ដោយ ឡេង ម៉ាលី
2023.02.10
RFA

(ឆ្វេង និងកណ្ដាល) លោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន ជួបប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) នៅថ្ងៃទី១០ កុម្ភៈ ក្នុងដំណើរទស្សនកិច្ចទៅប្រទេសចិន រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកដៃកូនប្រុសរបស់ខ្លួនពីរនាក់ គឺលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី ជួបប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) ខណៈដែលចិនបានសន្យាផ្តល់ប្រាក់ឥតសំណងរាប់លានដុល្លារ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាអះអាងថា លោក ហ៊ុន សែន នាំកូនប្រុសជួបមេដឹកនាំចិននេះ ពុំមែនជារឿងចម្លែកនោះទេ គឺស្ថិតក្នុងក្របខ័ណ្ឌ ពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃការរឹតចំណងមិត្តភាពរវាងកម្ពុជាចិន។ ចំណែកមន្ត្រីបក្សប្រឆាំងមើលឃើញថា លោក ហ៊ុន សែន កំពុងស្ទាបស្ទង់ចិន ដើម្បីពឹងពាក់ឱ្យជួយគាំទ្រលើផែនការផ្ទេរអំណាចត្រកូល «ហ៊ុន» បន្តក្ដោបក្ដាប់កម្ពុជា។
លោក ហ៊ុន សែន និងកូនរបស់លោកពីររូបជួបពិភាក្សាការងារជាមួយមេដឹកនាំចិន ស្របពេលអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជាអះអាង លោក ហ៊ុន សែន ទំនងមានកិច្ចពិភាក្សាដោយសម្ងាត់ជាមួយមេដឹកនាំចិន និងក្នុងក្របខ័ណ្ឌស៊ីជម្រៅ ដើម្បីពឹងពាក់ចិនឱ្យបន្តជួយគាំទ្ររដ្ឋាភិបាលរបស់លោក តាមរយៈការផ្តល់កម្ចី និងគម្រោងផ្ទេរអំណាចឱ្យលោក ហ៊ុន ម៉ាណែត។
លោក ហ៊ុន សែន ឱ្យដឹងតាមទំព័រហ្វេសប៊ុក (Facebook) ថា ក្នុងជំនួបនោះ លោកបានជជែកជាមួយមេដឹកនាំចិន និងប្ដេជ្ញាប្រកៀកស្មាគ្នាបន្តពង្រឹងស្មារតីកសាងសហគមន៍ជោគវាសនាចិនកម្ពុជាតែមួយតាមរយៈវិស័យ នយោបាយ ការទូត វិស័យសមត្ថភាពផលិត និងវាយនភណ្ឌ កសិកម្ម ថាមពល សន្តិសុខ និងទំនាក់ទំនងរវាងប្រជាជន។ លើសពីនេះ លោក ហ៊ុន សែន បានលើកសរសើរមិត្តដែកថែបរបស់លោកថា ជំនួយ ឬកម្ចីរបស់ចិនបានរួមចំណែកដល់ការពង្រឹងឯករាជភាពកម្ពុជា។
លើសពីទៀតនេះ លោកប្រាប់មហាមិត្តដែកថែបរបស់ខ្លួនថា សេដ្ឋកិច្ចកម្ពុជាងើបឡើងវិញ ដោយសារតែប្រទេសចិនបានជួយតាមរយៈការផ្តល់វ៉ាក់សាំងក្នុងអំឡុងពេលកម្ពុជាកំពុងជួបវិបត្តិនៃការរាលដាលជំងឺកូវីដ-១៩។
ទន្ទឹមនឹងគ្នាលោក ហ៊ុន សែន លើកឡើងនូវគុណសម្បត្តិចិនបែបនេះ មេដឹកនាំចិនកុម្មុយនិស្តទំនងសប្បាយចិត្ត ហើយចិនក៏មិនធ្វើឱ្យលោក ហ៊ុន សែន ខកបំណងដែរ។ លោក ស៊ី ជិនពីង បានផ្តល់ជំនួយឥតសំណងដល់រដ្ឋាភិបាលលោក ហ៊ុន សែន ៣រយលានយ័ន (៣០០) ឬស្មើប្រមាណ ៤៥លានដុល្លារ លើគម្រោងផ្លូវដែក និងអះអាងថា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា។ មេដឹកនាំចិន និងកម្ពុជា ក៏បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌមួយកម្រិតទៀត ដែលភាគីទាំងពីរហៅថា «ត្បូងពេជ្រ» ដើម្បីជំរុញឱ្យទំនាក់ទំនងកម្ពុជាចិនឈានដល់ចំណុចកំពូលថ្មីមួយទៀត។
ជុំវិញរឿងនេះ អ្នកឃ្លាំមើលលើកឡើងថា ចិនកំពុងមានមហិច្ឆតាកាន់តែខ្លាំងក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួននៅកម្ពុជាកាន់ តាមរយៈរដ្ឋាភិបាលលោក ហ៊ុន សែន។ មន្ត្រីបក្សប្រឆាំងលើកឡើងថា ជំនួយរបស់មិត្តចិនពុំមានតម្លាភាព ឬធ្វើឱ្យកម្ពុជាមានអភិបាលកិច្ចល្អនោះទេ ដ្បិតជំនួយចិនផ្ដល់កម្ពុជាគ្មានសំណង តែចិននៅតែមានបំណងលើកម្ពុជា ខណៈរឿងរ៉ាវមួយចំនួន ដូចជា ការធ្វើទំនើបកម្មនៅកំពង់ផែរាម ដែលអាមេរិកសង្ស័យថា មានមូលដ្ឋានទ័ពចិននៅកម្ពុជា និងចិនមិនទាន់បង្ហាញព័ត៌មានឱ្យមានតម្លាភាពនៅឡើយ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន មានប្រសាសន៍ថា លោក ហ៊ុន សែន ទៅចិន គឺពុំមានអ្វីក្រៅពីការផ្ដោតសំខាន់ក្នុងការបង្កើនទំនាក់ទំនងល្អជាមួយចិនស្នើឱ្យជួយការពារអំណាច និងស្នើសុំជំនួយពីចិន ដើម្បីឱ្យជួយទំនុកបម្រុងដល់រដ្ឋាភិបាលលោករបស់លោកនោះទេ។ លោកបន្ថែមថា លោក ហ៊ុន សែន ដឹកដៃកូនប្រុសរបស់លោកទៅជួបមេដឹកនាំចិននេះ គឺឆ្លុះបញ្ចាំងឱ្យឃើញថា លោកកំពុងឱ្យកូនរបស់លោកចាប់ផ្ដើមបង្កើតទំនាក់ទំនងល្អជាមួយចិន និងស្នើឱ្យចិនជួយគាំទ្រលើផែនការផ្ទេរអំណាចនាយករដ្ឋមន្ត្រីឱ្យលោក ហ៊ុន ម៉ាណែត បន្តក្ដោបក្ដាប់កម្ពុជា។
លោក អ៊ុំ សំអាន៖ «សរុបមកលោក ហ៊ុន សែន យល់ថា មានតែមេដឹកនាំចិនទេ ដែលគាំទ្រការកាន់អំណាចផ្ដាច់ការតវង្សត្រកូលរបស់គាត់ហ្នឹង។ គាត់យល់ថា ប្រទេសលោកខាងលិច ប្រទេសសេរីនឹងមិនគាំទ្រការកាន់អំណាចផ្ដាច់ការតវង្សត្រកូលនោះទេ។ អ៊ីចឹងហើយ បានដឹកដៃកូនរបស់គាត់ហ្នឹងជួបមេដឹកនាំចិន គាំទ្រការផ្ទេរអំណាចរបស់គាត់ដល់កូនរបស់គាត់ នៅបន្ទាប់ការបោះឆ្នោតជាតិ ខែកក្កដាខាងមុខនេះ។ អាហ្នឹង ជាគោលបំណងធំបំផុតរបស់លោក ហ៊ុន សែន»។
ថ្ងៃទីពីរនៃដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន នៅប្រទេសចិន គឺថ្ងៃទី១០ ខែកុម្ភៈ ក្រៅពីលោកបានដឹកដៃកូនប្រុសរបស់លោកពីរនាក់ជួបមេដឹកនាំចិន លោក ហ៊ុន សែន ក៏មានជួបទ្វេភាគីជាមួយលោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង (Li Keqiang) ដោយចុះហត្ថលេខាលើឯកសារសំខាន់ៗ ប្រមាណ ១២ចំណុច។ កម្ពុជាមិនទាន់បង្ហាញខ្លឹមសារនៃការចុះហត្ថលេខាលើឯកសារទាំងនោះនៅឡើយ។
ទាក់ទងនឹងរឿងនេះដែរ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកការលើកឡើងរបស់មជ្ឈដ្ឋានមួយចំនួនដែលថា ដំណើរទស្សនកិច្ចលោក ហ៊ុន សែន ព្រមទាំងនាំកូនប្រុសជួបមេដឹកនាំចិន ដើម្បីឱ្យជួយគាំទ្រលើគម្រោងផ្ទេរអំណាចនោះ គឺគ្មានមូលដ្ឋានច្បាស់លាស់។ លោកអះអាងថា រដ្ឋាភិបាលកម្ពុជាមានសិទ្ធិក្នុងការជ្រើសរើសឥស្សរជនធ្វើដំណើរទស្សនកិច្ចទៅប្រទេសចិននេះពុំមានអ្វីចម្លែកទេ ពោលក្នុងក្របខ័ណ្ឌនៃពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរឹតចំណងមិត្តភាពរវាងកម្ពុជាចិន ដ្បិតលោក ហ៊ុន ម៉ាណែត និងលោក ហ៊ុន ម៉ានី ក៏មានតំណែងធំៗ ក្នុងជួររដ្ឋាភិបាល។
លោក សុខ ឥសាន៖ «ទៅពឹងចិនឱ្យជួយគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រី អនាគតរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត គាត់ឃើញទៅហ្នឹងគឺថា ស្មានហ្នឹង។ អារឿងពិតត្រូវសួរសម្ដេចលោកនាយករដ្ឋមន្ត្រីអាហ្នឹងបានពិត។ មួយទៀត នយោបាយការទូត គេមិនដែលសោះកក្រោះ គេមិនដែលធ្វើកំបុតដូចអ្នកខ្លះធ្វើហ្នឹងទេ អ៊ីចឹងបានអ្នកខ្លះធ្វើហ្នឹងបរាជ័យ»។
ទោះជាយ៉ាងនេះក្ដី អ្នកវិភាគនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា លោក ហ៊ុន សែន ដឹកដៃកូនប្រុសរបស់លោកទៅជួបចិននាពេលនេះ គឺលោកស្ទាបស្ទង់ជំហរចិនក្នុងការបន្តជួយទំនុកបម្រុងរដ្ឋាភិបាលរបស់លោក និងរដ្ឋាភិបាលកូនប្រុសរបស់លោក ប្រសិនបើមានការផ្ទេរអំណាចជោគជ័យ។
លោក គឹម សុខ៖ «ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅប្រទេសចិន នៅពេលនេះ គឺជាគន្លឹះវាស់ស្ទង់ដ៏ចាំបាច់មួយអំពីជំហរនយោបាយរបស់ចិន ចំពោះផែនការអំណាចនៃក្រុមគ្រួសារ ហ៊ុន។ បើចិនបង្ហាញជ្រោមជ្រែងរឹងមាំច្បាស់លាស់តាមរយៈគម្រោងឥណទានជាដើម ដើម្បីឱ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន អាចបន្តដង្ហើមបាននោះ ពុំមានសញ្ញាវិជ្ជមានអំពីការស្ដារប្រជាធិបតេយ្យនៅមុនការបោះឆ្នោតឆ្នាំ២០២៣ ឡើយ»។
ស្របពេលរដ្ឋាភិបាលលោក ហ៊ុន សែន មានទំនាក់ទំនងកាន់ស៊ីជម្រៅជាមួយចិនកុម្មុយនិស្ត អ្នកឃ្លាំមើលព្រួយបារម្ភ ចំពោះការពង្រីកឥទ្ធិពលរបស់ចិនកាន់តែខ្លាំងឡើងនៅសង្គមកម្ពុជា។ ក្រៅពីនេះ ពួកគេព្រួយបារម្ភថា ការណ៍ដែលរដ្ឋាភិបាលលោក ហ៊ុន សែន តែងតែទៅពឹងពាក់តាមរយៈការស្នើសុំជំនួយ ឬកម្ចីនេះកម្ពុជានឹងប្រឈមធ្លាក់ក្នុងអន្ទាក់បំណុលចិន។ អ្នកវិភាគនយោបាយ និងមន្ត្រីគណបក្សប្រឆាំង លើកឡើងថា កម្ពុជាមិនដឹងពេលណាទើបអាចរស់ដោយខ្លួនឯងនោះទេ ខណៈរដ្ឋាភិបាលនៅបន្តខ្ចីបុលបរទេស ហើយលោក ហ៊ុន សែន នៅតែបន្តដឹកនាំកម្ពុជាតាមបែបឯកបក្ស និងគ្រោងផ្ទេរអំណាចឱ្យកូនចៅរបស់ខ្លួនក្ដោបក្ដាប់កម្ពុជា ក្រោយគ្មានវត្តមានលោកជានាយករដ្ឋមន្ត្រី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។