ដោយ ថា ថៃ
2023.02.11
RFA

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ។ RFA File
ក្រសួងមហាផ្ទៃទទួលបានបណ្តឹងចំនួន២ករណីទៀត ដែលស្នើសុំឱ្យជួយសង្គ្រោះជនរងគ្រោះជាជនបរទេសចំនួន៣នាក់។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់កាសែតក្នុងស្រុកថា ក្រសួងទទួលបណ្តឹងទាំងពីរនេះ កាលពីថ្ងៃទី៨ កុម្ភៈ ប៉ុន្តែលោកមិនបានបញ្ជាក់ទេថា ជនបរទេស៣នាក់នោះជាជនជាតិអ្វី និងត្រូវបានគេឃុំឃាំងនៅក្នុងខេត្តណាមួយឡើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បីបកស្រាយបន្ថែមជុំវិញការស្នើសុំនេះឡើយ នៅថ្ងៃទី១០ ខែកុម្ភៈ ដោយទូរស័ព្ទចូលប៉ុន្តែមិនមានអ្នកទទួល។
ក្រសួងមហាផ្ទៃបញ្ជាក់ថា គិតមកដល់ត្រឹមថ្ងៃទី៨ ខែកុម្ភៈ ក្រសួងទទួលបានសំណើឱ្យជួយសង្គ្រោះសរុបចំនួន ៧៣១ករណី មានមនុស្សជាង ១ពាន់ ៧រយនាក់ (១.៧៧៦នាក់) ហើយក្រសួងមហាផ្ទៃស៊ើបអង្កេតបានជិត ៥រយ (៤៦១)ករណី និងជួយសង្គ្រោះមនុស្សបានចំនួន ជាង១ពាន់នាក់ (១.០៧៩នាក់)។
ទោះជាយ៉ាងណា មន្ត្រីសង្គមស៊ីវិលយល់ឃើញថា រដ្ឋាភិបាលកម្ពុជាមិនបានជួយសង្គ្រោះជនបរទេស ដែលត្រូវបានគេឃុំខ្លួន និងបង្ខំឱ្យធ្វើការដោយមានប្រសិទ្ធភាពនោះទេ ។ ជាក់ស្ដែង កាលពីចុងខែមករា កន្លងទៅ កម្លាំងសមត្ថកិច្ចប្រទេសម៉ាឡេស៊ី (Malaysia) បានមកជួយជនជាតិម៉ាឡេស៊ី ១១៤នាក់ ក្នុងចំណោមជនជាតិម៉ាឡេស៊ី ១៤៥នាក់ ដែលត្រូវបានរាយការណ៍ថា បានគេឃុំខ្លួន និងបង្ខំឱ្យធ្វើការបោកប្រាស់តាមអនឡាញ ដោយខ្លួនឯងផ្ទាល់នៅលើទឹកដីប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។