ដោយ អាស៊ីសេរី
2023.02.09
RFA

កម្មកររោងចក្រ សិនតៃ ហ្គាមែន ខេមបូឌា (Zhen Tai Garment Cambodia) តវ៉ាកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
កម្មកររោងចក្រ សិនតៃ ហ្គាមែន ខេមបូឌា (Zhen Tai Garment Cambodia) ប្រមាណ៣០០នាក់ បន្តនាំគ្នាតវ៉ាជាថ្មីនៅខាងមុខរោងចក្រ ដើម្បីឱ្យថៅកែទទួលយកកម្មករចូលធ្វើការវិញ និងផ្ដល់ប្រាក់ខែសមរម្យជូនកម្មករដែលថៅកែព្យួរការងារ។ ការទាមទារនេះ ធ្វើឡើងបន្ទាប់ពីរោងចក្រនេះប្រកាសព្យួរការងារកម្មករជិត១ពាន់ (៩១៥) នាក់រយៈពេលពី២ខែក្នុងចំណោមកម្មករសរុបជាង ៣ពាន់នាក់ (៣.០៨៥) ក្រោមហេតុផលថា ក្រុមហ៊ុនគ្មានអ្នកបញ្ជាទិញ និងខ្វះខាតសម្ភារៈសម្រាប់ដំណើរការចង្វាក់ផលកម្ម។
សហជីពឱ្យដឹងថា អធិការការងារចុះមកដោះស្រាយវិវាទការងារនេះដែរ ក៏ប៉ុន្តែមិនទទួលបានដំណោះស្រាយឡើយ ដោយភាគីខាងថៅកែរោងចក្រ អះអាងថា រោងចក្រកំពុងជួបវិបត្តិហិរញ្ញវត្ថុ។ ក្រុមកម្មករចាត់ទុកថាការណ៍ដែលថៅកែរោងចក្របន្តព្យួរការងារបែបនេះ គឺមានចេតនាគេចវេះពីការទទួលខុសត្រូវ។
អនុប្រធានសហជីពស្មារតីកម្មករកម្ពុជា លោក ស្រី ម៉ិច ស៊ាងហៃ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី០៨ កុម្ភៈថា ការចរចាគ្នានោះកម្មករស្នើសុំដំណោះស្រាយ២ចំណុច គឺទីមួយ ស្នើសុំផ្លាស់ប្ដូរវេនគ្នាព្យួរការងារម្នាក់មួយខែ និងទីពីរ ស្នើឱ្យក្រុមហ៊ុនជួយបន្ថែមប្រាក់ឧបត្ថម្ភ២សែនរៀល (២០០.០០០) ជូនដល់កម្មករដែលត្រូវព្យួរការងារបន្ត។ លោកស្រីបន្តថា អំឡុងពេលចរចាអធិការកិច្ចការងារមិនបានកត់ត្រានូវការស្នើសុំរបស់កម្មករនោះទេ ផ្ទុយទៅវិញ បែរជាកត់ត្រាថា ក្រុមកម្មករទទួលយកការព្យួរការងារបន្តទៀត និងបង្ខំឱ្យពួកគាត់ផ្ដិតមេដៃដើម្បីយល់ព្រម។ លោកស្រីចាត់ទុកការសម្រេចរបស់អធិការកិច្ចជារឿងរំលោភសិទ្ធិលើការសម្រេចចិត្តរបស់កម្មករ។
លោក ស្រី ម៉ិច ស៊ាងហៃ៖ «ហើយការព្យួរថែមមួយខែទៀតនេះគឺវាលំបាកដល់ពួកខ្ញុំខ្លាំងណាស់បើគិតទៅយើងឆ្លងការលំបាកពីរខែមួយខែតែ៣០ដុល្លារហើយ ឥឡូវលេងគឺត្រូវតែព្យួរការងារកម្មករយើងដដែលប៉ុន្តែគេថាសម្រេចថាព្យួរ ឬមិនព្យួរគឺខាងអធិការកិច្ចគឺជាអ្នកសម្រេច»។
គិតមកដល់ពេលនេះមានតំណាងសហជីពរោងចក្រ ៣នាក់កំពុងជាប់បណ្ដឹងនៅតុលាការដែលថៅកែ ប្ដឹងទៅក្រសួងការងារពីបទធ្វើសកម្មភាពផ្ទុយពីលក្ខន្តិកៈ ញុះញង់ កៀរគរប្រមូលផ្ដុំគ្នា ឱ្យកម្មករផ្ទុះការតវ៉ា និងបង្ខិតបង្ខំកម្មករឱ្យធ្វើកូដកម្ម កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២។ ប៉ុន្តែពួកគេ ច្រានចោលការចោទប្រកាន់ទាំងនេះ ហើយចាត់ទុកលិខិតព្រមាននោះ គឺជាការរំលោភសិទ្ធិមនុស្ស ពីព្រោះពួកគេ ថាការតវ៉ារបស់ក្រុមកម្មករធ្វើឡើងដោយការស្ម័គ្រចិត្ត និងស្របច្បាប់តាមសិទ្ធិការងារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។