កម្ពុជា-សង្គម
08/02/2023 – 07:08
ដោយ៖ សាំ ឧត្តម
RFI

ប្រជាពលរដ្ឋរស់នៅទំនប់៩៤ស្ថិតក្បែរគម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្នើឱ្យអាជ្ញាធរចេញប្លង់កម្មសិទ្ធិដីធ្លី និងផ្តល់ការអភិវឌ្ឍន៍នៅនឹងកន្លែង ជាជាងការបណ្តេញពលរដ្ឋចេញដោយបង្ខំ © Internet
ប្រជាពលរដ្ឋរស់នៅទំនប់៩៤ស្ថិតក្បែរគម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្នើឱ្យអាជ្ញាធរចេញប្លង់កម្មសិទ្ធិដីធ្លី និងផ្តល់ការអភិវឌ្ឍន៍នៅនឹងកន្លែង ជាជាងការបណ្តេញពលរដ្ឋចេញដោយបង្ខំ។ ក្នុងសេចក្តីថ្លែងការណ៍របស់ពលរដ្ឋរស់នៅទំនប់៩៤ ប្រជាពលរដ្ឋជិត៥០០គ្រួសារនឹងមិនព្រមចាកចេញពីទីតាំងលំនៅឋានបច្ចុប្បន្នឡើយ ដោយពួកគេអះអាងថា មិនបានតាំងទីលំនៅខុសច្បាប់ដូចការចោទប្រកាន់របស់អាជ្ញាធរ។
ពលរដ្ឋប្រមាណ៤៧៣គ្រួសាររស់នៅលើទំនប់៩៤ ស្ថិតក្នុងភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង និងភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី០៧ ខែកុម្ភៈបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយព្រួយបារម្ភទៅនឹងបញ្ហាបណ្តេញចេញដោយបង្ខំនាពេលអនាគតពីអាជ្ញាធរ ទាក់ទិននឹងវិវាទដីធ្លីក្បែរគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។ សេចក្តីថ្លែងការណ៍នោះបានរៀបរាប់ថា ពលរដ្ឋរងផលប៉ះពាល់ទាំងអស់ចង់បានការអភិវឌ្ឍន៍នៅនឹងកន្លែង និងស្នើសុំបណ្ណកម្មសិទ្ធិដីធ្លីដែលអាជ្ញាធរធ្លាប់បដិសេធមិនជូន។
អ្នកស្រី ឃន ស្រី ពលរដ្ឋរស់នៅក្នុងលើទំនប់៩៤បានថ្លែងមកវិទ្យុបារាំងអន្តរជាតិ RFI ថា ពលរដ្ឋជិត៥០០គ្រួសារដែលរងផលប៉ះពាល់ពីការបណ្តេញចេញនេះ មិនបានរស់នៅលើទីតាំងខុសច្បាប់ដូចការចោទប្រកាន់របស់រដ្ឋបាលខេត្តកណ្តាលថា ពលរដ្ឋទាំងអស់ នៅរស់ដោយអនាធិបតេយ្យ និងមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវឡើយ។ មិនដូចការចោទប្រកាន់ត្រង់ថា ពលរដ្ឋមានការដឹងលឺពីអាជ្ញាធរ មានសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត លិខិតបញ្ជាក់អាពាហ៍ពិពាហ៍ ប័ណ្ណបោះឆ្នោត និងឯកសារបញ្ជាក់ការកាន់កាប់ដីធ្លី។
តំណាងពលរដ្ឋរូបនេះបន្តថា រដ្ឋបាលខេត្តហាក់គ្មានឆន្ទៈក្នុងការដោះស្រាយជូនពលរដ្ឋឡើយ ព្រោះការបណ្តេញពលរដ្ឋចេញដោយបង្ខំនេះ អាចដោយសារតែឥទ្ធិពលនៃគម្រោងសាងសង់របស់អ្នកមានអំណាច។ ហើយអ្នកស្រីរៀបរាប់ទៀតថា សកម្មភាពសាងសង់ព្រលានយន្តហោះបន្តជាប្រចាំ ខណៈបុគ្គលិកក្រុមហ៊ុនព្រលានយន្តហោះវិញ មកល្បាតទាំងយប់ទាំងថ្ងៃ និងថតផ្ទះពលរដ្ឋស្ទើតែរាល់ថ្ងៃ ហើយថែមទាំងហាមមិនឱ្យពលរដ្ឋសាងសង់សំណង់ថ្មី ឬជួសជុលសំណង់ចាស់អ្វីឡើយ។
តែយ៉ាងណា លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលអះអាងថាលោកមិនបានចាត់ទុកប្រជាពលរដ្ឋរស់នៅលើទំនប់៩៤ខុសច្បាប់នោះទេ ប្រសិនបើលក្ខខណ្ឌណាខុសច្បាប់ លោកក៏មិនឱ្យពលរដ្ឋរស់នៅទីតាំងនោះរហូតមកទល់សព្វថ្ងៃនេះដែរ។ លោក គង់ សោភ័ណ្ឌបន្តថា អាជ្ញាធរមិនមានការគំរាមកំហែង រឺមានបំណងបណ្តេញពលរដ្ឋណាមួយចេញនោះឡើយ។
បើតាម អភិបាលខេត្តរូបនេះ អាជ្ញាធរគ្រាន់តែមិនអនុញ្ញាតឱ្យពលរដ្ឋសាងសង់សំណង់ថ្មី ដើម្បីផ្តល់ពេលវេលាឱ្យរដ្ឋបាលខេត្តស្តារប្រព័ន្ធធារាសាស្ត្រឡើងវិញ និងកំពុងរកដំណោះស្រាយសមស្របជូនពលរដ្ឋ ពីព្រោះទីតាំងនេះ នៅក្បែរនឹងគម្រោងព្រលានយន្តហោះអន្តរជាតិថ្មីពេក។
ក៏ប៉ុន្តែ អ្នកស្រី សុខ ចិន្តា ពលរដ្ឋរងផលប៉ះពាល់មួយរូបទៀតបានលើកឡើងថា ពលរដ្ឋមិនហាមឃាត់ការអភិវឌ្ឍរបស់រដ្ឋាភិបាលឡើយ។ ប៉ុន្តែការអភិវឌ្ឍក្រោមទឹកភ្នែកពលរដ្ឋ និងគ្មានតម្លាភាព អ្នកស្រីមិនចង់បាននោះទេ។ អ្នកស្រី ចិន្តា ថា ប្រសិនបើរដ្ឋបាលខេត្តគ្មានបំណងបណ្តេញពលរដ្ឋចេញ ហេតុអ្វីបានជារដ្ឋបាលខេត្តមិនព្រមផ្តល់ប្លង់កម្មសិទ្ធិដីធ្លីជូនពលរដ្ឋ ដោយនៅបន្តចោទពលរដ្ឋថា កំពុងរស់នៅខុសច្បាប់យ៉ាងដូច្នេះ។
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី បានចាប់ផ្តើមសាងសង់ឡើងនៅឆ្នាំ២០១៩ លើផ្ទៃដីចំនួន២៦០០ហិកតា ស្ថិតនៅក្នុងឃុំចំនួន៤ រួមមាន ឃុំបឹងខ្យាង ឃុំព្រែកស្លែង និងឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង នៃខេត្តកណ្តាល និងផ្នែកមួយចំនួនទៀតលយដល់ឃុំ ពត់សរ នៃស្រុកបាទី ខេត្តតាកែវ។ គម្រោងសាងសង់របស់ក្រុមហ៊ុនOCIC របស់អ្នកឧកញ្ញា ពុង ឃាវសែនេះ តែងតែមានវិវាទជាពលរដ្ឋ ករណីភាគច្រើនគឺការរំលោភបំពានដីធ្លីរបស់ពលរដ្ឋ និងការផ្តល់តម្លៃមិនស្របតាមទីផ្សារ៕