ជនឆបោកជនជាតិម៉ាឡេស៊ីដែលរងការចោទប្រកាន់ មានប្រតិបត្តិការនៅកម្ពុជា

សេដ្ឋកិច្ច ព័ត៌មានជាតិ
Danielle Keeton-Olsen | ០១ កុម្ភៈ ២០២៣ | ម៉ោង ១៤:៤៣
VOD

លោក Teddy Teow Wooi Huat មក​ដល់​ក្នុងពិធី​ចុះ​ហត្ថលេខា​រវាង​ក្រុមហ៊ុន​របស់​លោកគឺ MFace និង​ក្រុមហ៊ុន​អាកាសចរណ៍​ AirAsia ក្នុង​រូបថត​ដែល​បាន​បង្ហោះ​លើ​ទំព័រ Facebook របស់ក្រុមហ៊ុន MFace នៅ​ថ្ងៃ​ទី១១ ខែ​មិថុនា ឆ្នាំ២០១៣។

លោក Teddy Teow Wooi Huat មក​ដល់​ក្នុងពិធី​ចុះ​ហត្ថលេខា​រវាង​ក្រុមហ៊ុន​របស់​លោកគឺ MFace និង​ក្រុមហ៊ុន​អាកាសចរណ៍​ AirAsia ក្នុង​រូបថត​ដែល​បាន​បង្ហោះ​លើ​ទំព័រ Facebook របស់ក្រុមហ៊ុន MFace នៅ​ថ្ងៃ​ទី១១ ខែ​មិថុនា ឆ្នាំ២០១៣។


ពាណិជ្ជករជនជាតិម៉ាឡេស៊ីម្នាក់ប្រឈមនឹងការធ្វើបត្យាប័នបញ្ជូនពីប្រទេសថៃទៅកាន់ប្រទេសចិន ជុំវិញការលាងលុយកខ្វក់ និងល្បែងស៊ីសងតាមអ៊ីនធឺណិត បានព្យាយាមជ្រើសរើសវិនិយោគិននៅកម្ពុជា។

កាលពីដើមខែនេះ សារព័ត៌មាន The Thaiger ដែលមានមូលដ្ឋាននៅភូកេត បានរាយការណ៍ថា លោក ថេឌី តូវូអ៊ីហូត (Teddy Teow Wooi Huat) ជាជនជាតិម៉ាឡេស៊ី ដែលបានបង្កើតក្រុមហ៊ុន Mobility Beyond Imagination ឬ MBI Group នឹងត្រូវធ្វើបត្យាប័នបញ្ជូនទៅប្រទេសចិន តាមសេចក្តីសម្រេចរបស់តុលាការថៃ។

ក្រុមហ៊ុន MBI Group របស់លោក Teow គឺជាក្រុមហ៊ុនអចលនទ្រព្យ និងគម្រោងវិនិយោគលើទីផ្សារអនឡាញ ដោយផ្អែកលើប្រព័ន្ធផ្សព្វផ្សាយសង្គមដូចហ្វេសហ៊ុក ដែលផ្តោតលើប្រទេសចិន និងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។ ទ្រព្យសម្បត្តិរបស់លោក ​រួម​មាន ​​រមណីយដ្ឋាន​មួយ​នៅ​ក្រុងដានុក (Danok) ​ប្រទេស​ថៃ ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ម៉ាឡេស៊ី ព្រម​ទាំង​ក្រុមហ៊ុន​ដែល​បាន​ចុះ​បញ្ជី​នៅក្នុងប្រទេស​កម្ពុជា។

យោងតាមគេហទំព័ររបស់ក្រសួងពាណិជ្ជកម្មកម្ពុជា លោក Teow បានចុះបញ្ជីអាជីវកម្មមួយនៅក្នុងប្រទេសកម្ពុជា គឺក្រុមហ៊ុន MBI Ventures នៅក្នុងឆ្នាំ២០១៨ ដែលមាននាយកជាជនជាតិម៉ាឡេស៊ីម្នាក់ទៀតឈ្មោះ ហ្វុង វ៉ុកជុង (Fong Kwok Choong)

លោក Fong បានប្រាប់ វីអូឌី តាមរយៈប្រព័ន្ធ WhatsApp កាលពីថ្ងៃអង្គារថា លោកបានលាឈប់ពីក្រុមហ៊ុនកាលពីប៉ុន្មានឆ្នាំមុន ទោះបីជាឈ្មោះរបស់លោកនៅតែមាននៅលើគេហទំព័ររបស់ក្រសួងពាណិជ្ជកម្មក៏ដោយ។ លោកថា លោកបានជួបលោក Teow តាមរយៈសហគ្រិនក្រៅប្រទេសម្នាក់ទៀត ហើយក៏ចង់វិនិយោគរួមគ្នានៅក្នុងប្រទេសកម្ពុជា។

លោក​បាន​និយាយ​ក្នុង​សារ​មួយ​ថា៖ «ខ្ញុំ​មិន​អាច​យក​ថ្លៃសេវាបង្កើតក្រុមហ៊ុន​ដែល​យើង​បានបង់មកវិញឡើយ»។

លោក Fong បាននិយាយថា លោក Teow បដិសេធក្នុងការសងបំណុលអាជីវកម្មដល់រូបលោកសម្រាប់ការបង្កើតក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ហើយមិនបាននិយាយជាមួយលោកអស់រយៈពេលជាច្រើនឆ្នាំ។ លោក Fong បាននិយាយថា លោក Teow ភ្លេចគ្រាដែលធ្លាប់មានទំនាក់ទំនងជាមួយគ្នា។

លោកបានមានប្រសាសន៍ថា៖ «នៅពេលនោះ បើតាមគាត់ គាត់ចង់មកវិនិយោគនៅកម្ពុជា។ ដូច្នេះ យើងពិចារណា​លើកយកគម្រោងមួយចំនួនសម្រាប់គាត់ ប៉ុន្តែគាត់មិនបានពន្យល់ច្បាស់លាស់អំពីអ្វីដែលត្រូវវិនិយោគនោះទេ។ ដូច្នេះ វាគ្រាន់តែធ្វើឱ្យយើងខាតពេល។ ចាប់ពីនោះមក យើងលែងតាមដានជាមួយគាត់ទៀត»

លោក Fong បាន​និយាយ​ថា លោក​មិន​បាន​ដឹង​អំពី​ការ​ចោទ​ប្រកាន់​លើ​លោក Teow ទេ។ ប៉ុន្តែ​លោក​បាន​បន្ថែម​ថា លោក Teow ​ហាក់​ដូចបង្ហាញថាគាត់​ជា​អ្នក​មាន ហើយ​អាច​វិនិយោគ​ប្រាក់​ជា​ច្រើន។

ជាច្រើនឆ្នាំមុនពេលក្រុមហ៊ុន MBI Ventures ត្រូវបានចុះបញ្ជីជាក្រុមហ៊ុន អ្នកប្រើប្រាស់ម្នាក់បានផ្សព្វផ្សាយតាមអ៊ីនធឺណិតក្នុងឆ្នាំ២០១៥ ដោយផ្សាយពាណិជ្ជកម្មអំពី MBI Group និង MFC Cambodia ជាភាសាខ្មែរ និងអង់គ្លេស។ ការផ្សព្វផ្សាយក្រោយមកទៀត គឺក្រុមហ៊ុនពាក់ព័ន្ធដែលបានចុះបញ្ជីក្នុងប្រទេសកម្ពុជា ដោយដាក់ឈ្មោះកូនប្រុសរបស់លោក  Teow ឈ្មោះ តូ ជីចូ (Teow Chee Chow) ដែលត្រូវបានចាប់ខ្លួនផងដែរ ទាក់ទងនឹងទីតាំងឆបោកដែលមានមូលដ្ឋាននៅទីក្រុងម៉ាកាវ។

ការផ្សាយពាណិជ្ជកម្មនោះ រួមមាន ការផ្សាយអំពីគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ក្រុមហ៊ុនឈ្មោះថា MFace ដោយសន្យាថាអាចរកប្រាក់ដោយការវិនិយោគលើការផ្សាយពាណិជ្ជកម្មរបស់កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម និងការលេងល្បែងតាមអ៊ីនធឺណិត តាមរយៈរូបិយបណ្ណឌីជីថលដែលត្រូវបានហៅថា «កាក់ទិញទំនិញ (goods redemption coins) ឬ GRC»។

ពាណិជ្ជកម្មជាភាសាខ្មែរបាននិយាយថា វិនិយោគិនដែលមានសក្តានុពលត្រូវទិញកញ្ចប់ផ្សាយពាណិជ្ជកម្មចាប់ពី ៦០០ ដុល្លារ ដែលនឹងប្តូរទៅជា GRC មួយចំនួនដែលវិនិយោគិនអាចចំណាយលើការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិតនៅលើ MFace។

ពាណិជ្ជកម្មផ្សេងទៀតជាភាសាអង់គ្លេស បានប្រាប់សមាជិកថ្មីដែលមានសក្តានុពលថា ពួកគេត្រូវរកសមាជិកបន្ថែមចូលក្រុមហ៊ុន ដើម្បីឈានទៅកម្រិតខ្ពស់នៅក្នុងសាជីវកម្ម និងទទួលបានប្រាក់កាន់តែច្រើន។

លោក Teow ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ប្រទេស​ថៃ​ កាល​ពី​ខែ​កក្កដា ឆ្នាំ​មុន ដោយ​ទាំង​អាជ្ញាធរ​ចិន និង​ម៉ាឡេស៊ី​​ កំពុងរៀបចំធ្វើ​បត្យាប័ន។ យោងតាមសារព័ត៌មានម៉ាឡេស៊ី The Star អាជ្ញាធរម៉ាឡេស៊ី បានចាត់វិធានការប្រឆាំងនឹងលោក Teow ក្នុងឆ្នាំ២០១៧ ដោយបានឆ្មក់ចូលទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន M Mall ក្នុងទីក្រុងប៉េណាង (Penang) និងបង្កកគណនីធនាគារចំនួន៩១ ដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុននេះ។

ពីរឆ្នាំក្រោយមក ជនជាតិចិនចំនួន១០០នាក់បានធ្វើបាតុកម្មនៅខាងក្រៅស្ថានទូតចិន ក្នុងទីក្រុងគូឡាឡាំពួ ដើម្បីតវ៉ាអំពីការខាតបង់ប្រាក់ទៅក្រុមហ៊ុន MBI។ អាជ្ញាធរចិ នក៏បានស្វែងរកលោក ​Teow ដើម្បីសាកសួរផងដែរ បន្ទាប់ពីពលរដ្ឋចិនជាង៤០០នាក់បានប្តឹងរូបលោកនៅឆ្នាំ២០២១ ដើម្បីទាមទារសំណងចំនួន ២៣,៤ លានដុល្លារ។ វិនិយោគិន​កម្ពុជា​ក៏​ខាតបង់ប្រាក់​ទៅ​ក្រុមហ៊ុន MBI ផងដែរ។

លោក រិទ្ធី ភីម រស់នៅរាជធានីភ្នំពេញ ដែលបម្រើការងារក្នុងវិស័យអចលនទ្រព្យ បានប្រាប់ វីអូឌី ថា លោកបានវិនិយោគលើ MFace ជាច្រើនឆ្នាំកន្លងមកហើយ ប៉ុន្តែលោកបានបោះបង់បន្ទាប់ពីពីរខែក្រោយមក ដោយដឹងថា ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះនឹងមិនទទួលបានអ្នកប្រើប្រាស់អន្តរជាតិដូចហ្វេសប៊ុកនោះទេ។

លោក រិទ្ធី ភីម អាយុ៣៦ឆ្នាំ បាននិយាយថា លោកបានដឹងពីកម្មវិធីនេះជាលើកដំបូង បន្ទាប់ពីមិត្តភក្តិរបស់លោកបានហៅលោកទៅចូលរួមវគ្គបណ្តុះបណ្តាលអំពីកម្មវិធីនេះ ហើយលោកបានខាតបង់ប្រាក់អស់១០០ដុល្លារ ដោយការវិនិយោគលើកម្មវិធីនេះ។ លោក​មិន​ចាំ​ថា​នៅពេលណាដែលលោក​បានក្លាយជាសមាជិកនោះទេ ប៉ុន្តែ​លោកបានបង្ហោះក្នុង​ក្រុម​ហ្វេ​ស​ប៊ុ​ក​សាធារណៈ​អំពី MFace កាលពី​ឆ្នាំ២០១៣។

លោកបាននិយាយថា លោកត្រូវបានគេប្រាប់ឱ្យរកសមាជិកថ្មីចូលក្នុងកម្មវិធី ប៉ុន្តែលោករកមិនដែលបានឡើយ។ ឥឡូវនេះ កម្មវិធីនេះដំណើរការដោយមិនចាំបាច់មានអ៊ីនធឺណិត។

លោកបាននិយាយថា៖ «ខ្ញុំទើបតែចូលរួមដើម្បីរៀនអំពីប្រភេទអាជីវកម្មនោះ [ប៉ុន្តែ] ខ្ញុំគិតថាវាមានហានិភ័យខ្ពស់ [ដូច្នេះ] ខ្ញុំមិនអាចរកសមាជិកថ្មីឱ្យមកប្រថុយដូចខ្ញុំឡើយ»។  

សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថៃ ដែល វីអូឌី ទទួលបាន ពុំបានបញ្ជាក់ច្បាស់ថាពេលណាលោក Teow នឹងត្រូវបានធ្វើបត្យាប័ន ឬវិធានការអ្វីដែលលោកនឹងប្រឈមនៅពេលត្រលប់ទៅកាន់ប្រទេសចិនវិញនោះទេ៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Alleged Malaysian Scammer Had Operations in Cambodia


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles