លោក រ៉ុង ឈុន និង លោក សុខ ហាច ត្រូវបានជ្រើសតាំងជាអនុប្រធានគណបក្សភ្លើងទៀន

កម្ពុជា-នយោបាយ
11/02/2023 – 07:35
ដោយ៖ អ៊ឹង ប៊ុនថន
RFI

សមាជវិសមញ្ញរបស់គណបក្សភ្លើងទៀន © FB


លោក​ រ៉ុង ឈុន ​និង​ លោក​បណ្ឌិត ​សុខ ហាច​ ត្រូវ​បាន​គណបក្ស​ភ្លើងទៀន​ជ្រើស​តាំង​ជា​អនុ​ប្រធាន​គណបក្ស​ជំទាស់​នេះ​ នៅ​ក្នុង​ការ​ធ្វើ​សមាជ​វិសមញ្ញ​នា​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ​នៅ​ឯ​ខេត្ត​សៀមរាប​។ ​ការ​ជ្រើស​តាំង​​អ្នក​នយោបាយ​២​រូប​ឲ្យ​ធ្វើ​ជា​អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន​បន្ថែម​ទៀត​នេះ​ធ្វើ​ឲ្យ​ចំនួន​អនុ​ប្រធាន​គណបក្ស​នេះ​កើន​ដល់​៦​រូប​ ខណៈ​លោក ​ថាច់ សេដ្ឋា​ អនុ​ប្រធាន​គណបក្ស​នេះ​កំពុង​ចាប់​ឃុំ​ក្នុង​ពន្ធាគារ​។

លោក រ៉ុង ឈុន ថ្លែងនៅចំពោះមុខ​សមាជិកគណបក្សរាប់រយនាក់​ថា លោក​ទើ់បសម្រេច​កាលពីថ្ងៃទី៣១​មករា២០២៣​ដើម្បី​ចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន។ លោកថា​ក្តីសុបិន្តរបស់លោក​ចង់ឃើញ​​ស្នាម​ញញឹម​របស់​ប្រជាពលរដ្ឋនៅពេល​ក្រោក​ពី​ដំណែក​​។ ការណ៍នេះត្រូវបានលោក រ៉ុង ឈុន ​អត្ថាធិប្បាយ​ថា ជាក្តី​សុបិន្តរួម​ចង់​ឃើញ​សង្គមកម្ពុជាមាន​យុត្តិធម៌។

លោក រ៉ុង ឈុន ដែលធ្លាប់ជាប់ពន្ធនាគារយ៉ាងតិច២ដង​ទាក់ទងរឿងអត្ថាធិប្បាយពីបញ្ហាព្រំដែន​កម្ពុជា​-វៀតណាម លោក​ធ្លាប់​ចូល​ប្រឡូក​ក្នុ​ង​ឆាក​នយោបាយ​តាំង​អំឡុង​ទស្សវត្ស​១៩៩០​ជាមួយគណបក្សជាតិ​ខ្មែរ ដែល​ក្រោយ​មក​ដូរមកជា​គណបក្ស សម​ រង្ស៊ី និង​ចុង​ក្រោយ​នេះ​ដូរឈ្មោះ​មកជាគណបក្ស​ភ្លើងទៀន។ អតី​ត​សមាជិក​គណៈកម្មាធិការជាតិ​រៀប​ចំការ​បោះឆ្នោត​រូប​នេះ​ក៏ជាធ្លាប់​ជាសមាជិកគណបក្ស​សង្គ្រោះ​ជាតិ​ផង​អំឡុងបោះឆ្នោត​ជាតិ​២០១៣។

ចំណែក លោកបណ្ឌិត សុខ ហាច ដែលពីដំបូងត្រូវបានតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់គណបក្សភ្លើងទៀន ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចនោះ នៅពេលនេះក៏ត្រូវ​អង្គសមាជបោះ​ឆ្នោត​ជ្រើស​តាំងជា​អនុប្រធានគណបក្សប្រឆាំងនេះផងដែរ។

សេដ្ឋវិទូរូបនេះ គឺជាបញ្ញវន្តខ្មែរដ៏ឆ្លើមមួយរូប ធ្លាប់បំរើការងារជាទីប្រឹក្សាធនាគារពិភពលោក (World Bank) ធ្លាប់ជាទីប្រឹក្សាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាស្ថាបនិកវិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា (EIC)។

លោក សុខ ហាច បាន​ថ្លែង​នៅ​ចំពោះ​មុខ​សមាជិក​បក្សថា តួនាទីជាអនុប្រធានគណបក្សនេះ​គឺជា​អំរែកដ៍​ធំមួយ​សម្រាប់​រូបលោកក្នុង​ «ការ​ផ្លាស់ប្តូរពីក្រទៅមាន»។ លោក​ពន្យល់ថា ការ​ផ្លាស់ប្តូរ​ក្រ​ទៅមាន​គឺ​មានន័យថា ធ្វើ​ឲ្យ​កសិករ​មានជីវភាពធូរធារ​ តាមរយៈ​ «លក់​ថ្លៃទិញថោក»

ការជ្រើសតាំង​​លោក រ៉ុង ឈុន និង​លោក សុខ ហាច ឲ្យធ្វើ​ជា​អនុប្រធានគណបក្ស​ភ្លើង​ទៀន​បន្ថែម​ទៀត​នេះ​ធ្វើឲ្យចំនួនអនុប្រធានគណបក្សជំទាស់នេះ​កើនដល់៦រូប ខណៈ​លោក ថាច់ សេដ្ឋា​ អនុប្រធានគណបក្ស​នេះកំពុងចាប់​ឃុំ​ក្នុង​ពន្ធាគារ៕

What Next?

Recent Articles