ដោយ មាន ឫទ្ធិ
2023.02.09
RFA

ស្លាកគណបក្សភ្លើងទៀន នៅស្រុកស្ទោង ខេត្តកំពង់ធំ។ រូបពីហ្វេសប៊ុក
សកម្មជនគណបក្សភ្លើងទៀននៅខេត្តកំពង់ធំចោទប្រកាន់អាជ្ញាធរបក្សកាន់អំណាចថា នៅតែបន្តគំរាមកំហែងមកលើសមាជិកបក្សភ្លើងទៀនតាមមូលដ្ឋាន និងលួចដកស្លាកគណបក្សពួកគេចោល។ មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរពាក់ព័ន្ធគួរតែបើកលំហផ្នែកនយោបាយដល់បក្សក្រៅរដ្ឋាភិបាលឱ្យបានទូលំទូលាយជាជាងប្រើប្រាស់រូបភាពគំរាមកំហែង។
សកម្មជន និងថ្នាក់ដឹកនាំបក្សភ្លើងទៀននៅខេត្តកំពង់ធំលើកឡើងថា អស់រយៈពេល១ខែនេះស្លាកគណបក្សភ្លើងទៀននៅក្នុងឃុំចំនួន៣ នៃស្រុកស្ទោង គឺឃុំពពក ឃុំទ្រា និងឃុំសំព្រោជ រកឃើញថាមានអ្នកលួចវាយបំផ្លាញ និងដកស្លាកបក្សភ្លើងទៀនយកទៅបោះចោលតាមតែអំពើចិត្ត។ ពួកគេចាត់ទុកសកម្មភាពទាំងនេះថា ជាការរើសអើងនយោបាយ និងជារូបភាពគំរាមកំហែងដែលធ្វើឱ្យប៉ះពាល់ស្មារតីពលរដ្ឋក្នុងមូលដ្ឋាន។
សមាជិកក្រុមប្រឹក្សាឃុំជាប់ឆ្នោតបក្សភ្លើងទៀននៅឃុំពពក ស្រុកស្ទោង លោក គី សុលឺ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៨ ខែកុម្ភៈ ថា នៅក្នុងឃុំពពក មានស្លាកបក្សភ្លើងទៀនមួយចំនួនត្រូវបានគេលួចវាយបំបែក ចំណែកស្លាកខ្លះទៀតបានបាត់។ លោកថា ស្លាកបក្សភ្លើងទៀនទាំងនោះ លោកបានលើកកាលពីមុនបោះឆ្នោតឃុំសង្កាត់ ដោយមានការសុំអនុញ្ញាតត្រឹមត្រូវពីអាជ្ញាធរមូលដ្ឋាន។
លោក គី សុលឺ៖ «ជាក់ស្ដែងយើងឃើញមានការគំរាមកំហែងគ្រប់រូបភាព ទី១ ដូចមានការមកលួចដកស្លាកសញ្ញា ហើយបន្ទាប់មកទី២មានការគំរាមកំហែងដល់សកម្មជន តំណាងគណបក្សភូមិតាមបណ្ដាភូមិនីមួយៗ នៅក្នុងឃុំពពករបស់ខ្ញុំ។ មានការគំរាមកំហែងមែនទែន គំរាមកំហែងហើយដើរបញ្ចុះបញ្ចូល ហើយបង្ខិតបង្ខំឱ្យតំណាងគណបក្សភ្លើងទៀននៅតាមបណ្ដាភូមិមួយចំនួនឱ្យផ្សិតមេដៃយល់ព្រមចុះចូលជាមួយគេ អាហ្នឹងជាការបង្ខិតបង្ខំមួយ»។
ចាប់តាំងពីមានវត្តមានបក្សភ្លើងទៀន ចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់មក សមាជិកបក្សភ្លើងទៀនតាមមូលដ្ឋាន សង្កេតឃើញថា បក្សប្រឆាំងមួយនេះ ពិបាកធ្វើសកម្មភាពចុះជួបប្រជាពលរដ្ឋ ដោយសារតែមានអាជ្ញាធរចាំតាមឃ្លាំមើល និងប្រើប្រាស់រូបភាពគំរាមកំហែងតាមរយៈសួរនាំ និងបញ្ចុះបញ្ចូលទិញទឹកចិត្តពលរដ្ឋឱ្យមកចូលរួមជាមួយបក្សកាន់អំណាច។
ស្រដៀងគ្នានេះបេក្ខភាពក្រុមប្រឹក្សាស្រុកស្ទោង ខេត្តកំពង់ធំ មកពីបក្សភ្លើងទៀន លោក ណូ ថែ មានប្រសាសន៍ថា មានស្លាកបក្សភ្លើងទៀនមួយចំនួននៅក្នុងស្រុកស្ទោង នៅក្នុងឃុំពពក ឃុំទ្រា និងឃុំសំព្រោជ ត្រូវគេលួចដកនិង វាយបំផ្លាញចោល។ លោកបន្តថា លោកបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរពាក់ព័ន្ធតាមឃុំនីមួយៗហើយ ប៉ុន្តែ ពុំមានអាជ្ញាធរណាហ៊ានទទួល ពាក្យបណ្ដឹងរបស់លោកនោះទេ។ ដូច្នេះលោកទទូចឱ្យអាជ្ញាធរមូលដ្ឋានគួរតែសហការល្អជាមួយបក្សភ្លើងទៀន ដើម្បីធានានូវការចូលផ្នែកនយោបាយដោយពុំមានការរើសអើង។
លោក ណូ ថែ៖ «សំណូមពរឱ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់ឱ្យ បើកលំហសេរីភាពនយោបាយចំពោះគណបក្សភ្លើងទៀនឱ្យមានសិទ្ធិសេរីភាពបញ្ចេញមតិឱ្យប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិឈរឈ្មោះបោះឆ្នោតនៅថ្ងៃទី២៣ កក្កដា ខាងមុខ»។
ជុំវិញរឿងនេះ មេឃុំសំព្រោជ ស្រុកស្ទោង លោក ពៀច ពោល ច្រានចោលចំពោះការចោទប្រកាន់នេះថា ជារឿងមិនពិត ទោះជាយ៉ាងណា លោកថា បើសិនជាមានករណីនេះមែនលោកនឹងដោះស្រាយតាមទិដ្ឋភាពជាក់ស្ដែង។
លោក ពៀច ពាល៖ «វាអត់មានទេនៅឃុំសំព្រោជនោះ ក្មួយឯងកុំចេះតែជឿអានេះ ដើរនិយាយឱ្យកើតតែរឿង អារឿងពិតវាអត់មាន អ៊ីចឹងបានចង់និយាយថា ណាដែលនិយាយឱ្យក្មេងឯងថា អ៊ីចឹង ចង់យកអានោះឯងមក ចង្អុលថា ធ្លាក់ណាដែលគេវាយ ហើយរស់នៅជាមួយគណបក្សប្រជាជនគេបំភិតបំភ័យបែបណាខ្លះសកម្មជនគាត់ដែលនៅជាមួយ វាសុទ្ធតែបង សុទ្ធតែប្អូនស៊ីបាយជាមួយគ្នា ទៅវត្តជាមួយគ្នា ពេលបុណ្យទានមួយលើកៗ ម៉េចបាននិយាយបង្ខូចគណបក្សប្រជាជនបែបនោះ»។
ទោះជាបែបនេះក្ដី អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) លោក សឹង សែនករុណា លើកឡើងថា បញ្ហាការគំរាម ការវាយបំផ្លាញស្លាកគណបក្សក្រៅរដ្ឋាភិបាលនេះ វាបានកើតមានជាញឹកញាប់មុនការបោះឆ្នោត។ លោកបន្តថា ជាក្ដីបារម្ភ បើសិនជាសកម្មភាពនេះនៅតែបន្តកើតមាននឹងធ្វើឱ្យប៉ះពាល់ដល់ស្មារតីអ្នកនយោបាយ និងប្រជាពលរដ្ឋតាមមូលដ្ឋាន។ ដូច្នេះលោកថាអាជ្ញាធរពាក់ព័ន្ធគួរតែបើកចិត្តទូលាយក្នុងការសហការល្អ ជាមួយបក្សក្រៅរដ្ឋាភិបាល ដោយពុំមានការរើសអើងនយោបាយ។
លោក សឹង សែនករុណា៖ «ចង់មិនចង់ធ្វើឱ្យប៉ះពាល់សតិអារម្មណ៍ប្រជាពលរដ្ឋក្នុងការចូលរួមបោះឆ្នោតនៅពេលខាងមុននឹងហើយ។ អ៊ីចឹងបញ្ហាទាំងនេះស្ថាប័នពាក់ព័ន្ធគប្បីចុះប្រមូលព័ត៌មាន និងស្រាវជ្រាវឱ្យបានច្បាស់លាស់ ហើយដើម្បីទប់ស្កាត់អំពីករណីនេះកុំឱ្យកើតឡើងបន្តទៀត បើមិនដូច្នោះទេ បញ្ហានេះមិនអាចឱ្យមានភាពល្អប្រសើរទេ អ៊ីចឹងវាកាន់តែរីកដាលទៅធ្វើឱ្យស្ថានភាពកាន់តែអាប់អួរ ធ្វើឱ្យបរិយាកាសនយោបាយមិនល្អប្រសើរទេ»។
សន្ទស្សន៍ប្រជាធិបតេយ្យឆ្នាំ២០២២ ទើបនឹងចេញផ្សាយដោយអង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច (Economist Intelligence Unit EIU) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស (UK) បង្ហាញថា កម្ពុជានៅតែបន្តជាប់ឈ្មោះជាប្រទេសមានរបបដឹកនាំតាមបែបផ្ដាច់ការ (Authoritarianism) ក្នុងចំណោម ១៦៧ប្រទេសនៅលើសាកលលោក ដោយសារតែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកយុទ្ធនាការគាស់រម្លើងប្រជាធិបតេយ្យតាមរយៈការរម្លាយ គណបក្សសង្គ្រោះជាតិនៅមុនការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ និងការរឹតត្បិតលើអ្នកនយោបាយបក្សប្រឆាំងជាបន្តបន្ទាប់។
អ្នកឃ្លាំមើលបញ្ហានយោបាយថា បក្សកាន់អំណាច គួរតែផ្លាស់ប្ដូរឥរិយាបថក្នុងការដឹកនាំតាមរយៈគំរាមកំហែងមកលើបក្សប្រឆាំង ហើយងាកមកគោរពសិទ្ធិមនុស្សនិងបើកលំហដល់អ្នកនយោបាយបក្សប្រឆាំង ដើម្បីផ្ដល់នូវលទ្ធភាពពេញលេញក្នុងការឈរឈ្មោះបោះឆ្នោតថ្នាក់ជាតិខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។