នឿ​​​ពី​អ្នក​គាំទ្រ។ មួយវិញទៀត លោកអះអាងថា ការអនុវត្តនីតិវិធីច្បាប់នេះ គឺធ្វើឡើង​ក្រោម​​​​ហេតុ​​ផល​​​​នយោបាយច្រើនជាងការរកឃើញថាអ្នកនយោបាយ​រូប​នេះមាន​បទ​ល្មើស​ព្រហ្ម​ទណ្ឌ។

លោកបន្តថា៖ «ប្រសិនបើយើងមើលពីការវិវត្តចុងក្រោយក៏ដូចជាការគំរាមរបស់លោកនាយរដ្ឋ​​​មន្រ្តីហ៊ុនសែនយើង[យល់ថា]រឿងហ្នឹងវាគឺជារឿងនយោបាយច្រើនជាងហើយមូលហេតុដែលធ្វើរឿងហ្នឹង​​ ​ដោយសារមកដល់ពេលនេះកម្ពុជាជិតដល់ការបោះឆ្នោត ឆ្នាំ២០២៣ដែលជាការបោះ​​ឆ្នោត​​ជ្រើ​​​​រើសតំណាងរាស្រ្ត អាណត្តិទី៧។ដូច្នេះ គណបក្សភ្លើងទៀនដែលជាគណបក្សកំពុង​​តែមានសំឡេងនិងសក្ដានុពលគួរសមដែរដូច្នេះជាយន្តការមួយរបស់គណបក្សកាន់អំណាចគឺធ្វើ​​អ៊ីចឹង!​​​ ដើម្បីបង្សាបឥទ្ធិពលគណបក្សភ្លើង កុំឱ្យមានសំឡេងឬក៏ឥទ្ធិពលទាក់​​ទាញអ្នកគាំទ្រ​​បាន​​ច្រើន»។

នៅពេលនេះ គេសង្កេតឃើញថា ក្បាលម៉ាស៊ីនដឹកនាំបក្សក្រៅរដ្ឋាភិបាលមួយនេះ មនុស្សសំខាន់​​ៗ ​ដូចជា លោក សុនឆ័យ និងលោក គង់គាំ ហើយចុងក្រោយនេះ គឺលោក ថាច់សេដ្ឋា ត្រូវជាប់​​បណ្ដឹង​​នៅតុលាការ និងស្ថិតនៅក្នុងគំនាបនយោបាយ ខណៈការបោះឆ្នោត​​ថ្នាក់ជាតិ លើកទី៧ កាន់តែខិតជិតមកដល់។

យ៉ាងណា គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍​របស់ខ្លួនក្នុង​​ថ្ងៃ​​​តែមួយ​នៃការចាប់​ខ្លួន​លោក ថាច់សេដ្ឋា ដោយអាជ្ញាធរក្រុងភ្នំពេញ​ថា ប្រសិនបើបរិយាកាស​​នយោ​​បាយនៅ​​តែ​​បែប​​នេះ គណបក្សភ្លើងទៀន អាចនឹងបោះបង់សិទ្ធិក្នុងការចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតដែលប្រព្រឹត្តទៅ​នៅថ្ងៃអាទិត្យ ទី២៣ ខែ​កក្កដា ឆ្នាំ២០២៣ ខាងមុខ​​នេះ​​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles