ដោយ យន់ សាមៀន
2023.02.11
RFA

ជនសង្ស័យជនជាតិ២រូប ដែលសមត្ថកិច្ចខេត្តព្រះសីហនុ ចាប់ខ្លួនជាមួយគ្រឿងញៀន និងធាតុផ្សំដើម្បីផលិតគ្រឿងញៀន កាលពីយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។ រូប៖ គេហទំព័រនគរបាលជាតិ
អាជ្ញាធរខេត្តព្រះសីហនុ បានឃាត់ខ្លួនជនជាតិចិនចំនួន២នាក់ ជាមួយគ្រឿងញៀន និងធាតុផ្សំដើម្បីផលិតគ្រឿងញៀនសរុបជាង ១៥០កញ្ចប់ (១៥៦កញ្ចប់) កាលពីយប់ថ្ងៃទី៨ ខែកុម្ភៈ។ កម្លាំងការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះ បានឃាត់ខ្លួនជនជាតិចិន ២នាក់ ម្នាក់ឈ្មោះ វូ ស៊ុនវៃ (WU SHUN WEI) និងម្នាក់ទៀតឈ្មោះ ម៉ៅ ទើវៃ (MAO DE WEI) នៅមុខកាស៊ីណូ ជីងប៉ី០២ ភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន ដើម្បីបកស្រាយបន្ថែមបានទេជុំវិញនេះ ដោយទូរស័ព្ទចូលប៉ុន្តែមិនមានអ្នកទទួល។ ប៉ុន្តែកាសែតក្នុងស្រុកចុះផ្សាយថា ជនសង្ស័យជាជនជាតិចិនទាំងពីរនាក់ កំពុងត្រូវបានសមត្ថកិច្ចឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរចម្លើយ និងកសាងសំណុំរឿងបញ្ចូនទៅឲ្យតុលាការបន្តនីតិវិធី។
សមត្ថកិច្ចកម្ពុជា បានបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ជាបន្តបន្ទាប់ជាពិសេសនៅក្នុងខេត្តព្រះសីហនុ ហើយជនល្មើសមួយចំនួន គឺជាជនជាតិចិន។ ករណីខ្លះទៀត ក្រុមឧក្រិដ្ឋជន ថែមទាំងមានកាំភ្លើងបាញ់តដៃជាមួយសមត្ថកិច្ចទៀតផង។
មន្ត្រីសង្គមស៊ីវិល តែងតែជំរុញឲ្យរដ្ឋាភិបាល រឹតបន្តឹងការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ផលិតនិងការចែកចាយគ្រឿងញៀន។ ពួកគាត់យល់ថា ការអនុវត្តច្បាប់ទន់ខ្សោយ និងអំពើពុករលួយ ជាហេតុធ្វើឲ្យឧក្រិដ្ឋជន ឬជនបរទេស យកប្រទេសកម្ពុជាធ្វើជាទីតាំងដើម្បី លាងលុយកខ្វក់ ផលិត និងចែកចាយគ្រឿងញៀន និងជាកន្លែងសម្រាប់ចាប់ជម្រិតតាមអនឡាញ និងជួញដូរមនុស្សជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។