លោក ហ៊ុន សែន បន្ថយពេលមក២៤ម៉ោង ឲ្យ VOD ចេញមុខមកសុំទោស ក្នុងករណីចុះផ្សាយព័ត៌មានពីលោក ហ៊ុន ម៉ាណែត

កម្ពុជា-សង្គម
12/02/2023 – 07:39
ដោយ៖ ជួប នរក្សា
RFI

លោក ហ៊ុន សែន បន្ថយពេលមក២៤ម៉ោង ឲ្យ VOD ចេញមុខមកសុំទោស ក្នុងករណីចុះផ្សាយព័ត៌មានពីលោក ហ៊ុន ម៉ាណែត © សហការី


លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ទុក​ឱសានវាទ​ត្រឹម​២៤​ម៉ោង​ ដើម្បី​ឲ្យ​ស្ថាប័ន​សារព័ត៌មាន​ VOD​ ចេញ​មុខ​មក​សុំ​ទោស​ជា​សាធារណៈ​ នៅ​ចំពោះ​មុខ​នៃ​ការ​ចុះ​ផ្សាយ​អត្ថបទ​ពី​លោក​ ហ៊ុន ម៉ាណែត ​ដែល​ដើរ​តួនាទី​ចុះ​ហត្ថលេខា​ជំនួស​នាយក​រដ្ឋមន្ត្រី។​ បើ​តាម​លោក​ ហ៊ុន សែន ​បើ​ VOD ​មិន​ធ្វើ​ដូច្នេះ ​នោះ​លោក​នឹង​ប្រើ​អំណាច​បិទ​ស្ថាប័ន​ VOD ​នៅ​ត្រឹម​ម៉ោង​១០ព្រឹក​ ថ្ងៃ​ស្អែក​នេះ។​

មានពេលវេលាមិនច្រើនពេកទេ សម្រាប់ស្ថាប័នសារព័ត៌មាន VOD ដែលត្រូវសម្រេចចិត្តថា សុំទោសឬមិនសុំទោស នៅចំពោះមុខនៃការចុះផ្សាយអត្ថបទសារព័ត៌មានពីលោក ហ៊ុន​ ម៉ាណែត។ នៅព្រឹកថ្ងៃអាទិត្យនេះ លោក ហ៊ុន សែន បានបង្រួញពេលវេលា ពី៧២ម៉ោង មកត្រឹមតែ២៤ម៉ោង ប៉ុណ្ណោះ សម្រាប់ឲ្យស្ថាប័ន VOD ចេញមុខមកសុំទោសជាសាធារណៈ។ ការធ្វើយ៉ាងនេះ គឺដ្បិតលោក ហ៊ុន សែន កំពុងរង់ចាំចម្លើយតបមកវិញ របស់ VOD។ នេះបើតាម លោក ហ៊ុន សែន ដែលបានឆ្លើយតបទៅនឹងការលើកឡើងរបស់អតីតបុគ្គលិក VOD ម្នាក់ នៅលើបណ្តាញសង្គមហ្វេសប៊ុក។

បើតាមសំណេររបស់លោក ហ៊ុន សែន គឺនៅត្រឹមម៉ោង១០ព្រឹកស្អែកនេះ លោកនឹងបញ្ជាឲ្យក្រសួងព័ត៌មានបិទអាជ្ញាបណ្ណ សារព័ត៌មាន VOD ជាស្ថាពរ ប្រសិនបើមិនធ្វើការសុំទោស។ ត្រង់ចំណុចនេះ លោក ហ៊ុន សែន លើកឡើងថា ដើម្បីកុំឲ្យយប់យូរសុបិនច្រើននិងអន្ទង់វែងឆ្នាំងវែង លោកនឹងប្រើប្រាស់អំណាចបំពេញបំណង VOD

មកដល់ពេលនេះ ស្ថាប័នសារព័ត៌មាន VOD ដែលចាស់វស្សាមួយ មិនទាន់បានអះអាងអ្វីពីជំហរបស់ស្ថាប័នឡើយ។ លោក អ៊ិត សូធឿត នាយកនៃនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃនេះថា ស្ថាប័ន VOD កំពុងប្រជុំផ្ទៃក្នុងនៅឡើយ និងថ្លឹងថ្លែងអំពីបញ្ហាដែលកំពុងកើតមាន។

សូមជម្រាបថា ប្រតិកម្មធ្ងន់ៗរបស់លោក ហ៊ុន សែន ពេលនេះ គឺបន្ទាប់ពី ស្ថាប័នសារព័ត៌មាន VOD កាលពីថ្ងៃទី០៩កុម្ភៈ បានចុះផ្សាយអត្ថបទថា លោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្តល់ជំនួយឲ្យតួកគី។ អត្ថបទរបស់ VOD បានស្រង់សម្តី មន្ត្រីរដ្ឋាភិបាលថា ការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុក ដោយចុះហត្ថលេខាផ្តល់ជំនួយថវិកាទៅឱ្យប្រទេសតួកគីដែលកំពុងរងគ្រោះរញ្ជួយដីនោះ មិនមែនជារឿងខុសឆ្គងទេ ដោយសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាឪពុកកំពុងមានធុរៈ។

អត្ថបទនេះដំបូងឡើយ ត្រូវបានប្រតិកម្មផ្ទាល់ពីសំណាក់ លោក ហ៊ុន ម៉ាណែត កូនប្រុសលោក ហ៊ុន សែន ដោយចោទសួរឲ្យ ​VOD បង្ហាញភស្តុតាង។ នេះដោយដ្បិត លោក ហ៊ុន ម៉ាណែត អះអាងថា លោកមិនបានដឹងរឿងនេះ ហើយក៏គ្មានសិទ្ធិក្នុងការចុះហត្ថលេខាលើឯកសាររបស់រដ្ឋាភិបាលដែរ។

ដោយឡែក ប្រតិកម្មរបស់លោក ហ៊ុន សែន វិញ គឺដាច់ខាត ទាមទារការសុំទោសជាសាធារណៈ។ ហើយដើម្បីកុំឲ្យមានការយល់ច្រឡំ លោក ហ៊ុន សែន បានចេញមកបញ្ជាក់ថា ការគ្រប់គ្រងថវិកាជាតិ និងការផ្តល់ជំនួយចំពោះប្រទេសតួកគី គឺមានតែនាយករដ្ឋមន្ត្រីម្នាក់គត់ ដែលមានសិទ្ធិ បញ្ជាចំណាយក្រោមច្បាប់ថវិកាជាតិ ដែលជាអគ្គបញ្ជាការកំពូល៕

What Next?

Recent Articles