កម្ពុជា​គ្រោង​បញ្ជូន​មន្ត្រី​ពន្ធនាគារ​៤០​រូប​ទៅ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆ័ត្រ​ អ.ស.ប

ដោយ សេក បណ្ឌិត
2023.02.09
RFA

កម្ពុជា​គ្រោង​បញ្ជូន​មន្ត្រី​ពន្ធនាគារ​៤០​រូប​ទៅ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆ័ត្រ​អ.ស.ប

លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការ​ចាត់​បញ្ជូន​មន្ត្រី​ជំនាញ​ពន្ធនាគារ​ចូលរួម​បេសកកម្ម​ប្រតិបត្តិ​ការ​ថែរក្សា​សន្តិភាព របស់​អង្គការសហប្រជាជាតិ (​អ.ស.ប) នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃទី​៨ កុម្ភៈ ២០២៣។ រូប៖ ហ្វេសប៊ុក​មហាផ្ទៃ


កម្ពុជា​គ្រោង​បញ្ជូន​មន្ត្រី​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​៤០​រូប ទៅ​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆ័ត្រ​អង្គការ​សហប្រជាជាតិ បន្ថែម​លើ​កងទ័ព​ដោះ​មីន​មួយ​ចំនួន​ទៀត។

​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រកាស​ថា ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ឯកភាព​លើ​គម្រោង​នេះ​ហើយ បន្ទាប់​ក្រសួង​ការបរទេស​បាន​សុំ​គោលការណ៍​នេះ​ពី​រដ្ឋាភិបាល​កាល​ពី​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២២។

លោក ស ខេង បាន​លើក​ឡើង​បែបនេះ ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការ​ចាត់​បញ្ជូន​មន្ត្រី​ជំនាញ​ពន្ធនាគារ​ចូលរួម​បេសកកម្ម​ប្រតិបត្តិ​ការ​ថែរក្សា​សន្តិភាព របស់​អង្គការសហប្រជាជាតិ (​អ.ស.ប) នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃទី​៨ កុម្ភៈ ដោយមាន​ការ​ចូល​ពី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង​មហាផ្ទៃ និង អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព។

​លោក ស ខេង បន្ដ​ថា ក្រសួង​មហាផ្ទៃ មិនទាន់​មាន​បទពិសោធន៍ និង​ឆ្លងកាត់​ការងារ​នេះ​នៅ​ឡើយ​ទេ ដូច្នេះ​ត្រូវ​ការ​បទពិសោធន៍​សម្រាប់​ការងារ​នេះ ព្រោះ​ជា​ការងារ​ថ្មី​។ លោក​ក៏បាន​បញ្ជាក់​បន្ថែម​ថា មន្ត្រី​ពន្ធនាគារ​ដែល​ត្រូវ​ជ្រើសរើស ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​ឱ្យ​បាន​គ្រប់គ្រាន់ ព្រមទាំង​សមត្ថភាព និង​ភាសាបរទេស​ដែល​ពាក់ព័ន្ធ​ផង។

ជាមួយគ្នា​នោះ​ដែរ អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម សែម សុវណ្ណនី បាន​ធ្វើ​បទ​បង្ហាញ​ដល់​អ្នកចូលរួម​កិច្ចប្រជុំ​នោះ​ថា ចាប់​តាំងពី​ឆ្នាំ​២០០៦ ដល់​បច្ចុប្បន្ន កងកម្លាំង​កម្ពុជា​សរុប​មាន​ជិត​៩ ពាន់​នាក់​(៨,៨៥៩​នាក់​) ក្នុង​នោះ​មាន​នារី​មាន​ចំនួន ៦៨១​នាក់​ដែល​បាន​បញ្ជូន​ទៅកាន់​បេសកកម្ម​ចំនួន​១១ ក្នុង​ប្រទេស​ចំនួន​៩។

ប្រទេស​ទាំង​៩​នោះ​រួមមាន ប្រទេស​ស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្ដាល លីបង់ សាយប្រឹស យេមែន ឆាត ស៊ីរី និង​ម៉ាលី។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​កង​កម្លាំង​កម្ពុជា​ចំនួន ៧៨៨​នាក់ ក្នុង​នោះ​នារី មាន​ចំនួន ១៣០​នាក់ កំពុង​បំពេញ​បេសកកម្ម​នៅ​ស៊ូដង់​ខាងត្បូង លីបង់ ម៉ាលី និង​អាហ្វ្រិក​កណ្ដាល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles