ដោយ សន ចាន់រដ្ឋា
2023.02.12
RFA

រីសត បឹងហ្គាឡូ នៅលេីកោះរ៉ុងសន្លឹម ដែលអាជ្ញាធរបានដេីរបាញ់ថ្នាំកាលពីថ្ងៃទី១១ ខែកុម្ភៈ ដេីម្បីអោយពួកគាត់រុះរេី។ រូប៖ ពលរដ្ឋផ្ដល់ឲ្យ
អាជ្ញាធរខេត្តព្រះសីហនុបង្ខំឱ្យម្ចាស់អាជីវកម្ម និងរមណីយដ្ឋានជាង១០នាក់រុះរើសំណង់នៅឆ្នេរ សារ៉ាសេនបេ (Saracen Bay) ក្រោយពីម្ចាស់ដីបានវិនិយោគឱ្យក្រុមហ៊ុនផ្សេង។ ម្ចាស់អាជីវកម្មទាំងនោះថា ការជូនដំណឹងរបស់អាជ្ញាធរ រយៈពេលត្រឹម១សប្ដាហ៍ ដោយពុំមានផ្ដល់សំណងសមរម្យជូនពួកគាត់នោះទេ ដែលធ្វើឱ្យប៉ះពាល់និងខាតបង់ទាំងស្រុងដល់អាជីវកម្ម។
អាជីវករភាគច្រើនលើកឡើងថា ពួកគេមិនអាចរុះរើបានភ្លាមៗទេ ដោយសារអាជីវកម្មទាំងនោះរួមមានបឹងហ្គាឡូនិងភោជនីយដ្ឋានសុទ្ធសឹងសាងសង់ឡើងដោយសំណង់រឹង ដែលចំណាយថវិការាប់ម៉ឺនដុល្លា។ ពួកគាត់ថា បើសិនជារុះរើ គឺស្មើនឹងវាយកម្ទេចចោលទាំងស្រុង។ ដូច្នេះពួកគាត់ទទូចឱ្យអាជ្ញាធរជួយដោះស្រាយ និងផ្ដល់សំណង់សមរម្យ ដើម្បីពួកគាត់អាចទៅប្រកបរបរនេះនៅតំបន់ផ្សេងទៀត។
ម្ចាស់ រីសតឌឹផាយ (The pipe resort) ដែលប្រឈមនឹងត្រូវរុះរើទាំងបង្ខំក្នុងពេលឆាប់ៗក្រោយពីអាជ្ញាធរបានជូនដំណឹងអស់រយៈពេលបីលើកមកនេះ។ លោក សរ សុត្ថារ៉ា ដែលមានរី សត ស្ថិតនៅភូមិកោះ រ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១២ ខែកុម្ភៈថា អាជ្ញាធរបានជូនដំណឹងឱ្យលោក រុះរើរីសត ហើយការជូនដំណឹងចុងក្រោយ គឺតម្រូវឱ្យរុះរើត្រឹមថ្ងៃទី១៦ ខែកុម្ភៈជាបន្ទាន់ ប៉ុន្តែលោកមិនទាន់សម្រេចចិត្តនៅឡើយទេ ព្រោះលោកត្រូវការជជែកជាមួយអាជ្ញាធរដោយផ្ទាល់ជាមុនសិន៖
«គាត់ឱ្យពួកខ្ញុំនឹងរើសម្ភារៈនឹងទៅជួលតាមម្ចាស់ដីដែលរដ្ឋាភិបាល បានដោះដូដីហ្នឹង ឱ្យពួកខ្ញុំរើបឹងហ្គាឡូទៅសង់នៅកន្លែងណាដែលចែកឱ្យម្ចាស់ដី ប៉ុន្តែពួកខ្ញុំរុះរើម៉េចនឹងកើត បឹងហ្គាឡូនេះសុទ្ធតែថ្មីបើរុះរើទៅវាខូចអស់ ស្មើនឹងសង់ថ្មីហើយនឹង ហើយគាត់អត់មានសំណង់សង់វិញខ្លះផង។ ណាមួយពួកខ្ញុំខាតបង់កាលកូវីដអស់៣ឆ្នាំហើយ ពេលកូវីដពូកគាត់អត់ជូនដំណឹងសោះ ពេលកូវីដអស់លុយមិនក្រោម១០ម៉ឺនដុល្លារ ពេលចប់កូវីដភ្លាមខ្ញុំចាប់ផ្ដើមបានត្រឹមតែពីរខែគាត់ឱ្យរុះរើ»។
ក្ដីបារម្ភរបស់អាជីវករទាំងនេះ ក្រោយអាជ្ញាធរបានជូនដំណឹង ជាដំបូងឱ្យម្ចាស់អាជីវកម្ម និងរមណីយដ្ឋានទាំងនោះ រុះរើត្រឹមថ្ងៃទី៣១ ខែមករា ក្រោយមកពន្យារដល់ថ្ងៃទី៩ ខែកុម្ភៈ ស្របពេលដែលការសាងសង់របស់ក្រុមហ៊ុន អេម៉ារីអូ ស្សូណាន់ មីរីន ខបភើរេសិន អិលធីឌី (Emario Shonan Marine Corporation) និង ក្រុមហ៊ុន កោះរ៉ុងសន្លឹមរីសត (Koh Rong Sanloem Resort) បានចាប់ផ្តើម ហើយគេសង្កេតឃើញថា អេស្កាវ៉ាទ័រ បន្តឈូសឆាយលើកោះនេះ កាលពីចុងសប្ដាហ៍មុន ប៉ុន្តែ ក្រោយមកការកំណត់ឱ្យរុះរើបានពន្យារពេល រហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ។
ម្ចាស់រី សត និង ភោជនីយដ្ឋានទាំងនោះបានឱ្យដឹងថា ការជូនដំណឹងរបស់អាជ្ញាធរកាលពីថ្មីៗនេះ មិនបានមកជជែករកដំណោះស្រាយជាមួយពួកគាត់ដោយផ្ទាល់នោះទេ។ ដោយឡែកអាជ្ញាធរបានបញ្ជូនក្រុមការងាររបស់ពួកគាត់ឱ្យដើរបាញ់ថ្នាំតាមជណ្ដើរបឹងហ្គាឡូ និងភោជនីយដ្ឋាននានានៅទីនោះ ដែលធ្វើឱ្យភ្ញៀវទេសចរណ៍ជាច្រើនលុបចោលការកក់កន្លែងស្នាក់ទាំងនោះ និងភ្ញៀវខ្លះទៀត បន្តចាកចេញជាបណ្ដើរៗ។ ពួកគាត់បន្តថា មុនការដើរបាញ់ថ្នាំ ឱ្យរុះរើរបស់អាជ្ញាធរ មានភ្ញៀវទេសចរណ៍ជាច្រើនបានមកលេងកំសាន្ត ប៉ុន្តែពេលនេះ ភ្ញៀវទេសចរណ៍ស្ទើរតែបាត់បង់ទាំងស្រុង ដោយសារបារម្ភពីសុវត្ថិភាព។
ចំណែក ម្ចាស់អាជីវកម្ម ដូលហ្វីន បេ រីសត (Dolphin bay Resort) ម្នាក់ទៀត លោក វីរៈ ដែលបានបើកអាជីវកម្មទេសចរណ៍មួយនេះតាំងពីឆ្នាំ២០១៥ ចាត់ទុក ការជូនដំណឹងឱ្យរុះរើរបស់អាជ្ញាធរនេះ លឿនពេក ស្របពេលដែលលោក និង អាជីវករជាច្រើនទៀតនៅទីនេះបានចំណាយពេលវេលា និងថវិកាជាច្រើន។ លោកថា អាជីវករភាគច្រើន នៅទីនោះ បានចំណាយដើមទុនពី៣០ម៉ឺនដុល្លា ទៅជាង៤០ម៉ឺនដុល្លា ទម្រាំអាចបើកអាជីវកម្មបែបទេសចរណ៍នេះបាន៖
«ក្រុមហ៊ុនគាត់បានមកអភិវឌ្ឍន៍កោះក្ដី អ៊ីចឹង Business (ជំនួញ)ណាដែលគាត់មានពីមុនមកអ៊ីចឹងសូមឱ្យក្រុមហ៊ុន យោគយល់ នឹងផ្ដល់ឱកាសពួកខ្ញុំដើម្បីបន្តដើម្បីបម្រើវិស័យទេសចរណ៍ ក៏ដូចជាប្រកបមុខរបរចិញ្ចឹមជីវិត ចិញ្ចឹមគ្រួសារព្រោះអីខ្ញុំរកស៊ីនៅលើដែនកោះ នៅស្រុកខ្មែរ ហើយពួកខ្ញុំក៏ជាខ្មែរ បើសិនជាពួកគាត់យោគយល់ថា កន្លែងនេះអត់អាចអភិវឌ្ឍន៍បានទេផ្លូវថ្នល់ អ៊ីចឹងពួកគាត់នឹងការអភិវឌ្ឍនេះត្រូវប្រើរយៈកាលប៉ុណ្ណា គាត់អាចអនុគ្រោះ និងរយៈពេលប៉ុណ្ណាក៏ជាជម្រើសមួយសម្រាប់ពួកខ្ញុំដែរ»។
អាជីវកររូបនេះបន្តថា នៅពេលដែលទទួលការបាញ់ថ្នាំ (spray) ពណ៌ក្រហម ឲ្យរុះរើ លើកដំបូង គឺលោក និងអាជីវករផ្សេងៗមានភាពតក់ស្លុតភ័យខ្លាច ហើយក៏បានដាក់សំណើជូនរដ្ឋបាលខេត្តដែលជាអ្នកគ្រប់គ្រងដែនកោះ មួយនេះ ដើម្បីសុំជំនួយឲ្យពួកគាត់ជួយធ្វើអន្តរាគមន៍ និងសម្របសម្រួលផ្សេងៗ ក៏ប៉ុន្តែខាងអាជីវករមិនទាន់មានចម្លើយពី សំណើនេះទេ នៅថ្ងៃទី៣០ ខែមករាកន្លងទៅ។ ជុំវិញរឿងនេះ អភិបាលរង់ខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ មិនធ្វើការបកស្រាយបានទេ ដោយលោកបង្វែរឲ្យទៅសួរអ្នកនាំពាក្យរដ្ឋបាលខេត្ត លោក ឃាង ភារម្យ៖
«ខ្ញុំស្នើសុំឱ្យទំនាក់ទំនងទៅអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ ហើយខ្ញុំបាននឹងកំពុងបំពេញបេសកកម្មនៅប្រទេសអូស្ត្រាលី»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋបាលខេត្ត លោក ឃាង ភារម្យ បានទេនៅថ្ងៃទី១២ ខែកុម្ភៈនេះ ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
អ្នកសម្របសម្រួលគម្រោងធុរកិច្ចនិងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក វណ្ណ សុផាត មើលឃើញថា ករណីនេះអាជ្ញាធរគួរតែពិនិត្យឡើងវិញ លើកិច្ចសន្យាជួលដីរបស់អាជីវករទាំងនោះឱ្យបានត្រឹមត្រូវ មុននឹងឈានដល់ការជូនដំណឹងឱ្យពួកគាត់រុះរើទាំងបង្ខំបែបនេះ។ លោកថា កន្លងទៅ អាជ្ញាធរតែងតែចេញវិធានការឱ្យរុះរើសំណង់ណាមួយ គឺមិនសូវបានគិតគូពីផលប៉ះពាល់ដល់អ្នកធ្វើអាជីវកម្មទាំងនោះទេ៖
«ពិនិត្យទៅលើកិច្ចសន្យាថា តើកិច្ចសន្យារបស់អាជីវករ និងម្ចាស់ដីរួមនឹងអាជ្ញាធរដឹងឮផងនឹងតើរយៈពេលកិច្ចសន្យាហ្នឹង គឺផុតកិច្ចសន្យាហើយឬនៅ? បើសិនជាមិនទាន់ផុតកិច្ចសន្យាទេ អាហ្នឹងទំនួលខុសត្រូវខាងភាគីទាំងពីរគឺម្ចាស់ដី ឬអាជ្ញាធរត្រូវតែទទួលខុសត្រូវធ្វើម៉េចដើម្បីអនុវត្តទៅតាមកិច្ចសន្យា ឬគោរពទៅតាមកិច្ចសន្យា»។
កាលពីខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រុមហ៊ុនចំនួនពីរទទួលបានដីនៅកោះរ៉ុងសន្លឹម គឺក្រុមហ៊ុន អេម៉ារីអូ ស្សូណាន់ មីរីន ខបភើរេសិន អិលធីឌី (Emario Shonan Marine Corporation) ទទួលបានដីចំនួន ជាង១ពាន់ហិតា( ១១២៤ហិកតា) និង ក្រុមហ៊ុន កោះរ៉ុងសន្លឹមរីសត (Koh Rong Sanloem Resort) ទទួលបានដី ជាង១ ពាន់ហិតា (១០៦៦ ហិតា) ដែរ តាំងពីឆ្នាំ២០០៨។ ទោះយ៉ាងណា អាជីវករទាំងនោះថា ពួកគេមិនបានទទួលដំណឹង ជុំវិញការវិនិយោគរបស់ក្រុមហ៊ុន ទាំងពីរនោះទេ ស្រាប់តែពួកគាត់ទទួលបានដំណឹងឱ្យរុះរើភ្លាមៗទាំងម្ដង កាលពីខែមករាកន្លងទៅ ដូច្នេះពួកគាត់ទទូចឱ្យអាជ្ញាធរគួរតែពិនិត្យឡើងវិញ និងផ្ដល់ដំណោះស្រាយក្នុងពេលឆាប់ៗ។
កោះដ៏ស្រស់ស្អាតដែលទាក់ទាញដោយភ្ញៀវបរទេសមួយនេះ ធ្លាប់មានការសាងសង់បន់ល្បែងខុសច្បាប់ ឈ្មោះកាស៊ីណូចិន ជីន ទីង ដែលជាប់ព័ន្ធនឹងក្រុមហ៊ុន ចិន ក្រោយរកឃើញថា ម្ចាស់ក្រុមហ៊ុន បានឃុបឃិតគ្នានឹងអាជ្ញាធរមូលដ្ឋានលួចសាងសង់ ប៉ុន្តែក្រោយមក ក្រុមយុវជនចលនាមាតាធម្មជាតិបានធ្វើវីដេអូ លាត់ត្រដាងពីបញ្ហាអំពើពុករលួយ និងទាមទារបិទបន់ល្បែងមួយនេះ រួមនឹងបញ្ហាបរិស្ថាន ជាបន្តបន្ទាប់ ហើយ អាជ្ញាធរបានក៏បានចាត់វិធានការដោះស្រាយកាលពីឆ្នាំ២០២០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។