ដោយ ហ្សាក់ អាដាមូវិក ដេវី (Jack Adamovic Davies)
2023.04.05
RFA

Credit: រូបភាពដោយ៖ រ៉យទ័រ (Reuters), ក្រាហ្វិកដោយ៖ អាមែនដា វៃស៍ប្រដ (Amanda Weisbrod)/វិទ្យុអាស៊ីសេរីPhoto: RFA
នៅពេលដែលជំងឺរាតត្បាតសាកលកូវីដ១៩ នាំឱ្យកើនឡើងតម្រូវការសត្វស្វាក្តាមសម្រាប់បម្រើឱ្យការស្រាវជ្រាវវេជ្ជសាស្ត្រ សំណុំរឿងក្តីក្តាំនៅតុលាការអាមេរិកាំងកំពុងចោទជាសំណួរអំពីប្រភពដើមរបស់សត្វស្វាក្តាមទាំងនោះ។
កសិដ្ឋានចិញ្ចឹមស្វាមួយកន្លែង ដែលជារបស់ប្អូនស្រីបង្កើតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនស្វាគមន៍ភ្ញៀវដែលចង់ចូលទស្សនាកំសាន្តឡើយ។ កសិដ្ឋាននេះព័ទ្ធជុំវិញដោយស្នាមភ្លោះ លើកដីកម្ពស់២ម៉ែត្រ និងរបងឥដ្ឋមានបន្លាលួសនៅពីលើ។
អតីតបុគ្គលិកម្នាក់នៃកសិដ្ឋាននោះ បានប្រាប់វិទ្យុអាស៊ីសេរីថា ទីនោះមានអ្នកយាមកាមជាច្រើននាក់ប្រដាប់ដោយកាំភ្លើងអាកា។ ពួកគេដើរល្បាតបរិវេណខាងក្នុងកសិដ្ឋាននោះ ដែលស្ថិតនៅតំបន់ដាច់ស្រយាលមួយកន្លែងក្នុងខេត្តកំពង់ស្ពឺ ដែលប្រើពេលធ្វើដំណើរតាមរថយន្តប្រមាណជា២ម៉ោងពីរាជធានីភ្នំពេញ។
តើទីតាំងនោះមានអ្វីជាអាថ៌កំបាំងនៅពីក្រោយជញ្ជាំងទាំងនោះដែលចាំបាច់ត្រូវការពារសន្តិសុខយ៉ាងដូច្នេះ?
ចម្លើយគឺថា សត្វដែលត្រូវគេចាប់បង្ខាំងទុកនៅខាងក្នុងរបងនោះ៖ គឺជាសត្វស្វាក្តាមកន្ទុយវែង ដែលជាប្រភេទពូជសត្វដ៏ពេញនិយមមួយសម្រាប់បម្រើឱ្យការស្រាវជ្រាវវេជ្ជសាស្ត្រ។

ពីមុន កម្ពុជាមិនមែនជាប្រទេសមួយដែលពូកែខាងផ្គត់ផ្គង់សត្វសម្រាប់បម្រើឱ្យវិស័យឧស្សាហកម្មស្រាវជ្រាវវេជ្ជសាស្ត្រនៅលើសាកលលោកបែបនេះទេ។ តែឥឡូវនេះ ប្រទេសនេះបានក្លាយជាមជ្ឈមណ្ឌលមួយសម្រាប់នាំចេញសត្វស្វាក្តាមកន្ទុយវែង ដែលជាអាជីវកម្មកាក់កបខ្លាំងតែបង្កប់ភាពខុសច្បាប់ដោយសារតែចំណងទាក់ទងនឹងក្រុមវរជននយោបាយនៃប្រទេសនេះ។
យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ នៅឆ្នាំ២០២២ ការកើនឡើងតម្រូវការបណ្តាលមកពីជំងឺរាតត្បាតសាកលកូវីដ១៩ មានន័យថា កសិដ្ឋានចិញ្ចឹមសត្វ ដូចជាកសិដ្ឋានមួយកន្លែងដែលអ្នកស្រី ហ៊ុន សេងនី ជាម្ចាស់កម្មសិទ្ធិនេះ បាននាំចេញសត្វស្វាក្តាមកន្ទុយវែងដែលមានតម្លៃសរុបប្រមាណ ២៥០លានដុល្លារ។
ក៏ប៉ុន្តែ នៅពេលដែលអាជីវកម្មប្រភេទនេះរីកដុះដាល សំណួរជាច្រើនជុំវិញប្រភពដើមនៃសត្វស្វាក្តាមដែលកម្ពុជានាំចេញទៅទូទាំងពិភពលោកនេះ កំពុងត្រូវបានគេចោទសួរឡើង។
ការចោទប្រកាន់នានាអំពីការជួញដូរខុសច្បាប់ ក្លាយជាចំណុចស្នូលនៃសំណុំរឿងក្តីក្តាំដ៏លេចធ្លោមួយតាមផ្លូវច្បាប់ដែលដាក់ប្តឹងដោយរដ្ឋអាជ្ញាសហព័ន្ធសហរដ្ឋអាមេរិក ប្រឆាំងនឹងមន្ត្រីរដ្ឋាភិបាលកម្ពុជា។
មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកអភិរក្សសត្វព្រៃចំនួនពីររូបនៅកម្ពុជា ត្រូវបានចោទប្រកាន់ពីបទចេញលិខិតអនុញ្ញាតក្លែងបន្លំការនាំចេញ ដោយបញ្ជាក់ថាសត្វស្វាក្តាមទាំងនោះជាប្រភេទពូជស្វាចិញ្ចឹម។ ពួកគេធ្វើដូច្នេះក្នុងគោលដៅដើម្បីគេចវេសពីការរឹតត្បិតមិនឱ្យនាំចូលសហរដ្ឋអាមេរិក និងសន្ធិសញ្ញាអន្តរជាតិដែលគ្រប់គ្រងលើការជួញដូរប្រភេទសត្វជិតផុតពូជ។ ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ លោក គ្រី ម៉ះផល ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិនៅក្រុងញូវយ៉ក (New York) កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងពេលដែលលោកកំពុងធ្វើដំណើរទៅចូលរួមសន្និសីទអំពីការអភិរក្សសត្វព្រៃនៅប្រទេសប៉ាណាម៉ា (Panama)។ ចៅហ្វាយនាយរបស់លោក ឈ្មោះ កែវ អូម៉ាលីស ជាអគ្គនាយករដ្ឋបាលព្រៃឈើនៅកម្ពុជា ក៏ជាប់ឈ្មោះក្នុងដីកាចោទប្រកាន់នោះដែរ ក៏ប៉ុន្តែ លោកកំពុងមានសេរីភាពដើរហើរនៅក្នុងប្រទេសកម្ពុជានៅឡើយ។

បច្ចុប្បន្ន លោក គ្រី ម៉ះផល កំពុងស្ថិតក្រោមការដាក់ឱ្យនៅឃុំខ្លួនក្នុងផ្ទះមួយកន្លែង នៅក្បែររដ្ឋធានី វ៉ាស៊ីនតោន ឌី.ស៊ី. (Washington DC)។ លោកកំពុងរង់ចាំសវនាការកាត់ទោសនៅខែមិថុនាខាងមុខនេះ ដែលនឹងប្រព្រឹត្តទៅនៅឯក្រុងម៉ាយអាមី (Miami) នៃរដ្ឋហ្ល្វ័រីដា (Florida)។
ក៏ប៉ុន្តែ ក្រុមអ្នកជំនាញព្រួយបារម្ភថា ជាមួយនឹងទឹកប្រាក់ដ៏សន្ធឹកសន្ធាប់ដែលគេអាចរកបានពីជំនួញស្វានៅកម្ពុជាយ៉ាងដូច្នេះ មានការលើកទឹកចិត្តតិចតួចដើម្បីឱ្យមានកំណែទម្រង់នៅក្នុងប្រទេសនេះ។
មន្ត្រីទីភ្នាក់ងារជលផល និងសត្វព្រៃនៃសហរដ្ឋអាមេរិក ទើបចូលនិវត្តន៍កាលពីពេលថ្មីៗនេះ លោក អេដ ញូវខាំមើរ (Ed Newcomer) ដែលបានចំណាយពេល២០ឆ្នាំស៊ើបអង្កេតឧក្រិដ្ឋកម្មសត្វព្រៃនៅជុំវិញពិភពលោក មានប្រសាសន៍ថា៖ «វាហាក់បីដូចជាថា រាល់អ្វីៗទាំងអស់ដែលជាក្តីបារម្ភបំផុតរបស់យើង កំពុងក្លាយជាការពិត»។
លោកបន្តថា៖ «នៅពេលដែលមន្ត្រីរដ្ឋាភិបាល និងសាច់ញាតិរបស់អ្នកមានអំណាចជាន់ខ្ពស់ ជាប់ពាក់ព័ន្ធនឹងការជួញដូរសត្វព្រៃ តើបទប្បញ្ញត្តិ និងភ្នាក់ងារអនុវត្តច្បាប់នៅកម្ពុជា ត្រូវអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពបែបណាទៅ?»
ជំនួញស្វា
ស្វាកន្ទុយវែង គឺជាអម្បូរស្វាមួយប្រភេទមានប្រភពចេញមកពីតំបន់អាស៊ីអាគ្នេយ៍។ ស្វាប្រភេទនេះ ត្រូវបានគេដាក់ឈ្មោះដូច្នេះ ដោយសារតែពួកវាមានកន្ទុយវែងជាងដងខ្លួនរបស់វា។ លក្ខណៈសម្គាល់ពិសេសខុសប្លែកពីស្វាដទៃទៀត មានដូចជាពួកវាមានកញ្ចុំសក់នៅលើក្បាល និងពុកមាត់។

ស្វាទាំងនេះក៏ត្រូវបានគេស្គាល់ផងដែរថាជា «ស្វាក្តាម»។ ក្រុមអ្នកស្រាវជ្រាវជីវសាស្ត្រឱ្យតម្លៃដល់ស្វាប្រភេទនេះដោយសារតែវាមានលក្ខណៈស្រដៀងនឹងមនុស្ស។ ការពិសោធន៍លើសត្វស្វាទាំងនេះ បានជួយឱ្យក្រុមអ្នកវិទ្យាសាស្ត្រអាចរកឃើញវ៉ាក់សាំងបង្ការជំងឺគ្រុនលឿង (Yellow Fever)។ ថ្មីៗនេះទៀតសោត សត្វស្វាក្តាមទាំងនេះ ត្រូវបានគេយកទៅធ្វើពិសោធន៍សម្រាប់ព្យាបាលបញ្ហាជាច្រើនមុខ រាប់ចាប់តាំងពីជំងឺបន្តពូជ រហូតដល់ជំងឺធាត់លើសទម្ងន់ជ្រុល និងបញ្ហាញៀនថ្នាំ ជាដើម។
តម្រូវការពូជសត្វប្រភេទនេះបានកើនឡើងខ្លាំងនៅពេលដែលចាប់ផ្តើមមានជំងឺរាតត្បាតសាកល។ នេះគឺដោយសារតែសត្វស្វាក្តាមកន្ទុយវែងទាំងនេះ ដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍវ៉ាក់សាំង mRNA ដើម្បីបង្ការជំងឺកូវីដ១៩។
ទើបតែថ្មីៗនេះទេ ដែលចិនក្លាយជាប្រទេសផ្គត់ផ្គង់សត្វស្វាក្តាមកន្ទុយវែងច្រើនជាងគេនៅលើពិភពលោក។ ក៏ប៉ុន្តែ ក្នុងគោលដៅដើម្បីការពារកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍវ៉ាក់សាំងដោយខ្លួនឯង ក្រុងប៉េកាំង (Beijing) បានហាមប្រាមមិនឱ្យនាំចេញសត្វព្រៃប្រភេទនេះ ដែលជាហេតុធ្វើឱ្យកម្ពុជាក្លាយជាប្រភពទីមួយនៃឧស្សាហកម្មស្រាវជ្រាវវេជ្ជសាស្ត្រជាសាកលនេះ ក្នុងពេលដែលឧស្សាហកម្មនេះត្រូវប្រឈមភ្លាមៗទៅនឹងការខ្វះខាតខ្លាំងបំផុតនៃសត្វសម្រាប់ពិសោធន៍។
យោងតាមទិន្នន័យពាណិជ្ជកម្មរបសអង្គការសហប្រជាជាតិ កាលពីឆ្នាំ២០១៩ កម្ពុជាបាននាំចេញប្រភេទសត្វព្រៃច្រើនបំផុតដែលប្រទេសនេះពុំដែលធ្លាប់ដឹកជញ្ជូនចេញក្នុងរយៈពេលតែមួយឆ្នាំ។ ពោលគឺ កម្ពុជាបាននាំចេញសត្វព្រៃទៅក្រៅប្រទេស រហូតដល់ទៅ ១៤.៩៣១ ក្បាល ក្នុងតម្លៃ ៣៤ លានដុល្លារ។ នេះមានន័យថា តម្លៃជាមធ្យមសម្រាប់សត្វស្វាក្តាមមួយក្បាលគឺ ២.២៧១ ដុល្លារ។
យោងតាមទិន្នន័យដដែលនេះ ចាប់តាំងពីពេលនោះមក បរិមាណនៃការនាំចេញ និងតម្លៃជាមធ្យមសម្រាប់សត្វស្វាមួយក្បាលៗ ចេះតែបន្តកើនឡើងជាលំដាប់ រហូតដល់ពេលដែលកម្ពុជាបានរាយការណ៍ថា បានដឹកជញ្ជូនសត្វស្វាក្នុងតម្លៃប្រមាណ ២៥០ លានដុល្លារក្នុងឆ្នាំ២០២២។

សំណួរនានាពាក់ព័ន្ធនឹងប្រភពដើម
ប៉ុន្តែ ក្រុមអ្នកជំនាញនិយាយថា ជារឿងមិនអាចទៅរួចឡើយដែលសត្វស្វាទាំងអស់នោះ ត្រូវបានគេចិញ្ចឹម និងមានប្រភពចេញមកពីកសិដ្ឋាន ផ្អែកតាមបទប្បញ្ញត្តិដែលគ្រប់គ្រងលើការប្រើប្រាស់ពូជសត្វសម្រាប់បម្រើឱ្យការពិសោធន៍វេជ្ជសាស្ត្រ។
មានតែពូជស្វាក្តាមបង្កាត់ទេ ដែលត្រូវបានគេអនុញ្ញាតឱ្យយកមកធ្វើការស្រាវជ្រាវវេជ្ជសាស្ត្រ។ ហេតុផលមួយផ្នែកគឺដើម្បីការពារចំនួនសត្វព្រៃដែលធ្លាក់ចុះ និងដើម្បីកាត់បន្ថយការចម្លងមេរោគពីការពិសោធន៍។ ក៏ប៉ុន្តែ ការបង្កាត់ពូជសត្វនេះប្រើពេលយូរ ដោយកូនស្វាបង្កាត់ត្រូវការពេល៣ឆ្នាំ ទម្រាំពួកវាពេញវ័យ។
ដូច្នេះ បរិមាណស្តុកទុកនៃពូជសត្វស្វាបង្កាត់ដែលត្រូវគេចិញ្ចឹម ជារឿយៗ ត្រូវប្រឈមនឹងការមិនអាចបំពេញតាមតម្រូវការរបស់ក្រុមអ្នកស្រាវជ្រាវ។ ចំណែកឯ ក្រុមអ្នកផ្គត់ផ្គង់វិញ ពួកគេតែងតែលើកទឹកចិត្តឱ្យបន្លំបញ្ជូនសត្វស្វាដែលគេចាប់ពីក្នុងព្រៃថាជាសត្វស្វាចិញ្ចឹមក្នុងកសិដ្ឋាន។
ក្រុមអ្នកអភិរក្សសត្វនិយាយថា ទោះបីជាការជួញដូរសត្វស្វាក្នុងទីផ្សារងងឹតបានបង្កជាបញ្ហាដល់ឧស្សាហកម្មនេះជាយូរមកហើយក៏ដោយ ក៏កង្វះការផ្គត់ផ្គង់ដែលបណ្តាលមកពីជំងឺរាតត្បាតសាកលកូវីដ១៩បានជំរុញឱ្យមានការចាប់សត្វព្រៃខុសច្បាប់កាន់តែខ្លាំងឡើងៗ។
វានរជាតិវិទូ (Primatologist) ដែលឥឡូវជាទីប្រឹក្សានៃក្រុមការពារសិទ្ធិសត្វ ឈ្មោះ Peta អ្នកស្រី លីសា ចន-អែនជែល (Lisa Jones-Engel) និយាយថា៖ «ឥឡូវនេះ អាជីវកម្មនេះពាក់ព័ន្ធនឹងលុយកាក់ដ៏សន្ធឹកសន្ធាប់ ដែលពិបាកឱ្យសត្វស្វាទាំងនេះអាចមានឱកាសរួចខ្លួនណាស់»។
ការសិក្សាស្រាវជ្រាវមួយទើបនឹងបោះពុម្ពផ្សាយកាលពីដើមខែនេះនៅក្នុង ព្រឹត្តិបត្រឈ្មោះ «វ័ន ហេលស៍» (One Health) ដែលជាព្រឹត្តិបត្រស្រាវជ្រាវបែបវិទ្យាសាស្ត្រនៃការព្យាបាលសត្វ បានរកឃើញថា ក្រុមអ្នកបង្កាត់ពូជសត្វនៅកម្ពុជាអាចត្រូវការពេលវេលាច្រើនជាងអត្រាផលិតកម្មរហូតដល់ទៅជាង៤ដងឯណោះ។ ពោលគឺពីចំនួន ៨១.៩២៦ ក្នុងរយៈពេល ៤ឆ្នាំ ទៅយ៉ាងហោចណាស់ចំនួន ៩៨.០០០ ក្នុងរយៈពេលតែ១ឆ្នាំ ដើម្បីអាចនាំចេញបានដោយស្របច្បាប់នៃចំនួនសត្វស្វាក្តាមដូចដែលត្រូវបានដឹកចេញក្នុងអំឡុងពេលវិបត្តិជំងឺរាតត្បាតសាកលកូវីដ១៩។
ដោយសារកម្ពុជាមិនដែលបានរាយការណ៍ពីការនាំចូលស្វាក្តាមកន្ទុយវែងទាំងនេះ ការកើនឡើងបែបនេះអាចត្រូវបានជំរុញទាំងស្រុងដោយការកើនឡើងនៃការផ្គត់ផ្គង់ក្នុងស្រុក។
ក៏ប៉ុន្តែ ក្រុមអ្នកសិក្សាស្រាវជ្រាវបានសរសេរថា៖ «កម្ពុជាមានប្រវត្តិពុំមានសមត្ថភាពផលិតកូនសត្វស្វាក្តាមជំនាន់ទីពីរឡើយ។ ដូច្នេះហើយទើបបានជាការបង្កើនសមត្ថភាពផលិតកម្មសត្វស្វាក្តាមទាំងនេះដោយស្របច្បាប់ ទំនងដូចជាមិនអាចទៅរួចឡើយ»។
ប្អូនស្រីនាយករដ្ឋមន្ត្រី
កសិដ្ឋានដែលជាកម្មសិទ្ធិរបស់ប្អូនស្រីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺអ្នកស្រី ហ៊ុន សេងនី ស្ថិតនៅចុងផ្លូវដីហុយមួយនៅជាយក្រុងដំណាក់ត្រាចដ៏ស្ងាត់ជ្រងំ។
កសិដ្ឋាននេះ ត្រូវបានចុះបញ្ជីក្រោមក្រុមហ៊ុនកម្ពុជាមួយឈ្មោះ Rong De Group ដែលនៅក្នុងក្រុមហ៊ុននេះ អ្នកស្រីគឺជាប្រធានក្រុមប្រឹក្សាភិបាល។ ឯកសណ្ឋានរបស់អ្នកយាមកាមសន្តិសុខប្រដាប់ដោយកាំភ្លើងអាកា មានរូបស្លាកសញ្ញាក្រុមហ៊ុនសន្តិសុខឯកជនរបស់អ្នកស្រី ឈ្មោះ Garuda Security Co.។
ពលរដ្ឋមូលដ្ឋានដែលបាននិយាយជាមួយវិទ្យុអាស៊ីសេរី សុទ្ធតែបានពណ៌នាដូចៗគ្នាថា «មេ» កសិដ្ឋាននេះ គឺជាជនបរទេសជនជាតិចិនឈ្មោះ Dong Wan De។ ទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មបញ្ជាក់ថាជាជនជាតិចិនរូបនេះ គឺជាទេសាភិបាល និងជាម្ចាស់ភាគហ៊ុនម្នាក់ទៀតរបស់ក្រុមហ៊ុន Rong De Group នេះ។
ក្រុមហ៊ុន Rong De Group ទទួលបានអាជ្ញាប័ណ្ណអនុញ្ញាតឱ្យបើកកសិដ្ឋានបង្កាត់ពូជសត្វនេះ កាលពីឆ្នាំ២០០៧ បើទោះបីជាអ្នកស្រី ហ៊ុន សេងនី មិនបានគ្រប់គ្រងធ្វើជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុននេះរហូតទាល់តែនៅឆ្នាំ២០១១ក៏ដោយ។
កសិដ្ឋានរបស់ក្រុមហ៊ុន Rong De Group អ្នកស្រី ហ៊ុន សេងនី និងលោក Dong Wan De មិនត្រូវបានជាប់ពាក់ព័ន្ធក្នុងសកម្មភាពខុសច្បាប់ណាមួយឡើយ ហើយអ្នកស្រី ហ៊ុន សេងនី ក៏ពុំកាន់កាប់មុខតំណែងណាមួយក្នុងជួររដ្ឋាភិបាលដែរ។
ក៏ប៉ុន្តែ អ្នកស្រីស្ថិតក្នុងចំណោមមនុស្សជាច្រើននាក់ដែលមានចំណងទាក់ទងជាមួយនឹងក្រុមអ្នកមានអំណាចនយោបាយ ជាមន្ត្រីនយោបាយ ឬជាបុគ្គលផ្សេងពីនេះ ហើយដែលទទួលបានផ្លែផ្កានៃសេរីភាពក្នុងការប្រកបអាជីវកម្មដោយមានការពិនិត្យពិច័យតិចតួចពីសំណាក់រដ្ឋាភិបាល។
បន្ទាប់ពីចំណាយពេលជាច្រើនឆ្នាំក្នុងទសវត្ស១៩៧០ រងគ្រោះពីការបង្ខំដោយខ្មែរក្រហមឱ្យធ្វើការជាកម្មករកាត់ដេរ ឥឡូវនេះ អ្នកស្រី ហ៊ុន សេងនី ចាប់អារម្មណ៍លើអាជីវកម្មរុករករ៉ែ កសិកម្ម ភស្តុភារ និងប្រឹក្សាយោបល់ ដែលជារឿយៗតម្រូវឱ្យអ្នកស្រីត្រូវសហការជាមួយក្រុមអ្នកវិនិយោគជនជាតិចិន។

(ប្អូនស្រីបង្កើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺអ្នកស្រី ហ៊ុន សេងនី គឺជាម្ចាស់កសិដ្ឋានចិញ្ចឹមស្វាមួយកន្លែងនៅខេត្តកំពង់ស្ពឺ។ Credit: គណនីហ្វេសប៊ុក (Facebook) របស់អ្នកស្រី ហ៊ុន សេងនី។)
អ្នកស្រី ហ៊ុន សេងនី និងលោក Dong Wan De មិនបានឆ្លើយតបទៅនឹងការស្នើសុំអត្ថាធិប្បាយជុំវិញរឿងនេះឡើយ។
តួអង្គជាអ្នកមានអំណាច
ឧទាហរណ៍មួយផ្សេងទៀតនៃការជាប់ទាក់ទងក្នុងឧស្សាហកម្មនេះជាមួយនឹងក្រុមអ្នកមានអំណាច គឺករណីរបស់រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សេន សុវណ្ណ។ លោក បានប្រាប់វិទ្យុអាស៊ីសេរី ថា លោកបានជួលដីនៅខេត្តកណ្តាលឱ្យទៅឈ្មោះ ជេមស៍ ឡៅ (James Lau) អស់ជាច្រើនទសវត្ស។ លោក ជេមស៍ ឡៅ គឺជាស្ថាបនិកក្រុមហ៊ុន Vanny Group ដែលជាក្រុមហ៊ុនបើកកសិដ្ឋានចិញ្ចឹមស្វា។
លោក ជេមស៍ ឡៅ គឺជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គល៦នាក់ជាប់ឈ្មោះក្នុងដីកាចោទប្រកាន់កាលពីឆ្នាំទៅនៅក្នុងសំណុំរឿងនាំចូលស្វាទៅសហរដ្ឋអាមេរិក ជាមួយលោក គ្រី ម៉ះផល និងលោក កែវ អូម៉ាលីស។ លោក កែវ អូម៉ាលីស គឺជាអគ្គនាយករដ្ឋបាលព្រៃឈើនៅកម្ពុជា ហើយជាចៅហ្វាយនាយផ្ទាល់របស់លោក គ្រី ម៉ះផល។
លោក សេន សុវណ្ណ ទទូចថាពុំមានរឿងរ៉ាវមិនប្រក្រតីណាមួយក្នុងការជួលដីរបស់លោកនោះទេ។ លោកបាននិយាយថា លោកពុំបានដឹងថាតើដីនោះត្រូវបានគេយកទៅប្រើប្រាស់សម្រាប់គោលបំណងអ្វីឡើយ។
ក៏ប៉ុន្តែ ទិន្នន័យសាធារណៈអំពីអាសយដ្ឋានអាជីវកម្ម បង្ហាញថា ដីដែលលោកបានជួលនោះត្រូវបានគេប្រើប្រាស់ជាកសិដ្ឋានចិញ្ចឹមស្វាមួយកន្លែងនៅកម្ពុជារបស់ក្រុមហ៊ុន Vanny Group ដែលស្ថិតក្រោមការស៊ើបអង្កេតដោយមន្ត្រីសត្វព្រៃរបស់អាមេរិកក្នុងសំណុំរឿងប្រឆាំងនឹងលោក កែវ អូម៉ាលីស និងលោក គ្រី ម៉ះផល។ កសិដ្ឋានរបស់ក្រុមហ៊ុន Vanny Group ជាប់ឈ្មោះនៅក្នុងដីកាចោទប្រកាន់នោះ។
នៅខែសីហា ឆ្នាំ២០២២ អតីតរដ្ឋមន្ត្រីកសិកម្ម លោក វេង សាខុន បានធ្វើដំណើរតាមជើងយន្តហោះទៅកាន់ទីក្រុងសេអ៊ុល (Seoul) ប្រទេសកូរ៉េខាងត្បូង (South Korea) ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាជីវកម្មមួយជាមួយក្រុមហ៊ុន Orient Bio Inc. តាងនាមឱ្យក្រសួងកសិកម្ម។ លោកបានចុះកិច្ចព្រមព្រៀងនេះ បើទោះបីជាមានការស៊ើបអង្កេតរបស់ក្រសួងយុត្តិធម៌អាមេរិកទៅលើក្រុមហ៊ុននេះជុំវិញការសង្ស័យអំពីការចាប់ និងបន្លំនាំសត្វស្វាក្តាមខុសច្បាប់ពីកម្ពុជាទៅសហរដ្ឋអាមេរិក។

រដ្ឋាភិបាលកម្ពុជាបដិសេធថា មិនមានបញ្ហាពាក់ព័ន្ធនឹងការជួញដូរសត្វស្វាខុសច្បាប់នៅកម្ពុជាឡើយ បើទោះបីជាមានការអំពាវនាវជាច្រើនលើកច្រើនសារពីសំណាក់ក្រុមអ្នកអភិរក្សសត្វព្រៃ ឱ្យប្រទេសនេះរឹតបន្តឹងបទប្បញ្ញត្តិចំពោះកសិដ្ឋានចិញ្ចឹមសត្វ អស់រយៈពេលជាងមួយទសវត្សហើយយ៉ាងណាក៏ដោយ។
ឆ្លើយតបទៅនឹងការចាប់ខ្លួនលោក គ្រី ម៉ះផល នៅសហរដ្ឋអាមេរិក ក្រសួងកសិកម្មកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍មួយអះអាងថា «សត្វស្វាក្តាមទាំងនេះ មិនមែនត្រូវបានចាប់ពីព្រៃ ហើយបញ្ជូនចេញទៅក្រៅប្រទេសនោះទេ…។ តែកសិដ្ឋានដែលចិញ្ចឹមសត្វស្វាក្តាមទាំងនេះ ទម្រាំទទួលបានការទទួលស្គាល់តាមផ្លូវច្បាប់ គឺសុទ្ធតែតម្រូវឱ្យគោរពតាមបទដ្ឋានអនាម័យ និងវិធីសាស្ត្រចិញ្ចឹមត្រឹមត្រូវ ដើម្បីរក្សាឱ្យបាននូវហ្សេនេទិករបស់វាមិនឱ្យផុតពូជនោះទេ»។
ក៏ប៉ុន្តែ អ្នកស៊ើបអង្កេតអាមេរិកដែលចូលនិវត្តន៍ លោក អេដ ញូវខាំមើរ និយាយថា ចំណាប់អារម្មណ៍ខ្ពស់លើអាជីវកម្មប្រភេទនេះ ធ្វើឱ្យពិបាកដល់ក្រុមនិយ័តករសត្វព្រៃនៅកម្ពុជា ក្នុងការមើលការខុសត្រូវលើឧស្សាហកម្មនេះ។
លោកបាននិយាយថា «ពួកគេពុំមានអំណាចឡើយ ដោយសារតែអ្នកមានអំណាចកំពុងពាក់ព័ន្ធក្នុងជំនួញនេះ»។

(ច្រកចូលកសិដ្ឋានចិញ្ចឹមស្វាមួយកន្លែងដែលស្ថិតនៅជាយក្រុងដំណាក់ត្រាច ខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជា ក្នុងរូបថតខែមីនា ឆ្នាំ២០២៣។ Credit: វិទ្យុអាស៊ីសេរី)
ភស្តុតាង«ក្រាស់ក្រែល»
ប៉ុន្តែឥឡូវនេះ ជំនួញស្វាខុសច្បាប់បាននាំឱ្យមានការចាប់អារម្មណ៍ពីអាជ្ញាធរសហរដ្ឋអាមេរិក។
បន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលជាច្រើនឆ្នាំដោយភ្នាក់ងារជលផល និងសត្វព្រៃ រដ្ឋអាជ្ញាសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានចោទប្រកាន់លោក គ្រី ម៉ះផល ដែលជាប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ និងអគ្គនាយករដ្ឋបាលព្រៃឈើ លោក កែវ អូម៉ាលីស ថាបានសមគំនិតឃុបឃិតគ្នាកេងចំណេញប្រាក់រាប់លានដុល្លារដើម្បីដឹកស្វាក្តាមកន្ទុយវែងខុសច្បាប់ចេញទៅសហរដ្ឋអាមេរិក។
ដីកានោះចោទប្រកាន់ថា អ្នកទាំងពីរបានឃុបឃិតគ្នាជាមួយក្រុមអ្នកបង្កាត់ពូជសត្វស្វា ដើម្បីធ្វើលិខិតអនុញ្ញាតនាំចេញក្លែងបន្លំ ដោយបញ្ជាក់ថាជាសត្វស្វាមានប្រភពស្របច្បាប់។
លោក គ្រី ម៉ះផល ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិនៅក្រុងញូវយ៉ក (New York) កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងពេលដែលលោកកំពុងធ្វើដំណើរទៅចូលរួមសន្និសីទអំពីការអភិរក្សសត្វព្រៃ នៅប្រទេសប៉ាណាម៉ា (Panama)។ លោក កែវ អូម៉ាលីស កំពុងតែមានសេរីភាពដើរហើរនៅក្នុងប្រទេសកម្ពុជានៅឡើយ។
រដ្ឋអាជ្ញាសហរដ្ឋអាមេរិកបានពណ៌នាអំពីភស្តុតាងប្រឆាំងនឹងលោក គ្រី ម៉ះផល ថាជាភស្តុតាងដ៏ «ក្រាស់ក្រែល»។ ឯកសាររបស់តុលាការបង្ហាញថាភស្តុតាងទាំងនោះរួមមានការវិភាគឈាម ស្លាកស្នាម របាយការណ៍ស៊ើបអង្កេត វីដេអូ និងកំណត់ត្រាហិរញ្ញវត្ថុរាប់រយឯកសារ។ ជាសរុប មានភស្តុតាងជាង ៦៦០.០០០ ឯកសារ ត្រូវបានគេផ្តល់ឱ្យ។

លោក គ្រី ម៉ះផល បានឆ្លើយតបទៅនឹងដីកាចោទប្រកាន់នោះថា លោកពុំបានប្រព្រឹត្តកំហុសទេ។ មេធាវីរបស់លោកមិនបានឆ្លើយតបទៅនឹងការស្នើសុំសម្ភាសន៍ជាច្រើនលើកច្រើនសាររបស់វិទ្យុអាស៊ីសេរីឡើយ។
ទីដែលមានតម្រូវការស្វា
ប៉ុន្តែការបន្ទោសចំពោះឧក្រិដ្ឋកម្មដែលក្រសួងយុត្តិធម៌អាមេរិកចោទប្រកាន់នេះ មិនមែនសំដៅចំពោះតែអ្នកនាំចេញនៅកម្ពុជាប៉ុណ្ណោះទេ។ អ្នកស្រី ចន-អេនជែល នៃក្រុមអ្នកការពារសិទ្ធិសត្វ Peta បាននិយាយថា ក្រុមហ៊ុននាំចូលនៅសហរដ្ឋអាមេរិក និងចិន ដែលកំពុងជំរុញឱ្យមានតម្រូវការសត្វស្វាទាំងនេះ គឺជាអ្នកទទួលខុសត្រូវ។
យោងតាមអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់ CITES (សាយតេស) សហរដ្ឋអាមេរិក បាននាំចូលសត្វស្វាកន្ទុយវែងប្រហែល ៣០០.០០០ ក្បាល ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ ចំនួននេះគឺច្រើនជាងប្រទេសជប៉ុន ដល់ទៅ ៥ដង ដែលប្រទេសនេះបានរាយការណ៍អំពីការនាំចូលខ្ពស់បំផុតរបស់ខ្លួនបន្ទាប់ពីសហរដ្ឋអាមេរិកក្នុងរយៈពេលដូចគ្នានេះ។
គេមិនដឹងថាការនាំចូលទាំងនោះ មានទំហំសត្វស្វាខុសច្បាប់ក្នុងកម្រិតណានោះទេ។ ប៉ុន្តែ ក្រុមអ្នកស៊ើបអង្កេតសហរដ្ឋអាមេរិកបាននិយាយថា ក្រុមអ្នករកស៊ីក្នុងឧស្សាហកម្មនេះនៅសហរដ្ឋអាមេរិកបានដឹងជាច្រើនឆ្នាំមកហើយថា សត្វស្វាដែលត្រូវបានគេចាប់ពីក្នុងព្រៃ កំពុងហូរចូលទៅក្នុងការដឹកជញ្ជូនចេញពីប្រទេសកម្ពុជា។
មន្ត្រីភ្នាក់ងារជលផល និងសត្វព្រៃសហរដ្ឋអាមេរិកដែលចូលនិវត្ត លោក អេដ ញូវខាំមើរ បានបើកការស៊ើបអង្កេតដោយលួចលាក់មួយនៅឯពិព័រណ៍ពាណិជ្ជកម្មសម្រាប់ការស្រាវជ្រាវជីវសាស្ត្រ និងឧស្សាហកម្មសត្វស្វា ដែលបានប្រព្រឹត្តទៅប្រមាណជាមួយទសវត្សរ៍មុននេះ នៅរដ្ឋធានី វ៉ាស៊ីនតោន ឌី.ស៊ី.។ ពេលនោះ លោកបានបន្លំធ្វើជាមេធាវីឱ្យក្រុមអ្នកវិនិយោគដែលមានបំណងចង់បង្កើតកសិដ្ឋានចិញ្ចឹមស្វានៅកម្ពុជា ឬឡាវ។ លោកបានរៀបរាប់ថា រឿងរ៉ាវដែលលោកបានឮដោយផ្ទាល់មកវិញនោះ គឺជារឿងគួរឱ្យស្អប់ខ្ពើម។
លោក អេដ ញូវខាំមើរ បានប្រាប់វិទ្យុអាស៊ីសេរីថា «នៅពេលដែលខ្ញុំចូលទៅជិតពួកគេក្នុងសម្លៀកបំពាក់ដ៏ស្រស់ស្អាត ហើយបានប្រគល់នាមប័ណ្ណរបស់ខ្ញុំមកពីការិយាល័យមេធាវីដែលមានឈ្មោះត្រឹមត្រូវនោះ មនុស្សគ្រប់គ្នាបានសន្មតថាខ្ញុំជាមនុស្សមកពីក្រុមហ៊ុននាំចូលសត្វស្វា»។
ដោយបន្តលាក់បាំងអត្តសញ្ញាណ លោកបានឮការនិយាយបែបដាក់បន្ទុកក្នុងបទឧក្រិដ្ឋ រួមទាំងការទទួលស្គាល់ដោយតំណាងនានារបស់ក្រុមអ្នកនាំចូលសត្វស្វាទាំងនោះនៅសហរដ្ឋអាមេរិក «ដែលថាពួកគេបានដឹងថាសត្វព្រៃ កំពុងត្រូវបានគេបន្លំនាំចូលទៅក្នុងការដឹកជញ្ជូនរបស់ពួកគេចេញពីប្រទេសកម្ពុជា»។ ទោះជាយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកស៊ើបអង្កេត ពុំអាចបន្តការចោទប្រកាន់បានទេ ដោយសារតែពេលនោះពួកគេពុំទាន់មានភស្តុតាងរឹងមាំគ្រប់គ្រាន់។
ទស្សនវិស័យអាប់អួរ
តម្រូវការសត្វស្វាកន្ទុយវែង បាននាំឱ្យអង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) ដាក់បញ្ជូលពូជសត្វនេះទៅក្នុងបញ្ជីនៃពពូជសត្វងាយរងគ្រោះ កាលពីឆ្នាំមុន។
អង្គការនោះថា ការបរបាញ់ និងការដាក់អន្ទាក់ចាប់ស្វាកន្ទុយវែង កំពុងប្រព្រឹត្តទៅក្នុង «កម្រិតមួយដែលមិនធ្លាប់មានពីមុនមក … ជាអកុសលបំផុត … ដែលជំរុញឱ្យមានពាណិជ្ជកម្មទាំងស្របច្បាប់ និងខុសច្បាប់សម្រាប់ការស្រាវជ្រាវ និងការប្រើប្រាស់ផ្សេងៗទៀត»។
«តម្លៃ និងតម្រូវការសម្រាប់[សត្វស្វាកន្ទុយវែង]ជាមុខទំនិញពាណិជ្ជកម្មមួយ បានកើនឡើងកប់ពពកក្នុងអំឡុងពេលជំងឺរាតត្បាតសាកលកូវីដ-១៩ បើធៀបទៅនឹងការចាប់ និងជំនួញលើសត្វស្វាទាំងនេះដ៏ទៀងទាត់ និងធ្ងន់ធ្ងរដែលមានស្រាប់រួចទៅហើយនៅមុនពេលមានវិបត្តិជំងឺកូវីដ១៩នោះ»។
យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ចំណូលពីជំនួញនាំចេញសត្វស្វា មានប្រមាណ ៥០០លានដុល្លារសម្រាប់សេដ្ឋកិច្ចកម្ពុជា។
ប៉ុន្តែចំណែកនៃទឹកលុយទាំងនោះដែលធ្លាក់ចូលក្នុងហោប៉ៅរបស់ពលរដ្ឋខ្មែរធម្មតាដែលប្រកបរបរបរបាញ់សត្វនោះ គឺមានចំនួនតិចតួច។
អតីតអ្នកប្រមាញ់សត្វស្វាម្នាក់នៅខេត្តពោធិ៍សាត់ ដែលស្ថិតនៅភាគពាយព្យនៃរាជធានីភ្នំពេញ ជាទីដែលមានកន្លែងអភិរក្សសត្វព្រៃដ៏សម្បើមនោះ បានប្រាប់វិទ្យុអាស៊ីសេរីថា សូម្បីតែក្នុងពេលកើនឡើងនៃតម្រូវការជាសាកលកាលពីឆ្នាំមុន ឈ្មួញកណ្ដាលបានចំណាយលុយត្រឹមតែ ៧០០.០០០ រៀល (១៧៥ ដុល្លារ) ប៉ុណ្ណោះសម្រាប់ស្វាមួយក្បាល។ លោកនិយាយថា លោកមិនបានដឹងថាតើស្វាទាំងនោះត្រូវគេយកទៅទីណា ឬយកទៅធ្វើអ្វីនោះទេ។
ទិន្នន័យរបស់អង្គការសហប្រជាជាតិដដែលបង្ហាញថា នៅពេលដែលសត្វស្វាដដែលនោះ ត្រូវបានគេនាំចេញ ពួកវាមានតម្លៃជាមធ្យម ៦.៦៦០ ដុល្លារក្នុងមួយក្បាល ដែលមានន័យថា កើនឡើង ៣៨ ដង ពីពេលចាប់ស្វា និងពេលនាំចេញ។
លោក ធីមូស៊ី សានធែល (Timothy Santel) ដែលនៅមុនពេលចូលនិវត្តន៍នៅឆ្នាំ២០២០ បានគ្រប់គ្រងការស៊ើបអង្កេតលើសំណុំរឿងលោក គ្រី ម៉ះផល និងលោក កែវ អូម៉ាលីស របស់ភ្នាក់ងារជលផល និងសត្វព្រៃរបស់សហរដ្ឋអាមេរិក បាននិយាយថា ដោយមើលឃើញពីភាពរស់រវើកនៃជំនួញស្វានេះ ទស្សនវិស័យសម្រាប់សត្វស្វានៅកម្ពុជា មើលទៅមានភាពអាប់អួរ។
លោក ធីមូស៊ី សានធែល បានប្រាប់វិទ្យុអាស៊ីសេរីថា «ជាអកុសល ដូចដែលខ្ញុំបានឃើញក្នុងរយៈពេលជាង ៣០ឆ្នាំនៃការងារនេះ លុយ និងការលោភលន់ តែងតែក្លាយជាឫសគល់មួយភាគធំនៃសកម្មភាពល្មើសច្បាប់ទាំងនេះ»។
លោកបន្តថា៖ «នៅពេលដែលមានពាក់ព័ន្ធនឹងអំពើពុករលួយ ជាធម្មតា វាគឺជាមហន្តរាយសម្រាប់សត្វដែលមានជីវិត»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។