បរិស្ថាន ព័ត៌មានជាតិ
លោកស្រី ពេជ្រ សុធារី | ០៩ កុម្ភៈ ២០២៣ | ម៉ោង ១៦:៣៤
VOD

មន្ត្រីជាន់ខ្ពស់កម្ពុជា និងប្រទេសពាក់ព័ន្ធ រួមមានប្រទេសជប៉ុន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ស្តីពី «3R និងសេដ្ឋកិច្ចវិលជុំ» នៅខេត្តសៀមរាប ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។ (ក្រសួងបរិស្ថាន)
មន្ត្រីនាំពាក្យក្រសួងបរិស្ថាន ឱ្យដឹងថា ក្រុងចំនួន ៥ របស់កម្ពុជា និងប្រទេសចំនួន៥ នៃតំបន់អាស៊ី បានចុះហត្ថលេខាលើសេចក្ដីប្រកាស Indore 3R ស្តីពី «គោលដៅទឹកស្អាត ដីស្អាត និងខ្យល់អាកាសបរិសុទ្ធ»។
ការចុះហត្ថលេខាលើសេចក្តីប្រកាស Indore 3R បានធ្វើឡើងនៅក្នុងវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី១១ ស្តីពី «3R និងសេដ្ឋកិច្ចវិលជុំ» នៅខេត្តសៀមរាប។
លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា ក្រុងទាំង៥របស់កម្ពុជា ដែលនឹងត្រូវអនុវត្តគោលដៅទឹកស្អាត ដីស្អាត និងខ្យល់អាកាសបរិសុទ្ធនោះ រួមមាន ក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគិរី, ក្រុងពោធិ៍សាត់ នៃខេត្តពោធិ៍សាត់, ក្រុងកែប នៃខេត្តកែប, ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ និងក្រុងសៀមរាប នៃខេត្តសៀមរាប ខណៈប្រទេសទាំង៥នោះ រួមមាន ជប៉ុន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ។
លោកថា៖ «កសាងទីក្រុងមួយដែលគ្មានសំណល់ គឺធ្វើយ៉ាងម៉េចឱ្យទីក្រុងហ្នឹងត្រូវបានគ្រប់គ្រងទាំងស្រុងនូវសំណល់ដែលបានបង្កើតឡើង»។
បើតាមលោក នេត្រ ភក្ត្រា កម្ពុជាក៏បានដាក់ចេញនូវការតាំងចិត្តក្នុងការរៀបចំទីក្រុងដែលគ្មានសំណល់នេះផងដែរ ក្នុងនោះរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពី ការគ្រប់គ្រងសំណល់រឹងតាមទីប្រជុំជន ដែលក្នុងនោះក៏មានការគ្រប់គ្រងនូវសំរាមដែលបានបង្កើតឡើង ការរៀបចំនូវទីលានចាក់សំរាមទៅតាមបច្ចេកទេស ការញែកសំរាមឱ្យបានត្រឹមត្រូវតាមបច្ចេកទេស និងការផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋឱ្យចូលរួមគ្រប់គ្រង និងវេចខ្ចប់សំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវផងដែរ។
លោកថា បច្ចុប្បន្ន ក្រសួងបរិស្ថាន បានសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីកៀរគរថវិកាពីម្ចាស់ជំនួយផ្សេងៗ ដើម្បីរៀបចំទីលានចាក់សំរាមប្រកបដោយលក្ខណៈបច្ចេកទេស។
លោកបានគូសបញ្ជាក់ថា៖ «អ៊ីចឹងទីលានចាក់សំរាមនៅទូទាំងប្រទេសនេះ យើងអត់ទាន់មានគ្រប់នៅឡើយទេ អត់ទាន់មានគ្រប់តាមបច្ចេកទេសនៅឡើយទេ យើងបានចាប់ផ្តើមមាននៅតាមបណ្តាខេត្តមួយចំនួន ដូចជាខេត្តព្រះសីហនុ យើងមាននៅខេត្តបាត់ដំបង យើងកំពុងតែធ្វើនៅខេត្តសៀមរាបនេះ ហើយយើងមាននៅខេត្តកំពត ខេត្តកែបយើងមានរួចហើយ ហើយយើងកំពុងតែជំរុញទៅតាមបណ្តាខេត្តផ្សេងៗទៀត ដើម្បីរៀបចំការគ្រប់គ្រងទីលានចាក់សំរាមឱ្យមានបច្ចេកទេសត្រឹមត្រូវ»។
បើតាមមន្ត្រីក្រសួងបរិស្ថានរូបនេះ គិតមកដល់ពេលនេះ មានប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ៤៦ប្រទេសហើយ ដែលបានចុះហត្ថលេខាលើសេចក្តីប្រកាស Indore 3R៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។