សហជីព​ជំរុញ​ក្រសួង​ការងារឱ្យ​​ពន្លឿន​ដំណោះស្រាយ​វិវាទ​រោងចក្រ CAMBO HANDSOME

ដោយ យ៉ង ចាន់តារា
2023.02.08
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សហជីព​ជំរុញ​ក្រសួង​ការងារឱ្យ​​ពន្លឿន​ដំណោះស្រាយ​វិវាទ​រោងចក្រ CAMBO HANDSOME

កម្មករ​រោងចក្រ CAMBO HANDSOME ជាង ៣០០នាក់ ​នាំគ្នា​ប្រមូលផ្ដុំ​តវ៉ា ដើម្បី​កុំ​​ឱ្យ​រោងចក្រ​បើក​ទ្វារ​ទទួល​កម្មករ​ថ្មី​ឱ្យ​ចូល​ធ្វើ​ការ ពីព្រោះ​វិវាទ​ការងារ​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​នៅ​ឡើយ។ រូប៖ ហ្វេសប៊ុក


សហជីព​ស្នើ​យ៉ាង​ទទូច​ដល់​ក្រសួង​ការងារ​ពន្លឿន​អន្តរាគមន៍​ដោះ​ស្រាយ​វិវាទ​ការងារ​នៅ​រោងចក្រ ខេមបូ ហ៊ែនសាំ (CAMBO HANDSOME LTD.) ស្ថិត​នៅ​សង្កាត់​ចោមចៅ ៣ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា ក្រុម​កម្មករ​ទាមទារ​ឱ្យ​ភាគី​និយោជក​ដោះស្រាយ​សំណង​ទៅ​តាម​ច្បាប់​ឱ្យ​រួចរាល់​ជាមុន​សិន ប្រសិនបើ​ចង់​យក​កម្មករ​ថ្មី​ឱ្យ​ចូល​ធ្វើការ ឬក៏​ចង់​យក​សម្ភារៈ​ចេញ​ពី​រោងចក្រ។ លោក​ថា និយោជក​ត្រូវ​ទូទាត់​ឱ្យ​កម្មករ​ទៅ​តាម​ច្បាប់ ព្រោះ​ពួកគាត់​បាន​ធ្វើ​ការ​ក្នុង​រោងចក្រ​នេះ​ជា​យូរ​មក​ហើយ ហើយ​ក្រសួង​ការងារ​ក៏​ត្រូវ​អន្តរាគមន៍​រក​ដំណោះស្រាយ​ឱ្យ​កម្មករ​ផង​ដែរ។

ការ​អំពាវនាវ​របស់​សហជីព​នេះ គឺ​នៅ​ក្រោយ​ពេល​កម្មករ​រោងចក្រ CAMBO HANDSOME ជាង ៣០០នាក់ បាន​នាំគ្នា​ប្រមូលផ្ដុំ​តវ៉ា កាល​ពី​ព្រឹក​ថ្ងៃ​ទី៧ កុម្ភៈ ដើម្បី​កុំ​​ឱ្យ​រោងចក្រ​បើក​ទ្វារ​ទទួល​កម្មករ​ថ្មី​ឱ្យ​ចូល​ធ្វើ​ការ ពីព្រោះ​វិវាទ​ការងារ​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​នៅ​ឡើយ។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​តំណាង​រោងចក្រ CAMBO HANDSOME និង​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ ដើម្បី​សាកសួរ​រឿង​នេះ​បាន​ទេ កាល​ពី​យប់​ថ្ងៃទី ០៧ កុម្ភៈ។

រោងចក្រ CAMBO HANDSOME ជា​រោងចក្រ​ផលិត​សំលៀកបំពាក់ និង​មាន​ម្ចាស់​ជា​ជនជាតិ​កូរ៉េខាងត្បូង។ រោងចក្រ​នេះ​មាន​កម្មករ​ជាង ១ពាន់ ៧រយ​នាក់ (១.៧០០) ប៉ុន្តែ​រោងចក្រ​បាន​ប្រកាស​បិទ​អាជីវកម្ម​របស់​ខ្លួន កាល​ពី​ពេល​ថ្មីៗ នេះ។ បើ​តាម​សហជីព រោងចក្រ​បិទ​អាជីវកម្ម​ដោយ​មិន​បាន​ជូន​ដំណឹង​ត្រឹមត្រូវ ហើយ​បាន​បញ្ឈប់​កម្មករ​ទាំងអស់​ពី​ការងារ​ដោយ​មិន​បាន​ទូទាត់​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ឡើយ។

Cambo_Handsome.jpg
រោងចក្រ CAMBO HANDSOME ជា​រោងចក្រ​ផលិត​សំលៀកបំពាក់ និង​មាន​ម្ចាស់​ជា​ជនជាតិ​កូរ៉េខាងត្បូង និង​​មាន​កម្មករ​ជាង ១ពាន់ ៧រយ​នាក់ (១.៧០០) ប៉ុន្តែ​រោងចក្រ​បាន​ប្រកាស​បិទ​អាជីវកម្ម​របស់​ខ្លួន កាល​ពី​ពេល​ថ្មីៗ នេះ។ រូប៖ ហ្វេសប៊ុក

កាល​ពី​ថ្ងៃ​ទី៣១ មករា ភាគី​រោងចក្រ​បាន​ប្រកាស​អំពី​ការ​ទូទាត់​អត្ថប្រយោជន៍​ចំនួន ៤ចំណុច​ដល់​កម្មករ រួមមាន ប្រាក់​ខែ​ចុងក្រោយ ប្រាក់​ជួស​ឱ្យ​ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ ដែល​នៅ​សល់ ប្រាក់​ជួស​ឱ្យ​ការ​ជូន​ដំណឹង​ជាមុន ប្រាក់​អតីតភាព​ការងារ​ឆ្នាំ២០២៣ និង​អតីតភាព​ការងារ​មុន​ឆ្នាំ ២០១៩ ដែល​នៅ​សល់។ ក៏ប៉ុន្តែ​ភាគី​កម្មករ និង​សហជីព​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទូទាត់​អត្ថប្រយោជន៍​ចំនួន ៥ចំណុច​អនុលោម​តាម​ច្បាប់​ការងារ នោះ​គឺ​ប្រាក់​សំណង​ជំងឺ​ចិត្ត​មួយ​ទៀត។

លោក អាត់ ធន់ ឱ្យ​ដឹង​ថា ក្នុង​ចំណោម​កម្មករ​ជាង ១ពាន់ ៧រយ​នាក់​នោះ មាន​កម្មករ​មួយ​ចំនួន​បាន​ទទួល​យក​ការ​ទូទាត់​របស់​និយោជក​ហើយ ដោយសារ​មាន​អ្នក​បំផុស​ព័ត៌មាន​ថា បើ​មិន​ព្រម​ទទួល​យក​ទេ ពួកគាត់​នឹង​មិន​ទទួល​បាន​សំណង​អ្វី​ទាំងអស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles